មនុស្សប្រមាណជាង ៣ពាន់នាក់ ជាមន្ត្រីរាជការ គ្រូបង្រៀន សិស្សានុសិស្ស ប្រជាពលរដ្ឋ បាននាំគ្នាហែក្បួនដាស់ស្មារតីប្រជាពលរដ្ឋក្រុងបានលុង ខេត្តរតនគិរី ដើម្បីធ្វើអនាម័យសម្អាតទីក្រុង។ ការហែក្បួននេះ គឺជាផ្នែកមួយនៃកិច្ចការការពារបរិស្ថាន និងដើម្បីចូលរួមប្រកួតប្រជែងទីក្រុងស្អាត នៅទូទាំងប្រទេស។
សំឡេងពលរដ្ឋហែក្បួន៖ «ទីក្រុងស្អាតចាប់ផ្ដើមពីយើងទាំងអស់គ្នា យុវជន និងទីក្រុងស្អាត...»។
ក្បួនចាប់ផ្ដើមធ្វើដំណើរចេញពីមន្ទីរវប្បធម៌ ក្នុងក្រុងបានលុង ដោយអ្នកចូលរួមបានលើបដាពាក្យស្លោកសរសេរថា ទីក្រុងស្អាតចាប់ផ្ដើមពីយើងទាំងអស់គ្នា។
សង្កេតឃើញក្រុមអ្នកហែក្បួនខ្លះកាន់ស្បោងធំៗ ឬបាវក្នុងដៃ ខ្លះកាន់អំបោស និងខ្លះទៀតដើររើសសំរាម ស្បោងប្លាស្ទិក និងកាកសំណល់បន្សល់ចោលតាមដងផ្លូវមុខអគារ និងផ្ទះលក់ទំនិញ ជុំវិញទីផ្សារ ជាដើម។
នាយកវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី លោក ធន យន់ ដែលបានដឹកនាំហែក្បួនសម្អាតក្រុងនេះ លើកឡើងថា ក្រុមយុវជន និងយុវនារី កំពុងឈានមុខទាក់ទិនចលនាសម្អាតទីក្រុងនាឆ្នាំនេះ។ លោករំពឹងថា ចលនាបំផុលពីទីក្រុងស្អាត នឹងជំរុញឲ្យមានការយកចិត្តទុកដាក់រួមពីប្រជាពលរដ្ឋ ដើម្បីលើកតម្កើងបរិស្ថានទីក្រុងបានស្អាត និងមានអនាម័យសណ្ដាប់ធ្នាប់។
លោក ធន យន់៖ «យើងធ្វើនេះគោលបំណងធំចង់ឲ្យប្រជាពលរដ្ឋ គឺគាត់មើលឃើញថា នេះមន្ត្រីរាជការគេចូលរួមដើររើសសំរាមនៅមុខផ្ទះយើង សិស្សានុសិស្សហ្នឹង អ៊ីចឹងយើងគួរទេ ខ្មាសគេ យើងគួរតែមានធុងសំរាមនៅមុខផ្ទះ ហើយសំរាមនោះទៀតសោត យើងត្រូវតែបោះចូលទៅក្នុងធុងសំរាម។ អ៊ីចឹងមក គេមកសម្អាតនៅមុខផ្ទះយើង យើងមានអារម្មណ៍យ៉ាងណា? មានសិស្សានុសិស្សទាំងអស់ មានយុវជនទាំងអស់ ដែលសម្អាតទីក្រុង ហើយដើរសម្អាតមុខផ្ទះយើង យើងគួរតែខ្មាសគេដែរ»។
ក្រុងបានលុង ខេត្តរតនគិរី បានចុះឈ្មោះក្នុងបញ្ជីប្រកួតប្រជែងទីក្រុងស្អាតជាមួយខេត្តក្រុងនានា នៅទូទាំងប្រទេស តាំងពីឆ្នាំ២០១២ រហូតមក។ បន្ទាប់ពីការចុះបញ្ជីទីក្រុងស្អាត អាជ្ញាធរក្រុងបានលុង បានប្រារព្ធពិធីហែក្បួនបំផុសចលនាធ្វើអនាម័យ សម្អាតក្រុងរៀងរាល់ឆ្នាំនៅថ្ងៃទី២៨ ខែកុម្ភៈ។
នៅថ្ងៃទី២០ ខែមីនា នេះ គឺជាខួបលើកទីពីរនៃពិធីហែក្បួនសម្អាតក្រុង រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនខេត្តរតនគិរី សហការជាមួយអាជ្ញាធរក្រុង ក្នុងគោលបំណងជំរុញស្មារតីប្រជាពលរដ្ឋទូទៅក្នុងខេត្តដាច់ស្រយាលមួយនេះ ឲ្យយកចិត្តទុកដាក់បន្ថែមទៀត ទាក់ទិនបញ្ហាសំរាម ឬអនាម័យទីក្រុង។
