ប្រជាពលរដ្ឋមួយចំនួននៅស្រុកថ្មបាំង ខេត្តកោះកុង កំពុងបារម្ភថា បរិស្ថានធម្មជាតិក្នុងតំបន់ នឹងត្រូវបំផ្លាញ បន្ទាប់ពីដឹងថា ឈ្មួញរកស៊ីខុសច្បាប់គ្រោងបើកសិប្បកម្មចម្រាញ់វល្លិរមៀតក្នុងតំបន់នេះ។
ពួកគាត់អះអាងថា សិប្បកម្មនេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ រួមមាន ធនធាននៅក្នុងទឹក បំផ្លាញព្រៃឈើ សត្វព្រៃ និងថែមទាំងគំរាមកំហែងអាយុជីវិតមនុស្ស ដែលរស់នៅជុំវិញទីតាំងចម្រាញ់ទៀតផង។
ទីតាំងឈូសឆាយថ្មីដែលពលរដ្ឋសង្ស័យថា នឹងក្លាយជាកន្លែងចម្រាញ់វល្លិរមៀតក្នុងពេលដ៏ខ្លីខាងមុខនេះ ស្ថិតនៅខាងក្រោយសាលាឃុំឫស្សីជ្រំ ជាប់មាត់អូរសំរោង តាមបណ្តោយផ្លូវក្រាលក្រួសក្រហមពីស្រុកថ្មបាំង ទៅតំបន់អារ៉ែង។
ប្រជាពលរដ្ឋមួយចំនួនកំពុងជជែកគ្នាពីមាត់មួយទៅមាត់មួយពីគម្រោងសាងសង់នេះ។ អ្នកខ្លះត្រៀមកម្លាំងតវ៉ានៅពេលរោងចក្រចម្រាញ់បើកជាផ្លូវការ។ អ្នកខ្លះត្រៀមចាំរកវល្លិរមៀតលក់ឲ្យសិប្បកម្ម ឯអ្នកមួយចំនួនផ្សេងទៀត ព្រួយចិត្តអាសូរធនធានធម្មជាតិទាំងក្នុងទឹក និងលើគោក។
បុរសម្នាក់រស់នៅស្រុកថ្មបាំង និយាយថា សិប្បកម្មនេះនឹងក្លាយជាគ្រោះអាក្រក់បំផុតដែលបំផ្លាញជម្រកសត្វព្រៃ បំពុលទឹក ធ្វើឲ្យត្រីងាប់ជាដើម។ លោកបន្តថា លោកមិនបានដឹងថា សិប្បកម្មវល្លិរមៀតជារបស់អ្នកណានោះទេ ប៉ុន្តែអ្នកដែលអាចធ្វើសិប្បកម្មបែបនេះបាន ទាល់តែជាអ្នកមានលុយច្រើន និងមានគ្នីគ្នាជាអ្នកមានអំណាច ទើបមិនត្រូវសមត្ថកិច្ចចាប់។ លោកបញ្ជាក់ថា លោកមិនគាំទ្រនឹងគម្រោងសិប្បកម្មចម្រាញ់វល្លិរមៀតឡើយ៖ «បើតាមខ្ញុំអឺអាវល្លិរមៀតហ្នឹងគឺគេផលិតច្រើនណាស់ អឺតាមចិត្តខ្ញុំផ្ទាល់ហ្មងអឺខ្ញុំអត់ចង់ឲ្យសាងសង់អឺអាបង្កាត់កន្លែងផលិតវល្លិរមៀតហ្នឹងទេបង!»។
ទាក់ទងនឹងវល្លិរមៀតនេះដែរ កាលពីចុងខែមេសា ឆ្នាំ២០១២ ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបានប៉េអិមស៊ីឈ្នួលយាមក្រុមហ៊ុន ធីមបើគ្រីន (Timber Green) បាញ់សម្លាប់នៅស្រុកថ្មបាំង ខេត្តកោះកុង នៅពេលដែលលោក និងអ្នកកាសែតពីរនាក់ ចុះទៅថតរូបគំនរវល្លិរមៀតក្នុងបរិវេណក្រុមហ៊ុន។ ក្រុមហ៊ុន ធីមបើគ្រីន នោះ ជារបស់ឧកញ៉ា ទ្រី ភាព ដែលជាមនុស្សស្និទ្ធនឹងលោក ហ៊ុន សែន និងជាអ្នកទទួលសិទ្ធិកាប់ព្រៃសម្អាតអាងទំនប់វារីអគ្គិសនីតាតៃ។
