សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ​​បារម្ភ​អំពី​ការ​បាត់បង់​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​បម្រុង​ទុក ដោយសារ​ឈ្មួញ​​មាន​ងារ​ជា​ឧកញ៉ា ពិសេស​បុគ្គល​មាន​អំណាច​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ទន្ទ្រាន​កាប់​ព្រៃឈើ​បំផ្លាញ​ចោល ហើយ​បាន​ហ៊ុមព័ទ្ធ​របង និង​សង់ផ្ទះ​ធ្វើ​កម្មសិទ្ធិ។

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម ព្រមាន​ថា ប្រសិនបើ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​ទប់ស្កាត់​បទល្មើស​កាប់​រាន​ព្រៃឈើ​ក្នុង​តំបន់​រដ្ឋ​ហាមឃាត់​នា​ចុង​ឆ្នេរ​អូរត្រេះ និង​តំបន់​ពយម៉ាចូវ ជាប់​ឆ្នេរ​សមុទ្រ​ខេត្ត​នេះ​ឲ្យ​បាន​គង់វង្ស​ទេ ដី​គម្រប​ព្រៃឈើ​នា​មូលដ្ឋាន​នេះ​នឹង​ត្រូវ​បំផ្លាញ​ទាំង​ស្រុង។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) លោក ប៊ួន ណារិទ្ធិ ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ចុង​ឆ្នេរ​អូរត្រេះ និង​តំបន់​ពយម៉ាចូវ ស្ថិត​ក្នុង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែ​កក្កដា មាន​ការ​ភ្ញាក់ផ្អើល ព្រោះ​ឃើញ​ថា ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​បម្រុង​ទុក ឬ​ដាក់​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ​ថែរក្សា ត្រូវ​គេ​កាប់​រាន​ធ្វើ​កម្មសិទ្ធិ​ទាំង​ស្រុង។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ មាន​មន្ទិល​ចំពោះ​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ថា​ទំនង​អាច​មាន​ការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ ដោយ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​រវាង​មន្ត្រី​កំពុង​បម្រើ​ការងារ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ខ្លះ ទាំង​ថ្នាក់​ខេត្ត រហូត​ដល់​ថ្នាក់​ជាតិ។

លោក​ថា បើ​តាម​កា​អះអាង​ពី​មន្ត្រីរាជការ​ថ្នាក់​ទាប និង​ពលរដ្ឋ​ខ្លះ​ដែល​មក​ស៊ីឈ្នួល​យាម​ដី និង​កាប់​ព្រៃ​តំបន់​នេះ បាន​ឲ្យ​ដឹង​ថា មាន​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​ជាដើម បាន​ជួល​ពួកគេ​កាប់​រាន​យក​ដី​ក្នុង​បរិវេណ​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជា​ថ្នូរ​ទទួល​បាន​ថវិកា និង​ដី​មួយ​ឡូត៍៖ «សូម​ឲ្យ​អាជ្ញាធរ​ត្រូវ​រៀបចំ​ដាំ​ដើម​ឈើ​ឡើង​វិញ​នៅ​ក្នុង​ដី​បរិវេណ​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​ជា​ការ​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ឲ្យ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត។ យើង​ឃើញ​ថា គម្រប​ព្រៃឈើ​បៃតង ជា​ប្រភព​ទាក់ទាញ​ភ្ញៀវទេសចរ​តាម​បែប​ធម្មជាតិ នៅ​គ្រា​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ខ្សាច់​សក្បុស មាន​ព្រៃឈើ​រួច​ហើយៗ បើ​សិន​ជា​អាជ្ញាធរ​ចេះ​ការពារ​ឲ្យ​បាន​គង់វង្ស គឺ​ងាយស្រួល​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​តំបន់​នេះ​ច្រើន​ថែម​ទៀត»​។

​ត្រង់​ចំណុច​នេះ មន្ត្រី​អង្គការ​លីកាដូ លោក ប៊ួន ណារិទ្ធិ បង្ហាញ​ការ​ហួសចិត្ត​កាល​បើ​បទល្មើស​ជាក់ស្ដែង​នៅ​នឹង​មុខ​អាជ្ញាធរ​ទាំង​កាប់​រាន​ដី​ធ្វើ​កម្មសិទ្ធិ និង​បន្ត​សង់​ផ្ទះ​ជា​ច្រើន​សិប​ខ្នង​នៅ​លើ​ទីតាំង​នោះ ប៉ុន្តែ​បែរ​ជា​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឈរ​អោបដៃ​មើល​ទៅ​វិញ។

