ដើម្បីចូលរួមតវ៉ា សូមចូលទៅកាន់គេហទំព័រ www.change.org
ក្រុមអ្នកតវ៉ាអះអាងថា ក្លឹបបាល់ទាត់អាស៊ើណល (Arsenal FC) របស់អង់គ្លេស និងក្រុមហ៊ុនវៀតណាម ហ្វាង អាន់ យ៉ាឡាយ បានសហការគ្នាឧបត្ថម្ភកម្មវិធីបណ្ដុះបណ្ដាលហ្វឹកហ្វឺនបាល់ទាត់មួយដល់កុមារវៀតណាម នៅប្រទេសវៀតណាម ហើយសុំឲ្យក្លឹបអាស៊ើណល ឈប់សហការជាមួយក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) ដើម្បីដាក់ទណ្ឌកម្មចំពោះទង្វើអាក្រក់របស់ក្រុមហ៊ុនវៀតណាម មួយនេះ។
អ្នកតវ៉ាមកពីប្រទេសនានាជាច្រើន បានបញ្ចេញមតិតវ៉ាតាមរយៈអ៊ីនធឺណិត (Internet) សុំឲ្យលោកនាយកប្រតិបត្តិក្លឹបបាល់ទាត់អាស៊ើណល គឺលោក អ៊ីវ៉ាន ហ្គាស៊ិឌី (Ivan Gazidis) ផ្ដាច់ទំនាក់ទំនងសហការធ្វើជាដៃគូជាមួយក្រុមហ៊ុនវៀតណាម ហ្វាង អាន់ យ៉ាឡាយ ក្នុងកម្មវិធីបង្វឹកក្រុមបាល់ទាត់កុមារវៀតណាម បន្តទៅទៀត។
ក្រុមហ៊ុនវៀតណាម ហ្វាង អាន់ យ៉ាឡាយ ជាក្រុមហ៊ុនវៀតណាម មួយ សហការជាមួយក្លឹបបាល់ទាត់អាស៊ើណល នៃប្រទេសអង់គ្លេស ឧបត្ថម្ភកម្មវិធីបណ្ដុះបណ្ដាលហ្វឹកហ្វឺនក្រុមបាល់ទាត់កុមារវៀតណាម នៅប្រទេសវៀតណាម ដើម្បីឲ្យអនាគតកុមារវៀតណាម ក្លាយជាក្រុមបាល់ទាត់អាជីព និងខ្លាំងពូកែទៅអនាគត។
ការតវ៉ាតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានអាសយដ្ឋានថា change.org ផ្ដួចផ្ដើមឡើងដោយជនជាតិអង់គ្លេសម្នាក់នៅទីក្រុងឡុងដ៍ (London) ឈ្មោះ និក ឆ្លកមេន (Nic Schlagman) បានចាប់ផ្ដើមតវ៉ាបន្ទាប់ពីរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness = គ្លបល វីតនេស) ចេញផ្សាយនៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៣ ស្ដីពីក្រុមហ៊ុនវៀតណាម ហ្វាង អាន់ យ៉ាឡាយ វិនិយោគដាំកៅស៊ូនៅប្រទេសកម្ពុជា បានបំពានច្បាប់ រំលោភសិទ្ធិមនុស្ស និងកាប់បំផ្លាញព្រៃឈើនៅកម្ពុជា និងប្រទេសឡាវ រួចមក។
សេចក្ដីផ្ដើមនៃសារតវ៉ានោះសរសេរជាភាសាអង់គ្លេស ដែលប្រែជាភាសាខ្មែរដូច្នេះថា៖ «យើងស្រឡាញ់ក្លឹបបាល់ទាត់អាស៊ើណល របស់យើង។ ការបន្តទំនាក់ទំនងជាមួយក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ជាដៃគូរបស់យើងនៅវៀតណាម នាំមកនូវសេចក្ដីអាម៉ាស់កេរ្តិ៍ឈ្មោះជាប្រវត្តិសាស្ត្រនៃក្លឹបរបស់យើង»។
សារដដែលបានចោទក្រុមហ៊ុនវៀតណាម ហ្វាង អាន់ យ៉ាឡាយ ថាបានយកកេរ្តិ៍ឈ្មោះល្បីរបស់ក្លឹបបាល់ទាត់អាស៊ើណល ទៅបិទបាំងអំពើអាក្រក់របស់ខ្លួនបំផ្លាញព្រៃឈើ បរិស្ថាន និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងប្រទេសឡាវ ហើយមិនទទួលខុសត្រូវ ដោយមានសំណងបន្តិចបន្តួចដល់ជនរងគ្រោះ។ សារនោះបន្តថា ការផ្ដាច់ទំនាក់ទំនងក្លឹបអាស៊ើណល និងក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ គឺជាការដាក់ទណ្ឌកម្មក្រុមហ៊ុននេះ និងអាចរក្សាកេរ្តិ៍ឈ្មោះក្លឹបបាល់ទាត់អង់គ្លេស មួយនេះ កុំឲ្យខូចឈ្មោះក្នុងនាមជាក្រុមបាល់ទាត់មួយដែលគេគោរពស្រឡាញ់ ល្បីល្បាញលើសកលលោក ដោយបន្តថា៖ «យើងចង់ឲ្យក្លឹបយើងធ្វើជាគំរូ ហើយមានឈ្មោះក្រុមបាល់ទាត់ដ៏ល្អផុតលេខ ល្បីល្បាញពេញសកលលោក។ បញ្ឈប់ភាពអាម៉ាស់។ បញ្ឈប់ភាពជាដៃគូ។ ធ្វើឲ្យយើងមោទនភាព»។