តាមព័ត៌មានស៊ើបអង្កេតមួយ ផលិតដោយម្ចាស់ជំនួយរបស់អង្គការការពារធនធានធម្មជាតិ បង្ហាញថា វល្លិរមៀតមានសារធាតុម្យ៉ាងដែលអាចផ្សំជាថ្នាំអំហ្វេតាមីន (Amphetamine) ឬថ្នាំញៀន។ ព័ត៌មាននោះសន្និដ្ឋានថា លោក ឈុត វុទ្ធី ត្រូវបានសម្លាប់ ដោយសារតែលោកបើកកកាយបទល្មើសចម្រាញ់វល្លិរមៀត ឬប៉ះពាល់ដល់មូលដ្ឋានផលិត និងឈ្មួញអំហ្វេតាមីន នៅកម្ពុជា។
ដើម្បីចម្រាញ់វល្លិរមៀតបាន អ្នកចម្រាញ់ចាំបាច់ត្រូវមានឧបករណ៍ទំនើបៗ និងគ្រឿងផ្សំសំខាន់ៗមួយចំនួនទៀតរួមមាន អាស៊ីត អំបិល និងថ្នាំគីមី ជាដើម។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តកោះកុង លោក អ៊ិន គង់ជិត ឲ្យដឹងថា លោកបានទទួលដំណឹងថា ក្រុមហ៊ុនចិន មួយជាអ្នករៀបគម្រោងសាងសង់ឡចម្រាញ់វល្លិរមៀតនេះ។ ប៉ុន្តែអាជ្ញាធរមូលដ្ឋានប្រាប់លោកថា ក្រុមហ៊ុននេះបានផ្អាកសកម្មភាពទៅហើយ។ លោកបញ្ជាក់ថា ការចម្រាញ់វល្លិរមៀតជាទង្វើខុសច្បាប់។
ច្បាប់ស្ដីពីព្រៃឈើមាត្រា៣២ ចែងថា ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់ការធ្វើសកម្មភាពដែលធ្វើឲ្យខូចខាតបណ្ដាលមកពីការធ្វើអាជីវកម្មហួសហេតុ ការកាប់ដីព្រៃដោយរំលោភ ការបំពុលមជ្ឈដ្ឋានព្រៃឈើ ភ្លើងឆេះព្រៃ ការធ្វើចម្ការពនេចរ ជំងឺសត្វល្អិតចង្រៃ និងការនាំចូលរុក្ខជាតិ និងសត្វរាតត្បាត។ ច្បាប់មាត្រានេះចែងពីសកម្មភាពចំនួនប្រាំ ដែលត្រូវហាមឃាត់ ក្នុងនោះចំណុចទី៥ សរសេរថា សកម្មភាពដែលធ្វើឲ្យខូចខាតធ្ងន់ធ្ងរ គឺការបង្កើតមូលដ្ឋានកែច្នៃវល្លិរមៀត ឬអនុផលព្រៃឈើផ្សេងទៀត ដែលនាំមកនូវការបំពុលឬ បំផ្លាញមជ្ឈដ្ឋានព្រៃឈើ។
ទាក់ទិននឹងបញ្ហានេះ នាយប៉ុស្តិ៍នគរបាលឃុំឫស្សីជ្រំ ស្រុកថ្មបាំង ខេត្តកោះកុង លោក ផេង គាក់ មានប្រសាសន៍ថា អាជ្ញាធរស្រុកបានសម្រេចហាមឃាត់សកម្មភាពរោងចក្រចម្រាញ់វល្លិរមៀតនេះនៅព្រឹកថ្ងៃទី១៧ ខែតុលា ដើម្បីស៊ើបអង្កេតឲ្យដឹងថា សិប្បកម្មនេះមានច្បាប់ ឬក៏អត់។ លោកបន្តថា អធិការស្រុកថ្មបាំង បានចាត់តាំងឲ្យលោកចុះប្រតិបត្តិការរឿងនេះ ប៉ុន្តែលោកមិនអាចបញ្ជាក់ថា សិប្បកម្មចម្រាញ់វល្លិរមៀតនេះ នឹងបន្តឬយ៉ាងណានោះទេ ព្រោះលោកធ្វើតាមបញ្ជាថ្នាក់លើតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