យុវជនឈ្មោះ ណាក់ ណាង អាយុ ២០ឆ្នាំ រៀនថ្នាក់ទី១១ នៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី កត់សម្គាល់ថា សំរាមនៅតែជាបញ្ហាចោទ ដែលយុវជនរូបនេះសង្កេតឃើញគេបន្សល់ចោលគ្រប់ទីកន្លែង ដោយមិនមានការយកចិត្តទុកដាក់វេចខ្ចប់ដាក់ធុងសំរាមបានត្រឹមត្រូវ។ យុវជនចាត់ទុកការហែក្បួនធ្វើអនាម័យតាមផ្លូវសាធារណៈនាពេលនេះ គឺជាការពញ្ញាក់ស្មារតីថ្មីទៀត ឲ្យមានការយល់ដឹងផ្នែកបរិស្ថាន និងអនាម័យក្នុងទីក្រុង៖ «ទីក្រុងយើងអត់ទាន់មានភាពអនាម័យត្រឹមត្រូវនៅឡើយទេ អ៊ីចឹងយើងចូលរួមក្នុងកម្មវិធីនេះ ដើម្បីធ្វើឲ្យទីក្រុងស្អាត។ខ្ញុំឃើញសំរាម គឺនៅតាមដងផ្លូវអត់ទាន់មានភាពល្អប្រសើរទេ ក្រឡេកទៅនៅឃើញ សូមឲ្យគាត់កុំចោលសំរាមពាសពេញទីក្រុងអ៊ីចឹង ធ្វើឲ្យមានភាពក្រខ្វក់ដល់បរិយាកាស ធ្វើឲ្យមានជំងឺប៉ះពាល់ប្រជាពលរដ្ឋទាំងអស់»។
ដូចគ្នានេះដែរ យុវនារី ស៊ិន ចាន់ស្រីពីន អាយុ ១៥ឆ្នាំ សិស្សថ្នាក់ទី១០ នៃវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ថ្លែងថា នាងចង់ឲ្យប្រជាពលរដ្ឋនៅខេត្តរតនគិរី ចាប់អារម្មណ៍ខ្ពស់ទៅលើការថែរក្សាអនាម័យតាមលំនៅឋាន កន្លែងលក់ដូរ ដោយចេះរៀបចំវេចខ្ចប់សំរាម និងប្រើប្រាស់ធុងសំរាមជាប្រចាំ។ យុវនារីអំពាវនាវសុំឲ្យអាជីវករ សិស្សានុសិស្ស និងមន្ត្រីរាជការ អង្គការសង្គមស៊ីវិល រួមគ្នាលប់បំបាត់កាកសំណល់ និងសំរាម ថង់ប្លាស្ទិកគ្រប់ទីកន្លែង ដើម្បីរួមចំណែកផ្នែកបរិស្ថាន និងសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ៖ «មានអារម្មណ៍សប្បាយរីករាយមែនទែន ដែលបានចូលរួមក្នុងសកម្មភាពសង្គម។ ខ្ញុំគិតថា រាល់ថ្ងៃហ្នឹង ទីក្រុងយើងអត់ទាន់មានអនាម័យខ្លាំងណាស់ណាទេ អ៊ីចឹងសុំឲ្យយុវជនទាំងអស់គ្នាជួយគ្នា ដើម្បីសម្អាតទីក្រុងឲ្យមានភាពស្រស់បំព្រង។ ខ្ញុំសុំឲ្យប្រជាពលរដ្ឋទាំងអស់ជួយគ្នា ដើម្បីជួយថែរក្សាទីក្រុងយើងឲ្យមានភាពស្រស់បំព្រង»។
អាជ្ញាធរក្រុងបានលុង ឲ្យដឹងថា នៅក្រុងបានលុង ក្នុងមួយថ្ងៃយ៉ាងហោចណាស់មានសំរាមប្រមាណ ៥តោនទៅ ៨តោន ដែលបន្សល់ទុកពីការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
