មន្ត្រីសមត្ថកិច្ចលើផ្ទៃប្រទេសឱ្យដឹងថា ឈ្មួញឈើដុះស្លែម្នាក់នៅខេត្តស្ទឹងត្រែង ឈ្មោះ យាយ ព្រឿង ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែតុលា ពាក់ព័ន្ធករណីចង់រំដោះឈើប្រណិតចេញពីកន្លែងរដ្ឋបាលព្រៃឈើ។ មន្ត្រីសមត្ថកិច្ចបញ្ជាក់ថា ពួកគេកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ហើយនឹងបញ្ជូនសំណុំរឿងនេះទៅតុលាការបន្តទៀត។ យ៉ាងណាក៏ដោយ មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធធនធានធម្មជាតិបារម្ភខ្លាចឈ្មួញឈើដុះស្លែប្រចាំភូមិភាគឦសានរូបនេះ រួចផុតពីសំណាញ់ច្បាប់។
មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសឱ្យដឹងថា សមត្ថកិច្ចកំពុងស្រាវជ្រាវរកបក្ខពួករបស់យាយព្រឿង បន្ថែមទៀត ព្រមទាំងសាកសួរឈ្មួញឈើរូបនេះលើករណីស្តុកឈើ និងមានបំណងរំដោះឈើចេញពីសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ នៅខេត្តស្ទឹងត្រែង។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍នៅថ្ងៃទី១៣ ខែតុលា ថា ប្រតិបត្តិការឃាត់ខ្លួនឈ្មួញរកស៊ីឈើល្បីល្បាញនៅភូមិភាគឦសាន ធ្វើឡើងបន្ទាប់ពីពួកគេមានគ្នាជាង ១០នាក់ ដែលដឹកនាំដោយយាយព្រឿង បម្រុងចូលទៅរំដោះយកឈើប្រណិតចេញពីសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់។
លោកបញ្ជាក់ថា ឈើប្រណិតទាំងនោះ មន្ត្រីកងរាជអាវុធហត្ថខេត្តសហការជាមួយមន្ត្រីជំនាញស្រាវជ្រាវរកឃើញនៅឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយក៏បានប្រមូលឈើទាំងនោះមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ កាលពីថ្ងៃទី១២ ខែតុលា។ ស្រាប់តែនៅវេលាម៉ោង ៤ទៀបភ្លឺចូលថ្ងៃទី១៣ ខែតុលា ក្រុមបក្ខពួកយាយព្រឿង ជាង ១០នាក់ នាំគ្នាចូលទៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ក្នុងគោលបំណងរំដោះឈើទាំងនោះចេញ៖ «ប៉ុន្តែដោយសារកម្លាំងរបស់យើងមានចំនួនពីរនាក់នៅទីនោះ នៅយាមនៅទីនោះ ដែលកម្លាំងរបស់គាត់ច្រើនគាត់ចូលមក។ អ៊ីចឹងកម្លាំងរបស់យើងនៅទីនោះក៏បាញ់ឡើងលើមួយគ្រាប់ដើម្បីបញ្ឈប់សកម្មភាពរបស់ពួកគាត់»។
មន្ត្រីនាំពាក្យដដែលមិនទាន់ដឹងថា ឈើទាំងនោះជាប្រភេទឈើអ្វីឡើយ ហើយក៏មិនបានដឹងថា មានចំនួនប៉ុន្មានម៉ែត្រគូបប្រាកដដែរ។ លោកថា សមត្ថកិច្ចកំពុងសាកសួរអំពីទីតាំងលាក់ឈើផ្សេងទៀត និងកំពុងស្រាវជ្រាវរកជនពាក់ព័ន្ធ ហើយសំណុំរឿងនេះនឹងបញ្ជូនទៅតុលាការក្រោយពេលសមត្ថកិច្ចបញ្ចប់នីតិវិធីរបស់ខ្លួន។
យាយព្រឿង មានឈ្មោះដើមថា ហេង សំនៀង ជាជនជាតិវៀតណាម គឺជាឈ្មួញរកស៊ីឈើប្រណិតដុះស្លែម្នាក់នៅភូមិភាគឦសាន។ រថយន្តដឹកឈើរបស់គាត់តែងតែដឹកឆ្លងកាត់ពីខេត្តស្ទឹងត្រែង មកខេត្តត្បូងឃ្មុំ ហើយនាំចូលទៅប្រទេសវៀតណាម។ កន្លងមកអ្នកស្រុកខេត្តស្ទឹងត្រែង តែងរាយការណ៍អំពីករណីក្បួនរថយន្តដឹកឈើរបស់យាយព្រឿង ជាហូរហែ ហើយសមត្ថកិច្ចក៏ធ្លាប់ចាប់បានរថយន្តដឹកឈើរបស់ឈ្មួញរូបនេះជាច្រើនលើកច្រើនសាដែរ ប៉ុន្តែមិនអាចធ្វើអ្វីបាន។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង អបអរសាទរចំពោះចំណាត់ការរបស់អាជ្ញាធរក្នុងការបង្ក្រាបឈ្មួញឈើចាស់វស្សារូបនោះ ប៉ុន្តែលោកបារម្ភខ្លាចយាយព្រឿង រួចផុតពីសំណាញ់ច្បាប់បន្តទៀត ពីព្រោះលោកថា ហេង សំនៀង ហៅយាយព្រឿង នេះ មិនមែនសមត្ថកិច្ចទើបតែចាប់ខ្លួនបានលើកនេះទេ៖ «អាចនឹងមានការចាប់លែងៗ ព្រោះយាយព្រឿង គាត់មានអំណាចខ្លាំងហើយ គាត់មានលុយច្រើន។ អ៊ីចឹងអ្វីដែលយើងបារម្ភហ្នឹងគឺចំណាត់ការផ្លូវច្បាប់ហ្នឹងគឺខ្សោយ»។
លោកបន្តថា ប្រសិនបើយាយព្រឿង ត្រូវផុតពីសំណាញ់ច្បាប់បន្តទៀតនោះ ពលរដ្ឋកាន់តែលែងមានជំនឿលើប្រព័ន្ធតុលាការកាន់តែខ្លាំង ហើយឈ្មួញឈើរូបនេះកាន់តែបានចិត្តក្នុងការបន្តអាជីពរកស៊ីឈើខុសច្បាប់របស់ខ្លួនបន្តទៀត។
ក្រៅពីចង់ឃើញតុលាការផ្ដន្ទាទោសយាយព្រឿង ដាក់ពន្ធនាគារទៅតាមច្បាប់ព្រៃឈើហើយ លោក អ៊ូច ឡេង ចង់ឱ្យតុលាការរឹបអូសទ្រព្យសម្បត្តិរបស់គាត់ដាក់ជាសម្បត្តិរដ្ឋ ម្យ៉ាងត្រូវចាត់វិធានលើក្រុមឈ្មួញរកស៊ីឈើធំៗ នៅស្រុកខ្មែររួមមានឧកញ៉ា ទ្រី ភាព ឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា ឧកញ៉ា ស៊ឹង សំអុល ឧកញ៉ា ថៃ ព្រមទាំងឈ្មួញឈើធំៗ ដែលកំពុងមានវត្តមានក្នុងជួររដ្ឋាភិបាល ដើម្បីធានាបាននូវការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងដើម្បីបញ្ឈប់សកម្មភាពរកស៊ីឈើដោយខុសច្បាប់បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
