អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​កាប់​ឈើ​នៅ​កោះរ៉ុង

ដោយ ដែន អយុធ្យា
2017-02-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទីតាំង​ព្រៃ​ឈើ​ដែល​ត្រូវ​គេ​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
ទីតាំង​ព្រៃ​ឈើ​ដែល​ត្រូវ​គេ​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​បទល្មើស​លួច​កាប់​ទន្ទ្រាន​ដី​ព្រៃ​ឈើ​ដែល​រដ្ឋាភិបាល​បម្រុង​ទុក​ជា​ឧទ្យាន​ជាតិ​នៅ​លើ​កោះរ៉ុង។

​មន្ត្រី​សង្គម​ស៊ីវិល​សាទរ​ចំពោះ​សារ​ព្រមាន​ផ្លូវ​ច្បាប់​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ថែរក្សា និង​អភិរក្ស​ព្រៃឈើ​នៅ​លើ​កោះរ៉ុង ឲ្យ​បាន​គង់វង្ស​នៅ​ថ្ងៃ​អនាគត។

​ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​នៅ​លើ​កោះរ៉ុង រួច​មក អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ប្រកាស​ធ្វើ​សន្និសីទ​កាសែត​ភ្លាមៗ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​កុម្ភៈ ដោយ​ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរណ៍ ពិសេស​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​មាន​លំនៅឋាន​នៅ​ក្នុង​មូលដ្ឋាន​នេះ ឲ្យ​ចូល​រួម​សហការ​ថែរក្សា​ការពារ​ព្រៃឈើ នៅ​លើ​កោះរ៉ុង ឲ្យ​បាន​គង់វង្ស​ទាំង​អស់​គ្នា ទោះ​ដីធ្លី​ដែល​មាន​ដុះ​ព្រៃឈើ​ទាំង​នោះ ស្ថិត​នៅ​ក្នុង​ចំណែក​ក្បាលដី​ដែល​រដ្ឋាភិបាល ឬ​មន្ត្រី​ជំនាញ​ចុះ​វាស់​កាត់​ឆ្វៀល​ផ្ដល់​ជូន​ប្រើប្រាស់​ស្រប​ច្បាប់​បែប​ណា​ក្តី។

លោក​ពន្យល់​ថា ព្រៃឈើ និង​តំបន់​ឆ្នេរ​នៅ​លើ​កោះរ៉ុង គឺ​ជា​សក្ដានុពល​ដ៏​សំខាន់​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ឲ្យ​ចូល​មក​ទស្សនា​តំបន់​កោះ ប៉ុន្តែ​លោក​ថា បើ​ព្រៃឈើ​ត្រូវ​រលាយ​ហិនហោច ទេសចរ​នឹង​លែង​ចាប់​អារម្មណ៍​ចូល​ទៅ​កម្សាន្ត​តាម​តំបន់​កោះ​ទៀត​ទេ​នៅ​ថ្ងៃ​អនាគត។

លោក យន្ត មីន បញ្ជាក់​ថា នៅ​ថ្ងៃ​ខាង​មុខ ប្រសិនបើ​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិករ​ទេសចរណ៍​ត្រូវ​ការ​កាប់​ដើម​ឈើ​ដែល​ដុះ​នៅ​លើ​ចំណែក​ក្បាល​ដី​រៀងៗ​ខ្លួន សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​អ្វី​មួយ​គឺ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ជូន​ដំណឹង ឬ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ជាមុន បើ​មិន​មិន​ដូច្នេះ​ទេ​នឹង​ប្រឈម​មុខ​ច្បាប់​ធ្ងន់ធ្ងរ៖ «សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​រួម​សហការ​គ្នា​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ យើង​ការពារ​ព្រៃឈើ ហើយ​បើ​ព្រៃឈើ​ទាំង​នោះ ស្ថិត​ក្នុង​ដី​របស់​ខ្លួន​ក៏​ត្រូវ​ជួយ​ការពារ​ទុក ដើម្បី​ជួយ​ការពារ​បរិស្ថាន​នៅ​តំបន់​នោះ និង​ជួយ​ដល់​តម្លៃ​ដី​មាន​កើន​ខ្ពស់ ពីព្រោះ​ដីធ្លី​នៅ​លើ​កោះរ៉ុង អា​ដី​មាន​ព្រៃឈើ និង​ដី​គ្មាន​ព្រៃឈើ ខ្ញុំ​ជឿ​ថា ដី​មាន​ព្រៃឈើ គឺ​ពលរដ្ឋ​អាច​លក់​បាន​តម្លៃ​ខ្ពស់​ជា​ដី​មិន​មាន​ព្រៃឈើ​ទៅ​ទៀត។ ឥឡូវ​នេះ និន្នាការ​ពិភពលោក គឺ​គេ​ងាក​មក​ការពារ​ព្រៃឈើ និង​បរិស្ថាន​អស់​ហើយ បើ​យើង​ការពារ​ព្រៃឈើ​នៅ​លើ​កោះរ៉ុង​បាន គឺ​ចំណេញ​ទាំង​បាន​ជួយ​ការពារ​បរិស្ថាន និង​ចំណេញ​ដល់​សេដ្ឋកិច្ច​ថែម​ទៀត»

