បទល្មើស​ព្រៃឈើ​បន្ត​កើត​មាន​ក្នុង​ខេត្ត​ពោធិ៍សាត់

0:00 / 0:00

ឈើ​អារ​ប្រភេទ​ម៉ៃតាប់ ឈើ​ដំ​សំបក និង​អុសស្ទែ ត្រូវ​បាន​ពលរដ្ឋ​ដឹក​ជញ្ជូន​យ៉ាង​មមាញឹក​តាម​គោយន្ត និង​រថយន្ត​នៅ​ក្នុង​ទឹក​ដី​ស្រុក​ក្រគរ និង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។ អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​អាច​ជា​អ្នក​បើក​ដៃ​ឲ្យ​មាន​សកម្មភាព​ល្មើស​ទាំង​នេះ ព្រោះ​អ្នក​ដឹក​ឈើ​ខ្លះ​អះអាង​ថា មន្ត្រី​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​ដាក់​កុងត្រូល យក​លុយ​ក្នុង ១​គោយន្ត ១​ម៉ឺន​រៀល។

ប្រភព​នៃ​ប្រភេទ​ឈើ​ចម្រុះ​ដែល​ពលរដ្ឋ​កាប់​ដឹក​ចេញ​ពី​ជួរ​ភ្នំក្រវាញ និង​ភ្នំ​ឱរ៉ាល់ ត្រូវ​បាន​ដឹក​ទៅ​លក់​តាម​ដេប៉ូ​ឈើ​នៅ​ទី​រួម​ស្រុក​ភ្នំ​ក្រវាញ ខេត្ត​កំពង់ឆ្នាំង និង​រោង​កែច្នៃ​គ្រឿង​សង្ហារិម​នៅ​បំណក់ នៃ​ឃុំ​ឈើតុំ ស្រុក​ក្រគរ។ ប៉ុន្តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​ប្រមូល​ឈើ​ងាប់ៗ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច នៃ​ក្រុមហ៊ុន​ដាំ​ដំឡូងមី​ភាពីម៉ិច (Peapimex) និង​អារ​រំលំ​ឈើ​ស្រោង​នៅ​ក្បែរ​តំបន់​នោះ​យក​ទៅ​លក់​ដែរ។

បុរស​វ័យ​ជាង ៤០​ឆ្នាំ​ម្នាក់ ដែល​កំពុង​បើក​គោយន្ត​ដឹក​អុសស្ទែ តាម​បណ្ដោយ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចេញ​ពី​ចំណុច​ស្ទឹងព្រាល នៃ​ស្រុក​ភ្នំក្រវាញ ឆ្ពោះ​ទៅ​ស្រុក​ក្រគរ រៀបរាប់​ថា អុស​ដែល​មាន​មុខ​ពី ២​តឹក​កន្លះ ទៅ ៣​តឹក​ដែល​លោក​កំពុង​ដឹក​នេះ គឺ​ប្រមូល​ចេញ​ពី​តាម​ដង​អូរ និង​ក្បែរ​ជើង​ភ្នំ​ខ្លះ។

លោក​ថា ការ​ប្រមូល​អុស​នេះ​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ​មិន​បាន​ហាម​ឃាត់​នោះ​ទេ ប៉ុន្តែ​មាន​ដាក់​កុងត្រូល​យក​លុយ៖ «មក​ពី​ព្រៃ​កន្លែង​ជាយៗ​ក្នុង​ដី​របស់​ក្រុមហ៊ុន​ចិន យក​ទៅ​បោះ​ឲ្យ​គេ​ក្នុង​មួយ​គោយន្ត​បាន ១២​ម៉ឺន ហើយ​ផាត់ (ទូទាត់) ប្រេង និង​ម្ហូប​អាហារ​ទៅ​នៅ​សល់​បន្តិចបន្តួច។ (ជិន ជេដ្ឋា៖ ក្នុង​មួយ​ថ្ងៃ​ដឹក​បាន​ប៉ុន្មាន​ជើង?) បាន​មួយ​ជើង ហើយ​មក​តាំង​ពី​ម៉ោង ២​យប់»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា មិន​អាច​រក​ប្រភព​ទាក់ទង​មន្ត្រី​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​ប្រចាំការ​នៅ​តំបន់​នោះ ដើម្បី​ឆ្លើយ​តប​បញ្ហា​នេះ​បាន​ទេ។ ប៉ុន្តែ​អភិបាល​ស្រុក​ភ្នំក្រវាញ លោក សូរ សាហុង ទទួល​ស្គាល់​ថា បទល្មើស​ពិត​ជា​មាន​តិចតួច ប៉ុន្តែ​ពុំ​មាន​លក្ខណៈ​ធ្វើ​អាជីវកម្ម​ធំដុំ​នោះ​ទេ ព្រោះ​អ្នក​ស្រុក​បាន​ឆ្លៀត​ចាប់​យក​មុខរបរ​នេះ​ដើម្បី​ដោះស្រាយ​ជីវភាព បន្ថែម​លើ​ការ​ធ្វើ​ស្រែចម្ការ៖ «កន្លង​មក​យើង​ក៏​បាន​ចាប់​ឃាត់​អប់រំ​អ៊ីចឹង​ដែរ ហើយ​ខាង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​ខាង​ប៉ូលិស​ក៏​ធ្លាប់​ធ្វើ​ម្ដងម្កាល​ដែរ។ កន្លង​មក​ពាក់ព័ន្ធ​នឹង​មន្ត្រី​ដែល​យក​លុយ​យក​កាក់​អី​ណា យើង​តែងតែ​មាន​ការ​ហៅ​មក​អប់រំ ហើយ​យើង​ហាម​ឃាត់​មិន​ឲ្យ​មាន​ដាក់​កុង​ត្រូល​ជជុះ ជំរិត​យក​លុយ​ពលរដ្ឋ​នោះ​ទេ»

សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ខេត្ត​ពោធិ៍សាត់ លោក គុជ វ៉េង ថ្លែង​បែប​រិះគន់​ថា បទល្មើស​បាន​ថយ​ចុះ គឺ​ដោយសារ​បច្ចុប្បន្ន​លែង​មាន​ឈើ​ប្រណីត ឬ​ឈើ​មាន​តម្លៃ​កាប់​ទៀត ប៉ុន្តែ​បទល្មើស​តូចតាច​កើត​មាន​ហូរហែ។

លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ទប់ស្កាត់​បទល្មើស​ទាំង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​ព្រៃឈើ​ប្រើប្រាស់​ទៅ​ថ្ងៃ​អនាគត និង​ការពារ​ការ​បម្រែបម្រួល​អាកាសធាតុ៖ «បើ​សិន​ជា​រដ្ឋាភិបាល​មិន​គិត​ថា ព្រៃឈើ​មិន​សំខាន់​សម្រាប់​ពលរដ្ឋ​ទេ ខ្ញុំ​គិត​ថា ទៅ​មុខ​ទៀត​វា​នឹង​រលាយ​អស់​ហើយ។ និយាយ​ទៅ​វា​រក​បាន​តិចតួច​ទេ បើ​ពី​មុន​ហ្វូង​គោយន្ត​មាន​ពី ៥០​គ្រឿង បើ​ឡាន​មាន​រាប់​រយ​ឡាន​អ៊ីចឹង​ទៅ វា​ដូច​ហែ​កឋិន​អ៊ីចឹង»

ឈើ​ខ្លុង និង​ត្បែង​ដែល​មាន​មុខ​កាត់​ចាប់​ពី ២​តឹក​ឡើង​ជា​ច្រើន​ដើម ត្រូវ​បាន​គេ​លួច​អារ​រំលំ និង​កាត់​ជា​កំណាត់ៗ​នៅ​ក្នុង​ព្រៃ​ស្រោង នៃ​ជួរ​ភ្នំក្រវាញ ហើយ​យក​មក​តម្រៀប​លក់​នៅ​អម​សងខាង​ផ្លូវ​ឋិត​នៅ​ក្នុង​ទឹក​ដី​ឃុំ​ឈើតុំ ស្រុក​ក្រគរ និង​ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ។ នៅ​ច្រក​ចេញ​នៃ​តំបន់​នោះ មាន​កុងត្រូល​មួយ​កន្លែង ចាំ​ស្ទាក់​យក​លុយ​ពី​ម្ចាស់​គោយន្ត ឬ​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។