តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នឹង​ចុះ​មើល​ការ​កាប់​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម

គណបក្ស​ប្រឆាំង​គ្រោង​នឹង​ចុះ​ទៅ​សិក្សា​រក​ភស្តុតាង​នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​ខេត្ត​រតនគិរី ដែល​ក្រុមហ៊ុន​វៀតណាម កំពុង​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា ក្រោម​រូបភាព​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ។

0:00 / 0:00

បេសកកម្ម​នេះ​ធ្វើ​ឡើង​ស្រប​នឹង​របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ពី​ការ​រក​ឃើញ​ថា មាន​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ធំ​ចំនួន​២ របស់​វៀតណាម កំពុង​បង្ក​វិបត្តិ​ដី​ធ្លី​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ហើយ​សាខា​ក្រុមហ៊ុន​វៀតណាម នោះ ក៏​មាន​ទីតាំង​នៅ​ខេត្ត​រតនគិរី ដែរ។

មន្ត្រី​អភិរក្ស​ព្រៃ​ឈើ និង​ពលរដ្ឋ​មួយ​ចំនួន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ចេញ​មុខ​មក​បកស្រាយ​ឲ្យ​ច្បាស់ នូវ​របាយការណ៍​របស់​អង្គការ​មួយ​នេះ ហើយ​ចៀសវាង​បដិសេធ​ម្តង​ជា​ពីរ​ម្តង ដោយ​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចាត់​វិធាន​ការ​ស៊ើប​អង្កេត​រក​ការ​ពិត។

មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច ហាក់​នៅ​ស្ងៀមស្ងាត់​មិន​ទាន់​ឆ្លើយ​តប​នូវ​របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក ខណៈ​ដែល​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​គ្រោង​នឹង​ចុះ​ទៅ​សិក្សា​រក​ភស្តុតាង និង​ធ្វើ​របាយការណ៍​ជា​ផ្លូវ​ការ​ដាក់​ទៅ​ប្រធាន​រដ្ឋសភា និង​រដ្ឋាភិបាល ឲ្យ​ចាត់​វិធាន​ការ​បន្ទាន់​ចំពោះ​ទង្វើ​របស់​ក្រុមហ៊ុន​វៀតណាម ធំ​២ ដែល​កំពុង​បង្ក​វិបត្តិ​ដីធ្លី​ធ្ងន់ធ្ងរ​នៅ​កម្ពុជា នោះ។

ប្រសិន​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​ភ្នំពេញ លោក សុន ឆ័យ នឹង​ដឹកនាំ​មន្ត្រី​គណបក្ស​មួយ​ក្រុម​ទៅ​ខេត្ត​រតនគិរី រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២២ ខែ​ឧសភា ដើម្បី​ស្រង់​ស្ថិតិ​ក្រុមហ៊ុន​វៀតណាម ដែល​កំពុង​វិនិយោគ​នៅ​ខេត្ត​នោះ ដោយ​រក​ភស្តុតាង​ជា​រូបភាព និង​សាក្សី​ពលរដ្ឋ​រងគ្រោះ​ផ្ទាល់ ដែល​ត្រូវ​ក្រុមហ៊ុន​វៀតណាម រំលោភ​យក​ដី និង​ប្រើ​អំពើ​ហិង្សា​រឿង​ទំនាស់​ដីធ្លី ក្រោម​រូបភាព​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច៖ «ចង់​ទៅ​ឃើញ​ផ្ទាល់ ត្រូវ​មាន​ភស្តុតាង​ជា​រូបភាព ការ​ជួប​សម្ភាស​ជាមួយ​ប្រជាពលរដ្ឋ ការ​ជួប​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន ដើម្បី​ពិនិត្យ​ភាព​ជាក់ស្តែង​ដែល​កើត​មាន។ យើង​នឹង​ធ្វើ​របាយការណ៍​ជា​ផ្លូវ​ការ​មួយ​ទៅ​រដ្ឋសភា ហើយ​ក៏​ធ្វើ​របាយការណ៍​មួយ​ទៅ​រដ្ឋាភិបាល​ដែរ ដើម្បី​ឲ្យ​ចាត់​វិធាន​ការ​ណា​មួយ»

