សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន យក​បញ្ហា​​ដនសាហុង​ទៅ​ជជែក​នៅ​អាមេរិក

0:00 / 0:00

អង្គការ​ផ្នែក​បរិស្ថាន និង​ប្រជា​សហគមន៍​នៅ​កម្ពុជា អំពាវនាវ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អគ្គលេខាធិការ​អាស៊ាន ព្រមទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លើក​យក​បញ្ហា​គម្រោង​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) របស់​ប្រទេស​ឡាវ មក​ពិភាក្សា​រក​ដំណោះស្រាយ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា មិន​មាន​របៀបវារៈ​ស្ដីពី​ទំនប់​វារីអគ្គិសនី​ដនសាហុង នៅ​ក្នុង​របៀបវារៈ​ផ្លូវការ​នៃ​កិច្ចប្រជុំ​នោះ​ទេ។

​សម្ពន្ធភាព​ទន្លេ​កម្ពុជា (RCC) និង​សហគមន៍​ដែល​ប៉ះពាល់​ដោយ​គម្រោង​វារីអគ្គិសនី​ដនសាហុង ស្នើ​បណ្ដា​មេដឹកនាំ​បែប​នេះ នៅ​មុន​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​សហរដ្ឋអាមេរិក ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

តំណាង​សម្ពន្ធភាព​ទន្លេ​កម្ពុជា លោក យក់ សេងឡុង ថ្លែង​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ដែល​មាន​ចម្ងាយ​មិន​ដល់ ២​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា នឹង​ប៉ះពាល់​ដល់​ប្រជាជន​ដែល​រស់​នៅ​តាម​ដង​ទន្លេ ពិសេស​នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​បឹង​ទន្លេសាប៖ «អាមេរិក មាន​តួនាទី​សំខាន់​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​ផង​ដែរ។ អាមេរិក មាន​គម្រោង​មួយ​ជា​គម្រោង​ផ្ដួចផ្ដើម​ទន្លេ​មេគង្គ ដែល​គាំទ្រ​ដោយ​អន្តរ​រដ្ឋាភិបាល​ដែល​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ហ្នឹង ដែល​ធ្វើ​ការ​ទៅ​ការ​គាំទ្រ​លើ​ផ្នែក​បរិស្ថាន សុខភាព ការ​អប់រំ ជាដើម ហើយ​ផ្នែក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ខ្ញុំ​គិត​ថា ទៅ​អនាគត អាមេរិក ក៏​មាន​តួនាទី​ក្នុង​នេះ​ដែរ»

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​ច្បាស់​ថា តើ​មេដឹកនាំ​អាស៊ាន និង​អាមេរិក លើក​យក​បញ្ហា​ដនសាហុង​នេះ ដាក់​នៅ​លើ​តុ​ចរចា ឬ​យ៉ាង​ណា​នោះ​ទេ៖ «ការ​អញ្ជើញ​របស់​អាមេរិក មាន​របៀបវារៈ​ផ្លូវ​ការ​ត្រឹមត្រូវ សង្កត់​ធ្ងន់​ទៅ​លើ​អ្វី​ទៅ​ជា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក»

មន្ត្រី​ស្ថានទូត​ឡាវ ប្រចាំ​កម្ពុជា បដិសេធ​មិន​ឆ្លើយ​តប​នឹង​សំណើ​របស់​ក្រុម​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​នេះ​ទេ ដោយ​លើក​ឡើង​ថា លោក​មិន​បាន​ដឹង​ពី​រឿង​នេះ​ទេ។

រដ្ឋសភា​ប្រទេស​ឡាវ បាន​អនុម័ត​លើ​កិច្ចព្រមព្រៀង​យល់​ព្រម​ឲ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ដែល​ចម្រូងចម្រាស​កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១៥។ រដ្ឋាភិបាល​ឡាវ សហការ​សាងសង់​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ប្រទេស​ម៉ាឡេស៊ី ឈ្មោះ​មេហ្គា ហ្វើស (Mega First Corporation Berhad)។

