សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​ខាត​ដែល​មិន​ឆ្លើយ​តប​របាយការណ៍​របស់ Global Witness

មន្ត្រី​គ្រប់គ្រង​យុទ្ធនាការ​ដីធ្លី​នៃ​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ឲ្យ​ដឹង​ថា ការ​សិក្សា​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក និង​អង្គការ​ដទៃ​ទៀត បាន​រក​ឃើញ​ថា ជា​យូរ​មក​ហើយ​ដែល​កម្ពុជា មាន​បញ្ហា​ក្នុង​ការ​ចាត់​ចែង និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ឲ្យ​បាន​ល្អ។

0:00 / 0:00

ដំបូង ឃើញ​មាន​វិបត្តិ​កើត​មាន​ចំពោះ​ព្រៃ​ឈើ សម្បទាន​រ៉ែ ឧស្ម័ន និង​ប្រេង ហើយ​ចុង​ក្រោយ​នេះ ឃើញ​មាន​វិបត្តិ​កើត​ឡើង​ចំពោះ​ដី​សម្បទាន​សេដ្ឋកិច្ច​ទៀត។ រដ្ឋាភិបាល តែង​បដិសេធ​មិន​ចេញ​មក​បំភ្លឺ​ចំពោះ​ការ​សិក្សា​រក​ឃើញ​នោះ​ទេ។ ក្រុម​អ្នក​វិភាគ​យល់​ថា ការ​សម្ងំ​ស្ងៀម​នេះ ជា​ការ​បាត់​ឱកាស​ក្នុង​ការ​បង្ហាញ​ការ​ពិត​ដល់​សាធារណជន ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ។ ម្យ៉ាង ការ​បដិសេធ​ច្រើន​លើក​ច្រើន​សារ ដោយ​គ្មាន​ហេតុ​ផល​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល កំពុង​ធ្វើ​ឲ្យ​ខ្វះ​ជំនឿ​ទុក​ចិត្ត​សម្រាប់​ពលរដ្ឋ​ទៅ​វិញ។

អ្នក​វិភាគ និង​អង្គការ​សង្គម​ស៊ីវិល យល់​ថា រដ្ឋាភិបាល​មិន​មែន​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សិក្សា​រក​ឃើញ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក នោះ​ទេ។ ប៉ុន្តែ បាន​ប្រើ​វិធីសាស្ត្រ​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​ក្នុង​ពេល​ដែល​មាន​មន្ទិល​សង្ស័យ​ជាច្រើន​ពី​សាធារណជន​ចង់​ដឹង​ការ​ពិត។

អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី ជឿ​ថា រដ្ឋាភិបាល​កំពុង​រៀបចំ​មនុស្ស​មួយ​ក្រុម ដើម្បី​សិក្សា​លើ​របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដោយ​ស្ងាត់ៗ ហើយ​មិន​ចេញ​មក​បកស្រាយ​ជា​សាធារណៈ​ឡើយ​ចំពោះ​រឿង​នេះ។

លោក​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ឆ្លាតវៃ បង្កើត​ក្រុម​ការងារ​ដោយ​ចំហ​វិញ ក្នុង​ការ​សិក្សា​អំពី​កម្រិត​នៃ​ភាព​ពិត​នៃ​របាយការណ៍​នោះ ព្រម​ទាំង​លាត​ត្រដាង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ប្រកប​ដោយ​តម្លាភាព និង​គណនេយ្យ​ភាព​នោះ ជា​ការ​ប្រសើរ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​ច្រើន​លើ​រដ្ឋាភិបាល។

ជាច្រើន​លើក​ហើយ​ដែល​រដ្ឋាភិបាល​តែង​បដិសេធ​នូវ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដែល​រក​ឃើញ​ពី​មែក​ធាង​នៃ​អំពើ​ពុក​រលួយ ការ​រំលោភ​ដីធ្លី និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។ លើក​នេះ​មិន​ខុស​ពី​មុន​ទេ រដ្ឋាភិបាល​នៅ​តែ​បដិសេធ​មិន​ឆ្លើយ​តប​ចំពោះ​ការ​រក​ឃើញ​របាយការណ៍​ថ្មី បង្ហាញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​លើសលប់​ឲ្យ​ក្រុមហ៊ុន​វៀតណាម។

របាយការណ៍​ថ្មី​នោះ​រក​ឃើញ​ថា រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ផ្តល់​ដី​ទំហំ​ជិត ៥​ម៉ឺន​ហិកតារ ឲ្យ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) និង​ដី​ទំហំ ១​សែន ៦​ម៉ឺន​ហិកតារ ឲ្យ​ទៅ​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group=VRG)។ ការ​ផ្តល់​នោះ វា​ផ្ទុយ​ពី​ច្បាប់​ភូមិបាល​របស់​ប្រទេស ដែល​ចែង​ថា​ក្រុមហ៊ុន​មួយ​មាន​សិទ្ធិ​វិនិយោគ​ដី​មិន​ឲ្យ​លើស​ពី ១​ម៉ឺន​ហិកតារ។ ក្នុង​របាយការណ៍​ដដែល ផ្ដោត​សំខាន់​ថា​រដ្ឋាភិបាល​កម្ពុជា ខ្លួន​ឯង​ជា​ចំណែក​មួយ​នៃ​ការ​បង្ក​បញ្ហា​ទាំង​នោះ​តាម​រយៈ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្បទាន​ដីធ្លី​បំពាន​ច្បាប់​ជា​ធរមាន។

អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី យល់​ថា របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក ជា​របាយការណ៍​សិក្សា​ស៊ី​ជម្រៅ និង​ជា​របាយការណ៍​បង្ហាញ​ការ​ពិត ដែល​រដ្ឋាភិបាល​ពិបាក​នឹង​ប្រកែក។ អ្វី​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាច​ស្រាយ​នូវ​ចម្ងល់​ទាំង​នោះ លុះ​ណា​តែ​រដ្ឋាភិបាល​ចេញ​មក​សិក្សា​ជា​ចំហ ពី​ភាព​ពិត​នៃ​ការ​សិក្សា​របស់​របាយការណ៍​នោះ​វិញ ដើម្បី​កែលំអ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព។ មួយ​វិញ​ទៀត រដ្ឋាភិបាល​គួរ​កែលំអ​របៀប​ធ្វើ​ការ​របស់​ខ្លួន​ពី​ការងារ​ស្ងាត់ៗ ទៅ​ជា​ការងារ​ចំហ​មាន​តម្លាភាព និង​គណនេយ្យ​ភាព ដើម្បី​ជា​គំរូ​មួយ​ដល់​យុវជន​ជំនាន់​ក្រោយ។

មិន​ខុស​គ្នា​ដែរ អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត យល់​ថា របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្រាន់​តែ​ជា​ព័ត៌មាន​មួយ​បង្ហាញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ ថា​តើ​ព័ត៌មាន​នៅ​ក្នុង​របាយការណ៍​នោះ​វា​ពិត ឬ​មិន​ពិត? ប្រសិន​បើ​ពិត​មែន​នោះ រដ្ឋាភិបាល​ត្រូវ​មាន​វិធី​ដោះស្រាយ។ ប៉ុន្តែ បើ​មិន​ពិត​វិញ រដ្ឋាភិបាល​ក៏​ត្រូវ​តែ​ប្រកាស​ជា​សាធារណៈ​ដែរ។ លោក​បន្ត​ថា អ្វី​ជា​ការ​កត់​សម្គាល់​នោះ រដ្ឋាភិបាល​មិន​ទាន់​ទាំង​សិក្សា​លើ​របាយការណ៍​នោះ​ផង ស្រាប់​តែ​បដិសេធ​ថា​របាយការណ៍​មិន​ពិត​ទៅ​ហើយ។

លោក ចាន់ សុវ៉េត បន្ត​ថា ត្បិត​ជា​ទូទៅ​រដ្ឋាភិបាល​តែង​បដិសេធ​មិន​ទទួល​យក​របាយការណ៍​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជា​ផ្លូវ​ការ ប៉ុន្តែ​កន្លង​មក រដ្ឋាភិបាល​ក៏​បាន​អនុវត្ត​ខ្លះ​ដែរ​ក្នុង​របាយការណ៍​ទាំង​នោះ ដោយ​លើក​ឧទាហរណ៍​ថា អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​ស្នើសុំ​ឲ្យ​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ទ្រង់ទ្រាយ​ធំ ហើយ​រដ្ឋាភិបាល​បាន​អនុវត្ត​តាម ព្រម​ទាំង​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ តាម​គោល​នយោបាយ​ចាស់ សកម្មភាព​ថ្មី។ លើក​នេះ លោក​សង្ឃឹម​ថា រដ្ឋាភិបាល​អាច​នឹង​យក​របាយការណ៍​រក​ឃើញ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ទៅ​អនុវត្ត​ដូច​គ្នា។

