សាលារៀន​ប្រមាណ​៣៣៦​កន្លែង​ត្រូវ​បិទ​ទ្វារ​ដោយសារ​ទឹក​ជន់​លិច

សាលារៀន​ប្រមាណ​ជា ៣៣៦​កន្លែង​នៅ​ទូទាំង​ប្រទេស មិន​អាច​បើក​បវេសនកាល​បាន​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៣ ដោយសារ​ទឹក​ជំនន់។

ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១៣ គឺ​ជា​ថ្ងៃ​បើក​បវេសនកាល​ទូទាំង​ប្រទេស​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៣-​២០១៤។ បវេសនកាល​នៅ​ឆ្នាំ​នេះ ចាប់​ផ្ដើម​ស្រប​ពេល​ដែល​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា រង​គ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​យ៉ាង​ជោកជាំ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ទើប​ចូល​កាន់​តំណែង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៣ ថា មាន​សាលារៀន​សរុប ៣៣៦ ទូទាំង​ប្រទេស​មិន​អាច​បើក​ទ្វារ​ទទួល​សិស្ស​ឲ្យ​ចូល​បើក​បវេសនកាល​បាន​នៅ​ថ្ងៃ​ដំបូង​ដោយសារ​ទឹក​ជន់​លិច។ សាលា​ទាំង ៣៣៦ នោះ​ស្ថិត​ក្នុង​ខេត្ត​ព្រៃវែង កណ្ដាល កោះកុង បន្ទាយមានជ័យ បាត់ដំបង ក្រចេះ និង​ខេត្ត​រតនគិរី។ បើ​តាម​លោក ហង់ ជួនណារ៉ុន ដដែល​ក្នុង​ចំណោម​សាលា​ទាំង ៣៣៦ ដែល​លិច​ទឹក​នោះ មាន​សាលា​បឋមសិក្សា​ចំនួន ២៨៨។

លោក​បន្ត​ថា សិស្ស​អាច​ចាប់​ផ្ដើម​ចូល​សិក្សា​បន្ទាប់​ពី​ទឹក​ស្រក​ទៅ​វិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ តែ​ប្រសិន​បើ​ទឹក​នៅ​តែ​បន្ត​លិច ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹង​ឲ្យ​គ្រូ​បង្ហាត់​បន្ថែម​ម៉ោង​ដើម្បី​ឲ្យ​សិស្ស​ទាំង​នោះ​អាច​រៀន​ទាន់​កម្មវិធី​សិក្សា​របស់​ក្រសួង៖ «ធម្មតា​វា​ប៉ះពាល់​មួយ​អាទិត្យ​អ៊ី​ហ្នឹង បើ​មើល​ទៅ​ទឹក​លិច​វា​យូរ​ក៏​ពិបាក​ដែរ ប៉ុន្តែ​ទឹក​លិច​ធម្មតា​តែ​មួយ​អាទិត្យ​អី អត់​អី​ទេ។ ក្នុង​ករណី​ទឹក​លិច​យូរ យើង​អាច​ចាត់ចែង​បង្រៀន​ម៉ោង​បន្ថែម​អី​បាន»

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បង្ហាញ​ថា ខេត្ត​ចំនួន ១២ រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹក​ជំនន់​ដែល​បង្ក​ឲ្យ​ពលរដ្ឋ​ជាង ៧​ម៉ឺន​គ្រួសារ​ជួប​ការ​លំបាក។ ខេត្ត​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​មាន​ខេត្ត​ព្រះវិហារ បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ព្រៃវែង កណ្ដាល ព្រះសីហនុ រតនគិរី និង​រាជធានី​ភ្នំពេញ។ គិត​មក​ដល់​ថ្ងៃ​ទី​៣០ កញ្ញា មាន​មនុស្ស​ស្លាប់​ដោយសារ​ទឹក​ជន់​ចំនួន​ជាង ៣០​នាក់​ហើយ។

ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា ទឹក​ជំនន់​លិច​សាលា​អាច​ធ្វើ​ឲ្យ​សិស្ស​មួយ​ចំនួន​ដែល​រៀន​នៅ​ទី​នោះ អាច​រៀន​មិន​ទាន់​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ ហើយ​វា​អាច​យឺតយ៉ាវ​ខ្លាំង ជា​ពិសេស​សម្រាប់​សិស្ស​ដែល​ទើប​ប្រឡង​មធ្យមសិក្សា​បឋមភូមិ​ដែល​មិន​ទាន់​ដឹង​លទ្ធផល​នៅ​ឡើយ។ លោក​ថា ជា​ដំណោះស្រាយ ក្រសួង​អប់រំ​យុវជន​និង​កីឡា ត្រូវ​ឲ្យ​គ្រូ​បង្រៀន​បន្ថែម​ម៉ោង​ដើម្បី​ឲ្យ​ទាន់​កម្មវិធី​សិក្សា តែ​ក្រសួង​គួរ​ផ្ដល់​ថវិកា​បន្ថែម​ដើម្បី​ប៉ះប៉ូវ​ឲ្យ​គ្រូ​ផង​ដែរ។

លោក រ៉ុង ឈុន៖ «បើ​យើង​ពន្យារ​ពេល​ទៅ​វា​ចេះ​តែ​ពន្យារ​ពេល​ត​ទៅ​ទៀត អ៊ីចឹង​យើង​គ្រាន់​ប៉ះប៉ូវ​ម៉ោង​ទៅ បន្ថែម​ម៉ោង​ទៅ ធ្វើ​ម៉េច​ដើម្បី​ពន្លឿន​កម្មវិធី​ដែល​យឺត​ហ្នឹង​ឲ្យ​បោះ​ជំហាន​ស្មើ​ទៅ​នឹង​កម្មវិធី​ដែល​យើង​មាន​នៅ​ក្នុង​ផែនការ ពេល​ហ្នឹង​ក្រសួង​ត្រូវ​ចំណាយ​ថវិកា​មួយ​ចំនួន​ទៅ​ដល់​លោក​គ្រូ អ្នកគ្រូ​ដែល​គាត់​បង្រៀន​លើស​បន្ថែម​ម៉ោង ដើម្បី​ពន្លឿន​កម្មវិធី​ហ្នឹង​ឲ្យ​ទាន់​ទៅ​តាម​ផែនការ​កំណត់​ឆ្នាំ​នីមួយៗ​ហ្នឹង​ហើយ»

​ក្នុង​ទិវា​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៣-​២០១៤ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ផ្ញើ​សារ​លិខិត​អបអរ​សាទរ​មួយ​ផង​ដែរ។ នៅ​ក្នុង​សារ​លិខិត​នោះ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២ កន្លង​មក ជា​លទ្ធផល​រាជរដ្ឋាភិបាល​សម្រេច​បាន​លទ្ធផល​សូចនាករ​សំខាន់​ក្នុង​វិស័យ​អប់រំ។ ក្នុង​នោះ​នៅ​ឆ្នាំ​២០១២ ​សាលា​បឋមសិក្សា​រដ្ឋ​មាន​ចំនួន ៦.៩១០ អនុវិទ្យាល័យ​រដ្ឋ​មាន​ចំនួន ១.២១៤ វិទ្យាល័យ​រដ្ឋ​មាន​ចំនួន ៤៣៣ គ្រឹះស្ថាន​សិក្សា​ឧត្ដម​សិក្សា​រដ្ឋ​មាន​ចំនួន ៣៩ និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​រដ្ឋ​មាន​ចំនួន​៥៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។