គម្រោង​ទំនប់​វារីអគ្គិសនី​ដនសាហុង ដែល​មាន​កម្លាំង​ផលិត​អគ្គិសនី​ចំនួន ២៦០​មេហ្គាវ៉ាត់​នេះ ជា​ផែនការ​របស់​រដ្ឋាភិបាល​ឡាវ ដើម្បី​ប្រែ​ក្លាយ​ប្រទេស​ឡាវ ទៅ​ជា​ប្រភព​ថាមពល​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍។ ឡាវ​រំពឹង​ថា នឹង​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​លក់​អគ្គិសនី​ទៅ​បណ្ដា​ប្រទេស​ជិត​ខាង។

ទោះ​យ៉ាង​ណា​ក៏ដោយ បណ្ដា​ប្រទេស​ជិត​ខាង​របស់​ឡាវ មាន​កម្ពុជា ថៃ និង​វៀតណាម ដែល​នៅ​តំបន់​មេគង្គ​ក្រោម បាន​ទទូច​ឲ្យ​ឡាវ ផ្អាក​ការ​សាងសង់។ ក្រុម​ប្រទេស​ជិត​ខាង​របស់​ឡាវ ព្រួយ​បារម្ភ​ថា គម្រោង​ដនសាហុង​នេះ នឹង​ប៉ះពាល់​ដល់​កម្រិត​លំហូរ​ទឹក​ទន្លេ​មេគង្គ និង​បំផ្លាញ​ប្រព័ន្ធ​ផ្លាស់​ទី​របស់​ត្រី​នៅ​តាម​តំបន់​ទន្លេ​មេគង្គ​ក្រោម។

នៅ​ពេល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ ត្រូវ​គេ​ប្រកាស​ឡើង ប្រជា​សហគមន៍ និង​សកម្មជន​បរិស្ថាន បាន​ប្រឆាំង​តវ៉ា​រារាំង​គម្រោង​នេះ។

លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ថា បញ្ហា​ចម្រូងចម្រាស​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​ដនសាហុង ត្រូវ​បាន​ជជែក​ដោះស្រាយ​ជា​ទ្វេ​ភាគី​រវាង​រដ្ឋាភិបាល​ឡាវ ជាមួយ​ប្រទេស​ជិត​ខាង​នីមួយៗ។ លោក​បន្ត​ថា ភាគី​កម្ពុជា ធ្លាប់​បាន​ផ្ញើ​កំណត់​ទូត​ជូន​រដ្ឋាភិបាល​ឡាវ ពី​ការ​ព្រួយ​បារម្ភ​នៃ​ផល​ប៉ះពាល់​ពី​គម្រោង​ដនសាហុង៖ «ជា​រយៈ​កន្លង យើង​ស្នើសុំ​ឲ្យ​គេ (ឡាវ) គិត​សាជាថ្មី​ចំពោះ​ការ​សាងសង់​វារីអគ្គិសនី​ហ្នឹង។ យើង​ធ្វើ​តាម​កំណត់​ការទូត​របស់​យើង ហើយ​យើង​ក៏​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ។ យើង​បាន​សម្ដែង​នូវ​ក្តី​ព្រួយ​បារម្ភ​តាម​រយៈ​អង្គការ​បច្ចេកទេស​ទន្លេ​មេគង្គ​នេះ​ដែរ។ រាជបណ្ឌិត្យសភា​កម្ពុជា ក៏​បាន​បញ្ចេញ​មតិ​នៅ​ក្នុង​តំបន់​នេះ​ដែរ»

ទោះ​ជា​បែប​នេះ​ក្ដី កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ ប្រទេស​ឡាវ និង​ប្រទេស​ជិត​ខាង​បាន​បរាជ័យ​មិន​អាច​សម្រេច​នូវ​កិច្ច​ព្រមព្រៀង​ដើម្បី​រក​ដំណោះស្រាយ​រួម​គ្នា​ពី​បញ្ហា​ទំនប់​ដនសាហុង នេះ តាម​រយៈ​ការ​សម្របសម្រួល​របស់​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) បាន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។