ជនជាតិ​ដើម​ភាគតិច​ពីរ​ភូមិ​នៅ​ខេត្ត​រតនគិរី​បន្ត​បដិសេធ​មិន​ឲ្យ​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ

0:00 / 0:00

អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​រៀបចំ​វេទិកា​ជួប​ពិភាក្សា​ជាមួយ​សហគមន៍​ចំនួន​ពីរ​ភូមិ ដើម្បី​ពិគ្រោះ​យោបល់​ចុង​ក្រោយ​ស្ដីពី​គម្រោង​សិក្សា​ស្រាវជ្រាវ​រ៉ែ​របស់​ក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold) ដែល​អ្នក​ភូមិ​ធ្លាប់​បដិសេធ​មិន​ឲ្យ​ក្រុមហ៊ុន​ចូល​ទៅ​សិក្សា​ក្នុង​តំបន់​ពួក​គាត់​រស់នៅ បើ​ទោះ​បី​ក្រុមហ៊ុន​នេះ​មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ពី​ក្រសួង​រ៉ែ និង​ថាមពល ក៏ដោយ។

សហគមន៍​ភូមិ​ប្លង់ និង​ភូមិ​គងធំ ក្នុង​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ បដិសេធ​ជា​ថ្មី​មិន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន អង្គរ ហ្គោល សិក្សា​ស្រាវជ្រាវ​រ៉ែ​តាម​អាជ្ញាប័ណ្ណ​ដែល​ក្រសួង​រ៉ែ និង​ថាមពល បាន​អនុញ្ញាត​នោះ​ឡើយ។

អ្នក​ភូមិ​ប្រមាណ ១០០​នាក់​បាន​លើក​ដៃ​បង្ហាញ​ជំហរ​ប្រឆាំង​គម្រោង​សិក្សា​ស្រាវជ្រាវ​រ៉ែ​នេះ ក្នុង​វេទិកា​ពិគ្រោះ​យោបល់​រវាង​មន្ត្រី​ជំនាញ​តំណាង​ក្រុមហ៊ុន អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ក្នុង​បរិវេណ​សាលា​រៀន​ភូមិ​ប្លង់។

តំណាង​សហគមន៍ លោក សេវ វេង បញ្ជាក់​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បាត់បង់​ព្រៃ​ឈើ ដីធ្លី និង​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន គឺ​ជា​ចំណុច​សំខាន់​ដែល​អ្នក​ភូមិ​បារម្ភ ប្រសិន​បើ​ក្រុមហ៊ុន​នេះ​ចូល​ទៅ​ស្រាវជ្រាវ​រ៉ែ​នៅ​តំបន់​អ្នក​ភូមិ​រស់នៅ។ លោក​បន្ត​ថា ទោះ​បី​ជា​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ ឬ​ក្រុមហ៊ុន និង​អាជ្ញាធរ​ជំនាញ​ធានា​ដំណោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​យ៉ាង​ណា​ក្តី ចម្លើយ​ចុង​ក្រោយ​របស់​សហគមន៍ គឺ​បដិសេធ​មិន​ឲ្យ​ក្រុមហ៊ុន​ចូល៖ « សហគមន៍​ឆ្លើយ​ហើយ​មិន​ព្រម​ទេ មិន​ឲ្យ​ធ្វើ​ទេ ទោះ​បី​ថា​មាន​អ្វី​ក៏ដោយ ក៏​មិន​ព្រម​ឲ្យ​ធ្វើ »

ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​គងធំ និង​ភូមិ​ប្លង់ បាន​តវ៉ា​ទាមទារ​ឲ្យ​ក្រុម​ការងារ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន ដក​ទីតាំង​ចេញ​ពី​ភូមិ និង​បដិសេធ​ច្រើន​លើក​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស្រាវជ្រាវ​នៅ​តំបន់​អ្នក​ភូមិ​រស់នៅ។ ចំណែក​ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន បាន​ព្យាយាម​បើក​វេទិកា​ធ្វើ​បទ​បង្ហាញ​ពី​លក្ខណៈ​បច្ចេកទេស និង​ធានា​មិន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ក្នុង​គម្រោង​សិក្សា​ស្រាវជ្រាវ​រ៉ែ​នេះ។

តំណាង​សមាគម​ខ្មែរ​លើ លោក ខាញ់ សាវី បញ្ជាក់​ថា សហគមន៍​គួរ​បន្ត​ចូលរួម​ពិភាក្សា​ដោះស្រាយ​បញ្ហា​ដែល​អ្នក​ភូមិ​បារម្ភ ទាក់ទិន​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចូល​សិក្សា​ស្រាវជ្រាវ។ លោក​ថា ការ​បដិសេធ ឬ​ការ​ដើរ​ចេញ​ពី​វេទិកា​ពិភាក្សា មិន​មែន​ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នោះ​ទេ៖ « ប្រសិន​អត់​មាន​រដ្ឋ ប្រជាជន​យើង​មាន​អត់ ? អ៊ីចឹង​ត្រូវ​ចំណេញ​ទាំង​ពីរ​ខាង បើ​សិន​អ្នក​ណា​បញ្ចេញ​មតិ​យោបល់ គួរ​យើង​លើក​ឡើង »