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បដិសេធ​ថា ដី​ព្រៃឈើ​ធម្មជាតិ​មាន​ដើម​ធំៗ ដែល​រដ្ឋាភិបាល​ត្រៀម​បម្រុង​ដាក់​បញ្ចូល​ជា​ឧទ្យាន​ជាតិ​កោះរ៉ុង គឺ​មិន​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​ទទួល​ស្គាល់​ថា មាន​ការ​កាប់​រាន​ព្រៃ​របោះ​មាន​ដើម​ឈើ​តូចៗ នៅ​លើ​ចំណែក​ក្បាលដី​របស់​ប្រជាពលរដ្ឋ ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​សម្បទាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្រប​ច្បាប់​ដើម្បី​អភិរក្ស​មូលដ្ឋាន​របស់​ពួកគាត់​នៅ​តាម​ភូមិ​មួយ​ចំនួន។

លោក យន្ត មីន បញ្ជាក់​បន្ថែម​ថា ទៅ​ថ្ងៃ​អនាគត រដ្ឋាភិបាល ឬ​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​លែង​ចុះ​មក​កាត់​ឆ្វៀល​ដី​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​នៅ​លើ​កោះរ៉ុង ទៀត​ហើយ។ ដូច្នេះ​ស្នើ​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​ប៉ុនប៉ង​លួច​កាប់​រាន​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ ត្រូវ​បញ្ឈប់​សកម្មភាព​កាប់ និង​ដុត​ព្រៃ​រាន​យក​ដី​នៅ​លើ​កោះរ៉ុង ទៀត​អី និង​ងាក​មក​រួម​សហការ​គ្នា​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ការពារ និង​អភិរក្ស​ព្រៃឈើ​នៅ​លើ​កោះរ៉ុង ឲ្យ​បាន​ទាំង​អស់​គ្នា​សម្រាប់​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​មូលដ្ឋាន​នេះ៖ «សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ដីធ្លី​នៅ​លើ​កោះរ៉ុង ទាំង​អស់​គ្នា គឺ​ត្រូវ​រួម​គ្នា​ការពារ​ព្រៃឈើ ហើយ​បើ​ចាំបាច់​ត្រូវ​កាប់​ព្រៃឈើ ឬ​ចាំបាច់​អភិវឌ្ឍ​នៅ​លើ​​ដី​លើ​កោះរ៉ុង ត្រូវ​សុំ​ច្បាប់​មក​អាជ្ញាធរ»

យន្ត មីន ៨៥៥ ២០១៧
អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ធ្វើ​សន្និសីទ​កាសែត​ស្ដី​អំពី​ផែនការ​ការពារ​ព្រៃ​ឈើ​នៅ​លើ​កោះរ៉ុង នៅ​សាល​ប្រជុំ​របស់​អភិបាល​ខេត្ត កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Den Ayuthyea RFA/Den Ayuthyea

