សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ការ​លួច​កាប់​ឈើ​និង​បរបាញ់​សត្វ

ដោយ ហង្ស សាវយុត
2017-03-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
គំនរ​ឈើ​ធ្នង់​ដែល​សហគមន៍​ប្រមូល​បាន​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ នៅ​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧។
គំនរ​ឈើ​ធ្នង់​ដែល​សហគមន៍​ប្រមូល​បាន​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ នៅ​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Hang Savyouth

ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត ទំហំ​ជាង ១​ម៉ឺន ៦​ពាន់​ហិកតារ ដែល​ស្ថិត​នៅ​ប្រជុំ​ភូមិសាស្ត្រ​នៃ​ស្រុក​ចំនួន​បី គឺ​ក្រុង​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ គឺ​ជា​ព្រៃ​ដ៏​សំខាន់​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​អេក្វាទ័រ​អាស៊ី-ប៉ាស៊ីហ្វិក ព្រម​ទាំង​ជា​ព្រៃ​ដែល​លក់​ឥណទាន​កាបូន​ទៅ​ឲ្យ​អន្តរជាតិ​ផង។

បច្ចុប្បន្ន ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត កំពុង​រង​ការ​គំរាម​កំហែង​ពី​ក្រុម​អ្នក​រក​ស៊ី​កាប់​ឈើ​ខុស​ច្បាប់ ព្រម​ទាំង​អ្នក​ដាក់​អន្ទាក់ និង​ប្រើ​ឧបករណ៍​ឆក់​សម្លាប់​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ ដើម្បី​ជួញដូរ​ខុស​ច្បាប់។ តើ​សហគមន៍​ការពារ​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត មាន​លទ្ធភាព​ទប់ស្កាត់​ការ​គំរាម​កំហែង​ទាំងនេះ​បាន​ដែរ​ឬ​ទេ?

អ្នក​គ្រប់គ្រង​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត​ក្នុង​ខេត្ត​ឧត្តរមានជ័យ ព្រួយ​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​មិន​ជួយ​ចាត់​វិធានការ​ទប់ស្កាត់​ការ​លួច​កាប់​ឈើ ព្រម​ទាំង​ការ​លួច​សម្លាប់​សត្វ​ព្រៃ​ឲ្យ​ទាន់​ពេលវេលា​ទេ មិន​យូរ​មិន​ឆាប់ ដើម​ឈើ​ធំៗ​ជាច្រើន ព្រម​ទាំង​សត្វ​ព្រៃ​ផង​នឹង​បាត់បង់​ពី​ព្រៃ​សហគមន៍​នេះ​យ៉ាង​ឆាប់​រហ័ស។

ការ​ព្រួយ​បារម្ភ​របស់​អ្នក​គ្រប់គ្រង​ព្រៃ​សហគមន៍​នេះ កើត​មាន​ឡើង​នៅ​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា បើ​ទោះ​បី​ជា​កម្លាំង​ប្រជា​សហគមន៍ និង​កម្លាំង​ទាហាន​ខ្លះ​បាន​ស្ម័គ្រ​ចិត្ត​រួម​គ្នា​ដើរ​ល្បាត​ការពារ​ព្រៃ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ក៏ដោយ ក៏​ក្រុម​ជន​ខិលខូច​នៅ​តែ​ឆ្លៀត​ឱកាស​លួច​ចូល​កាប់​ឈើ​ធំៗ ព្រម​ទាំង​ដាក់​អន្ទាក់ និង​ប្រើ​ឧបករណ៍​ឆក់​សម្លាប់​សត្វ​ព្រៃ​យក​ទៅ​លក់​ដូរ​ខុស​ច្បាប់​ដដែល ពីព្រោះ​តែ​វិសាលភាព​នៃ​ព្រៃ​សហគមន៍​ធំ​ទូលាយ ប៉ុន្តែ​កម្លាំង​ល្បាត​ការពារ​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត គឺ​ព្រះ​ភិក្ខុ ប៊ុន សាលួត។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា បច្ចុប្បន្ន​នេះ ព្រះអង្គ ព្រម​ទាំង​ប្រជា​សហគមន៍ និង​ទាហាន​ខ្លះ​ទៀត តែង​នាំ​គ្នា​ដើរ​ល្បាត​ជាច្រើន​ដង​ក្នុង ១​សប្ដាហ៍ៗ ទាំង​យប់​ទាំង​ថ្ងៃ ក៏ប៉ុន្តែ​នៅ​តែ​មាន​ជន​ខិលខូច​លួច​ចូល​កាប់​ឈើ ព្រម​ទាំង​បរបាញ់​សត្វ​ព្រៃ​នៅ​តំបន់​ការពារ​នេះ។

