ប្រជាពលរដ្ឋច្រើនគ្រួសាររស់នៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានតវ៉ាថា ពួកគាត់មិនទទួលបានប្រាក់សំណងពីផលប៉ះពាល់ មានផ្ទះសម្បែង ដំណាំ ដោយសារការសាងសង់ទំនប់វារីអគ្គិសនីអាតៃ នៅឡើយទេ។
ស្ត្រីវ័យ ៦២ឆ្នាំ ឈ្មោះ ចាប ត្រប់ រស់នៅភូមិឆាយលូក ឃុំអូរសោម ថ្លែងថា ដំណាំហូបផ្លែ មានទុរេន ខ្នុរ ស្វាយ ជាដើម មានចំនួនជាង ៤០ដើម ដែលប្រមូលផលលក់រាល់ឆ្នាំ ត្រូវបានកាប់បំផ្លាញដោយសារការអូសខ្សែភ្លើងកាត់ផ្ទះ។ មិនតែប៉ុណ្ណោះ ក្រុមយុវជនស្ម័គ្រចិត្តមិនបានវាស់ដីនិងផ្ដល់កម្មសិទ្ធិដីគ្រប់ចំនួនដែលគាត់គ្រប់គ្រង និងកាន់កាប់ ដូចជាដីលំនៅឋាន និងដីកសិកម្មនោះទេ៖ «គេថាសងលុយ ដល់ក្រោយឡើងគេអត់សង...»។
លោកស្រី សា វិន តវ៉ាថា ក្រុមហ៊ុនអូសខ្សែភ្លើងកាត់ផ្ទះមិនឲ្យសំណង ហើយហាមគាត់មិនឲ្យដាំដើមឈើខ្ពស់ៗ និងឲ្យគាត់ថយចម្ងាយ ១៥ម៉ែត្រពីខ្សែភ្លើងដែលអូសកាត់ផ្ទះនោះទៀត៖ «ដែលខ្សែភ្លើងកាត់ពីលើគេអត់សងទេ»។
លោកស្រី គឹម ភារិន និងលោកស្រី ភិន សុខម៉ែង អះអាងថា ពួកគាត់បានទទួលសំណងគ្រប់ចំនួន ទាំងដំណាំ ទាំងដីចម្ការដែលទំនប់វារីអគ្គិសនីអាតៃ សង់ ហើយបានប៉ះពាល់។
អតីតយុវជនស្ម័គ្រចិត្តក្រុម១០៧ ចុះវាស់ដីនៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថ្លែងសុំមិនបញ្ចេញឈ្មោះថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឲ្យគាត់ចុះវាស់ដីដើម្បីចែកប្លង់ដី គឺប្រាប់គាត់ឲ្យមើលតាមនីវ៉ូទឹកដែលកំណត់ក្នុងផ្ទៃអាងអាតៃ៖ «កាលណាយើងវាស់ចូលទៅ វាមានបញ្ហាជាមួយចិន។ អ៊ីចឹងយើងវាស់ទៅតាមអ្វីបច្ចេកទេសខាងសុរិយោដីគាត់កំណត់»។
មេឃុំអូរសោម អ្នកស្រី ឡាង ទូញ ឲ្យដឹងថា សំណងបានសងទៅ ២៧គ្រួសារ។ ក្នុងនោះមាន ៤គ្រួសារ ដែលរស់នៅផ្ទាល់ក្នុងបាតអាងត្រូវបានឲ្យរើចេញ ហើយដូរដីទៅឲ្យរស់នៅលើខ្នងទំនប់វារីអគ្គិសនីអាតៃ។
អ្នកទាំង ៤គ្រួសារនោះ ទទួលបានសំណងក្នុង ១គ្រួសារ ប្រាក់ ៨ពាន់ដុល្លារ ផ្ទះមួយខ្នងដែលសង់ក្នុងដីក្បាល ២៥ម៉ែត្រ គុណ ១០០ម៉ែត្រ៖ «ព្រោះអី ២៧គ្រួសារ ខ្លះ ២ហិកតារ សំខាន់បំផុត គឺសងទៅតាមលទ្ធភាព ខ្លះក៏បាន ១០០ ២០០ អ៊ីចឹងទៅ។ ខ្លះក៏បានត្រឹមតែ ៥០ ៦០ដុល្លារអ៊ីចឹងទៅ»។