លោក​សំណូមពរ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​ដាំ​កូនឈើ​ឡើង​វិញ​នៅ​លើ​ទីតាំង​បរិវេណ​គ្រប​ព្រៃឈើ​ឆ្នាំ​២០០២ នា​ចុង​ឆ្នេរ​អូរត្រេះ និង​ជួយ​ថែរក្សា​ព្រៃឈើ​នៅ​តាម​ឆ្នេរសមុទ្រ​តំបន់​ពយម៉ាចូវ ឲ្យ​បាន​គង់វង្ស ព្រោះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវ​ទេសចរ​នៅ​ថ្ងៃ​អនាគត ព្រោះ​តំបន់​នេះ​អ្នក​ទេសចរ​ជាតិ​អន្តរជាតិ​និយម​ចូល​ទៅ​កម្សាន្ត។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម សង្ស័យ​ថា បទល្មើស​កាប់​ព្រៃឈើ​នេះ​អាច​មាន​មន្ត្រី​មាន​បុណ្យ​សក្ដិ​ធំៗ ទាំង​មន្ត្រី​ថ្នាក់​ខេត្ត និង​មន្ត្រី​ជាតិ។ ក្នុង​នោះ​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា ដែល​មាន​សាច់ញាតិ​ជា​មន្ត្រី​មាន​អំណាច និង​ពលរដ្ឋ​ខ្លះ​បាន​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​អាជ្ញាធរ​ស្ថាប័ន​ជំនាញ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ ជា​ថ្នូរ​ចែក​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​គ្មាន​ការ​បង្ក្រាប​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ពេល​កន្លង​មក៖ «អាជ្ញាធរ​មិន​ត្រូវ​ឲ្យ​មាន​បុគ្គល​ល្មើស​មក​កាប់​រាន​ព្រៃ​យក​ដី​សង់​ផ្ទះ​ធ្វើ​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ​បែប​នេះ​ទេ។ បើ​អាជ្ញាធរ​បណ្ដោយ​ដូច​រាល់​ថ្ងៃ​នេះ តើ​នៅ​ថ្ងៃ​អនាគត​នឹង​យក​វិធី​ណា​មក​ដោះស្រាយ បើ​ភាព​អនាធិបតេយ្យ​នៃ​ការ​កាប់​ទន្ទ្រាន​ដី​គម្រប​ព្រៃ​ឈើ​មាន​ចំនួន​កើន​ច្រើន​ឡើងៗ​បែប​នេះ»

​នាយករង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ លោក ឌី សុភី បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​សកម្មភាព​រាន​កាប់​ព្រៃ​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ពិត​មែន។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ចោទ​ថា សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​នេះ បាន​ត្រឹម​ចុះ​ស្រង់​ស្ថិតិ​ចំនួន​អ្នក​ចូល​ទៅ​កាន់កាប់​ដី​គម្រប​ព្រៃឈើ​នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ដើម្បី​រាយការណ៍​ជូន​អភិបាល​ខេត្ត​ព្រះសីហនុ​ ពិនិត្យ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន កន្លង​មក​បាន​បើក​កិច្ចប្រជុំ​ដាក់​ផែនការ​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ខេត្ត​នេះ ចុះ​ស្រង់​ចំនួន​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​មាន​សង់ផ្ទះ​នៅ​លើ​ដី​នោះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ឈាន​ដល់​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​ការ​អះអាង​នេះ ត្រូវ​មន្ត្រី​សង្គម​ស៊ីវិល និង​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ រិះគន់​ថា ធ្វើ​ឲ្យ​តែ​ល្អ​មើល​ទេ រី​ឯ​សកម្មភាព​ចុះ​អនុវត្ត​ជាក់ស្ដែង គឺ​គិត​មក​ដល់​ថ្ងៃ​ទី​៨ ខែ​កក្កដា នេះ ដី​ព្រៃ​ស្ថិត​ក្នុង​បរិវេណ​តំបន់​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មាន​ទីតាំងនៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ត្រូវ​គេ​កាប់​រាន​ធ្វើ​កម្មសិទ្ធិ​ទាំង​ស្រុង។

​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋ​បាន​រក្សា​ទុក​នា​ខេត្ត​ព្រះសីហនុ ទាល់​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឬ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​មុខ​ជួយ​អន្តរាគមន៍ ហើយ​ប្រើ​កណ្ដាប់ដៃ​ដែក​ទៅ​លើ​ជន​ប្រព្រឹត្តិ​ល្មើស ទើប​អាច​ជួយ​ការពារ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ដី​ព្រៃឈើ​នៅ​តាម​មាត់​សមុទ្រ​ចុង​ឆ្នេរ​អូរត្រេះ ឬ​ពយម៉ាចូវ អាច​រក្សា​បាន​គង់វង្ស និង​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។