ពលរដ្ឋ​នៅ​ព្រះវិហារ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ការពារ​ព្រៃ​សហគមន៍

0:00 / 0:00

អាជ្ញាធរ ភូមិ ឃុំ និង​សហគមន៍​ការពារ​ព្រៃ​ឈើ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះវិហារ កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ព្រៃ​ឈើ​កាន់​តែ​ច្រើន​ឡើងៗ នៅ​ជុំវិញ​តំបន់​ពួក​គេ​រស់​នៅ។ បច្ចុប្បន្ន វិនាសកម្ម​ព្រៃ​ឈើ​ទាំង​នោះ គឺ​កំពុង​បាត់​បង់​ដោយសារ​តែ​គេ​កាប់​យក​ទៅ​លក់​ដូរ​ខុស​ច្បាប់ ឯ​តំបន់​មួយ​ចំនួន​ទៀត កំពុង​ទទួល​រង​ការ​ឈូស​បំផ្លាញ ដោយសារ​តែ​ប៉ះ​ចំ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច។

តើ​មាន​វិធី​ណា​ខ្លះ​ឱ្យ​ប្រជាពលរដ្ឋ និង​សហគមន៍​ព្រៃ​ឈើ​អាច​ការពារ​ព្រៃ​ទាំង​នោះ​បាន​ដែរ​ឬ​ទេ?

ក្រុម​ប្រជាពលរដ្ឋ និង​សហគមន៍​ការពារ​ព្រៃ​ឈើ​មួយ​ចំនួន​នៅ​ឃុំ​រំដោះស្រែ នា​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ អំពាវនាវ​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​រដ្ឋាភិបាល ជួយ​ចាត់​វិធាន​ការ​ការពារ​ព្រៃ​សហគមន៍​ទំហំ​ជាង ៨.៤០០​ហិកតារ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​សកម្មភាព​ការ​លួច​ចូល​ទៅ​កាប់​ឈើ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ។

ការ​អំពាវនាវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គេ​ដឹង​ថា មាន​កង​ទាហាន​មួយ​ចំនួន​តែង​លួច​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់ ក៏ប៉ុន្តែ​សហគមន៍​ដែល​ជា​អ្នក​ការពារ​ព្រៃ​ឈើ​មិន​មាន​លទ្ធភាព​រារាំង​ទេ ដោយសារ​តែ​អ្នក​កាប់​ឈើ​ខ្លះ​មាន​កាំភ្លើង​នៅ​ក្នុង​ដៃ។

មេ​ភូមិ​រំលំថ្ម ដែល​ជា​គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​រំដោះស្រែ២ គឺ​លោក ពុំ សាឃន។ លោក​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ដើម​ឈើ​ដែល​ជា​ច្បោះ​ជ័រ​ធំៗ ត្រូវ​គេ​លួច​ចូល​កាប់ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ គឺ​ឈើ​មួយ​ចំនួន​ទៀត​ប្រភេទ​ដើម​ផ្ដៀក ពពេល និង​ត្រាច ជាដើម ក៏​ត្រូវ​គេ​ចូល​កាប់​យក​ទៅ​លក់​ដូរ​ដែរ។

បុរស​ដដែល​បាន​បញ្ជាក់​ថា សហគមន៍​ប្រជាពលរដ្ឋ​មិន​មាន​សមត្ថភាព​អាច​ការពារ​ព្រៃ​ឈើ​ទាំង​នោះ​បាន​ទេ ដោយសារ​តែ​ខ្វះ​មធ្យោបាយ​សព្វគ្រប់ ហើយ​ម្យ៉ាង​ទៀត ជន​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​កាប់​ឈើ​ទាំង​នោះ ភាគ​ច្រើន​ជា​ទាហាន​ដែល​មាន​អាវុធ៖ «កន្លង​មក​មាន​ការ​ដោះស្រាយ​ប្រឈម​មុខ​នៅ​កន្លែង​គណៈ​អភិបាល​ស្រុក ហើយ​និង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ម្ដង​មក​ហើយ។ សហគមន៍​សំណូមពរ​សូម​ឱ្យ​បញ្ឈប់​ការ​កាប់​នោះ​ត​ទៅ​ទៀត។ បើ​សិន​ជា​ការ​ធ្វើ​អន្តរាគមន៍​ពី​ខាង​លើ​មក មិន​បាន​ដិត​ដល់​ទេ សហគមន៍​មាន​ការ​ព្រួយ​បារម្ភ​ថា​ព្រៃ​ឈើ​ហ្នឹង​អាច​បាត់​អស់​នៅ​រយៈពេល​ខាង​មុខ​ដ៏​ខ្លី​នេះ អត់​វែង​ទេ»

