"ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​លំផាត់​នៅតែ​រង​ការ​កាប់​រាន"

ដោយ រដ្ឋា វិសាល
2017-08-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៧។
ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Ratha Visal

ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ជាប់​នឹង​ភូមិសាស្ត្រ​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី រាប់​សិប​ហិកតារ​បន្ថែម​ទៀត ត្រូវ​គេ​កាប់​រាន​ជា​លើក​ទី​បី ខណៈ​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​សមត្ថកិច្ច និង​​ស្ថាប័ន​តុលាការ​ចាត់​វិធានការ​ស្វែង​រក​អ្នក​ប្រព្រឹត្ត និង​ជន​ពាក់ព័ន្ធ​ទិញ​លក់​ដី​តំបន់​នោះ​ក្ដី។

ជនជាតិ​ដើម​ភាគតិច​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី អះអាង​ថា ព្រៃឈើ​រាប់​សិប​ហិកតារ​នៅ​ខាង​ត្បូង​ភ្នំអាត ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ត្រូវ​គេ​អារ​រំលំ​បន្ថែម​ទៀត​ដើម្បី​រាន​យក​ដី។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ពលរដ្ឋ​ភូមិ​សមុទ្រក្រោម ដែល​ចូល​ព្រៃ​រក​គោ​បាន​ប្រទះ​ឃើញ​មនុស្ស​មួយ​ក្រុម​មាន​ម៉ាស៊ីន​កាត់​ឈើ​បី​គ្រឿង កំពុង​អារ​រំលំ​ឈើ​អស់​រាប់​សិប​ហិកតារ​នៅ​ចម្ងាយ​ប្រមាណ ៥០០​ម៉ែត្រ​ពី​ជើង​ភ្នំ​អាត បន្ត​ពី​កន្លែង​អារ​រំលំ​ដើម​ឈើ​ដែល​សហគមន៍​ប្រទះ​ឃើញ​ពីរ​លើក​​កាល​ពី​ខែ​មិថុនា និង​ខែ​កក្កដា កន្លង​ទៅ។

ពលរដ្ឋ​ភូមិ​សមុទ្រក្រោម លោក អូច ខាណា បញ្ជាក់​ថា ម៉ាស៊ីន​កាត់​ឈើ​លាន់​ទ្រហឹង​ពេញ​ព្រៃ ខណៈ​​ព្រៃឈើ​ស្រស់ៗ​បាន​ដួល​រលំ​លើ​ផ្ទៃដី​ប្រវែង ២០០ ទៅ ៣០០​ម៉ែត្រ តាម​បណ្ដោយ​ព្រំ​ដី​ដែល​គេ​បាញ់ថ្នាំ​​ពណ៌​កាល​ពី​ខែ​មិថុនា។ លោក​ថា បាន​ផ្ដល់​ព័ត៌មាន​នេះ​ជូន​អាជ្ញាធរ​ភូមិ​ឃុំ​ភ្លាមៗ​ដើម្បី​ចាត់​វិធានការ​ទប់ស្កាត់​ការ​កាប់​រាន​នេះ៖ «កាប់​រំលំ​ពី​ត្បូង​ទៅ​ជើង ឥឡូវ​គេ​រំលំ​ច្រើន​ទៀត អា​ធំ! ២០០​ម៉ែត្រ ឃើញ​តែ​ដើម​ឈើ​ដួល។ ខ្ញុំ​ឃើញ​ម្សិលមិញ​ទៅ​រក​គោ​ក្នុង​ព្រៃ ខ្ញុំ​ឮ​ត្រង់ស៊ីន័រ​បី​គ្រឿង»

​នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ពលរដ្ឋ​ភូមិ​សមុទ្រក្រោម បាន​ប្រទះឃើញ​សកម្មភាព​កាប់​រាន​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ តាំង​ពី​ចុង​ខែ​មិថុនា មក​ទល់​នឹង​ពេល​នេះ។ តាម​ការ​ប៉ាន់ប្រមាណ​ព្រៃ​ឈើ​រាប់​រយ​ហិកតារ​​ឋិត​នៅ​ខាងត្បូង​ភ្នំ​អាត ត្រូវ​គេ​អារ​រលំ ប៉ុន្តែ​មិន​ទាន់​ដុត​រាន​នៅ​ឡើយ។

