មនុស្ស​ជាង​៥​ពាន់​នាក់​រួមគ្នា​ដើរ​រើស​សំរាម​សំអាត​ទីក្រុង​នៅ​រតនគិរី

0:00 / 0:00

មនុស្ស​ជាង ៥​ពាន់​នាក់​ជួបជុំ​គ្នា​ប្រារព្ធ​មីទីង​ផ្សព្វផ្សាយ​បំផុស​ចលនា​ទីក្រុង​ស្អាត និង​នាំ​គ្នា​រើស​សំរាម​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី។ ​អ្នក​ចូលរួម​លើក​ឡើង​ថា កម្មវិធី​មាន​គោលបំណង​បំផុស​សកម្មភាព​រក្សា​អនាម័យ និង​ការ​វេច​ខ្ចប់​សំរាម​បាន​ល្អ អនុវត្ត​ពាក្យ​ស្លោក​ទីក្រុង​ស្អាត គ្មាន​សំរាម។

សិស្សានុសិស្ស និស្សិត និង​មន្ត្រី​រាជការ​កង​ប្រដាប់​អាវុធ​បាន​បើក​យុទ្ធនាការ​រើស​សំរាម​សំអាត​អនាម័យ​បរិស្ថាន​នៅ​តាម​បណ្ដា​ផ្លូវ​នានា ក្នុង​ក្រុង​បានលុង សម្រាប់​ចូលរួម​បុណ្យ​មាឃបូជា​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ នេះ។

អភិបាល​ក្រុង​បានលុង លោក ងិន ណែល ដែល​ដឹកនាំ​យុទ្ធនាការ​នេះ​ថ្លែង​ថា សិស្ស​បឋម​សិក្សា សិស្ស​អនុវិទ្យាល័យ និង​វិទ្យាល័យ​ចំនួន​១០ រួម​ទាំង​មន្ត្រី​រាជការ​មន្ទីរ​ពាក់​ព័ន្ធ​ប្រមាណ ៥​ពាន់​នាក់ ស្ម័គ្រ​ចិត្ត​ចូលរួម​ពិធី​នេះ​ដើម្បី​បំផុស​ស្មារតី​ប្រជាពលរដ្ឋ​រួមគ្នា​សំអាត​សំរាម​ឲ្យ​បាន​ល្អ។ លោក​ថា នេះ​ជា​គំរូ​សម្រាប់​បណ្ដុះ​គំនិត​ឲ្យ​ពលរដ្ឋ​ឲ្យ​ស្រឡាញ់​បរិស្ថាន និង​សុខភាព​អនាម័យ​ក្នុង​ក្រុង។

​កាល​ពី​ឆ្នាំ​២០១៦ អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ដឹកនាំ​យុទ្ធនាការ​រើស​សំរាម​ជា​ច្រើន​លើក​ចូលរួម​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៤ និង​ទិវា​ជាតិ​យុវជន និង​ទីក្រុង​ស្អាត​លើក​ទី​១ នៅ​ក្រុង​បានលុង និង​រើស​សំរាម​​នៅ​ជុំវិញ​មាត់​បឹង​កន្សែង តំបន់​ទេសចរណ៍​កណ្ដាល​ក្រុង​បានលុង។

សិស្សានុសិស្ស​ចូល​រួម​យុទ្ធនាការ​រើស​សំរាម​សំអាត​ក្រុង​បានលុង ក្នុង​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Ratha Visal
សិស្សានុសិស្ស​ចូល​រួម​យុទ្ធនាការ​រើស​សំរាម​សំអាត​ក្រុង​បានលុង ក្នុង​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Ratha Visal (RFA/Ratha Visal)

យុវនារី​សិស្ស​អនុវិទ្យាល័យ​ឡាបានសៀក កញ្ញា ចាយ ស្រីដែន ចាត់​ទុក​ការ​សំអាត​សំរាម គឺ​ជា​តួនាទី​របស់​ពលរដ្ឋ​ទាំង​អស់​គ្នា​ដែល​ត្រូវ​នាំគ្នា​យក​ចិត្ត​ទុក​ដាក់​បំបាត់​កាកសំណល់ និង​សំរាម​នៅ​គ្រប់​ទីកន្លែង។