ឆ្លើយ​តប​ការ​បដិសេធ​របស់​សហគមន៍ តំណាង​ក្រុមហ៊ុន អង្គរ ហ្គោល លោក ម៉ា សំអាត ចាត់​ទុក​ការ​សម្រេច​ចិត្ត​របស់​សហគមន៍ គឺ​ជា​ជម្រើស​ចុង​ក្រោយ​ដែល​ក្រុមហ៊ុន​បាន​ព្យាយាម​ធ្វើ​បទ​បង្ហាញ និង​ចូលរួម​ផ្តល់​ព័ត៌មាន និង​ដោះស្រាយ​ផល​ប៉ះពាល់​តាម​គោលការណ៍​ច្បាប់ ស្រប​ពេល​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ស្រាវជ្រាវ​ពី​ក្រសួង​ជំនាញ។ លោក​ថា ក្រុមហ៊ុន​នឹង​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ និង​សំណូមពរ​អនុវត្ត​សិទ្ធិ​វិនិយោគ​របស់​ខ្លួន៖ « គោរព​សិទ្ធិ​មនុស្ស ការ​បកស្រាយ​ទាំងអស់ គឺ​យើង​ធ្វើ​ហើយ។ អ៊ីចឹង​យើង​ត្រូវ​អនុវត្ត​អ្វី​ដែល​ក្រុមហ៊ុន​មាន​សិទ្ធិ​ទទួល​បាន​ពី​រាជ​រដ្ឋាភិបាល គឺ​ក្រុមហ៊ុន​ត្រូវ​បន្ត​ការងារ »

ប្រធាន​មន្ទីរ​ធនធាន​រ៉ែ និង​ថាមពល​ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថា ថ្លែង​ថា នេះ​ជា​ជម្រើស​ចុង​ក្រោយ​ដែល​អាជ្ញាធរ​ព្យាយាម​បង្ហាញ​ពី​ដំណោះស្រាយ​ផល​ប៉ះពាល់​សហគមន៍ ស្រប​តាម​ស្តង់ដារ​ច្បាប់ ក៏ប៉ុន្តែ​សហគមន៍​នៅ​តែ​បដិសេធ។ លោក​ថា អាជ្ញាធរ​នឹង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​ខេត្ត និង​ក្រសួង ដើម្បី​សុំ​សិទ្ធិ​អនុវត្ត​គោលការណ៍​ច្បាប់​ទាក់ទិន​ការ​ជំទាស់​មិន​សម​ហេតុផល​នេះ៖ « សុំ​ការ​អនុញ្ញាត ថា​តើ​យើង​ត្រូវ​បន្ត​ការងារ​យ៉ាង​ម៉េច​ទៀត ដើម្បី​សម្រួល​ឲ្យ​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន

ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន អង្គរ ហ្គោល សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ​លើ​ផ្ទៃដី​ទំហំ​ជិត ២០០​គីឡូ​ម៉ែត្រ​ក្រឡា (១៨៧​គីឡូ​ម៉ែត្រ​ការ៉េ) នៅ​តំបន់​បរខាំ ស្រុក​អណ្ដូងមាស ស្រុក​បរកែវ និង​ស្រុក​អូរយ៉ាដាវ ចាប់​ពី​ថ្ងៃ​ចេញ​អាជ្ញាប័ណ្ណ​រហូត​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ និង​ហាមឃាត់​ដាច់ខាត​ការ​ស្រាវជ្រាវ​ទៅ​លើ​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ដែល​កំណត់​ថា​ជា​តំបន់​វប្បធម៌ ទីតាំង​ប្រវត្តិសាស្ត្រ និង​តំបន់​បេតិកភណ្ឌ​ជាតិ។

ដោយឡែក​ក្នុង​ការ​ស្រាវជ្រាវ​ទៅ​លើ​ផ្ទៃដី​ជា​កម្មសិទ្ធិ​ឯកជន ក្រុមហ៊ុន​ត្រូវ​មាន​កិច្ចព្រមព្រៀង​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​ស្ដីពី​មិន​ជ្រៀតជ្រែក និង​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​ធ្វើ​ការ​ទូទាត់​សំណង​ការ​ខូចខាត​ទាំងឡាយ​ដែល​បណ្ដាល​មក​ពី​សកម្មភាព​របស់​ក្រុមហ៊ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។