គម្រោង​នេះ​ធ្វើ​ឡើង​នៅ​គ្រា​ដែល​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក បង្ហាញ​ថា មាន​ពលរដ្ឋ ៤​សែន​នាក់ ក្នុង​១២​ខេត្ត កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ច្បាម​យក​ដី​ពី​ក្រុមហ៊ុន​វៀតណាម ចំនួន​២ គឺ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (Huang Anh Gia Lai) និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group)។ ក្នុង​របាយការណ៍​ផ្ដោត​សំខាន់​ថា រដ្ឋាភិបាល​កម្ពុជា ខ្លួន​ឯង​ជា​ចំណែក​មួយ​នៃ​ការ​បង្ក​បញ្ហា​ទាំង​នោះ​តាម​រយៈ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្បទាន​ដីធ្លី​បំពាន​ច្បាប់​ជា​ធរមាន។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ទាំង​ពីរ​របស់​វៀតណាម ក៏​កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​គ្រាក់ៗ​របស់​រដ្ឋាភិបាល និង​ឧកញ៉ា​ពុក​រលួយ​មួយ​ចំនួន។

ជុំវិញ​បញ្ហា​នេះ ព្រះ​មេគណ​ស្តីទី​ខេត្ត​ឧត្តរមានជ័យ ព្រះតេជព្រះគុណ ប៊ុន សាលួត និង​ជា​ស្ថាបនិក​អភិរក្ស​ព្រៃ​សហគមន៍​សង្ឃរុក្ខវ័ន មាន​ថេរ​ដីកា​ថា ព្រះអង្គ​បាន​ទត​របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក ហើយ​យល់​ថា​អ្វី​ដែល​អង្គការ​មួយ​នេះ​រក​ឃើញ​ជា​ការ​ពិត ហើយ​ខាង​រដ្ឋាភិបាល​មិន​អាច​បដិសេធ ឬ​គេចវេស​នូវ​ទង្វើ​របស់​ខ្លួន​ដែល​ហ៊ាន​ស៊ីញេ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ហួស​ព្រំដែន​នៃ​ច្បាប់​នោះ​ទេ។

ច្បាប់​ភូមិបាល និង​ច្បាប់​វិនិយោគ​បាន​ចែង​ថា ក្រុមហ៊ុន​មួយ​មាន​សិទ្ធិ​វិនិយោគ​ដី​មិន​ឲ្យ​លើស​ពី ១​ម៉ឺន​ហិកតារ។ ប៉ុន្តែ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ទទួល​បាន​ជិត ៥​ម៉ឺន​ហិកតារ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ទទួល​បាន​ជាង ១​សែន ៦​ម៉ឺន​ហិកតារ។ រូបភាព​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​ទទួល​ដី​បាន​យ៉ាង​ច្រើន​នេះ គឺ​តាម​រូបភាព​បំបែក​សាខា​តូចៗ​វិនិយោគ​គ្រប់​តំបន់​ដែល​សម្បូរ​ព្រៃ​ឈើ​ធំ ដើម្បី​អាច​កាប់​ឈើ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

ព្រះតេជព្រះគុណ ប៊ុន សាលួត មាន​ថេរ​ដីកា​បន្ត​ថា ដរាប​ណា​រដ្ឋាភិបាល​នៅ​តែ​គេចវេស​មិន​ទទួល​ស្គាល់​ការ​ពិត​ដែល​របាយការណ៍​រក​ឃើញ វិបត្តិ​ដីធ្លី​រឹត​តែ​រាល​ដាល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ទន្ទឹម​នឹង​កំណើន​ប្រជាពលរដ្ឋ​ចេះ​តែ​កើន​ឡើង​ដោយ​គ្មាន​ដី​អាស្រ័យ​ផល៖ «ការ​អភិវឌ្ឍ​ទៅ​លើ​ក្រុមហ៊ុន​កុំ​ឲ្យ​វា​ធំ​ពេក ធ្វើ​ម៉េច​យើង​គ្រប់គ្រង​ផ្លូវ​ច្បាប់​វិញ ព្រោះ​យើង​សម្លឹង​មើល​ទៅ​អនាគត ២០​ឆ្នាំ ទៅ ៣០​ឆ្នាំ ប្រជាជន​ឡើង​ទៅ​ដល់ ៥០​លាន ទៅ ៦០​លាន»

