ពលរដ្ឋ​ខ្វែង​គំនិត​លើ​គម្រោង​ផលិត​ទឹក​ស្អាត​ក្នុង​បឹង​ឈ្វាំង​ខេត្ត​កំពង់ឆ្នាំង

0:00 / 0:00

ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង គ្រោង​ជួប​ពិភាក្សា​ដោះស្រាយ​ពី​ភាព​ខ្វែង​គំនិត​គ្នា ជុំវិញ​គម្រោង​ផលិត​ទឹក​ស្អាត​ក្នុង​បឹង​ឈ្វាំង ស្ថិត​នៅ​ឃុំ​រលាប្អៀរ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មេសា។ កិច្ច​ពិភាក្សា​នេះ នឹង​មាន​ការ​ជជែក​ដេញដោល​គ្នា និង​លើក​ពី​ហេតុផល​ផ្សេងៗ​រវាង​ប្រជាពលរដ្ឋ​គាំទ្រ និង​ប្រជាពលរដ្ឋ​មិន​គាំទ្រ​គម្រោង​ផលិត​ទឹក​ស្អាត​នេះ។

បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ព្រៃខ្មែរ ប្រមាណ​ជា ១០០​នាក់ បាន​ប្រតិកម្ម និង​បដិសេធ​មិន​ទទួល​យក​គម្រោង​ផលិត​ទឹក​ស្អាត ដែល​ចំណាយ​ទឹក​ប្រាក់​ជាង ៥​ម៉ឺន​ដុល្លារ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ លោក​ខាង​លិច​ជួយ​លោក​ខាង​កើត (EMW) រួច​មក មន្ត្រី​សមាគម​អាដហុក (Adhoc) បាន​ចាប់​យក​ការ​សម្រប​សម្រួល​ក្នុង​រឿង​ដ៏​ចម្រូងចម្រាស​នេះ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា បញ្ជាក់​នៅ​ថ្ងៃ​ទី​២ ខែ​មេសា ថា យុទ្ធសាស្ត្រ​នៃ​ការ​ដោះស្រាយ​ក្នុង​រឿង​ខ្វែង​គំនិត​គ្នា​នេះ លោក​នឹង​លើក​យក​គោលការណ៍​សម្រុះសម្រួល ដោយ​ធ្វើ​ប្រជា​មតិ និង​អាច​ឈាន​ដល់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហគមន៍​ចំនួន ៥​រូប ដើម្បី​គ្រប់គ្រង​គម្រោង​ទឹក​ស្អាត​នេះ​ដោយ​សហគមន៍​ផ្ទាល់ ក្នុង​ករណី​ដែល​មតិ​ភាគ​ច្រើន​គាំទ្រ៖ «យើង​ក៏​មិន​ចោល​ចំពោះ​អ្នក​ដែល​ជំទាស់​ដែរ យើង​ត្រូវ​ឲ្យ​គាត់​បញ្ចេញ​ទស្សនៈ ឬ​លក្ខន្តិកៈ ដើម្បី​យើង​ដាក់​បញ្ចូល​ទៅ​ក្នុង​លក្ខន្តិកៈ​នៃ​ការ​គ្រប់គ្រង​សហគមន៍​ទឹក​ឈ្វាំង នេះ​ឯង»

ក្រុម​ប្រជាពលរដ្ឋ​សុទ្ធតែ​អះអាង​ថា ខ្លួន​ចង់​បាន​ទឹក​ស្អាត​មក​ប្រើប្រាស់​ដូចៗ​គ្នា ប៉ុន្តែ​ពួក​គាត់​ភាគ​ច្រើន​មិន​ចង់​ឲ្យ​បូម​ទឹក​ពី​ក្នុង​ផ្ទៃ​អាង​ឈ្វាំង មក​ផលិត​នោះ​ទេ ដោយសារ​តែ​ខ្លាច​ទឹក​អាង​រីង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ស្រោចស្រព​ដី​ស្រែ​កសិកម្ម​រាប់​រយ​ហិកតារ​នៅ​ឃុំ​ចំនួន​៣ គឺ​ឃុំ​គោកបន្ទាយ រលាប្អៀរ និង​ឃុំ​អណ្ដូងស្នាយ។ ប៉ុន្តែ អាជ្ញាធរ​អះអាង​ថា គម្រោង​នេះ​នឹង​មិន​អាច​ធ្វើ​ប៉ះពាល់​ដល់​ការ​ស្រោចស្រព​ដី​ស្រែ​កសិកម្ម​ពលរដ្ឋ​ឡើយ ពីព្រោះ​អាង​ឈ្វាំង គឺ​ជា​ប្រភព​ទឹក​ចេញ​ពី​ក្រោម​ដី និង​អាច​បើក​បិទ​នៅ​ពេល​ណា​ក៏​បាន ប្រសិន​បើ​សហគមន៍​ត្រូវ​ការ​ទឹក​ដើម្បី​ធ្វើ​ស្រែ។