នាយក​រង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​រតនគិរី លោក សាន សានី ទទួល​ស្គាល់​ថា មន្ត្រី​អនុរក្ស និង​សមត្ថកិច្ច​មូលដ្ឋាន​មួយ​ក្រុម​បាន​ចុះទៅ​កាន់​តំបន់​នោះ​ហើយ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ទាក់ទិន​បទល្មើស​ព្រៃឈើ​នេះ។ លោក​ថា កន្លង​ទៅ​នេះ មន្ត្រី​អនុរក្ស​បាន​រៀបចំ​របាយការណ៍​ទាក់ទិន​សកម្មភាព​លួច​កាប់​រាន​ព្រៃ​នេះ​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​រួច​ហើយ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពិស្ដារ​ពី​របាយការណ៍​នោះ​ទេ៖ «ខ្ញុំ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ទាំង​អស់ ចាំ​មើល​ក្រុម​ការងារ​ខ្ញុំ​នៅ​ធ្វើការ»

​កាល​ពី​ចុង​ខែ​មិថុនា ព្រៃឈើ​នៅ​តំបន់​ភ្នំ​អាត ត្រូវ​គេ​យក​ថ្នាំ​ពណ៌​បាញ់​នៅ​លើ​ដើម​ឈើ​ធ្វើ​ជា​ព្រំ ហើយ​ចាប់​ពី​ចំណុច​បាញ់​ថ្នាំ​ពណ៌​នោះ ដើម​ឈើ​ត្រូវ​គេ​អារ​រំលំ​ទំហំ​ទទឹង​ប្រមាណ ១០​ម៉ែត្រ និង​បណ្ដោយ​ជាង ៣​គីឡូម៉ែត្រ រហូត​ទល់​នឹង​ជើង​ភ្នំ​អាត សំគាល់​ជា​ព្រំ​ដី។ ក្នុង​តំបន់​ហ៊ុមព័ទ្ធ​នោះ​ដើម​ឈើ​ប្រមាណ ៣០ ទៅ ៤០​ហិកតារ ត្រូវ​គេ​អារ​រំលំ​ថ្មីៗ។ បន្ទាប់​មក​នៅ​ជាង​ពាក់​កណ្ដាល​ខែ​កក្កដា ព្រៃ​​ឈើ​រាប់​រយ​ហិកតារ​ថ្មី​ទៀត ត្រូវ​គេ​លួច​អារ​បន្ត​នៅ​តំបន់​នោះ។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី ចាត់​ទុក​ករណី​នេះ​ថា ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ ខណៈ​សមត្ថកិច្ច​មិន​អាច​ទប់​ស្កាត់ និង​ស្វែង​រក​ជន​ប្រព្រឹត្ត​មក​ទទួល​ខុស​​ត្រូវ​បាន។ លោក​កត់សំគាល់​ថា បទល្មើស​ព្រៃឈើ​នេះ​សហគមន៍​បាន​ស្គាល់​អត្តសញ្ញាណ​អ្នក​​ស៊ី​ឈ្នួល​អា​រំលំ​ព្រៃ​ឈើ​ចំនួន​ពីរ​នាក់ ហេតុ​នេះ​ការ​ស្វែង​រក​ជន​ពាក់ព័ន្ធ​អាច​ធ្វើ​ទៅ​បាន ប្រសិន​​អាជ្ញា​ធរមាន​ឆន្ទៈ​បង្ក្រាប៖ «នៅ​តែ​កាប់​ទន្ទ្រាន​ដដែលៗ​សហគមន៍​គាត់​រាយការណ៍​ជា​បន្ត​បន្ទាប់ ហើយ​មិន​បាន​ទប់ស្កាត់​ព្រៃ​​ឈើ​ដែល​កំពុង​កើតឡើង អា​ហ្នឹង​ជា​កំហុស​ធំ»

រហូត​មក​ទល់​នឹង​ម៉ោង ៣​រសៀល ថ្ងៃ​ទី​១០ ខែ​សីហា ក្រុម​សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​ទៅ​​បង្ក្រាប​ទីតាំង​កាប់​រាន​ដី បាន​ទៅ​ដល់​ភ្នំ​អាត និង​បាន​រក​ឃើញ​កន្លែង​កាប់​រាន​ថ្មី​នោះ​​ហើយ។ តាម​ការ​វាយ​តម្លៃ​ជំហាន​ដំបូង ព្រៃឈើ​ជាង ៥​ហិកតារ​ត្រូវ​បាន​គេ​លួច​អារ​រំលំ​ថ្មី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល