ដង្ហែ​ក្បួន​តុក្កតា​យក្ស​អប់រំ​អំពី​​បរិស្ថាន​និង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​សៀមរាប

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​យល់​ឃើញ​ថា កម្ពុជា​បច្ចុប្បន្ន កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន ដូច​ជា​ការ​រង​គ្រោះ​ថ្នាក់​ចរាចរណ៍ ការ​បាត់បង់​ព្រៃឈើ ដែល​គំរាម​កំហែង​ដល់​និរន្តរភាព​នៃ​បរិស្ថាន និង​ការ​បាត់បង់​សត្វព្រៃ​ដោយ​កម្រ​ជា​ដើម។

0:00 / 0:00

ដោយសារតែ​មាន​កង្វល់​ចំពោះ​បញ្ហា​ខាង​លើ​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ កំពុង​ព្យាយាម​អប់រំ​ ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​ដឹង​អំពី​សារសំខាន់ និង​កិច្ច​ការពារ​ចំពោះ​បញ្ហា​ទាំង​នេះ តាម​បែប​ផ្សេងៗ​ពី​គ្នា។

ក្រុម​កុមារ​ប្រមាណ ៤៥០​នាក់ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ១០ អង្គភាព​ទៀត ​បាន​រួម​គ្នា​កាន់​រូប​តុក្កតា​​យក្ស​ដែល​ធ្វើ​ជា​រូបភាព​សត្វ​ច្រើន​ប្រភេទ ហើយ​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​​ដង​ផ្លូវ និង​​កន្លែង​ដែល​ប្រមូល​ផ្ដុំ​ភ្ញៀវ​ទេសចរ​បរទេស​នៅ​ក្នុង​ទីក្រុង​សៀមរាប កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​កុម្ភៈ កន្លង​ទៅ។

ក្បួន​ដង្ហែ​​នេះ​ក្នុង​គោល​បំណង​អប់រំ​កុមារ និង​ប្រជាពលរដ្ឋ​ខ្មែរ ​ឱ្យ​យល់​ដឹង​អំពី​វិធី​ការពារ​គ្រោះ​​ថ្នាក់​ចរាចរណ៍ អំពី​ផល​ប្រយោជន៍​នៃ​បរិស្ថាន​ធម្មជាតិ​ និង​ចេះ​ស្រឡាញ់​សត្វ​ព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​ដែល​ជិត​ផុត​ពូជ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​ហើយ​នោះ។

លោក អ៊ុន សាវ៉ាន់ គឺ​ជា​អ្នក​ចាត់ចែង​គម្រោង​តុក្កតា​យក្ស​នោះ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កុម្ភៈ ថា ព្រឹត្តិការណ៍​ដង្ហែ​តុក្កតា​យក្ស​នៅ​តាម​ដង​ផ្លូវ​ក្នុង​ខេត្ត​សៀមរាប​នេះ គឺ​ដើម្បី​ឱ្យ​កុមារ​ រួម​នឹង​អ្នក​ចូល​រួម​ធ្វើ​តុក្កតា ព្រម​ទាំង​ប្រជាពលរដ្ឋ​ជា​ច្រើន បាន​យល់​ដឹង​​អំពី​ប្រធានបទ​មួយ​ចំនួន ដូចជា​សុវត្ថិភាព​ចរាចរណ៍ អនាម័យ​​សុខភាព និង​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់​​អារម្មណ៍​ទៅ​លើ​សត្វ​ព្រៃ​កម្រ​ ដែល​កំពុង​ទទួល​រង​ការ​គំរាម​កំហែង​ជា​ដើម។ ផ្នែក​មួយ​ទៀត​​នៃ​ការ​ហែ​ក្បួន​តុក្កតា​យក្ស​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ទៅ​លើ​ការ​អភិវឌ្ឍ​​វិស័យ​អប់រំ បញ្ហា​បរិស្ថាន និង​វប្បធម៌​ខ្មែរ​ផង​ដែរ។

