សង្គម​ស៊ីវិល​កំពុង​ស្រាវជ្រាវ​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​ស្ទឹងឆាយអារ៉ែង

0:00 / 0:00

អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើ​ការ​ឃ្លាំ​មើល​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការពារ​បរិស្ថាន ធនធាន​ធម្មជាតិ កំពុង​សហការ​គ្នា​សិក្សា​លម្អិត​ពី​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី នៅ​ស្ទឹងឆាយអារ៉ែង នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង និង​មាន​គម្រោង​សិក្សា​បញ្ហា​នេះ​នៅ​ទីតាំង​ផ្សេងៗ​ទៀត។

ការ​សិក្សា​នេះ ដើម្បី​ពិនិត្យ​មើល​នូវ​ផល​ប៉ះពាល់​ភាព​វិជ្ជមាន អវិជ្ជមាន​នៃ​គម្រោង ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដាក់​ជូន​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​មាន​តួនាទី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ចំពោះ​បញ្ហា​ទាំង​នោះ។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹងឆាយអារ៉ែង ជា​គម្រោង​ទី៤ ហើយ របស់​រដ្ឋាភិបាល​សម្រាប់​ខេត្ត​កោះកុង។

ទំនប់​នេះ នឹង​ត្រូវ​សាងសង់​នៅ​ត្រង់​ចំណុច​ស្ទឹងឆាយអារ៉ែង ស្ថិត​នៅ​ចំណុច​ឃុំ​ថ្មដូនពៅ ដែល​មាន​ចម្ងាយ​ប្រមាណ​ជិត ៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​ថ្មបាំង។

មន្ត្រី​សង្គម​ស៊ីវិល ដែល​ចុះ​សិក្សា​លើ​ផល​ប៉ះពាល់ បាន​បង្ហាញ​ថា គម្រោង​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ឈ្មោះ សាវាក់ ចុះ​ធ្វើ​ការ​សិក្សា​តាំង​ពី​ឆ្នាំ​២០០៧ ប៉ុន្តែ អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ប្រជាពលរដ្ឋ ហាក់​ពុំ​បាន​ដឹង​ពី​បញ្ហា​នេះ​ឡើយ។

មន្ត្រី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក គិត ទូច ដែល​ជា​អ្នក​ចុះ​សិក្សា​ផ្ទាល់​ក្នុង​ចំណោម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជិត​១០ នោះ មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី២១ ឧសភា ថា​ជា​កត្តា​ចាំបាច់​ណាស់​ដែល​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ បាន​ដឹង​ពី​ព័ត៌មាន​នៃ​ការ​អភិវឌ្ឍ និង​ផល​ប៉ះពាល់​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពួក​គាត់​ពុំ​បាន​ដឹង​អ្វី​ច្បាស់​លាស់​នោះ​ទេ ហើយ​ព័ត៌មាន​មិន​ផ្លូវ​ការ​នានា បាន​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​បារម្ភ​ទាក់ទង​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ទៅ​អនាគត។

លោក​បន្ត​ថា ចំពោះ​ក្រុម​សង្គម​ស៊ីវិល​ចម្រុះ​ដែល​ចុះ​សិក្សា​ពី​បញ្ហា​នេះ ក៏​មាន​ការ​លំបាក​ណាស់​ដែរ​ក្នុង​ការ​ទទួល​ព័ត៌មាន​នានា​ពី​គម្រោង ដើម្បី​យក​មក​ផ្ទៀងផ្ទាត់​នឹង​ស្ថានភាព​ពិត​ជាក់ស្តែង​ក្នុង​តំបន់។

ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹងឆាយអារ៉ែង នេះ បាន​ធ្វើ​ការ​សិក្សា​តាំង​ពី​ឆ្នាំ​២០០៧ ដោយ​ក្រុមហ៊ុន សាវាក់។ នៅ​ឆ្នាំ​២០០៨ ក្រុមហ៊ុន​នេះ​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន ដោយ​បញ្ជាក់​ថា ទំនប់​វារីអគ្គិសនី​ស្ទឹងឆាយអារ៉ែង មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជិត ៤០០​គ្រួសារ ទាំង​នៅ​ខាង​ក្រោម និង​ខាង​លើ​ជាប់​អាង​ស្តុក​ទឹក ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​ជំនប់ និង​ឃុំ​ប្រឡាយ។

ប៉ុន្តែ អាជ្ញាធរ​ស្រុក​បាន​អះអាង​ថា គម្រោង​នេះ​វា​នឹង​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ ២៦០​គ្រួសារ នៅ​ក្នុង​តំបន់​អាង​ទឹក។

អ្នក​ភូមិ​ទាំង​នោះ​នឹង​ប្រឈម​មុខ​នឹង​រើ​ទី​លំនៅ​ទៅ​កាន់​កន្លែង​ថ្មី គឺ​នៅ​វាល​ធំ​៧៣ ស្ថិត​ក្នុង​ឃុំ​ថ្មដូនពៅ ដែល​ជា​ទី​ទួល​មាន​សុវត្ថិភាព​ចម្ងាយ​ប្រមាណ ៨​គីឡូម៉ែត្រ​ពី​ទីតាំង​ចាស់។ ក្រៅ​ពី​នេះ នៅ​មាន​ប្រជាពលរដ្ឋ​ភូមិ​ព្រែកស្វាយ ក្នុង​ឃុំ​ថ្មដូនពៅ ស្ថិត​នៅ​ទីតាំង​ខាង​ក្រោម​ទំនប់​នៅ​តាម​បណ្តោយ​ស្ទឹង ក៏​មាន​បញ្ហា​នេះ​ដែរ ជា​ពិសេស គឺ​គ្រោះ​មហន្តរាយ​ដែល​អាច​មាន​ជា​យថាហេតុ ដូចជា ការ​បាក់​ទំនប់​ជាដើម។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ជា​អ្នក​ចុះ​សិក្សា​ពី​បញ្ហា​នេះ​ដែរ​នោះ បាន​ឲ្យ​ដឹង​ដែរ​ថា ភាព​មិន​ច្បាស់​លាស់​នៃ​ការ​ទទួល​ព័ត៌មាន​ពី​រដ្ឋាភិបាល​ស្ដីពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹងឆាយអារ៉ែង នេះ បាន​បង្ក​ឲ្យ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​រាប់​រយ​គ្រួសារ ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​មាន​ក្តី​ភ័យ​ព្រួយ​នឹង​វាសនា​អនាគត​របស់​ពួក​គាត់ មិន​ដឹង​ជា​ត្រូវ​ផ្លាស់​ប្ដូរ​ដោយ​របៀប​ណា។

