ក្រុម​សហគមន៍​​នៅ​រតនគិរី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ព្រៃ

ក្រុម​សហគមន៍​ជនជាតិ​ដើម​ឃុំ​ប៉ាតាង ស្រុក​លំផាត់ ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​មន្ត្រី​ស្ថាប័ន​ព្រៃ​ឈើ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ចាត់​វិធានការ​ជា​បន្ទាន់​ទៅ​លើ​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​យក​ដី​អនាធិបតេយ្យ​ក្នុង​​ខេត្ត​នេះ។

0:00 / 0:00

ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ទំពួន រស់​នៅ​ភូមិ​ប៉ាតាង លោក ស្វិន វ៉េវ នៅ​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​សីហា មាន​ប្រសាសន៍​បញ្ជាក់​ថា ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​គន្ធី ក្នុង​ភូមិ​ប៉ាតាង ឃុំ​ប៉ាតាង ត្រូវ​បាន​គេ​កាប់​រាន​ជា​ថ្មី​អស់​ប្រមាណ ២០​ហិកតារ​បន្ថែម។

លោក​បន្ត​ថា ព្រៃ​ឈើ​ដែល​គេ​កំពុង​កាប់​រាន​នេះ គឺ​ជា​តំបន់​ព្រៃ​សហគមន៍​ដែល​នៅ​សេសសល់​ពី​ការ​កាប់​រាន​យក​ដី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ក៏​ប៉ុន្តែ​ចាប់​ពី​ដើម​ខែ​សីហា នេះ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ប៉ាតាង មួយ​រូប គឺ​លោក ទិន ង៉ាន់ បាន​ជួល​កម្មករ​កាប់​រាន​ជាថ្មី​ដើម្បី​រាន​យក​ដី​នៅ​តំបន់​នោះ៖ «ម្នាក់​ឯង​បាន ១៥​ហិកតារ។ ទិន ង៉ាន់ គេ​ធ្វើ​ប៉ូលិសៗ​ប៉ុស្តិ៍​គេ​នាំ​មុខ​កាប់​ច្រើន​ជាង​គេ»

វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា មិន​អាច​ទាក់​ទង​លោក ទិន ង៉ាន់ សុំ​បំភ្លឺ​សេចក្ដី​ចោទ​ប្រកាន់​នេះ​បាន​ទេ។

ទាក់​ទិន​ករណី​នេះ​ដែរ អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល​សេចក្ដី​រាយការណ៍​ពី​ករណី​នេះ​ពី​មន្ត្រី​មូលដ្ឋាន​នៅ​ឡើយ។ លោក​អះអាង​ថា លោក​នឹង​ចាត់​អាជ្ញាធរ​ឃុំ​ចុះ​ពិនិត្យ​សេចក្ដី​រាយការណ៍​នេះ៖ «ចាំ​ខ្ញុំ​ទូរស័ព្ទ​សួរ​លោក​អធិការ​ហើយ​ចាំ​ខ្ញុំ​បញ្ជា​ទៅ​មេ​ឃុំ​ឲ្យ​គាត់​មើលៗ​ណា!»

នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភិន បាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​សហគមន៍​ត្រូវ​ធ្វើ​ពាក្យ​ប្ដឹង​ពី​អត្តសញ្ញាណ​អ្នក​កាប់​រាន​ព្រៃ​ឈើ​នេះ​មក​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ដើម្បី​ចាត់​វិធានការ​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​យក​មក​ផ្ដន្ទា​ទោស។

លោក​បន្ត​ថា សមត្ថកិច្ច​ព្រៃ​ឈើ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ជន​ប្រព្រឹត្ត​កាប់​រាន​ព្រៃ​ឈើ​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទា​ទោស​តាម​ច្បាប់​ព្រៃ​ឈើ៖ «ឲ្យ​ប្រជាពលរដ្ឋ​នៅ​ហ្នឹង​ផ្ដិត​មេដៃ​មក​ខណ្ឌ​មក កុំ​ឲ្យ​ពិបាក​ចាំ​ខ្ញុំ​ធ្វើ​វិញ ហើយ​ដាក់​ឲ្យ​ចំ​ឈ្មោះ​ប៉ូលិស​ប៉ុស្តិ៍​អ៊ីចឹង​មក​ឲ្យ​ធ្វើ​អ៊ីចឹង​មក។ អ្នក​ណា​នៅ​ពី​ក្រោយ​ក៏​ដោយ មិន​បញ្ហា​អ្វី​ទេ ព្រោះ​នាយក​រដ្ឋមន្ត្រី​គាត់​ឲ្យ​ធ្វើ​ទាំង​អស់»

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​សហគមន៍​បាន​រាយការណ៍​មក​សមាគម​លោក​រួច​ហើយ ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ទប់​ស្កាត់​ករណី​នេះ។

លោក​បន្ត​ថា មន្ត្រី​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ត្រូវ​ទទួល​ខុសត្រូវ​លើ​បញ្ហា​នេះ៖ «ការ​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខាង​លើ​នេះ ជន​ដែល​បាន​ប្រព្រឹត្ត និង​អ្នក​ផ្សំគំនិត ហើយ​អាជ្ញាធរ​ដែន​ដី មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ដែល​គ្រប់​គ្រង​តំបន់​នោះ ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ»

ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​គន្ធី កាល​ពី​ឆ្នាំ​២០០៩ ត្រូវ​បាន​អតីត​អនុប្រធាន​តុលាការ​ខេត្ត​រតនគិរី គឺ​លោក ថោ សារ៉ន ជួល​កម្មករ​កាប់​រាន​អស់​ប្រមាណ ២០ហិកតារ​ម្ដង​រួច​ហើយ ដើម្បី​យក​ដី ប៉ុន្តែ​អាជ្ញាធរ​ស្រុក​និង​មន្ត្រី​ព្រៃ​ឈើ​បាន​ទប់​ស្កាត់ និង​ដក​ហូត​ដី​ដែល​បាន​មក​ពី​ការ​កាប់​រាន​ព្រៃ​ឈើ​ដល់​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។