ព្រះ​ភិក្ខុ ប៊ុន សាលួត មាន​ថេរ​ដីកា​ទៀត​ថា បច្ចុប្បន្ន​នេះ​ព្រះអង្គ​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ ពីព្រោះ​តែ​នៅ​ជុំវិញ​តំបន់​ព្រៃ​សហគមន៍ គឺ​មាន​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​មិន​ទាន់​សហការ​លើ​កិច្ច​ការពារ​នៅ​ឡើយ៖ «គោល​បំណង​របស់​អាត្មា ចង់​ឲ្យ​ព្រៃ​ឈើ​នេះ​បាន​គង់​នៅ​រយ​ពាន់​ឆ្នាំ ហើយ​អាត្មា​ក៏​ចង់​ជម្រាប​ដែរ បើ​រាជ​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​នានា មិន​យក​ចិត្ត​ទុក​ដាក់ ហើយ​ឲ្យ​អាត្មា​ប្រឹង​តែ​ម្នាក់​ឯង គឺ​មិន​ងាយ​ទេ»

ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត ២០១៧ ១៤៤០
ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត នៅ​ខេត្ត​ឧត្តរមានជ័យ។ រូបថត​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth

សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០១ ដោយ​ទទួល​ការពារ​ព្រៃ​ឈើ​ទំហំ​ជាង ១​ម៉ឺន ៦​ពាន់​ហិកតារ។ តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ក្រៅ​តែ​ពី​មាន​ឈើ​ប្រណីត​ធំៗ​រាប់​ពាន់​ដើម ក៏​ជា​ជម្រក​សត្វ​ព្រៃ​ដ៏​សំខាន់ ដែល​ត​ភ្ជាប់​ពី​ឧទ្យាន​ជាតិ​គូលែន​ព្រហ្ម​ទេព​នៃ​ខេត្ត​ព្រះវិហារ ដែរ។

បច្ចុប្បន្ន​នេះ​មាន​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ និង​ស្នាក់​អាស្រ័យ​ក្នុង​តំបន់​ព្រៃ​នេះ ដូចជា​សត្វ​ខ្ទីង ទន្សោង គោ​ព្រៃ សត្វ​ខ្លា ប្រើស ក្ដាន់ រមាំង ជ្រូក​ព្រៃ រីឯ​សត្វ​ស្លាប​មាន​ជាច្រើន​រយ​ប្រភេទ ដូចជា​សត្វ​សេក សត្វ​ប្រវឹក មាន់​ព្រៃ និង​សត្វ​ក្ងោក ជាដើម។

ប្រជាពលរដ្ឋ​ខ្លះ​ដែល​រស់នៅ​ជុំវិញ​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត បាន​ស្ម័គ្រ​ចិត្ត​ជួយ​ដើរ​ល្បាត​ការពារ​ព្រៃ​ដែរ ក៏ប៉ុន្តែ​កម្លាំង​អ្នក​ស្ម័គ្រ​ចិត្ត​ទាំងនោះ​មាន​តិចតួច ដោយសារ​តែ​គេ​ពឹង​ផ្អែក​លើ​មធ្យោបាយ និង​ធនធាន​ដែល​គេ​មាន​ផ្ទាល់​ខ្លួន។

មេ​ភូមិ​ចារចាស់ នៃ​ឃុំ​លំទង លោក កែវ ធឿន មាន​ប្រសាសន៍​ថា រូប​លោក​ស្រឡាញ់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត​នោះ​ជា​ខ្លាំង រហូត​ដល់​ប្រាប់​ប្រពន្ធ​ឲ្យ​ជួយ​ខ្ចប់​បាយ​ទឹក​សម្រាប់​លោក​ដើរ​ល្បាត​ការពារ​ព្រៃ​នៅ​ពេល​ខ្លះ។ បុរស​ដដែល​បញ្ជាក់​ថា ពេល​ខ្លះ​លោក​បាន​ចេញ​លុយ​ខ្លួន​ឯង​ចាក់​សាំង ហើយ​ជិះ​ម៉ូតូ​បើក​ល្បាត​ការពារ​ព្រៃ​ផង៖ «ខេត្ត​សៀមរាប ឧត្តរមានជ័យ គឺ​មាន​ព្រំប្រទល់​នៅ​តំបន់​នេះ ហើយ​ក៏​នៅ​សល់​ព្រៃ​ឈើ​តែ​តំបន់​នេះ​ទេ»