ចាប់​តាំង​តែ​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០០៨ មក ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​ប្រកាស​កាត់​ផ្ទៃ​ដី​ទំហំ ៨.៤៨២​ហិកតារ នៅ​ឃុំ​រំដោះស្រែ នៃ​ស្រុក​ជាំក្សាន្ត ទុក​ជា​ដី​បម្រុង​ការពារ​ព្រៃ​ឈើ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ជួយ​ការពារ​ព្រៃ​ឈើ​ទាំង​នោះ រហូត​ដល់​បង្កើត​បាន​ជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ចំនួន​៤ កាល​ពី​ឆ្នាំ​មុន។

អាជ្ញាធរ​ឃុំ​រំដោះស្រែ ក៏​បាន​ទទួល​ស្គាល់​ដូច​ប្រជាពលរដ្ឋ​ដែរ​ថា បច្ចុប្បន្ន​នេះ​ឈើ​ជាច្រើន​ប្រភេទ​នៅ​ក្នុង​តំបន់​សហគមន៍ គឺ​កំពុង​ទទួល​រង​ការ​បាត់​បង់​ជា​បន្តបន្ទាប់។

មេ​ឃុំ​រំដោះស្រែ លោក ទេព សែន បាន​មាន​ប្រសាសន៍​ថា ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​សហគមន៍​ពេល​នេះ គឺ​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់ ដោយសារ​មូលហេតុ​២​យ៉ាង គឺ​ទី​១ បណ្ដាល​មក​ពី​ក្រុម​ជន​ខិលខូច​លួច​ចូល​កាប់​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់ និង​បញ្ហា​ម្យ៉ាង​ទៀត ដោយសារ​តែ​ផ្នែក​ខ្លះ​បាន​ប៉ះ​ចំ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន។

លោក​មេ​ឃុំ​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន ទាំង​អាជ្ញាធរ​ឃុំ និង​សហគមន៍​ការពារ​ព្រៃ​ឈើ គឺ​កំពុង​ប្រឹងប្រែង​ទប់ស្កាត់​សកម្មភាព​ការ​បំផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ៖ «ខាង​អាជ្ញាធរ​ក៏​បាន​ជួយ​ជ្រោមជ្រែង​ការពារ ទី​១ ក្រុម​ការពារ​ក្ដី ក៏​ដូច​ជា​អាជ្ញាធរ គឺ​បាន​ផ្សព្វផ្សាយ ហើយ​ទី​២ ទាក់ទិន​នឹង​ការ​ចុះ​ល្បាត​នៅ​ពេល​មាន​បទ​ល្មើស​កើត​ឡើង បើ​ជួប គឺ​ចាប់​តែ​ម្ដង។ ទាំង​រណា​យន្ត ទាំង​គ្រឿង​ដឹក​ជញ្ជូន ដូច​ជា​រថយន្ត គឺ​បាន​ចុះ​ចាប់។ ថ្មីៗ​នេះ ក៏​ចាប់​បាន​ដែរ​រណា​យន្ត ហើយ​និង​រថយន្ត ដោយឡែក​លើក​លែង​តែ​ម្ចាស់​ទេ ដែល​ចាប់​អត់​បាន»