ប្រជាពលរដ្ឋ​មិន​គាំទ្រ​គម្រោង​ទឹក​ស្អាត​នេះ លោក សោម ស៊ីណៃ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ផ្ដិត​ស្នាម​មេដៃ​មិន​គាំទ្រ​ចំនួន ៥៧០​នាក់ ស្នើ​នឹង ៤៥០​គ្រួសារ ក្នុង​ចំណោម​គ្រួសារ​សរុប​នៃ​ភូមិ​ព្រៃខ្មែរ ទាំង​មូល​ជាង ៦០០​គ្រួសារ។ លោក​ថា ក្នុង​ករណី​ដែល​គម្រោង​នេះ​នៅ​តែ​ដំណើរ​ការ​នោះ ប្រជាពលរដ្ឋ​មាន​លក្ខខណ្ឌ​ចំនួន ៥​ចំណុច គឺ​ទី​១ ត្រូវ​បង្ហូរ​ទឹក​ដាក់​ស្រែ​ពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវ​ការ។ ទី​២ ត្រូវ​តែ​មាន​ប្រាក់​ឧបត្ថម្ភ​គណៈកម្មការ​គ្រប់គ្រង​ទឹក​ស្អាត​នោះ។ ទី​៣ ថវិកា​ដែល​បាន​មក​ពី​ការ​លក់​ទឹក​ត្រូវ​កាន់​កាប់​ដោយ​ប្រធាន​សហគមន៍។ ទី​៤ ត្រូវ​អភិវឌ្ឍ ឬ​ត​ភ្ជាប់​បណ្ដាញ​ទុយយោ​មេ​ឲ្យ​អ្នក​ភូមិ​នៅ​តំបន់​ភ្នំ​ដើម​ផ្កា បាន​ប្រើប្រាស់​ទឹក​មុន​គេ និង​ទី​៥ តំណាង​អង្គការ​ផលិត​ទឹក​ស្អាត និង​អាជ្ញាធរ ត្រូវ​តែ​ធ្វើ​កិច្ច​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​រាល់​លក្ខខណ្ឌ​ទាំងអស់ ដែល​បាន​លើក​ឡើង រួច​តម្កល់​ទុក​នៅ​សាលា​ឃុំ រហូត​ដល់​ថ្នាក់​ខេត្ត៖ «ប្រធាន​ភូមិ​ក៏​គេ​ប្រាប់​ឲ្យ​ហៅ យើង​ក៏​ហៅ​សមាជិក​យើង​ដែល​ផ្ដិត​មេដៃ​ទៅ​ចូល​រួម​ទាំងអស់​គ្នា។ ពិភាក្សា​បាន​មួយ​ចំនួន​ហើយ គាត់​ថា ប្រសិន​បើ​គេ​ជោគជ័យ គេ​ឈ្នះ​យើង​ឲ្យ​ប្រាំ​ចំណុច​ហ្នឹង បើ​គេ​ទទួល​យក​បាន ឲ្យ​គេ​ធ្វើ​ចុះ បើ​គេ​ទទួល​យក​មិន​បាន​ទេ​សុំ​ដក​គម្រោង​ចេញ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​រលាប្អៀរ លោក ឈឹម វុទ្ធា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​មេសា។

យ៉ាង​ណា នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ​លោក​ខាង​លិច​ជួយ​លោក​ខាង​កើត លោក គឹម ហ៊ ថ្លែង​ថា រាល់​លក្ខខណ្ឌ​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​នេះ គឺ​ស្រប​ទៅ​នឹង​អ្វី​ដែល​ខាង​អង្គការ​ចង់​បាន​ដែរ៖ «មិន​មាន​បញ្ហា​អ្វី​ទេ គឺ​យល់​ព្រម​ទាំងអស់ ហើយ​អ្នក​ផ្ដល់​ជំនួយ​មក​ថ្ងៃ​មុន​មក​ពី​អាមេរិក ហ្នឹង បាន​ទៅ​មើល​ជាមួយ​ខ្ញុំ​ឃើញ​ថា គឺ​មាន​លទ្ធភាព​ត​បាន ៥០០​គ្រួសារ តែ​គាត់​ថា​ឥឡូវ​ត ២៥០​ហ្នឹង​សិន បន្ទាប់​ពី​ត​ហើយ គាត់​នឹង​ថែម​លុយ​ប្រហែល ២​ម៉ឺន ទៅ ២​ម៉ឺន ៥​ពាន់​ដុល្លារ​ភ្ជាប់​បណ្ដាញ​ឲ្យ ២៥០​គ្រួសារ​ទៀត​ឲ្យ​បាន​គ្រប់ ៥០០»

កន្លង​មក ក្រុម​ប្រជាពលរដ្ឋ​បាន​ស្ដី​បន្ទោស​អាជ្ញាធរ​ថា មិន​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​គម្រោង​នេះ​ដល់​ប្រជាពលរដ្ឋ​បាន​ដឹង​ឡើយ។ លុះ​ដល់​កសាង​ស្ថានីយ​ផលិត​ទឹក​ស្អាត​ចេញ​ជា​រូបរាង ទើប​ហៅ​ប្រជាពលរដ្ឋ​ទៅ​ប្រជុំ និង​ជំរុញ​ឲ្យ​ពួក​គាត់​ទទួល​យក​គម្រោង​នោះ។ ការ​ជួប​ពិភាក្សា​ដោះស្រាយ​ភាព​ចម្រូងចម្រាស​គ្នា​នេះ នឹង​ធ្វើ​នៅ​ក្នុង​បរិវេណ​វត្ត​ត្រពាំងស្នោ ស្ថិត​នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។