លោក អ៊ុន សាវ៉ាន់៖ «ការ​ផ្សព្វផ្សាយ​បរិស្ថាន ឬ​ក៏​ការ​អប់រំ​អ្វី​មាន​ច្រើន ក៏​ប៉ុន្តែ​នេះ​គឺ​ជា​កម្មវិធី​ផ្សព្វផ្សាយ ឬ​ក៏​អប់រំ​តាម​រយៈ​សិល្បៈ។ អ៊ីចឹង​សិល្បៈ​ហ្នឹង គឺ​យើង​រៀបចំ​សិល្បៈ​បែប​ដង្ហែ​តុក្កតា​យក្ស ហើយ​តុក្កតា​យក្ស​ហ្នឹង​វា​មាន​ប្រវត្តិ​ចេញ​មក​ពី​អង់គ្លេស និង​អូស្ត្រាលី ដែល​ធំ​ជាង​គេ។អ៊ីចឹង​ទៅ​ក៏​យើង​ចាប់​ផ្ដើម​ពង្រីក​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​អំពី​សិល្បៈ​ផង ជាមួយ​នឹង​ការ​អប់រំ​ផង​ដែរ»

នេះ​គឺ​ជា​ក្បួន​ដង្ហែ​កុក្កតា​យក្ស​ដើម្បី​យុទ្ធនាការ​អប់រំ​​នៅ​តាម​ដង​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា លើក​ទី​៧ ហើយ។

លោក ជីហ្គ (JIG) ជា​អ្នក​ផលិត​ល្ខោន​ស្បែក​ដ៏​ល្បី​ម្នាក់​របស់​ប្រទេស​អង់គ្លេស គឺ​ជា​អ្នក​ដែល​ស្ម័គ្រចិត្ត​​ជួយ​បង្រៀន​បច្ចេកទេស​ក្នុង​ការ​បង្កើត​តុក្កតា​យក្ស​ទាំង​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​ធ្លាប់​បាន​ចូល​រួម​ធ្វើ​តុក្កតា​យក្ស​របៀប​នេះ នៅ​តាម​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ដូច​ជា​នៅ​ប្រទេស​អូស្ត្រាលី ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ជា​ច្រើន​ទៀត​ ហើយ​លោក​បាន​ចាប់​ផ្ដើម​មក​កាន់​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា ដោយសារ​តែ​មាន​មនុស្ស​ជា​ច្រើន​បាន​សុំ​ឱ្យ​លោក​មក​ជួយ។

លោក ជីហ្គ៖ «មាន​អ្នក​ទេសចរណ៍​ជា​ច្រើន​ជាតិ​សាសន៍ នៅ​ក្នុង​ទីក្រុង​សៀមរាប បាន​ឃើញ​តុក្កតា​យក្ស​ទាំង​នេះ ហើយ​វា​បាន​ធ្វើ​ឱ្យ​ពួក​គេ​ចាត់​ទុក​ជា​ការ​កម្សាន្ត​​សប្បាយ​មួយ​ផ្នែក។ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ​នោះ គឺ​វា​ជា​ផ្នែក​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​ជន​កម្ពុជា ឱ្យ​គាំទ្រ​នូវ​វិស័យ​សិល្បៈ​នៅ​លើ​ទឹក​ដី​ដ៏​ចំណាស់​មួយ​នេះ។ កម្ពុជា​គឺ​ជា​ប្រទេស​តូច​មួយ ហើយ​សាលា​បណ្ដុះបណ្ដាល​ផ្នែក​សិល្បៈ​បែប​នេះ ក៏​មិន​សូវ​មាន​ទេ​ ដូច្នេះ​យើង​កំពុង​បង្រៀន​ដល់​កុមារ​ជា​ច្រើន​នៅ​សាលា​ហ្វា​ពន្លឺ​សិល្បៈ ដែល​នៅ​ឯ​ខេត្ត​បាត់ដំបង»

អ្នក​ចាត់​ចែង​គម្រោង​បាន​ឱ្យ​ដឹង​ថា ក្បួន​ដង្ហែ​តុក្កតា​យក្ស​នៅ​ខេត្ត​សៀមរាប​នេះ វា​មិន​មែន​គ្រាន់​​តែ​ជា​ព្រឹត្តិការណ៍​នៅ​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ ​គឺ​វា​ជា​ព្រឹត្តិការណ៍​ដង្ហែ​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល ហើយ​វា​ក៏​បាន​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ដើម្បី​ទាក់ទាញ​អ្នក​ទេសចរ​បរទេស​ឱ្យ​ចូល​មក​ទស្សនា​ខេត្ត​សៀមរាប ដែល​ជា​ទឹក​ដី​សំបូរ​ប្រាសាទ​បូរាណ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។