ទោះ​យ៉ាង​ណា លោក​មេ​ឃុំ​បាន​បញ្ជាក់​ថា ការ​ទប់ស្កាត់ គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ ដូច​ជា អ្នក​កាប់​ឈើ​ជា​ទាហាន គឺ​មិន​អាច​ទប់ស្កាត់​បាន​ទេ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​ផ្នែក​ការពារ​ធនធាន​ធម្មជាតិ និង​ព្រៃ​ឈើ បាន​ឱ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​នៅ​ខេត្ត​ព្រះវិហារ គឺ​វិនាសកម្ម​ព្រៃ​ឈើ​កំពុង​កើត​មាន​ជាច្រើន​កន្លែង​គួរ​ឱ្យ​ព្រួយ​បារម្ភ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ បាន​មាន​ប្រសាសន៍​ថា មិន​មែន​មាន​តែ​សហគមន៍​ព្រៃ​ឈើ​រំដោះស្រែ នៅ​ស្រុក​ជាំក្សាន្ត តែ​មួយ​ប៉ុណ្ណោះ​ទេ​ដែល​កំពុង​កើត​មាន​បញ្ហា​ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ គឺ​នៅ​ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត ហើយ​និង​ស្រុក​ត្បែងមានជ័យ ក៏​មាន​ក្រុម​ជន​ខិលខូច​ដែល​អាង​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង តែង​ចូល​ទៅ​កាប់​ដើម​រណ្ដៅ​ជ័រ​ធំៗ​របស់​ប្រជាពលរដ្ឋ​ដែរ៖ «នៅ​ខាង​ឃុំ​ព្រីងធំ ភូមិ​ក្រឡាភៀស ស្រុក​ជាំក្សាន្ត គឺ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង​មាន​ច្រើន​កន្លែង ហើយ​ប៉ះពាល់​ច្បោះ​ជ័រ និង​ដី​ស្រែ​ចម្ការ​ប្រជាពលរដ្ឋ​ច្រើន​ដែរ។ មួយ​ចំណែក​ទៀត​ច្បោះ​ជ័រ​នៅ​ភាគ​ខាង​ជើង​ព្រៃ​ព្រះរកា គឺ​សហគមន៍​នៅ​ពោធិ នៅ​ប្រមេរ ដែល​គាត់​ជា​ម្ចាស់​ច្បោះ បាន​រអ៊ូរទាំ​រឿង​ហ្នឹង»

ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​ឃុំ​រំដោះស្រែ នៃ​ស្រុក​ជាំក្សាន្ត បាន​បង្ហាញ​ក្ដី​អស់​សង្ឃឹម​ថា គេ​ពិត​ជា​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ការពារ​ព្រៃ​ទំហំ​ជាង ៨.០០០​ហិកតារ​នោះ ឱ្យ​បាន​គង់វង្ស​ទេ។ ក្រុម​សហគមន៍​បាន​យល់​ថា មាន​តែ​ផ្លូវ​ម្យ៉ាង​ទៀត គឺ​ធ្វើ​របាយការណ៍​ដាក់​ជូន​អាជ្ញាធរ​ស្រុក និង​ខេត្ត​ព្រះវិហារ ឱ្យ​ជួយ​ចាត់​វិធាន​ការ​ការពារ។

អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​មាន​ប្រសាសន៍​ថា កន្លង​ទៅ​អង្គការ​របស់​លោក​ធ្លាប់​បាន​ចុះ​ពិនិត្យ​ការ​បំផ្លាញ​ព្រៃ​ឈើ​នៅ​តាម​សហគមន៍​មួយ​ចំនួន ដើម្បី​ធ្វើ​អន្តរាគមន៍​ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល ចាត់​វិធាន​ការ​ការពារ ក៏ប៉ុន្តែ​ចំពោះ​មហន្តរាយ​ព្រៃ​ឈើ​នៅ​ឃុំ​រំដោះស្រែ នោះ គឺ​លោក​គ្រាន់​តែ​បាន​ទទួល​ព័ត៌មាន មិន​ទាន់​បាន​ទទួល​បណ្ដឹង​ពី​សហគមន៍​នៅ​ឡើយ។ លោក ឡោ ចាន់ បាន​បញ្ជាក់​ថា ប្រសិន​បើ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ទទួល​បាន​ពាក្យ​បណ្ដឹង​ស្ដីពី​រឿង​នោះ គឺ​លោក​នឹង​ចុះ​ស៊ើប​អង្កេត​ដើម្បី​ធ្វើ​របាយការណ៍​ដាក់​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​ជួយ​មាន​វិធាន​ការ​ទប់ស្កាត់​បញ្ហា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។