សព្វថ្ងៃ​នេះ តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​សំរោង ក៏​បាន​ផ្ដល់​ទាហាន​ចំនួន ៦​នាក់​ឲ្យ​ជួយ​ដើរ​ល្បាត​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត​នេះ​ដែរ។ កម្លាំង​ទាំងនោះ​តែង​ដើរ​ល្បាត​ជាប់​ជាមួយ​គណៈកម្មការ​សហគមន៍ និង​ប្រជាពលរដ្ឋ​មិន​ថា​យប់​ឬ​ក៏​ថ្ងៃ​ឡើយ។

ទាហាន​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា ៥​នាក់​ផ្សេង​ទៀត​ដែល​តែង​ដើរ​ល្បាត​ការពារ​ព្រៃ​សហគមន៍ លោក ព្រឹន្ទបាលឯក អ៊ា ទិត្យ មាន​ប្រសាសន៍​ថា រូប​គាត់​ដែល​ចូលរួម​ដើរ​ល្បាត​ការពារ​ព្រៃ​ឈើ និង​ពេល​ខ្លះ​ដេក​ក្នុង​ព្រៃ​ផង គឺ​ដោយសារ​តែ​ទឹក​ចិត្ត​ស្រឡាញ់​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ជាច្រើន​ដែល​គាត់​បាន​ជួប៖ «កាល​ពី​ដំបូង​ខ្ញុំ​នៅ​អង្គភាព គឺ​ធ្លាប់​បរបាញ់​សត្វ​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្លួន​ឯង​ក្លាយ​ជា​អ្នក​អភិរក្ស​អ៊ីចឹង គឺ​មាន​អារម្មណ៍​ថា​ឃើញ​សត្វ​ព្រៃ​បែរ​ទៅ​ជា​ស្រឡាញ់​វា»

ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត ២០១៧ ១៤៤០
ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត ជិះ​គោយន្ត​ដើរ​ល្បាត​ការពារ​ព្រៃ​ឈើ នៅ​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ក្នុង​ពេល​ដែល​សហគមន៍​ការពារ​ព្រៃ​ឈើ និង​សហគ្រិនភាព​យុវជន​បៃតង​ដើរ​ល្បាត​ការពារ​ព្រៃ​ឈើ គឺ​ពួក​គេ​មាន​អារម្មណ៍​ក្រៀមក្រំ​នៅ​ពេល​ដែល​ឃើញ​ឈើ​ធ្នង់​មួយ​ដើម​ធំ​ត្រូវ​គេ​លួច​កាប់។

ស្ត្រី​វ័យ​ក្មេង​មក​ពី​អង្គការ​មាតា​ធម្មជាតិ នៃ​តំបន់​អារ៉ែង​ខេត្ត​កោះកុង កញ្ញា លីម គីមស៊ បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ចំពោះ​ការ​លួច​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​ដូច្នេះ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​មែន​ទែន​ដែល​ជន​ល្មើស​ពូកែ​ខាង​លួច​នេះ។ ខ្ញុំ​អត់​ដឹង​ថា នៅ​ក្នុង​ខួរក្បាល​អ្នក​លួច​កាប់​ឈើ​នេះ តើ​យល់​ពី​អ្វី​ដែល​ហៅ​ថា​ការ​ស្រឡាញ់​ធម្មជាតិ​ទេ​ឬ

កាល​ពី​ឆ្នាំ​២០១០ ព្រះ​ភិក្ខុ ប៊ុន សាលួត ជា​ប្រធាន​សហគមន៍​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​អេក្វាទ័រ​អាស៊ី-ប៉ាស៊ីហ្វិក ទៅ​លើ​ការងារ​ការពារ និង​ថែរក្សា​ព្រៃ​ឈើ​នេះ​បាន​ល្អ ប៉ុន្តែ​បច្ចុប្បន្ន នៅ​ជុំវិញ​ព្រៃ​សហគមន៍​នេះ​មិន​ទាន់​មាន​ផ្លូវ​ល្អ​ស្អាត ដើម្បី​ឲ្យ​សហគមន៍​អាច​ធ្វើ​ដំណើរ​ងាយ​ស្រួល​ក្នុង​ការ​ល្បាត​ឲ្យ​ទាន់​ពេលវេលា និង​សព្វ​ទីកន្លែង​នៅ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ជន​ខិលខូច​នៅ​មាន​ឱកាស​លួច​ចូល​ទៅ​កាប់​ឈើ ដាក់​អន្ទាក់ ព្រម​ទាំង​ឆក់​សម្លាប់​សត្វ​ព្រៃ​យក​ទៅ​ជួញដូរ​ជា​ហូរហែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល