ពលរដ្ឋ​រិះគន់​អាជ្ញាធរ​មិន​ទប់ស្កាត់​ការ​ចាក់​ដី​លុប​មាត់​បឹង​ព្រែក​ទប់​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

សកម្មភាព​ជីក​កាយ​ដី​ភ្នំ​យក​អាចម៍​ដី​ចាក់​លុប​រំលោភ​យក​ដី​នៅ​តាម​មាត់​សមុទ្រ មាត់​អូរ មាត់​ព្រែក និង​ជាពិសេស​លុប​មាត់​បឹង​ព្រែក​ទប់ ដែល​ជា​បឹង​ស្តុក​ទឹក​សាប​ដ៏​សំខាន់​សម្រាប់​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ បាន​បន្ត​កើត​មាន​ជា​ថ្មី និង​រីក​រាល​ដាល​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ បន្ត​រិះគន់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ដែល​ទុក​បណ្តោយ​ឲ្យ​មាន​សកម្មភាព​រថយន្ត​ដឹក​ដី​ធំៗ ចាក់​លុប​រំលោភ​យក​ដី​រដ្ឋ ឬ​ដី​នៅ​តាម​មាត់​បឹង​ព្រែក​ទប់ បន្ត​កើត​មាន​អនាធិបតេយ្យ។

សំឡេង​លាន់​ឮ​ចេញ​ពី​ម៉ាស៊ីន​រថយន្ត​ដឹក​ដី​ចាក់​លុប​ផ្ទៃ​រង​ទឹក​ភ្លៀង នៃ​បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​បន្ត​កើត​មាន​ប៉ុន្មាន​ថ្ងៃ​ក្នុង​សប្ដាហ៍​នេះ។ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ឲ្យ​ដឹង​ថា ឃើញ​មាន​រថយន្ត​ដឹក​ដី​ធំៗ​មាន​ចំណុះ ៨​ម៉ែត្រ​គូប​ជាច្រើន​គ្រឿង បាន​ដឹក​ដី​រាប់​រយ​ជើង​ក្នុង​មួយ​ថ្ងៃៗ ទៅ​ចាក់​លុប​មាត់​បឹង​ព្រែក​ទប់ ឬ​អូរ និង​ចាក់​ដី​ឡូ​ជាច្រើន​កន្លែង​ទៀត។

អ្នក​ម៉ៅការ​រថយន្ត​ដឹក​ដី​ចាក់​លុប​មាត់​បឹង​ព្រែក​ទប់ ដែល​មាន​មាឌ​ធំ​ក្រអាញ បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​មិថុនា ពួក​គេ​បាន​ចាក់​ដី​លុប​មាត់​បឹង​ព្រែក​ទប់ ជាង ១០០​ឡាន។ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍ឯក តេង សួន ប្រធាន​នាយកដ្ឋាន​ព្រំដែន​ទឹក​នៃ​ក្រសួង​មហាផ្ទៃ ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​ចាក់​ដី​លុប​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់។

សកម្មភាព​ចាក់​ដី​លុប​មាត់​បឹង​ព្រែក​ទប់ កើត​មាន​ប៉ុន្មាន​ថ្ងៃ​មក​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក ហេង សំអាន ជា​អភិបាល​រង​ខេត្ត​នេះ បាន​លើក​ឡើង​ផ្ទុយ​គ្នា។ លោក ឈិត សុខុន បញ្ជាក់​ថា សកម្មភាព​ចាក់​ដី​លុប​មាត់​បឹង​ព្រែក​ទប់ ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺ​ជា​ទង្វើ​ល្មើស​ច្បាប់ និង​អនុវត្ត​ផ្ទុយ​លិខិត​ដែល​រូប​លោក​បាន​ចុះ​ហត្ថលេខា​ផ្តល់​ជូន លោក ហេង ប៊ិច ជា​តំណាង​ប្រជាពលរដ្ឋ​តំបន់​បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដែល​ស្នើសុំ​ចាក់​ដី​បន្ថែម និង​ដាំ​កូន​ឈើ​បំពេញ​បន្ថែម​នៅ​តំបន់​បឹង​ព្រែក​ទប់។ លោក ឈិត សុខុន បញ្ជាក់​ថា ម្ចាស់​សំណើ​បាន​អនុវត្ត​ខុស​ខ្លឹមសារ​នៃ​សេចក្តី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​បាន​ដាក់​ចេញ​លក្ខខណ្ឌ​ចំនួន ៦​ចំណុច ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១២។ ខ្លឹមសារ​ទាំង​នោះ គឺ​តម្រូវ​ឲ្យ​រក្សា​បឹង​ព្រែក​ទប់ ជា​ប្រភព​ទឹក​សាប​ទុក​សម្រាប់​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ រក្សា​សិទ្ធិ​រស់នៅ និង​កាន់​កាប់​ដីធ្លី​ជាក់ស្តែង​កន្លង​មក​របស់​ប្រជាពលរដ្ឋ​ស្ថិត​នៅ​តំបន់​បឹង​ព្រែក​ទប់។ ក្នុង​នោះ តាម​ស្មារតី​ពិភាក្សា​រវាង​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ លើ​ដំណោះស្រាយ​នៃ​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ បាន​តម្រូវ​ឲ្យ​រៀបចំ​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ទំនប់ ផ្លូវ​ព័ទ្ធ​ជុំវិញ​បឹង និង​រក្សា​ដី​ចំណី​ផ្លូវ​ប្រវែង ១០​ម៉ែត្រ​សង​ខាង​បណ្ដាញ​លូ​បង្ហូរ មាន​ដាំ​ដើម​ឈើ​ការពារ​បរិស្ថាន​មាត់​បឹង និង​ធានា​មិន​ឲ្យ​មាន​ការ​ទន្ទ្រាន​កាន់​កាប់​ដី​មាត់​បឹង​ជា​ដាច់​ខាត។ ជាង​នេះ ក៏​តម្រូវ​ឲ្យ​អ្នក​កាន់​កាប់​ដីធ្លី​ទាំង​នោះ ត្រូវ​ធ្វើ​កិច្ចសន្យា​មិន​បង្ហូរ​កាក​សំណល់​ចូល​ទៅ​ក្នុង​បឹង និង​ត្រូវ​បរិច្ចាគ​ដី ឬ​ធនធាន​ខ្លះ ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​នេះ និង​ត្រូវ​បង្កើត​ក្រុម​ការងារ​ចម្រុះ ដើម្បី​តាម​ដាន​ជា​ប្រចាំ​អំពី​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹង​ព្រែក​ទប់ ដោយ​ធានា​ឲ្យ​បាន​នូវ​ការ​សាងសង់​លំនៅឋាន​ផ្សេងៗ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ផ្ទៃ​ទឹក​បឹង ជាដើម។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ល្ងាច​ថ្ងៃ​ទី​៥ ខែ​មិថុនា លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ព្រមាន​ថា នឹង​ឃាត់​រថយន្ត និង​គ្រឿងចក្រ​ទាំងឡាយ​ណា​ដែល​ហ៊ាន​ល្មើស​បន្ត​ដឹក​ដី​ចាក់​លុប​មាត់​បឹង​ព្រែក​ទប់​បន្ត​កើត​ឡើង​ទៀត​នោះ។

ទោះ​ជា​បែប​នេះ​ក្តី លោក ហេង សំអាន អភិបាល​រង​ខេត្ត​ព្រះសីហនុ បាន​អះអាង​ផ្ទុយ​ពី​សារ​ព្រមាន​របស់ លោក ឈិត សុខុន ជា​អភិបាល​ខេត្ត។ លោក ហេង សំអាន បាន​អះអាង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​បន្ទប់​ធ្វើ​ការ​របស់​លោក​កាល​ពី​ថ្ងៃ​សុក្រ ទី​៥ ខែ​មិថុនា ថា សកម្មភាព​ដឹក​ដី​ចាក់​លុប​បឹង​ព្រែក​ទប់ ដែល​ធ្វើ​សកម្មភាព​ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺ​បាន​អនុវត្ត​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ទៅ​វិញ។

យ៉ាង​នេះ​ក្តី លោក ឈិត សុខុន ព្រមាន​ថា បើ​អ្នក​ពាក់ព័ន្ធ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​លោក​ទេ លោក​នឹង​ស្នើសុំ​គោលការណ៍​អនុវត្ត​តាម​ច្បាប់ ចំពោះ​សកម្មភាព​ល្មើស​ចាក់​ដី​លុប​មាត់​បឹង​ព្រែក​ទប់ និង​មាន​វិធានការ​ឲ្យ​បាន​ធ្ងន់ធ្ងរ។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​ព្រះសីហនុ បាន​រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ ថា​មាន​ភាព​កម្សោយ​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​ចាក់​ដី​លុប​មាត់​បឹង​ព្រែក​ទប់ ដែល​ជា​បឹង​ស្តុក​ទឹក​សាប​ដ៏​សំខាន់​ទុក​សម្រាប់​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ទេសចរណ៍​មួយ​នេះ។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់ ស៊ីអិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ ថ្លែង​ថា អភិបាល​ខេត្ត​ព្រះសីហនុ គួរ​តែ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ភ្លាមៗ។ ជាង​នេះ មន្ត្រី​ពាក់ព័ន្ធ មិន​គួរ​បើក​ដៃ​ឲ្យ​ឈ្មួញ ឬ​បុគ្គល​លោភលន់​មួយ​ចំនួន អាច​ធ្វើ​សកម្មភាព​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ ដើម្បី​យក​អាចម៍​ដី​ចាក់​លុប​បឹង​ព្រែក​ទប់ មាត់​សមុទ្រ និង​អូរ ជាដើម ដោយ​គ្មាន​ការ​ទប់ស្កាត់​នោះ​ទេ។

បញ្ហា​នេះ​ដែរ លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ ក៏​បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ដើម្បី​រក្សា​បឹង​ស្តុក​ទឹក​សាប​ដ៏​សំខាន់​មួយ​នេះ​ឲ្យ​បាន​គង់វង្ស។ ជាង​នេះ ប្រមុខ​ដឹក​នាំ​ត្រូវ​មាន​បទបញ្ជា​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ឲ្យ​ជីក​យក​អាចម៍​ដី​ដែល​ឈ្មួញ ឬ​បុគ្គល​មួយ​ចំនួន​បាន​ចាក់​រំលោភ​យក​ផ្ទៃ​រង​ទឹក​ភ្លៀង ឬ​រំលោភ​យក​មាត់​បឹង​ព្រែក​ទប់ ឲ្យ​បាន​ជ្រៅ និង​មាន​ទំហំ​ធំ​ទូលាយ​ឡើង​វិញ។

យ៉ាង​ណា​ក៏ដោយ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ចាក់​ដី​រំលោភ​យក​ដី​មាត់​បឹង​ព្រែក​ទប់ ធ្វើ​ជា​កម្មសិទ្ធិ​ដូច​ពេល​មុន​ទៀត​ទេ ក្នុង​អាណត្តិ​ដឹក​នាំ​របស់​លោក។ ក្រោយ​ពេល លោក ឈិត សុខុន បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ សកម្មភាព​ដឹក​ដី​ចាក់​លុប​មាត់​បឹង​ព្រែក​ទប់ បាន​ផ្អាក​សកម្មភាព​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​៥ ខែ​មិថុនា។ ទោះ​ជា​យ៉ាង​ណា អ្នក​ម៉ៅការ​ចាក់​ដី​លុប​មាត់​បឹង​ព្រែក​ទប់ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ពួក​គេ​បាន​ចាក់​ដី​ជាង ១០០​ឡាន​ចូល​ទៅ​ក្នុង​មាត់​បឹង​ព្រែក​ទប់ ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

លោក​ឧត្តមសេនីយ៍ឯក តេង សួន ប្រធាន​នាយកដ្ឋាន​ព្រំដែន​ទឹក​នៃ​ក្រសួង​មហាផ្ទៃ ដែល​រង​ការ​ចោទ​ថា បាន​នៅ​ពី​ក្រោយ​សកម្មភាព​ចាក់​ដី​លុប​មាត់​បឹង​ព្រែក​ទប់ បាន​បដិសេធ​ថា មិន​បាន​ដឹង​ឮ​លើ​ករណី​ចាក់​ដី​នោះ​ទេ។ លោក​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​រូប​លោក។

បឹង​ព្រែក​ទប់ គឺ​ជា​បឹង​ធម្មជាតិ​ស្តុក​ទឹក​សាប​ដ៏​ធំ​មួយ ទុក​សម្រាប់​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ប្រើប្រាស់ ប៉ុន្តែ​ជា​បន្តបន្ទាប់ ផ្ទៃ​រង​ទឹក​ភ្លៀង ឬ​មាត់​បឹង​ធម្មជាតិ​ដែល​ជា​បឹង​ស្តុក​ទឹក​សាប​ដ៏​សំខាន់​មួយ​នេះ ត្រូវ​ឈ្មួញ និង​បុគ្គល​មាន​អំណាច​មួយ​ចំនួន បាន​បន្ត​មហិច្ឆតា​រំលោភ​កាន់​កាប់​ជា​បន្តបន្ទាប់​មក​ដល់​ពេល​នេះ។

ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា បាន​កំណត់​ថា ដី​ភ្នំ បឹងបួ ទន្លេ ព្រែក អូរ សមុទ្រ ឆ្នេរ និង​កោះ ជាដើម គឺ​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ដែល​ត្រូវ​រួម​គ្នា​ការពារ​ឲ្យ​បាន​គង់វង្ស។ ទោះ​ជា​បែប​នេះ​ក្តី នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដី​ភ្នំ កោះ បឹង​ធម្មជាតិ ដី​ឆ្នេរ និង​ដី​កោះ ជាដើម ត្រូវ​ឈ្មួញ​មាន​ទ្រព្យ​ធន និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​ប្រើប្រាស់​គ្រប់​រូបភាព​ដើម្បី​រំលោភ​កាន់​កាប់​ធ្វើ​កម្មសិទ្ធិ ហើយ​សកម្មភាព​នេះ អាជ្ញាធរ​ឆ្លើយ​ថា​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ឬ​បាន​បង់​ពន្ធ​ជូន​រដ្ឋ​គ្រប់​ចំនួន ជាដើម។

តាម​របាយការណ៍​របស់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា បឹង​ព្រែក​ទប់ មាន​ផ្ទៃ​សរុប​ជាង ១៥​ហិកតារ និង​អាច​ស្តុក​ទឹក​បាន​ប្រមាណ ៥០​ម៉ឺន​ម៉ែត្រ​គូប។

ទាក់ទង​បឹង​ព្រែក​ទប់ នេះ​ដែរ នៅ​ក្នុង​ពិធី​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៥ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៤ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រូវ​រួម​គ្នា​ថែ​រក្សា​បឹង​ព្រែក​ទប់ និង​ព្រៃ​ជុំវិញ​បឹង​នោះ​ឲ្យ​បាន​គង់វង្ស បង្ការ​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។