តំបន់បឹងស្នេហ៍ ស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង បានក្លាយជាជម្រកសត្វស្លាបកម្រជាច្រើនប្រភេទ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាបណ្តើៗ នៅពេលបច្ចុប្បន្ន ក្រោយពីអង្គការសង្គមស៊ីវិល និងអាជ្ញាធរចាប់ដៃគ្នា អភិរក្សព្រៃលិចទឹកនៅតំបន់នោះ។ ប្រជាសហគមន៍នៅតំបន់បឹងស្នេហ៍ លើកឡើងថា ពួកគាត់ត្រូវការអ្នកជំនាញផ្នែកទេសចរណ៍ ដើម្បីណែនាំពីការត្រៀមខ្លួនបម្រើវិស័យទេសចរដែលអាចរីកចម្រើននៅពេលខាងមុខ។
បឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ មានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីខេត្តព្រៃវែង ដែលឋិតគម្រោងអភិរក្សរបស់អង្គការនារីអភិវឌ្ឍន៍សេដ្ឋកិច្ច និងអនាម័យ ឬហៅថា អង្គការ Women និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត។ នៅកណ្ដាលបឹងស្នេហ៍ គឺមានផ្ទៃដីព្រៃលិចទឹកប្រមាណ ១០០ហិកតារដែលអ្នកភូមិហៅថា ទួលព័ន្ធតាឡី។
នៅពេលល្ងាច ហ្វូងសត្វស្លាបកម្រជាច្រើនប្រភេទ បានហោះហើរស្រែកចេចចាចព្រោងព្រាតរំលេចដោយពណ៌ចម្រុះយ៉ាងស្រស់ស្អាតនៅលើដែនអាកាស។ រីឯសត្វស្លាបកម្រខ្លះទៀត បានបណ្ដែតខ្លួនប្រចឹកគ្នាលេងលើផ្ទៃទឹក បន្ទាប់ពីស្វែងរកចំណីនៅភូមិសាស្ត្រផ្សេងៗ ហើយវិលមករកទ្រនំដ៏សុខសាន្តនៅទួលព័ន្ធតាឡី ដែនដីតំបន់បឹងស្នេហ៍។
បុគ្គលិករបស់អង្គការ Women លោក ស សាវន ថ្លែងថា ក្នុងពេលបច្ចុប្បន្ននេះ គឺចាប់ផ្ដើមមានភ្ញៀវទេសចរមកពីតាមខេត្ត និងរាជធានីមួយចំនួនបានចាប់ផ្ដើមលង់ស្នេហ៍សម្រស់សត្វស្លាបនៅលើទួលព័ន្ធតាឡី នោះ ព្រោះជាសម្រស់ធម្មជាតិមួយដ៏កម្រក្នុងខេត្តព្រៃវែង៖ «មានសត្វច្រើនប្រភេទដូចជា សត្វរនាល សត្វទង់ សត្វខ្វែក សត្វកុក សត្វទាព្រៃ សត្វប្រវឹក សត្វក្រសារ សត្វប្រភេទស្មោញ សត្វត្របកទំពាំង និងសត្វអាអូត។ ប្រសិនបើភ្ញៀវចង់មកទស្សនាសត្វនេះ គឺមកពេលល្ងាចម៉ោងចាប់ពី ៤ ទៅ សត្វទាំងអស់វាហើរមកចូលដេក ហើយព្រឹកព្រលឹមសត្វកំពុងដេក និងហើរចេញទៅរកចំណី»។
លោក ស សាវន បន្តថា ប្រសិនបើតំបន់បឹងស្នេហ៍ នេះអាចក្លាយទៅជាតំបន់ទេសចរណ៍នៅពេលខាងមុខ នោះប្រជាពលរដ្ឋចំនួន ២៣ភូមិ ដែលរស់នៅព័ទ្ធជុំវិញតំបន់បឹងស្នេហ៍ នោះអាចទាញយកចំណូលបានពីវិស័យទេសចរណ៍តាមរយៈបម្រើសេវាដឹកជញ្ជូនភ្ញៀវ ឬលក់ម្ហូបអាហារ មានត្រីធម្មជាតិ និងវត្ថុអនុស្សាវរីយ៍ជាដើម៖ «បើគម្រោងនេះជោគជ័យ គឺជួយប្រជាពលរដ្ឋនៅជុំវិញបឹងនេះតែម្ដង ព្រោះបើភ្ញៀវទេសចរមក គាត់អាចលក់ជាអាហារ និងលក់សម្ភារៈដែលឆ្នៃពីក្នុងស្រុកភូមិ ជាពិសេសនៅទីនេះ គឺសុទ្ធតែត្រីធម្មជាតិ ដែលបម្រើភ្ញៀវហូបពិសាបាន»។
ទម្រាំតែឈានដល់ការអភិរក្សបាននៅសល់ដូចរាល់ថ្ងៃនេះ ក្រុមការងារអភិរក្ស និងមន្ត្រីជំនាញ បានធ្វើសកម្មភាពជាច្រើនចុះផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋដែលនៅសហគមន៍ក្បែរៗនោះ ពីអត្ថប្រយោជន៍នៃការការពារផង ព្រមទាំងបង្ក្រាបបទល្មើសនានា។
អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការ Women លោក ទី ផន ប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់បឹងស្នេហ៍ បានយល់ដឹងច្រើនអំពីសារប្រយោជន៍នៃការអភិរក្សព្រៃលិច សម្រាប់ជម្រកសត្វស្លាប ហើយពួកគាត់ប្រឆាំងដាច់ខាត់មិនអនុញ្ញាតឲ្យមានបទល្មើសបាញ់សម្លាប់សត្វដើម្បីលក់ដូរ និងធ្វើចំណីនោះទេ។
លោកបន្ថែមថា អ្វីដែលជាឧបសគ្គរាំងស្ទះចំពោះគម្រោងពង្រីកវិស័យទេសចរណ៍នោះ គឺបញ្ហាខ្វះថវិកា និងពលរដ្ឋក្នុងសហគមន៍នៅមិនទាន់បានត្រៀមខ្លួន និងមានជំនាញសម្រាប់សេវានេះនៅឡើយ៖ «ពីមុនយើងមិនដែលស្គាល់សត្វទាំងនេះទេ ប៉ុន្តែក្រោយពីអភិរក្សនោះ គឺសត្វស្លាបច្រើនណាស់ ហើយមិនចាំបាច់ទៅមើលដល់ខេត្តគេផ្សេងៗទេ គឺនៅទីនេះក៏សត្វស្លាបច្រើនដែរ»។
សត្វស្លាបប្រភេទធំៗ និងកម្រទាំងនោះ បានក្លាយជារឿងភ្ញាក់ផ្អើល និងចាប់អារម្មណ៍របស់អ្នកស្រុកដែលនៅក្នុងសហគមន៍ ហើយពួកគេប្ដេជ្ញាការពារជាមួយអង្គការ Women និងអាជ្ញាធរមូលដ្ឋាន។
ប្រជាពលរដ្ឋម្នាក់សម្ដែងការត្រេកអរយ៉ាងខ្លាំងដូច្នេះថា ក្រោយពេលអភិរក្សបឹងស្នេហ៍នោះ គឺត្រីចាប់ផ្ដើមសំបូរ ដែលធ្វើឲ្យប្រជានេសាទលក្ខណៈគ្រួសារ អាចរកចំណូលបានច្រើនគួរសមសម្រាប់ដោះស្រាយជីវភាព។ រីឯសត្វស្លាប ក៏បានទាក់ទាញភ្ញៀវទេសចរបណ្ដើរៗដែលធ្វើឲ្យពួកគាត់បម្រើវិស័យនេះ តាមរយៈលក់ត្រីធម្មជាតិជូនភ្ញៀវ និងដឹកភ្ញៀវដើរកម្សាន្តមើលសត្វស្លាបនៅលើទួលព្រៃលិចទឹក៖ «ឥឡូវបើមានភ្ញៀវគឺយើងអាចជូនគេទៅមើលទួលមានសត្វស្លាប ដូច្នេះគេអោយលុយយើងខ្លះ ហើយបើទេសចរណ៍កាន់តែរីកធំ គឺប្រជាពលរដ្ឋកាន់តែរកបានស្រួល ធ្វើជីវភាពធូរធារដែរ»។
ចំពោះគម្រោងពង្រីកវិស័យទេសចរណ៍នេះ មេឃុំធាយ លោក ហាក់ វង់ បានរៀបរាប់ថា លោកបានជួបជជែកគ្នាជាមួយខាងមន្ទីរទេសចរណ៍ ដើម្បីឲ្យពួកគាត់ជួយណែនាំប្រជាពលរដ្ឋដើម្បីត្រៀមលក្ខណៈសម្រាប់ទទួលភ្ញៀវទេសចរ៖ «ក្នុងនាមខ្ញុំជាមេឃុំ និងតំណាងឲ្យប្រជាពលរដ្ឋសូមអំពាវនាវដល់ក្រសួងទេសចរណ៍ និងអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាល ជួយធ្វើម៉េចអភិវឌ្ឍន៍តំបន់អភិរក្សនៅឃុំធាយនេះ ដើម្បីដោះស្រាយជីវភាពឲ្យប្រជាពលរដ្ឋខ្ញុំ បានរីកចម្រើន»។
ក្រុមអ្នកអភិរក្សក៏អំពាវនាវឲ្យរដ្ឋាភិបាលជួយជ្រោមជ្រែងពួកគាត់បន្តទៀត ដើម្បីជួយសម្រេចក្តីប្រាថ្នានៃបង្កើតតំបន់ទេសចរណ៍ បង្កើតការងារក្នុងតំបន់ ដើម្បីបង្កើនចំណូលពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុកផង។ ទន្ទឹមគ្នានេះ ពួកគាត់ក៏អំពាវនាវប្រជាពលរដ្ឋចូលរួមទប់ស្កាត់បទល្មើសនេសាទ និងការបរបាញ់សត្វស្លាប ហើយនាំគ្នាការពារ និងស្រលាញ់សត្វស្លាប ដើម្បីទុកជាតំបន់ទេសចរណ៍ជាតិ ព្រមទាំងទុកជាមរតកឲ្យក្មេងជំនាន់ក្រោយៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