តាម​ការ​ឈ្វេង​យល់​របស់​ព្រះតេជព្រះគុណ ដើម្បី​ស្ដារ​នូវ​អ្វី​ដែល​ជ្រុល​ហួស​របស់​ខ្លួន រដ្ឋាភិបាល​គប្បី​សើរើ​ស្រាវជ្រាវ​ចំពោះ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ​ឡើង​វិញ។ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ក៏​ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​អភិរក្ស​ព្រៃ​ឈើ​ផង​ដែរ។ ពិសេស ការ​ផ្តល់​ដី​វិនិយោគ​រយៈពេល​វែង ពី ៥០​ឆ្នាំ ទៅ ៩៩​ឆ្នាំ រដ្ឋាភិបាល​មិន​ត្រូវ​ប្រគល់​ឲ្យ​លើស​មួយ​ម៉ឺន​ហិកតារ នៃ​ច្បាប់​កំណត់​ឡើយ។

តំណាង​សហគមន៍​បឹងកក់ លោកស្រី ទេព វន្នី ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច យល់​ថា របាយការណ៍​ជា​ភស្តុតាង​ថ្មី​ម្តង​ទៀត​ដែល​បង្ហាញ​អន្តរជាតិ​ឲ្យ​ឃើញ​ពី​ដើម​ចម​នៃ​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា។ លោកស្រី​បន្ត​ថា ការ​អភិវឌ្ឍ​ដោយ​គ្មាន​ការ​សិក្សា​ជា​មុន​របស់​រដ្ឋាភិបាល ភាគ​ច្រើន​ធ្វើ​ឡើង​តាម​ផ្លូវ​អំពើ​ពុក​រលួយ អត់​មាន​តម្លាភាព ហើយ​ផល​ប្រយោជន៍​បាន​តែ​បក្ខពួក​អ្នក​មាន​លុយ និង​អំណាច រីឯ​ពលរដ្ឋ​បាន​ត្រឹម​រង​នូវ​ភាព​អយុត្តិធម៌។

ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ត្រូវ​បាន​លោកស្រី ទេព វន្នី ចាត់​ទុក​ថា​ជា​វិបត្តិ​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​មុខ​របរ បាត់បង់​ផ្ទះ​ដីធ្លី​ស្រែ​ចម្ការ ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​ទ្រុឌទ្រោម​ទៅៗ និង​បំផ្លាញ​សុភមង្គល​ជីវិត​គ្រួសារ​របស់​អ្នក​ភូមិ​តែ​ម្តង៖ «គិត​ថា វា​អត់​មាន​ផល​ប្រយោជន៍​ទេ វា​មាន​តែ​ខាត​បង់​ច្រើន​ជាង​មិន​ធ្វើ​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​នោះ បើ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អ​ជាង អាច​រស់នៅ​សមរម្យ ហើយ​បើ​ដក​ដី​កាប់​ព្រៃ​ឈើ​អស់​ទៅ វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ពួក​គាត់​ចំណាក​ស្រុក​ជាដើម។ ជាក់ស្តែង ឃើញ​អ៊ីចឹង​មែន វា​អត់​ឃើញ​មាន​ប្រយោជន៍​អ្វី​ទេ ដូច​តំបន់​បឹងកក់​ខ្ញុំ​អ៊ីចឹង មិន​មែន​អភិវឌ្ឍ​ប្រទេស​ជាតិ​រីក​ចម្រើន​ដើរ​ទន្ទឹម​គ្នា​ជីវភាព​ប្រជាពលរដ្ឋ​ទេ មិន​ឲ្យ​ពួក​ខ្ញុំ​ដូច​ដើម ហើយ​បែរ​ជា​បំផ្លាញ​នូវ​អ្វីៗ​ដែល​ជា​មធ្យោបាយ​ចិញ្ចឹម​ជីវិត​ខ្ញុំ​ថែម​ទៀត»

របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក រក​ឃើញ​ថា មក​ដល់​ចុង​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ជួល​ដី​ជា​លក្ខណៈ​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២​លាន ៦​សែន​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន។ ក្នុង​នោះ​ក្រុមហ៊ុន​វៀតណាម ធំ​២ គឺ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប កំពុង​មមាញឹក​របរ​កាប់​ព្រៃ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​សម្បទាន​នោះ។

ទោះ​យ៉ាង​ណា និស្សិត​ឆ្នាំ​ទី៣ នៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារ​គមនាគមន៍​កម្ពុជា (DMC) នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា រិទ្ធី លំអរពេជ្រ យល់​ថា ការ​ចេញ​របាយការណ៍​នោះ គឺ​មិន​អាច​ស្តាប់​តែ​មួយ​ចំហៀង​បាន​ទេ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ហ៊ាន​ចេញ​មុខ​មក​បកស្រាយ​ជា​សាធារណៈ​នូវ​ការ​រក​ឃើញ​របស់​របាយការណ៍​នេះ និង​ជា​សារ​មួយ​បង្ហាញ​ដល់​ពលរដ្ឋ​ឲ្យ​ដឹង​ថា តើ​រដ្ឋាភិបាល​ពិត​ជា​បាន​បណ្តោយ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​ខ្លួន​ឯង​មែន ឬ​យ៉ាង​ណា?

មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​រដ្ឋាភិបាល​តែង​បដិសេធ​នូវ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដែល​រក​ឃើញ​ពី​មែក​ធាង​នៃ​អំពើ​ពុក​រលួយ ការ​រំលោភ​ដីធ្លី និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា ហើយ​បាន​ខឹង​សម្បា​នឹង​អង្គការ​នេះ​រហូត​មាន​ការ​បណ្ដេញ​អង្គការ​នេះ​ចេញ​មិន​ឲ្យ​បំពេញ​បេសកកម្ម​នៅ​កម្ពុជា នោះ​ទេ។ ទោះ​យ៉ាង​ណា អង្គការ​នេះ​នៅ​តែ​បន្ត​ការងារ​របស់​ខ្លួន​ដដែល។

មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​អត្ថាធិប្បាយ​ឲ្យ​ស៊ី​ជម្រៅ​ទៅ​លើ​របាយការណ៍​នេះ​ឡើយ ដោយ​គ្រាន់​តែ​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ធ្វើ​ឡើង​សម្រាប់​តែ​វាយ​ប្រហារ​រដ្ឋាភិបាល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បាន​ជំរុញ​ឲ្យ​អង្គការ​នេះ​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​ទៀត​ផង បើ​សិន​ជា​រក​ឃើញ​ការ​ពិត​ដូច​របាយការណ៍​នោះ​មែន។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​រីករាយ​រង់ចាំ​ពាក្យ​បណ្ដឹង​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ចំពោះ​ការ​រក​ឃើញ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ណា​មួយ​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល៖ «មិន​មែន​ជា​កិច្ចការ​របស់​យើង​ខ្ញុំ​ទេ កុំ​ចេះ​តែ​ទម្លាក់​មក​ខាង​ខ្ញុំ។ ឥឡូវ សូម​ឲ្យ​តម្រុយ​អំពើ​ពុក​រលួយ​ឲ្យ​ខ្ញុំ​មក ទើប​ចាត់​ការ។ របាយការណ៍​ហ្នឹង​អត់​មាន​អី​ទេ សុំ​ដាក់​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផ្លូវ​ការ ហើយ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់។ យើង​មិន​អាច​ឲ្យ​គេ​ធ្វើ​ដោយ​អត់​មាន​ការ​ទទួល​ខុស​ត្រូវ​ទេ»

ទោះ​យ៉ាង​ណា ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន យល់​ថា ប្រសិន​បើ​អង្គការ​នេះ​ពិត​ជា​ដាក់​ពាក្យ​បណ្ដឹង​រដ្ឋាភិបាល​មែន​នោះ គឺ​អាច​ធ្វើ​បាន​តាម​រយៈ​តុលាការ​ក្នុង​ស្រុក ហើយ​មិន​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​បាន​ទេ ដោយ​លោក​ពន្យល់​ថា រឿង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា ហើយ​មិន​មែន​ជា​បទ​ល្មើស​អន្តរជាតិ​ឡើយ។

លោក សុក សំអឿន យល់​ថា ការ​ចេញ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក នៅ​ពេល​នេះ គឺ​មិន​មាន​ចេតនា​ណា​មួយ​ចង់​ប្ដឹង​ផ្តល់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ របាយការណ៍​នោះ​អាច​ជា​សារ​មួយ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​សាឡើងវិញ​នូវ​អ្វី​ដែល​អង្គការ​នេះ​បាន​រក​ឃើញ ហើយ​បើ​មិន​ពិត​ដូច​ការ​លើក​ឡើង​ទេ​នោះ រដ្ឋាភិបាល​អាច​ច្រាន​ចោល​របាយការណ៍​នោះ​បាន។

ទន្ទឹម​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​ច្បាប់​នេះ ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស៊ើប​អង្កេត​លើ​សកម្មភាព​បំពាន​ច្បាប់​របស់​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ​ដើម្បី​កាត់​បន្ថយ​វិបត្តិ​ដីធ្លី ការ​បង្ក​មហន្តរាយ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។