អ្នកសហគមន៍នេសាទ ពលរដ្ឋរស់នៅតាមដងទន្លេ បណ្ដាញអង្គការចំនួន៨ ព្រមទាំងអាជ្ញាធរមូលដ្ឋាននៅក្នុងខេត្តក្រចេះ សរុបប្រមាណ ២០០នាក់ បាននាំគ្នាបើកយុទ្ធនាការនៅថ្ងៃទី២៩ ខែមីនា ឆ្លើយតបចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង នៅប្រទេសឡាវ។
យុទ្ធនាការនេះ គឺដើម្បីបង្ហាញការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គភាគខាងក្រោម ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសឡាវ ដែលគ្រោងសាងសង់ទំនប់វារីអគ្គិសនីនោះ។
ពលរដ្ឋព្រួយបារម្ភថា នៅពេលដែលសាងសង់ទំនប់វារីអគ្គិសនីនោះឡើង នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បញ្ហាសន្តិសុខស្បៀងសម្រាប់ពួកគាត់ ដែលរស់នៅពឹងអាស្រ័យភោគផលនៃដងទន្លេមេគង្គ ព្រមទាំងប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធជីវចម្រុះ ជាពិសេស គឺសត្វផ្សោត ដែលជាសត្វកម្រនៅលើពិភពលោក ហើយមានតម្លៃមហាសាលសម្រាប់ប្រទេសកម្ពុជា។
មន្ត្រីជំនាញជលផលនៅក្នុងខេត្តក្រចេះ ថ្លែងថា មានប៉ះពាល់យ៉ាងខ្លាំងទាំងផ្ទាល់ និងប្រយោលទៅលើពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គប្រវែង ១៤០គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តក្រចេះ ជាពិសេស គឺផលត្រី វិស័យទេសចរណ៍ ចរាចរណ៍ផ្លូវទឹករបស់ពលរដ្ឋ ប៉ះពាល់ដល់ប្រពៃណីវប្បធម៌របស់ពលរដ្ឋដែលរស់នៅតាមដងទន្លេនោះ។
ទាំងអាជ្ញាធរ និងពលរដ្ឋ បានទទូចឲ្យរដ្ឋាភិបាលប្រទេសឡាវ បញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនោះ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក មុំ សុផុន ពីខេត្តក្រចេះ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
