អ្នក​ភូមិ​អះអាង​ថា​វៀតណាម​បន្ត​ចូល​កាប់​ឈើ​នៅ​រតនគិរី

0:00 / 0:00

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ រស់​នៅ​តំបន់​ព្រៃ​ខេត្ត​រតនគិរី ជាប់​ព្រំដែន​ប្រទេស​វៀតណាម អះអាង​ថា ជនជាតិ​វៀតណាម នៅ​តែ​បន្ត​ឆ្លង​ដែន​ចូល​មក​អារ​រំលំ​ឈើ​ក្នុង​ដី​ខ្មែរ ហើយ​ដឹក​ជញ្ជូន​​ទៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​តម្រួត​ព្រំដែន​ខ្មែរ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា បន្ទាប់​ពី​អ្នក​ល្បាត​ព្រៃ​សហគមន៍​ភូមិ​ឡំកន ចំនួន ៧​នាក់ បាន​ប្រទះឃើញ​ជនជាតិ​វៀតណាម ៤​នាក់ កំពុង​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ​គ្រប់​គ្នា​នៅ​ក្នុង​​ព្រៃ​ដី​ខ្មែរ​ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ​ពី​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ​អូរថ្មដា។

តំណាង​សហគមន៍​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ លោក រចំ ខាំ រៀបរាប់​ថា កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​សីហា ជនជាតិ​វៀតណាម ទាំង​នោះ ព្យាយាម​ធ្វើ​កាំបិត​ដំបង​វាយ​តបត​ជាមួយ​សហគមន៍​ដែល​​​ព្យាយាម​ឃាត់​ខ្លួន​ពួកគេ​និង​វត្ថុតាង​ល្មើស។ ពលរដ្ឋ​វៀតណាម​នោះ​បញ្ជាក់​ថា តម្រួត​ព្រំដែន​​អូរថ្មដា ជា​អ្នក​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​កាប់​ឈើ។

លោក​កត់​សម្គាល់​ថា នេះ​គឺ​ជា​បទល្មើស​ព្រៃ​​ឈើ​ថ្មី​មួយ​ទៀត​ដែល​ជនជាតិ​វៀតណាម ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ទ្រង់ទ្រាយ​តូច​តាម​រយៈ​ម៉ូតូ​ជា​ក្រុម​នាំ​ឈើ​ចូល​ទៅ​ទឹក​ដី​វៀតណាម៖ «ដី​ខ្មែរ​យើង ប៉ុន្តែ​វា​ឆ្លង​ហួស​ប៉ុស្តិ៍​ថ្មដា​ហ្នឹង។ អត់​ហ៊ាន​ចាប់​ទេ អា​ពួក​យួន​ហ្នឹង​គេ​ចង់​វាយ​ពួក​ភូមិ​ឡំកន​ហ្នឹង គាត់​កាត់​កាំបិត​មួយ ហើយ​គេ​កាន់​ឈើ​គ្រប់គ្នា​តែម្ដង។ ខ្ញុំ​សួរ​ពូក​យួនៗ​ថា ប៉ុស្តិ៍​បើក​ឲ្យ​ខ្ញុំ​ចូល»

វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា បាន​ទូរស័ព្ទ​ទៅ​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​វរៈ ៦២៣ លោក ងួន សុវណ្ណា សុំ​បំភ្លឺ​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​ទូរស័ព្ទ​លោក​មិន​មាន​អ្នក​ទទួល​ការ​ហៅ​ចូល។

យ៉ាង​នេះ​ក្តី នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៉ក់ញ៉ៃ លោក ពួយ ច្រូច កត់សំគាល់​ថា សហគមន៍​បាន​ផ្ដល់​ព័ត៌មាន និង​សុំ​កិច្ច​អន្តរាគមន៍​ពី​ប៉ូលិស​មូលដ្ឋាន។ លោក​ថា តំបន់​នោះ​ឋិត​ក្នុង​ព្រៃ​ជាប់​នឹង​តំបន់​​​ព្រំដែន ហេតុនេះ​ប៉ូលិស​មូលដ្ឋាន​មិន​អាច​ចាត់ការ​ទាន់​ពេល​វេលា​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ​​​នោះ​បាន​ទេ៖ «គេ​រាយការណ៍​មក​ថា ឃើញ​វៀតណាម ឃើញ​ឈើ ខ្ញុំ​ថា យើង​សួរ​ឲ្យ​ច្បាស់​មើល​អ្នក​ណា​ឲ្យ​ចូល។ បើ​ឃើញ​ចូល​មក​ទៀត​រាយការណ៍​មក​ខ្ញុំ​ជា​បន្ទាន់ ខ្ញុំ​នឹង​ទៅ​ចាប់។ បើ​ឃើញ​ហើយ​អត់​រាយការណ៍​​មក​ខ្ញុំ ម៉េច​ខ្ញុំ​ដឹង ព្រោះ​ខ្ញុំ​មាន​នៅ​ជិត​បង​ប្អូន​ប្រជាពលរដ្ឋ​ឯ​ណា»

របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក កាល​ពី​ឆ្នាំ​២០១២ ​និង​២០១៣ សហគមន៍​ភូមិ​ឡំ បាន​បង្ក្រាប​និង​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ ម៉ូតូ ត្រាក់ទ័រ និង​រថយន្ត​ដឹក​​ឈើ រួម​ទាំង​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម អ្នក​ចូល​ព្រៃ​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ប្រមាណ ៥​ករណី។ ក្នុង​នោះ​ក៏​ឃើញ​មាន​សមត្ថកិច្ច​ប៉ូលិស​ការពារ​ព្រំដែន​អូរថ្មដា បាន​ចូល​ខ្លួន​មក​សម្របសម្រួល​ឲ្យ​​សហគមន៍​ដោះ​លែង និង​ប្រគល់​គ្រឿងចក្រ​ទៅ​ឲ្យ​ពលរដ្ឋ​វៀតណាម នោះ​វិញ។

មន្ត្រី​សម្របសម្រួល​​អង្គការ​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​ព្រំដែន​ថា ជា​ចេតនា​ឃុបឃិត​នាំ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​កើត​ឡើង​មិន​ឈប់ឈរ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស៊ើប​អង្កេត​និង​ទប់ស្កាត់​ករណី​នេះ៖ «យើង​ឃើញ​កន្លង​មក​មាន​ការ​លួច​ឆ្លង​ដែន​ចូល ហើយ​លើក​មុនៗ​មាន​ទ្រង់ទ្រាយ​ធំ​រហូត​មាន​ត្រាក់ទ័រ រថយន្ត​រ៉េវ​ជាដើម។ បើសិនជា​មិន​មាន​ការ​បណ្ដែតបណ្ដោយ​ឃុបឃិត​រវាង​មន្ត្រី​ប៉ុស្តិ៍​តាម​ច្រក​​របៀង​ទេ គឺ​ជនជាតិ​វៀតណាម មិន​អាច​ឆ្លង​ដែន​ចូល​ដោយ​ខុស​ច្បាប់ ហើយ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​​ក្នុង​ទឹកដី​ខ្មែរ​យើង​បាន​ទេ»

​ចាប់​ពី​ចុង​ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន ជនជាតិ​វៀតណាម​ប្រមាណ ៩​នាក់ ត្រូវ​បាន​សហគមន៍​ភូមិ​ឡំ រួម​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដោយសារ​ឆ្លង​ដែន​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​នៅ​​ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភ្នំ​ក្រហម និង​ប៉ុស្តិ៍​អូរថ្មដា ក្នុង​ស្រុក​អូរយ៉ាដាវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។