ក្រុមហ៊ុនវៀតណាម ឈ្មោះ ៧២ ដែលទទួលសិទ្ធិធ្វើអាជីវកម្មបន្តលើដីសម្បទានរបស់ក្រុមហ៊ុន គ្លបល ធីក រ៉ាម៉ា ខ្មែរ អន្តរជាតិនិងមិត្តភាព ម៉ែន សារុន (Global Tech Rama Khmer International and Men Sarun Friendship) នៅខេត្តរតនគិរី នៅតែបន្តកាប់ឈើមូលពីក្នុងព្រៃសហគមន៍អភិរក្ស បើទោះបីក្រុមសហគមន៍រារាំង និងចាប់យកគ្រឿងសម្ភារៈកាប់ឈើរបស់ពួកគេយ៉ាងណាក្តី។
មន្ត្រីអាជ្ញាធរស្រុកអូរយ៉ាដាវ នៅថ្ងៃអាទិត្យ ទី៣០ ខែមីនា អះអាងថា សមត្ថកិច្ចមិនអាចស្វែងរកដំណោះស្រាយជុំវិញការរារាំងរបស់ពលរដ្ឋជនជាតិដើមភាគតិចភូមិឡុំ មិនឲ្យក្រុមហ៊ុនវៀតណាម ៧២ ចូលកាប់ឈើក្នុងព្រៃសហគមន៍ការពារបានឡើយ។
កាលពីថ្ងៃសៅរ៍ ទី២៩ កន្លងទៅ ក្រុមសមត្ថកិច្ចចម្រុះនៃអាជ្ញាធរស្រុកអណ្តូងមាស រួមមានមន្ត្រីនគរបាលកងរាជអាវុធហត្ថ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ មន្ត្រីអាជ្ញាធរស្រុក ក្រុមសហគមន៍ និងតំណាងក្រុមហ៊ុន បានចុះទៅពិនិត្យមើលទីតាំងដែលក្រុមសហគមន៍ចោទថា ក្រុមហ៊ុន ៧២ របស់វៀតណាម បានកាប់ឈើមូលចេញពីព្រៃសហគមន៍ការពារ នាំចូលរោងអារឈើក្រុមហ៊ុននៅជាប់នឹងព្រៃសហគមន៍ ហើយអារច្រៀកឈើនោះភ្លាមៗ និងគ្រោងឈូសឆាយព្រៃដើម្បីពង្រីកដីសម្បទានបន្តទៀត។
អភិបាលស្រុកអូរយ៉ាដាវ លោក ដក ស ថ្លែងថា សហគមន៍បានសម្រេចដាច់ខាតមិនឲ្យក្រុមហ៊ុនកាប់ឈើ និងឈូសឆាយដីព្រៃនៅតំបន់នោះតទៅទៀតទេ។ ចំណែកក្រុមហ៊ុនអះអាងថា ព្រៃឈើនោះឋិតក្នុងបរិវេណដីដែលរដ្ឋបានផ្ដល់សម្បទានសម្រាប់ក្រុមហ៊ុន ហេតុនេះក្រុមហ៊ុនត្រូវប្រមូលផលព្រៃឈើ និងឈូសឆាយឲ្យបានមុនរដូវធ្លាក់ភ្លៀង៖ «អ្នកអារឈើ កាប់ឈើ គេប្រុងថា កាប់ឈើហើយគេឈូស។ រាជរដ្ឋាភិបាលឲ្យហើយ គេកាប់ហើយ។ អ៊ីចឹងដល់ប្រជាពលរដ្ឋអត់ឲ្យ ខ្ញុំអត់យល់ដែរ បើគេនិយាយអ៊ីចឹង ខ្ញុំមានតែរាយការណ៍ជូនខេត្តតែប៉ុណ្ណឹង»។
ក្រុមហ៊ុន ម៉ែន សារុន បានទទួលដីសម្បទានសេដ្ឋកិច្ចជាង ១៧.០០០ហិកតារ នៅស្រុកអូរយ៉ាដាវ ដើម្បីដាំដូងប្រេង កាហ្វេ និងដំណាំផ្សេងទៀត ក៏ប៉ុន្តែក្រុមហ៊ុននេះបានផ្ទេរដីសម្បទានមួយផ្នែកទៅឲ្យក្រុមហ៊ុន ៧២ របស់វៀតណាម ធ្វើអាជីវកម្មដាំកៅស៊ូ។
តំណាងសហគមន៍ភូមិឡុំ លោក រម៉ាស់ ស្វាន កត់សម្គាល់ថា កន្លងទៅនេះ ក្រុមហ៊ុន ៧២ បានរំលោភឈូសឆាយតំបន់កប់សពសហគមន៍ និងតំបន់ព្រៃការពាររបស់សហគមន៍អស់រាប់រយហិកតារ កាលពីឆ្នាំ២០១៣។