ការតវ៉ាតាមអ៊ីនធឺណិតនេះ ចាប់ផ្ដើមក្រោយពេលអង្គការ គ្លបល វីតនេស ចេញរបាយការណ៍មួយអំពីការបំផ្លាញព្រៃឈើរបស់ក្រុមហ៊ុនវៀតណាម ហ្វាង អាន់ យ៉ាឡាយ និងក្រុមហ៊ុនវៀតណាម ដទៃទៀតនៅកម្ពុជា និងប្រទេសឡាវ នៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៣។ មកដល់រសៀលថ្ងៃទី២៩ ឧសភា ចំនួនអ្នកតវ៉ាបានកើនឡើងដល់ ៤២២នាក់ហើយ។ ក្រុមអ្នកតវ៉ានោះភាគច្រើនជាជនបរទេស។ ប៉ុន្តែគេឃើញមានជនជាតិខ្មែរដែលជាម្ចាស់ប្រទេស ទទួលរងខូចខាតពីការបំផ្លាញធម្មជាតិពីសំណាក់ក្រុមហ៊ុនវៀតណាម នេះ ចូលរួមតវ៉ាចំនួនតិចបំផុត។
លោក ឈឹម សាវុធ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលធ្វើការការពារព្រៃឈើដែរនោះ សម្ដែងការសោកស្ដាយថា មិនគួរមានចំនួនប្រជាពលរដ្ឋខ្មែរតិចចូលរួមតវ៉ាក្នុងរឿងនេះសោះ ក្នុងនាមជាម្ចាស់ស្រុកដែលរងការខូចខាតធ្ងន់ធ្ងរដូច្នេះ។
ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ បានវិនិយោគលើវិស័យដំណាំកៅស៊ូនៅកម្ពុជា ខេត្តរតនគិរី ជាប់ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។ ក្រុមហ៊ុននេះកាន់កាប់ដីនៅខេត្តរតនគិរី ក្រោមផ្លាកសម្បទានដីសេដ្ឋកិច្ចជិតប្រាំម៉ឺនហិកតារ (៤៧.៣៧០ហិកតារ) នៅខណៈច្បាប់កម្ពុជា កំណត់មិនអោយលើសពីមួយម៉ឺនហិកតារ សម្រាប់ក្រុមហ៊ុននីមួយៗ។
របាយការណ៍របស់អង្គការ គ្លបល វីតនេស បង្ហាញថា ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និងក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group=VRG) ទទួលបានសម្បទានដីសេដ្ឋកិច្ចលើសច្បាប់កំណត់ ៥ដង និងជួយក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ទទួលបានដីសម្បទានសេដ្ឋកិច្ចលើសច្បាប់កំណត់ ១៦ដង ហើយជាងនេះទៅទៀតនោះ អង្គការ គ្លបល វីតនេស បានចោទថា ក្រុមហ៊ុនវៀតណាម ទាំងនោះ បានកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិនៅកម្ពុជា និងឡាវ សន្ធឹកសន្ធាប់។ ក៏ប៉ុន្តែ តំណាងក្រុមហ៊ុននេះបដិសេធរបាយការណ៍នោះ។
អ្នកផ្ដួចផ្ដើមនៃក្រុមអ្នកតវ៉ា លោក និក ឆ្លកមេន បញ្ជាក់ថា នៅពេលចំនួនអ្នកតវ៉ាកើនដល់ ៥០០នាក់ ដែលជាចំនួនកំណត់តាមការគ្រោងទុកនោះ លោកនឹងដាក់សេចក្ដីតវ៉ានេះជូនទៅនាយកប្រតិបត្តិក្លឹបបាល់ទាត់អាស៊ើណល គឺលោក អ៊ីវ៉ាន ហ្គាស៊ិឌី សុំឲ្យផ្ដាច់ទំនាក់ទំនងសហការធ្វើជាដៃគូជាមួយក្រុមហ៊ុនវៀតណាម ហ្វាង អាន់ យ៉ាឡាយ ភ្លាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
