អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បារម្ភ​ពី​វិនាសកម្ម​ព្រៃឈើ​ដោយសារ​ក្រុមហ៊ុន​លោក ទ្រី ភាព

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈើយ ឧត្តមរស្មី ព្រួយ​បារម្ភ​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ដែល​ជា​មេខ្លោង​ធំ​បំផុត​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ នាំ​ចេញ​ទៅ​លក់​នៅ​បរទេស។

លោក ឈើយ ឧត្តមរស្មី អះអាង​ថា ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ នៅ​មិន​ដល់ ៣០​ភាគរយ​ឡើយ ដោយ​បូក​បញ្ចូល​ទាំង​ដើម​កៅស៊ូ​ផង។ ករណី​នេះ កូន​ប្រុស​ច្បង​របស់​អតីត​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ទទូច​អោយ​រដ្ឋាភិបាល​ចាត់​វិធានការ​បញ្ឈប់​នូវ​ការ​ផ្តល់​ដី​​សម្បទាន​​សេដ្ឋកិច្ច​ព្រៃឈើ នៅ​ពេល​អនាគត និង​ព្យួរ​ដី​ព្រៃ​សម្បទាន​ទាំង​អស់​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​តំបន់​ព្រៃ​ដែល​រង​ការ​ខូចខាត។

លោក ឈើយ ឧត្ដមរស្មី៖ «ច្បាប់​រដ្ឋបាល​ព្រៃឈើ គេ​សម្បទាន​ទៅ​លើ​ដី​ណា​ដែល​មាន​ព្រៃ​រេចរឹល​ទេ ប៉ុន្តែ​ខ្ញុំ​ស៊ើប​អង្កេត​មើល​ដី​សម្បទាន​របស់​ឧកញ៉ា ទ្រី ភាព គឺ​មិនមែន​ព្រៃ​រេចរឹល​ទេ គឺ​សុទ្ធ​តែ​ជា​ព្រៃស្រោង។ ដំបូង​ឡើយ​ឧកញ៉ា ទ្រី ភាព ផ្ដោត​សំខាន់​ជាង​គេ គឺ​ឈើ​គ្រញូង ឥឡូវ​គ្រញូង​មាន​ការ​បាត់បង់​អស់​ហើយ។ ដូច្នេះ​បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​អោយ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព បន្ត​កាប់​ព្រៃឈើ​ទៀត ខ្ញុំ​ជឿ​ថា ៥​ឆ្នាំ​ទៀត​អស់​ហើយ​ព្រៃឈើ​ខ្មែរ»

​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លង​ទៅ អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) រក​ឃើញ​ថា លោក​ឧកញ៉ា ទ្រី ភាព គឺ​ជា​អ្នកដឹកនាំ​នៃ​បណ្ដាញ​កាប់​ព្រៃឈើ​ខុស​ច្បាប់​ដែល​កាង​ដោយ​ក្រុម​មន្ត្រី​យោធា ប៉ូលិស និង​មន្ត្រី​គយ​ក្នុង​ការ​បោសសំអាត ឈើ​គ្រញូង​របស់​ខ្មែរ​ពី​តាម​ខេត្ត​នានា​ហើយ​ដឹក​ជញ្ជូន​តាម​កប៉ាល់​ទៅ​កាន់​កំពង់ផែ​ក្រុង​ហុងកុង។ របាយការណ៍​ដដែល​នេះ បាន​បញ្ជាក់​ថា ចិន​បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​ក្នុង​ទីផ្សារ​ងងឹត ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ឈើ​គ្រញូង​ពី​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។