គិតត្រឹមថ្ងៃទី១៩ កក្កដា ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរនៅខែត្រស្ទឹងត្រែង បានបិទទ្វារទំនប់ទឹកសាកល្បង ៥ថ្ងៃហើយ ដើម្បីអនុវត្តគម្រោងផលិតថាមពលអគ្គិសនី។ មកទល់ពេលនេះ កម្ពស់ទឹកមិនទាន់ឡើងលិចលំនៅឋានពួកគាត់នៅឡើយទេ ក៏ប៉ុន្តែពួកគាត់នៅតែត្រៀមទូក និងក្បូនសម្រាប់ជញ្ជូនសម្ភារៈទៅកាន់ទីទួលសុវត្ថិភាព។
ពលរដ្ឋរស់នៅឃុំស្រែគរ លោក ហ្វុត ឃឿន ឲ្យដឹងនៅថ្ងៃទី១៩ កក្កដា ថា ប្រតិបត្តិការបិទទ្វារទឹកសាកល្បងរយៈពេល ៥ថ្ងៃមកនេះ កម្ពស់ទឹកបានកើនឡើងជាង ៣ម៉ែត្រ នៅមិនទាន់មានសញ្ញាគួរឲ្យព្រួយបារម្ភទេ ហើយអ្នកភូមិនៅតែបន្តរស់នៅក្នុងភូមិចាស់នៅឡើយ។
លោកថា អ្នកភូមិនៅបន្តតាមដានពីកម្ពស់ទឹក តែប្រសិនបើទឹកពុំបានលិចភូមិពួកគាត់ទេ អ្នកភូមិនឹងសម្រេចចិត្តស្ទូងស្រូវដាំដុះដូចឆ្នាំមុនៗ៖ «ល្បឿនទឹកនៅហូរខ្លាំង ដល់ពេលល្បឿនទឹកនៅហូរខ្លាំង មើលទៅវាមិនដូចទឹកបឹងយើង។ បើមើលទៅដូចទឹកបឹង មានន័យថា គេបិទទំនប់ឡើងកម្ពស់ខ្លាំងហើយ។ នេះទឹកនៅហូរធម្មជាតិធម្មតា»។
លិខិតចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ឲ្យដឹងថា បើក្រុមហ៊ុនបិទទ្វារទឹកសាកល្បងនៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៧ កម្រិតទឹកនឹងឡើងដល់ ៧២ម៉ែត្រ បណ្ដាលឲ្យលិចលង់ភូមិក្បាលរមាស និងភូមិស្រែគរចាស់។
ក្រុមហ៊ុនបានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ជិតរួចរាល់ហើយ នឹងបើកឲ្យដំណើរការតួប៊ីនទីមួយនៅពេលឆាប់ៗនេះ ក៏ប៉ុន្តែពលរដ្ឋរស់នៅឃុំស្រែគរ ចំនួន ១២៤គ្រួសារ និងឃុំក្បាលរមាស ចំនួន ៥៨គ្រួសារ មិនទាន់យល់ព្រមទទួលសំណង និងមិនទាន់ចាកចេញពីភូមិចាស់ទៅតាំងទីលំនៅថ្មីនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។