ប្រជាពលរដ្ឋ​នៅ​ទីនោះ​មិន​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​តំបន់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ឡើយ ដោយសារ​ខ្លាច​បាត់​បង់​ប្រពៃណី វប្បធម៌ របស់​នៅ​របស់​ពួក​គាត់​ជា​ជនជាតិ​ភាគ​តិច​ជង បាត់បង់​ប្រភេទ​សត្វ​កម្រ ធនធាន​ធម្មជាតិ​ជាដើម។

លោក អ៊ិន គង់ជិត បាន​ឲ្យ​ដឹង​ដែរ​ថា តំបន់​ដែល​គេ​គ្រោង​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​តាំង​ទី​លំនៅ​ថ្មី​នោះ ជា​តំបន់​ដែល​សត្វ​ដំរី​ឆ្លង​កាត់។ ដូច្នេះ ពលរដ្ឋ​ខ្លាច​ដំរី​ហ្នឹង​បង្ក​មហន្តរាយ​ដល់​ផល​ដំណាំ​ពួក​គាត់។

ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់ ភាគ​ច្រើន​ជា​ជនជាតិ​ជង ដែល​នៅ​រក្សា​បាន​អត្តសញ្ញាណ​ខាង​ជំនឿ​ពី​បុរមបុរាណ និង​ភាសា​ដើម​នៃ​ចាស់​ទុំ​របស់​ពួក​គេ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​កោះកុង លោក ប៉ិច ស៊ីយ៉ុន មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ លោក​ក៏​ពុំ​បាន​ដឹង​ឲ្យ​ស៊ី​ជម្រៅ​ទៅ​លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹងឆាយអារ៉ែង នេះ​ដែរ។ លោក​គ្រាន់​តែ​ដឹង​ថា ការ​សិក្សា​ពី​ផល​ប៉ះពាល់​បាន​បញ្ចប់ ហើយ​នៅ​តែ​ការ​សិក្សា​បច្ចេកទេស និង​កំណត់​ពេល​នៃ​ការ​ចាប់​ផ្ដើម​សាងសង់​ប៉ុណ្ណោះ។ ចំណែក​ការ​ផ្លាស់​ប្ដូរ​ទី​លំនៅ​ប្រជាពលរដ្ឋ សំណង​ចំពោះ​ផល​ប៉ះពាល់​នោះ​ក៏​បាន​គិតគូរ​អស់​ហើយ​ដែរ ប៉ុន្តែ​លោក​មិន​បាន​ទទួល​ព័ត៌មាន​លម្អិត​ថា ពលរដ្ឋ​មួយ​គ្រួសារ​បាន​ទទួល​សំណង​អ្វី​ខ្លះ​នោះ​ទេ។

ឆ្លង​តាម​ការ​ប្រមូល​ព័ត៌មាន​តាម​រយៈ​ការ​សាកសួរ​ប្រជាពលរដ្ឋ​មូលដ្ឋាន អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​ចម្រុះ ធ្វើ​សេចក្តី​សន្និដ្ឋាន​ជា​បឋម​ថា គម្រោង​នេះ​មិន​ទាន់​មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ និង​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​អំពី​គម្រោង​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​អាច​នឹង​រង​ផល​ប៉ះពាល់ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន គឺ​ពុំ​ទាន់​មាន​ព័ត៌មាន​ជាក់​លាក់​អំពី​គម្រោង ថា​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ពេល​ណា និង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

អាជ្ញាធរ​មូលដ្ឋាន​ពុំ​ទាន់​មាន​ដំណោះស្រាយ​ឆ្លើយ​ទៅ​នឹង​ការ​ព្រួយ​បារម្ភ និង​កង្វល់​របស់​សហគមន៍​មូលដ្ឋាន​នៅ​ឡើយ។ ប្រជាពលរដ្ឋ​មូលដ្ឋាន ដែល​នឹង​រង​ផល​ប៉ះពាល់ មិន​ទាន់​បាន​ត្រៀម​រៀបចំ​អ្វី​ទេ ហើយ​ក៏​មិន​ទាន់​មាន​សំណូមពរ​អ្វី​ជាក់​លាក់​ដែរ ដោយសារ​តែ​រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​មិន​មាន​ព័ត៌មាន​អំពី​គម្រោង​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម ធ្លាប់​បាន​ឲ្យ​ដឹង​ថា វារីអគ្គិសនី​ស្ទឹងឆាយអារ៉ែង នេះ​អាច​ផលិត​បាន​ថាមពល​ជាង ១០០​មេហ្គាវ៉ាត់ (MW) ហើយ​អាច​នឹង​ដំណើរ​ការ​ទាញ​យក​ភ្លើង​មក​ប្រើប្រាស់​បាន​នៅ​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។