មន្ត្រីអភិរក្សនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត អះអាងថា ក្រុមហ៊ុនមរតកជីម កំពុងធ្វើសកម្មភាពរុករកត្បូង និងរ៉ែមាស នៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដោយខុសច្បាប់ ហើយពុំមានអាជ្ញាធរណាអើពើឡើយ។ ក្នុងករណីនេះ អភិបាលខេត្តប៉ៃលិន បញ្ជាក់ថា លោកពុំទទួលព័ត៌មានជុំវិញបញ្ហានេះនៅឡើយទេ។
ប្រជាពលរដ្ឋដែលជាមន្ត្រីអភិរក្សក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សម្ដែងការព្រួយបារម្ភពីសកម្មភាពធ្វើអាជីវកម្មលើធនធានធម្មជាតិនេះ ហើយអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការជាបន្ទាន់ ជៀសវាងកុំឲ្យបញ្ហារាលដាលទៅមុខទៀត។
មន្ត្រីអភិរក្សនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតម្នាក់ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៩ ខែតុលា ថា ក្រុមហ៊ុនមរតកជីម កំពុងដាក់គ្រឿងចក្រជីកគាស់កកាយរុករករ៉ែត្បូងនៅចំណុចធូរេន ២ដើម និងរ៉ែមាស នៅចំណុចអូរ១៦ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាប់ព្រំដែនកម្ពុជាថៃ ប្រទះឃើញធ្វើសកម្មភាពប្រមាណមួយខែមកហើយ។
មន្ត្រីរូបនេះឲ្យដឹងទៀតថា សកម្មភាពនេះធ្វើឡើងដោយពុំមានច្បាប់អនុញ្ញាតពីក្រសួងឡើយ ហើយពុំទាន់មានអាជ្ញាធរណាចេញមកទប់ស្កាត់នៅឡើយទេ៖ «ដូចជាអត់មានសកម្មភាពទប់ស្កាត់អីទេបង និយាយរួមទៅខាងរដ្ឋាភិបាលហ្នឹងដូចជាពិបាកណាស់ គាត់ហាត់បីដូចជាត្រូវគ្នាអ៊ីចឹង។ បើអ្នកទប់ស្កាត់មានតែអង្គការក្រៅរដ្ឋាភិបាល ហើយស្ថានភាពហ្នឹងវាដូចទៅទាំងព្រមម៉េច។ ខ្សែគេធំ អាហ្នឹងធ្វើនោះខ្សែគេធំ ដល់ពេលខ្សែធំទៅជាអត់។ បើធម្មតា អារឿងអ្វីដែលត្រូវច្បាប់ គឺមិនហាមឃាត់ទេ គាត់ធ្វើចុះ ប៉ុន្តែមិនទាន់ច្បាប់ផងគាត់មានសកម្មភាព ដូចជាអត់ត្រូវ»។
មន្ត្រីអភិរក្សរូបនេះបន្តថា ការជីករុករករ៉ែរបស់ក្រុមហ៊ុន ធ្វើឲ្យបរិស្ថានទឹកដែលហូរតាមជ្រលងអូរពីប្រទេសថៃ មកកម្ពុជា ឡើងក្រហមខូចគុណភាពទឹក ធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមិនអាចប្រើប្រាស់ ឬបរិភោគបានឡើយ។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលខេត្តប៉ៃលិន លោក កើត សុធា មានប្រសាសន៍ថា លោកពុំទាន់ទទួលព័ត៌មានជុំវិញការរុករករ៉ែដោយខុសច្បាប់របស់ក្រុមហ៊ុនមរតកជីម នេះទៅឡើយទេ។ ទោះជាយ៉ាងនេះក្ដី លោកថានឹងតាមដានលើការងារនេះ៖ «ណែ! មានណា! ខ្ញុំដូចជាមិនមានព័ត៌មានអីសោះបាទ! ចាំមើលខ្ញុំសួរគេតាមនេះថែមទៀត ព្រោះយើងគ្រប់គ្រងយើងមើល»។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ប្រចាំខេត្តប៉ៃលិន អ្នកស្រី ប្រាក់ សុភិមា មានប្រសាសន៍ពីការជីករករ៉ែត្បូងនេះថា អាជ្ញាធរគួរមានវិធានការស្រាវជ្រាវរកការពិតឲ្យបានច្បាស់លាស់ ដើម្បីថែរក្សាសម្បត្តិធនធានធម្មជាតិរបស់ខ្មែរ៖ «ពាក់ព័ន្ធនឹងរ៉ែហ្នឹងអីអាហ្នឹងយើងពិបាកជួលកាលអឺ! ដឹងថាគេមានច្បាប់មកពីលើ ឬក៏យ៉ាងម៉េច? ប៉ុន្តែបើសិនជាពាក់ព័ន្ធនឹងធនធានធម្មជាតិ ទោះបីជាព្រៃឈើក៏ដោយ រ៉ែក៏ដោយ អឺ! ក្នុងនាមពលរដ្ឋខ្មែរមួយរូប ចាំបាច់ត្រូវតែការពារ»។
តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ជាជំនួយអភិរក្សឧបត្ថម្ភដោយតារាភាពយន្តហូលីហ្វូត (Hollywood) របស់អាមេរិកឈ្មោះ កញ្ញា អេនជេលីណា ចូលី (Angelina Jolie) ដែលអភិរក្សដោយអង្គការ អិមជីភី (MJP)។ របាយការណ៍របស់អង្គការ អិមជីភី បង្ហាញថា នៅឆ្នាំ១៩៩៣ ចំនួនដីព្រៃនៅតំបន់អភិរក្សប្រមាណ ៦ម៉ឺនហិកតារ។ ផ្ទៃដីចំនួននេះ បានថយចុះជាបន្តបន្ទាប់ ដោយសារការកាប់រុករានយកដីធ្វើជាកម្មសិទ្ធិ។ បើតាមរបាយការណ៍ឲ្យដឹងទៀតថា សព្វថ្ងៃ ដីព្រៃដែលនៅសេសសល់មានប្រមាណ ៤ម៉ឺនហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