តាម​ការ​កត់​សម្គាល់ លោក ចាន់ សុវ៉េត មើល​ឃើញ​ថា ការ​ឆ្លើយ​តប​ចំពោះ​របាយការណ៍​អន្តរជាតិ ធ្វើ​ឡើង​ដោយ​មាន​ការ​រើសអើង។ ជាក់ស្តែង ប្រសិន​បើ​អង្គការ​សហប្រជាជាតិ ដែល​កំពុង​ឃ្លាំ​មើល​នៅ​កម្ពុជា ចេញ​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស រដ្ឋាភិបាល​ច្បាស់​ជា​ឆ្លើយ​តប​តាម​ការ​ធ្វើ​សន្និសីទ​កាសែត។ ប៉ុន្តែ បើ​អង្គការ​អន្តរជាតិ​ណា​ដែល​រដ្ឋាភិបាល​គិត​ថា មាន​និន្នាការ​ប្រឆាំង​នោះ នឹង​មិន​មាន​ការ​ឆ្លើយ​តប​ផ្លូវ​ការ​ទេ ហើយ​មាន​ពេល​ខ្លះ មន្ត្រី​នាំ​ពាក្យ​ស្រាយ​បំភ្លឺ​ម្តងម្កាល​ប៉ុណ្ណោះ។

ដូច​ការ​លើក​ឡើង​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​បញ្ជាក់​ថា ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក មិន​មាន​អ្វី​ប្លែក​ឡើយ ហើយ​ជា​រឿយៗ​អង្គការ​នេះ​តែង​វាយ​ប្រហារ​រាជ​រដ្ឋាភិបាល។ ទំនង​ជា​បែប​នេះ​ហើយ ទើប​លោក ផៃ ស៊ីផាន មិន​អត្ថាធិប្បាយ​ឲ្យ​ស៊ី​ជម្រៅ​ទៅ​លើ​របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក រហូត​ជំរុញ​ឲ្យ​អង្គការ​នេះ​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​ទៀត​ផង បើ​សិន​ជា​រក​ឃើញ​ការ​ពិត​ដូច​របាយការណ៍​នោះ​មែន។

ការ​សម្ងំ​ស្ងៀម​មិន​ឆ្លើយ​តប​នឹង​របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក មាន​ពលរដ្ឋ​ខ្លះ​លើក​ឡើង​ថា រដ្ឋាភិបាល​ទំនង​មិន​ហ៊ាន​ទទួល​ការ​ពិត​ដែល​អង្គការ​នេះ​រក​ឃើញ​ថា រដ្ឋាភិបាល​កំពុង​តែ​បើក​ភ្លើង​ខៀវ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ធំ​២ ដែល​មាន​ខ្នង​ជា​មន្ត្រី​ស្និត​រដ្ឋាភិបាល និង​ឧកញ៉ា​ធំៗ កាប់​រាន​ព្រៃ​ឈើ​បង្ក​វិបត្តិ​ដីធ្លី និង​បង្ក​មហន្តរាយ​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ។

និស្សិត​ឆ្នាំ​ទី៣ នៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​កម្ពុជា (DMC) នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា រិទ្ធិ លំអរពេជ្រ នៅ​តែ​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​ចេញ​មុខ​មក​បកស្រាយ​ជា​សាធារណៈ នូវ​ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដើម្បី​បង្ហាញ​ការ​ពិត​ថា តើ​រដ្ឋាភិបាល​ពិត​ជា​បាន​បណ្តោយ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​ខ្លួន​ឯង​មែន ឬ​យ៉ាង​ណា?

របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក រក​ឃើញ​ថា មក​ដល់​ចុង​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ជួល​ដី​ជា​លក្ខណៈ​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២​លាន ៦​សែន​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន។ របាយការណ៍​នេះ​ប្រហាក់​ប្រហែល​នឹង​របាយការណ៍​ដែល​រក​ឃើញ​ដោយ​អង្គការ​អាដហុក ដែល​រក​ឃើញ​ថា រដ្ឋាភិបាល​ប្រគល់​ដី​ទំហំ​ជាង ២​លាន​ហិកតារ ឲ្យ​ក្រុមហ៊ុន​ចំនួន​២២៥ វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម។ ចំនួន​រក​ឃើញ​ទាំង​នោះ មាន​ច្រើន​ជាង​របាយការណ៍​របស់​រដ្ឋាភិបាល ដែល​បង្ហាញ​ថា រដ្ឋ​បាន​ប្រគល់​ដី​ទំហំ ១​លាន ៥​សែន​ហិកតារ ឲ្យ​ក្រុមហ៊ុន​១១៧ វិនិយោគ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។