សកម្មភាព​ជីក​រក​រ៉ែ​របស់​ជនជាតិ​វៀតណាម​លើ​ភ្នំ​ទូកមាស

នៅ​ឯ​ឃុំ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ជន​បរទេស​មួយ​ក្រុម​កំពុង​ធ្វើ​សកម្មភាព​ជីក​រក​រ៉ែ​នៅ​លើ​កំពូល​ភ្នំ​ទូកមាស ស្ថិត​ក្នុង​ឃុំ​ដា ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។ សកម្មភាព​ជីក​រក​រ៉ែ​នេះ មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ។

0:00 / 0:00

សកម្មភាព​ជីក​ដី​នៅ​លើ​កំពូល​ភ្នំ​ទូកមាស ស្ថិត​ក្នុង​ឃុំ​ដា បាន​បង្ក​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ និង​ការ​មន្ទិល​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ដា លោក ស៊ុន ភារី បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី៨ មិថុនា ថា លោក​បាន​ឡើង​ភ្នំ​ទូកមាស និង​បាន​ប្រទះ​ជន​បរទេស​មួយ​ក្រុម​ជា​ជនជាតិ​វៀតណាម កំពុង​ជីក​ដី​លើ​កំពូល​ភ្នំ​ពីរ​កន្លែង។ លោក ស៊ុន ភារី បាន​ឲ្យ​ដឹង​បន្ថែម​ថា មេ​ឃុំ​ដា គឺ​លោក ជិម ចុន ជា​អ្នក​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ក្រុម​ជន​បរទេស​នេះ​ជីក​កកាយ​ដី​លើ​កំពូល​ភ្នំ ដើម្បី​ស្វែង​រក​រ៉ែ តែ​លោក​ក៏​មិន​ដឹង​ថា​គេ​ជីក​រក​រ៉ែ​ប្រភេទ​អី​ខ្លះ​នោះ​ទេ។ ហើយ​ក្នុង​ការ​ជីក​នេះ មួយ​រណ្ដៅ​ត្រូវ​បង់​ប្រាក់​ឲ្យ​លោក​មេ​ឃុំ ២​សែន​រៀល៖ «ខ្ញុំ​ឡើង​លើ​ភ្នំ​ម្សិលមិញ​នេះ ខ្ញុំ​បាន​ឃើញ​ក្រុមហ៊ុន​វៀតណាម ២​នាក់​ប្ដី​ប្រពន្ធ ជួល​ខ្មែរ​យើង​ឲ្យ​ជីក​ដី​នៅ​ចំ​កណ្ដាល​កំពូល​ភ្នំ ដែល​មាន​ទម្រង់​ជា​បាត​ស្រះ។ តាម​ដែល​អ្នក​ជីក​នោះ​ប្រាប់​ថា គេ​ជីក​រក​រ៉ែ​មាន​តម្លៃ ដូចជា​ត្បូង​ជាដើម។ មួយ​រណ្ដៅ គេ​ឲ្យ​គាត់ ២០​ម៉ឺន​រៀល»

មេ​ឃុំ​ដា លោក ជិម ចុន ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ក្រុម​ជន​បរទេស​នេះ​ជីក​កកាយ​ដី​លើ​កំពូល​ភ្នំ ដើម្បី​សាក​ល្បង​រក​រ៉ែ​នោះ​មែន តែ​លោក​ក៏​មិន​ដឹង​ថា គេ​ជីក​រក​រ៉ែ​ប្រភេទ​អ្វី​ដែរ។ យ៉ាង​នេះ​ក្ដី លោក​ថា​លោក​បាន​រាយការណ៍​ជូន​លោក​អភិបាល​ស្រុក​រួច​ហើយ ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ក្រុម​ជនជាតិ​វៀតណាម ជីក​សាក​ល្បង​រក​រ៉ែ​នេះ៖ «គេ​ជីក​រណ្ដៅ​តែ​ពីរ​រណ្ដៅ​ទេ ដើម្បី​សាក​មើល​រក​រ៉ែ តែ​ខ្ញុំ​ក៏​មិន​ដឹង​ថា​គេ​ប៉ង​រក​រ៉ែ​អី​ដែរ។ រឿង​ជីក​នេះ គេ​បាន​ប្រាប់​អាជ្ញាធរ​ឃុំ ស្រុក និង​ខាង​ប៉ូលិស​ដែរ»

ប្រភព​ពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ដា គឺ​លោក ស៊ុន ភារី ដែល​បាន​ឡើង​ទៅ​ពិនិត្យ​ដល់​ទីតាំង​នោះ បាន​ឲ្យ​ដឹង​ថា មាន​រណ្ដៅ​ពីរ​ដែល​គេ​បាន​ជីក​រួច។ រណ្ដៅ​និមួយៗ​មាន​ទំហំ ២​ម៉ែត្រ​៤​ជ្រុង និង​មាន​ជម្រៅ​ប្រមាណ​ជាង ២​ម៉ែត្រ។

ទាក់ទិន​ចំពោះ​ការ​ជីក​កកាយ​ដី​ដើម្បី​រក​រ៉ែ​នៅ​លើ​ភ្នំ​ទូកមាស នេះ ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក រស់ មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ដឹង​ពី​បញ្ហា​នេះ​នៅ​ឡើយ។ ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា រាល់​ការ​ស្រាវជ្រាវ ឬ​រុករក​អ្វី​មួយ​ពី​ក្នុង​ដី ដាច់​ខាត​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង និង​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ដទៃ​ទៀត៖ «នៅ​ទូកមាស យើង​អត់​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​នរណា​រុក​រក​រ៉ែ​ទេ។ តែ​បើ​គេ​ធ្វើ​ដោយ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​នោះ គឺ​អត់​ត្រូវ​ច្បាប់​ទេ។ ការ​រុក​រក​រ៉ែ ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង ទើប​អាច​ធ្វើ​បាន»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្នុង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ មាត្រា​៣៣ បាន​ចែង​ថា បុគ្គល​ណា​ដែល​ធ្វើ​ប្រតិបត្តិ​ការ​ស្វែង​រក​ធនធាន​រ៉ែ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ពី ៥​សែន​រៀល ដល់ ១​លាន​រៀល។ ករណី​មិន​រាងចាល ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ទ្វេដង ឬ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ ឬ​ត្រូវ​ផ្ដន្ទាទោស​ទាំង​ពីរ​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។