លោកបន្តថា ព្រៃដែលក្រុមហ៊ុនកំពុងកាប់ឈើមូល និងគ្រោងឈូសឆាយបន្តនេះ ជាប្រភេទព្រៃស្រោង និងព្រៃពាក់កណ្ដាលស្រោង លាតសន្ធឹងរហូតព្រំដែនប្រទេសវៀតណាម។ ព្រៃនេះនៅសេសសល់ប្រមាណ ៨០០ហិកតារ ដែលសហគមន៍ការពារសម្រាប់សហគមន៍ប្រើប្រាស់ជាលក្ខណៈប្រពៃណីរបស់ជនជាតិដើមភាគតិច៖ «កាប់ដដែលហ្នឹងហើយ តាំងពីថ្ងៃចាប់ម៉ាស៊ីនមួយគ្រឿងមក។ តាមគំនិតសហគមន៍ចង់បិទ ចង់ដកក្រុមហ៊ុនហ្នឹងតែម្ដង ប្ដឹងទៅខេត្ត ប្ដឹងទៅថ្នាក់លើ»។
កាលពីថ្ងៃទី២៥ ខែមីនា ក្រុមល្បាតព្រៃសហគមន៍ភូមិឡុំ មានគ្នា ៨នាក់ បានរឹបអូសម៉ាស៊ីនកាត់ឈើរបស់កម្មករក្រុមហ៊ុនជនជាតិវៀតណាម បីនាក់អមដោយត្រាក់ទ័រមួយគ្រឿង បានចូលមកកាប់ឈើក្នុងព្រៃសហគមន៍នៅចំណុចព្រៃមួងតូម។
អ្នកឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី សម្គាល់ថា គោលការណ៍ផ្តល់ដីសម្បទានសេដ្ឋកិច្ច រាជរដ្ឋាភិបាលតម្រូវឲ្យសិក្សាកាត់ចេញព្រៃឈើសហគមន៍អភិរក្សតំបន់ព្រៃស្រោង ឬពាក់កណ្ដាលស្រោង។ ម្យ៉ាងទៀត ក្រុមហ៊ុនបានជួលកម្មករជនជាតិវៀតណាម កាប់ឈើមូលថ្មី ហើយអារច្រៀកដោយមិនទាន់មានការត្រួតពិនិត្យពីមន្ត្រីព្រៃឈើ។ លោកថា មន្ត្រីពាក់ព័ន្ធគួរត្រួតពិនិត្យករណីនេះ៖ «បើសិនក្រុមហ៊ុនមិនព្រមអនុវត្តទេ មានតែរដ្ឋាភិបាលលប់ធ្វើការព្រមានទៅលើក្រុមហ៊ុន ឬក៏អាចលប់ចោលក្រុមហ៊ុនណាដែលមិនគោរពគោលការណ៍សម្បទានសេដ្ឋកិច្ច»។
ឆ្លើយតបបញ្ជានេះ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភឺន ទទួលស្គាល់ថា មន្ត្រីជំនាញមិនទាន់បានចុះពិនិត្យជាក់ស្ដែងការចោទប្រកាន់របស់សហគមន៍នៅឡើយ។ ប៉ុន្តែក្រសួងកសិកម្ម បានអនុវត្តតាមគោលការណ៍ស្ដីពីសម្បទានសេដ្ឋកិច្ច មុននឹងផ្ដល់ដីទៅឲ្យក្រុមហ៊ុន។ពិសេសមន្ត្រីជំនាញនឹងពិនិត្យជាក់ស្ដែង ប្រសិនដីសម្បទាននៅមានផលប៉ះពាល់ដល់តំបន់ព្រៃស្រោងលើសពី ៥០ហិកតារ ក៏ត្រូវកាត់ចេញពីការផ្ដល់ដីសម្បទានបន្ថែមទៀត។
លោក ផាន់ ភឺន៖ «វាចន្លោះប្រហោងមាត់អូរ ឬកន្លែងជាំទឹកណាមួយ អ៊ីចឹងឧទាហរណ៍បីហិកតារ ពីរហិកតារ អាហ្នឹងវាអាចមានប្រភេទព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោងមានដែរ បើសិនផ្ទៃដីមានច្រើនជាង ៥០ហិកតារគេមិនឲ្យទេ»។
យ៉ាងនេះក្តី តំណាងសហគមន៍ព្រមានថា ក្រុមសហគមន៍នឹងដុតគ្រឿងចក្រប្រសិនក្រុមហ៊ុននៅតែបន្តចូលកាប់ឈើក្នុងព្រៃតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