កញ្ញា​កត់សំគាល់​ថា បច្ចុប្បន្ន​សំរាម​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះចោល​ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ និង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព និង​អនាម័យ ហេតុ​នេះ​សំរាម​គឺ​ជា​ប្រធានបទ​សំខាន់​​ដែល​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​នាំគ្នា​កែប្រែ​ទម្លាប់​វេច​ខ្ចប់ ឬ​ដាក់​សំរាម​ក្នុង​ធុង​ដើម្បី​ទីក្រុង​ស្អាត​មាន​​អនាម័យ​ល្អ៖ «នេះ​ជាទី​ខេត្ត​យើង​ទឹក​ដី​យើង យើង​ត្រូវ​តែ​សំអាត​សំរាម​ឲ្យ​អស់ពី​ដី»

​នៅ​ខេត្ត​រតនគិរី តួលេខ​ប៉ាន់ប្រមាណ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី បង្ហាញ​ថា យ៉ាង​ហោច ប្រជាពលរដ្ឋ​ក្រុង​បានលុង បញ្ចេញ​ចោល​កាកសំណល់ និង​សំរាម​ជាង ៥០​តោន​ក្នុង​មួយ​ថ្ងៃៗ។

​គ្រូបង្រៀន​អនុវិទ្យាល័យ ឡាបានសៀក លោក ប៉ុន គន្ធា ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ទិវា​ទីក្រុង​ស្អាត និង​យុទ្ធនាការ​រើស​សំរាម​នៅ​តាម​ទី​សាធារណៈ ថា​គឺ​ជា​ការ​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​អ្នក​លក់​ដូរ និង​អាជីវករ​នៅ​តាម​ទីផ្សារ​ផ្ទះ​លក់​ទំនិញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​សំអាត​លំនៅឋាន កន្លែង​លក់ដូរ និង​ចូល​រួម​ថែរក្សា​ទី​សាធារណៈ កុំ​ឲ្យ​មាន​សំរាម​បន្សល់​ចោល​ដូច​មុន​ទៀត។ លើស​ពី​នេះ​ទៀត លោក​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​ទីក្រុង​ស្អាត៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ល្អ ព្រោះ​យើង​នាំ​គ្នា​សំអាត​ក្រុង​យើង​ឲ្យ​មាន​បរិស្ថាន​មើល​ទៅ​ស្អាត។ ខ្ញុំ​អំពាវនាវ​លើក​ក្រោយ​សុំ​ឲ្យ​ចូលរួម​ទាំង​អស់​គ្នា»

​ក្រុង​បានលុង ខេត្ត​រតនគិរី បាន​ទទួល​ចំណាត់ថ្នាក់​ផ្កា​រំដួល​មួយ​ទង ដែល​ជា​ចំណាត់ថ្នាក់​ទី​បី​ក្នុង​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ទូទាំង​ប្រទេស​របស់​ក្រសួង​ទេសចរណ៍ កាល​ពី​ឆ្នាំ​២០១៤។

យុទ្ធនាការ​រើស​សំរាម​ដើម​ឆ្នាំ​២០១៧ នេះ គឺ​សង្កត់ធ្ងន់​ទៅ​ការ​អនុវត្ត​ពាក្យ​ស្លាក​ទីក្រុង​ស្អាត​គ្មាន​សំរាម ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ធ្វើ​អនាម័យ បំផុស​គំនិត​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត រៀបចំ​អនាម័យ​ចូលរួម​បុណ្យ​មាឃបូជា និង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​បំផុស​ចលនា​ត្រៀម​ខ្លួន​ការពារ​អគ្គីភ័យ​នៅ​រដូវ​ប្រាំង​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។