អាជីវករអ្នកផលិតគ្រឿងដែកនៅខាងលិចផ្សារបានលុង លោក អ៊ីម ឈឿន បានរិះគន់ទៅលើសេវាកម្មប្រមូលសំរាមរបស់ក្រុមហ៊ុនប្រមូលសំរាម ក្នុងក្រុងថា មិនបានបំពេញភារៈ និងកិច្ចសន្យាប្រមូលសំរាមបានត្រឹមត្រូវ ធ្វើឲ្យសំរាមកកស្ទះច្រើនថ្ងៃ ជះក្លិនមិនល្អ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ លោកចាប់អារម្មណ៍ថា នេះ គឺជាសកម្មភាពល្អ និងជាគំរូសម្រាប់ប្រជាពលរដ្ឋ អាជីវករ នាំគ្នាភ្ញាក់ស្មារតីឲ្យតម្លៃទៅលើអនាម័យ និងបរិស្ថានល្អក្នុងក្រុង ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ទាក់ទិនទីក្រុងស្អាត ទាក់ទាញភ្ញៀវទេសចរ៖ «រដ្ឋហ្នឹងដុកទៅសេវាខាងសំរាមហ្នឹង ឲ្យគេគិតគូរសាជាថ្មី ដើម្បីជួយធ្វើម៉េចឲ្យទីក្រុងស្អាត ប្រជាជនមានសុភមង្គល ឬភ្ញៀវទេសចរមានទំនុកចិត្តចូលមកលេង ដោយសារថាភូមិយើង ខេត្តយើង ក្រុងយើង ស្អាតអនាម័យល្អ»។

ចំណែកអនុប្រធានភូមិថ្មី សង្កាត់ជ័យជម្នះ លោក សេក សៀ ដែលបានចូលរួមសកម្មភាពរើសសំរាមសម្អាតក្រុងដែរនោះ សម្ដែងមោនភាពចំពោះសកម្មភាពបំផុសចលនាសម្អាតក្រុងនេះ។ លោកអំពាវនាវសុំឲ្យប្រជាពលរដ្ឋចូលរួមធ្វើអនាម័យតាមលំនៅឋាន ទីសាធារណៈ ស្របតាមពាក្យស្លាក ដើម្បីយើងទាំងអស់គ្នា៖ «ប្រជាពលរដ្ឋយើងមួយចំនួន គឺគាត់មិនយកចិត្តទុកដាក់ គាត់អាងថាចាំតែគេយកតាមផ្ទះ ឲ្យគេជួយដឹកនាំដូចពីមុន វាមិនមែនទេ គឺឥឡូវភ្ញាក់រលឹកសុំប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅក្នុងខេត្តរតនគិរី យកចិត្តទុកដាក់ផ្នែកអនាម័យ ទីក្រុងស្អាត ដើម្បីយើងទាំងអស់គ្នា»។
ទាក់ទិនករណីនេះដែរ អភិបាលក្រុងបានលុង លោក លី វិន ទទួលស្គាល់ថា ទាំងមន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋនៅមានកង្វះខាតផ្នែកស្មារតីសម្ភារៈ និងការយល់ដឹង ដើម្បីជំរុញឲ្យចលនាសម្អាតទីក្រុងបានជឿនលឿន។ លោកអំពាវនាវសុំឲ្យប្រជាពលរដ្ឋខេត្តរតនគិរី ប្រមាណ ៣ពាន់នាក់ហែក្បួនរំលឹកការធ្វើអនាម័យសម្អាតទីក្រុង មន្ត្រីរាជការ អង្គការក្រៅរដ្ឋាភិបាលគ្រប់ស្ថាប័ន បង្កើនការយល់ដឹង និងរួមចំណែកធ្វើការអភិវឌ្ឍទីក្រុងស្អាត ឲ្យបានសម្រេចតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
តាមការគ្រោងទុក ក្រុងបានលុង នឹងត្រូវលប់បំបាត់មិនឲ្យមានថង់ប្លាស្ទិកតាមផ្លូវសាធារណៈ ក្នុងឆ្នាំ២០១៥ រួមទាំងធ្វើឲ្យបានសម្រេចផែនការចំនួន ៧០ចំណុចផ្សេងទៀត ដូចជា ការដាំដើមឈើ ធ្វើសួនច្បារ សួនអាពាហ៍ពិពាហ៍ សួនទេសចរណ៍ មានប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធទឹកស្អាត។ល។ ដើម្បីរួមចំណែកប្រឡងប្រណាំងទីក្រុងស្អាតនៅទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