យោងឯកសារសំណង គឺក្រុមហ៊ុនចិន បានផ្ដល់ប្រាក់ចំនួនជាង ៥៥.៧៥៦ដុល្លារ ដើម្បីសងប្រជាពលរដ្ឋនៅក្នុងឃុំអូរសោម ដែលរស់នៅប៉ះពាល់ដោយសារសំណង់ទំនប់វារីអគ្គិសនីអាតៃ ដែលមានដល់ទៅ ៣៧គ្រួសារ គឺច្រើនជាងចំនួនគ្រួសារដែលសងប្រាក់ជាក់ស្ដែងដែលមានតែ ២៧គ្រួសារនោះ។
មន្ត្រីបរិស្ថានសុំមិនបញ្ចេញឈ្មោះថ្លែងថា ថវិកាសំណងគឺក្រុមហ៊ុនចិន សង់វារីអគ្គិសនីអាតៃ បានផ្ដល់ឲ្យទៅរាជរដ្ឋាភិបាលកម្ពុជា អស់ហើយ៖ «ចិនវាធ្វើ គឺឲ្យទាំងអស់ ចិន គឺវាឲ្យលុយមកទាំងអស់ ដើមឈើរាប់រយក៏ឲ្យលុយមកទាំងអស់ ត្រង់ថាបានដល់ ឬមិនដល់ខ្ញុំអត់ដឹង។ គណៈកម្មការគេយ៉ាងម៉េចខ្ញុំអត់ដឹង គឺគេឲ្យមកទាំងអស់ហើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរខេត្តពោធិ៍សាត់ ជម្រាបសួរពីប្រាក់សំណងផលប៉ះពាល់នានាពីការសង់ទំនប់វារីអគ្គិសនីអាតៃបានទេ នៅថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា។
ជំទប់ទី១ ឃុំអូរសោម លោក ង៉ែត ផេន ថ្លែងថា សំណងផលប៉ះពាល់ទៅប្រជាពលរដ្ឋក្នុងឃុំនោះ គឺពាក់ព័ន្ធនឹងការសិក្សារកផលប៉ះពាល់ច្រើនលើក។ តាមការសិក្សាលើកទី១ គិតកម្ពស់ទឹកស្តុកក្នុងអាងខ្ពស់ដល់ ៥៥០ម៉ែត្រ ដែលនឹងផលិតថាមពលអគ្គិសនីបានច្រើនមេហ្គាវ៉ាត់។ ប៉ុន្តែមានការតវ៉ាថា កម្ពស់ទឹកនោះប៉ះពាល់ខ្លាំង ទាំងបរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋស្រុកវាលវែង ក៏មានការសិក្សាលើកទី២ និងទី៣។ នៅចុងក្រោយ ក៏សម្រេចយកកម្ពស់ទឹកស្តុកក្នុងអាងតែជម្រៅ ៥១៥ម៉ែត្រ ហើយផលិតថាមពលអគ្គិសនី ២២០មេហ្គាវ៉ាត់វិញ។ លោកបន្តថា ក្រុមនិស្សិតដែលចុះវាស់ដីកាលពីឆ្នាំ២០១២ គឺយកតាមគម្រោងទី១ ដែលប៉ះពាល់ធំធេង យកទៅអនុវត្តក្នុងការវាស់ដី ទើបវាស់ដីនោះមិនអស់ទំហំដីអ្នកភូមិមាន។ លោកថា តាមដំណឹងពីថ្នាក់លើ នៅឆ្នាំ២០១៤ នឹងមានការចុះវាស់ឲ្យបន្ថែមលើដីណាដែលការសិក្សាចុងក្រោយថាមិនប៉ះដីដាំដុះនិងដីភូមិឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