យ៉ាង​នេះ​ក្តី តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប (Royal Group) លោក ឈុន ប៊ុនថា នៅ​តែ​ទទូច​ឲ្យ​អាជ្ញាធរ​បន្ថែម​កម្លាំង​សមត្ថកិច្ច​ជំនាញ​មក​រួម​សហការ​ជាមួយ​ក្រុមហ៊ុន​ឲ្យ​បាន​ច្រើន​នាក់​ទៀត ដើម្បី​រួមគ្នា​ចុះ​ល្បាត​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​លើ​កោះរ៉ុង ឲ្យ​មាន​ប្រសិទ្ធភាព។ ជាង​នេះ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​ត្រូវ​ជួយ​ទប់ស្កាត់​សំណង់​អនាធិបតេយ្យ ដែល​បាន​មក​សាងសង់​ខុស​ច្បាប់​បាន​ចូល​មក​សង់​នៅ​លើ​ដី​ព្រៃ​កាប់​រាន​ថ្មីៗ នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន មាន​ភូមិ​កោះតូច ភូមិ​ដើមស្វាយ ភូមិ​ដើមថ្កូវ និង​ភូមិ​សុខសាន្ត នៃ​សង្កាត់​កោះរ៉ុង។

តំណាង​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​មាន​អ្នក​ឧកញ៉ា គិត ម៉េង ជា​អគ្គនាយក​ដែល​ក្រុមហ៊ុន​នេះ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​រយៈពេល​វែង​នៅ​លើ​កោះរ៉ុង។

លោក ឈុន ប៊ុនថា អះអាង​ថា បើ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មិន​រួម​សហការ​គ្នា​ទប់ស្កាត់​សកម្មភាព​លួច​កាប់​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ លោក​បារម្ភ​ខ្លាច​ទៅ​ថ្ងៃ​អនាគត​ភ្ញៀវ​ទេសចរ ពិសេស​ភ្ញៀវ​អន្តរជាតិ​នឹង​លែង​ចាប់​អារម្មណ៍ និង​ឈប់​ចូល​មក​កម្សាន្ត​កោះរ៉ុង ត​ទៅ​ទៀត​ទេ៖ «ខ្ញុំ​តំណាង​ឲ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប តាំង​ពី​ឆ្នាំ​២០០៨ មក ហើយ​ខ្ញុំ​សង្កេត​ឃើញ​ថា ចាប់​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២ គឺ​សម្រស់​ធម្មជាតិ​នៅ​លើ​កោះរ៉ុង មាន​សោភណភាព​ស្រស់​ស្អាត​មែន​ទែន គឺ​មិន​ត្រឹម​មាន​ឆ្នេរ​ខ្សាច់​ស្រស់​ស្អាត​ទេ សូម្បី​តែ​ព្រៃ​ប្រឹក្សា​នៅ​លើ​កោះ ក៏​ស្រស់​បំព្រង​ដែរ។ ប៉ុន្តែ​ដោយ​មាន​ការ​កាប់​ទន្ទ្រាន​ព្រៃ​ក្នុង​រយៈពេល​ខ្លី ក្នុង​អំឡុង​ពេល​ដែល​អាជ្ញាធរ​ថ្នាក់​ជាតិ​បាន​ចុះ​មក​វាស់វែង​កាត់​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា​ជូន​ប្រជាពលរដ្ឋ នៅ​លើ​សង្កាត់​កោះរ៉ុង រួច​មក​ព្រៃឈើ​នៅ​លើ​កោះរ៉ុង ក៏​ត្រូវ​បាន​បំផ្លាញ​ពី​សំណាក់​ជន​មាន​អំណាច និង​អ្នក​មាន​ទ្រព្យ​មួយ​ចំនួន​លួច​ឃុបឃិត​កាប់​រាន​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​ឯកជន​អនាធិបតេយ្យ​កើត​ឡើង»

​អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែល​ធ្លាប់​​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​តាម​ភូមិ​ខ្លះ នៅ​លើ​សង្កាត់​កោះរ៉ុង កាល​ពី​ពេល​ថ្មីៗ។ អ្នកស្រី​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​នេះ ត្រូវ​បន្ថែម​កម្លាំង​មន្ត្រី​ជំនាញ​ចុះ​ឃ្លាំមើល​សកម្មភាព​កាប់​ព្រៃឈើ​ធម្មជាតិ នៅ​លើ​កោះរ៉ុង ឲ្យ​បាន​ជា​ប្រចាំ និង​ត្រូវ​ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​ចុះ​ល្បាត​ព្រៃ និង​ជួយ​ផ្គត់ផ្គង់​ចំណី​អាហារ​ដល់​មន្ត្រី​ជំនាញ​ទាំង​នោះ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ផែនការ​ការពារ​ព្រៃឈើ​នៅ​លើ​កោះរ៉ុង ទទួល​បាន​លទ្ធផល​ល្អ។

​អ្នកស្រី សុធារី បន្ថែម​ថា ការ​កាប់​ព្រៃឈើ ទោះ​នៅ​លើ​ចំណែក​ក្បាល​ដី​ដែល​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ដើម្បី​ប្រើប្រាស់​ស្រប​ច្បាប់​ក្តី ឬ​មិន​ទាន់​ស្រប​ច្បាប់​ក្ដី គឺ​ម្ចាស់​កាន់​កាប់​នីមួយៗ មិន​ត្រូវ​កាប់​ឆ្ការ​ព្រៃឈើ ដែល​ដុះ​នៅ​លើ​ដី​ទាំង​នោះ​ចោល​ទេ ព្រោះ​ព្រៃឈើ​ជា​ប្រភព​ទឹក ហើយ​អាច​ជួយ​ការពារ​កម្ដៅ​ថ្ងៃ ឬ​ប្រែប្រួល​អាកាសធាតុ​នានា និង​ជាពិសេស​ព្រៃឈើ គឺ​ជា​ប្រភព​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ឲ្យ​ចូល​មក​ទស្សនា​កោះរ៉ុង។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន បាន​សម្រេច​បង្កើត​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៣​បន្ថែម​ទៀត នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ព្រះវិហារ ត្រូវ​រៀបចំ​ដាក់​ជា​ឧទ្យានជាតិ​រួម​មាន ឧទ្យាន​ជាតិ​កោះរ៉ុង តំបន់​អភិរក្ស​ទឹក​សាប​បឹង​ព្រែកទប់ ខេត្ត​ព្រះសីហនុ និង​តំបន់​បេតិកភណ្ឌ​ភ្នំ​ត្បែង ខេត្ត​ព្រះវិហារ ឲ្យ​ក្លាយ​ជា​ឧទ្យាន​ជាតិ។

​នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលា​ខេត្ត​ព្រះសីហនុ លោក នួន ប៊ុនថុល មាន​ប្រសាសន៍​ថា ចំនួន​ផ្ទៃដី​សរុប​ទាំង​ផ្ទៃ​ដី​ដែល​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​កាន់កាប់ និង​ដី​ព្រៃឈើ​នៅ​លើ​កោះរ៉ុង ទាំង​អស់​សរុប​មាន​ចំនួន​ជិត ១​ម៉ឺន​ហិកតារ។ ក្នុង​នោះ​ដី​ព្រៃ​ឈើ​ការពារ​អភិរក្ស​ប្រមាណ ២.៦០០​ហិកតារ ត្រូវ​រាជរដ្ឋាភិបាល​ត្រៀម​បម្រុង​ដាក់​បញ្ចូល​ឲ្យ​ក្លាយ​ជា​ឧទ្យាន​ជាតិ​កោះរ៉ុង ដែល​មិន​អាច​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ទន្ទ្រាន​កាប់​រាន​ធ្វើ​កម្មសិទ្ធិ​ជា​ដាច់​ខាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

កូនខ្មែរ

ពី ភ្នំពេញ

ប្រទេសខ្រជាប្រទេសនិត្តិរដ្ឋចាប់តែម្តងទៅដួចករណីចាប់អ្នកបេីកឡានបេីកខុសច្បាប់អញ្ចឹងទៅ។មែអារឿងកាប់ដេីមឈេីនេះវាមានជាង៣០ឆ្នាំមកហេីយ។ចាប់តែម្តងទៅ​កុំវាយស្មៅបង្អេីលពស់។

Feb 17, 2017 05:53 PM

គេហទំព័រ​ទាំងមូល