ទន្ទឹមគ្នានឹងរដ្ឋាភិបាលដែលមានមោទនភាពថា ខេត្តសៀមរាប ជាតំបន់វប្បធម៌ប្រាសាទបុរាណ និងអេកូទេសចរណ៍ កំពុងតែទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកទស្សនាកាន់តែច្រើនឡើងៗនោះ គឺមានប្រជាពលរដ្ឋមួយចំនួនក៏ទទួលរងការប៉ះពាល់ពីវិស័យសេវាកម្មទេសចរណ៍ខ្លះដែរ។ ការប៉ះពាល់នោះ គឺបណ្ដាលមកពីផ្លូវលំជាច្រើនកន្លែងនៅតាមទីជនបទ មិនទាន់ល្អស្អាត ហើយនៅពេលសេវាកម្មដឹកជញ្ជូនអ្នកទេសចរឆ្លងកាត់ គឺវាបណ្ដាលឱ្យដីហុយរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិ។
ក្រុមប្រជាពលរដ្ឋប្រមាណ ៤០នាក់ នៅក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង ចម្ងាយជិត ៣០គីឡូម៉ែត្រ ភាគខាងកើតពីទីក្រុងសៀមរាប បានប្រមូលផ្ដុំគ្នាបិទកំណាត់ផ្លូវលំ១ខ្សែចេញពីឃុំរលួស ឆ្ពោះទៅឃុំកំពង់ភ្លុក មិនឱ្យរថយន្តតូចធំដឹកជញ្ជូនអ្នកទេសចរឆ្លងកាត់ទៅទស្សនាបឹងទន្លេសាបបានទេ។
កាលពីព្រឹកថ្ងៃសុក្រ ទី៧ ខែមីនា ក្រុមអ្នកភូមិជាច្រើននាក់បានយកកំណាត់ឈើដាក់រាំងផ្លូវ ដោយមានទាំងបដាទាមទារឱ្យក្រុមហ៊ុនវិនិយោគតំបន់ទេសចរណ៍មួយឈ្មោះ ស៊ី ផេក អ៊ីនវេសមែន (Sea Pac investment) ធ្វើផ្លូវឱ្យបានល្អ ដើម្បីបញ្ចប់ដីហុយរ៉ាំរ៉ៃ និងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងដងផ្លូវ។
តំណាងប្រជាពលរដ្ឋម្នាក់ដែលដឹកនាំតវ៉ាបិទផ្លូវលំ គឺលោក អ៊ុក សំអាត។ លោកបានមានប្រសាសន៍ថា ចាប់តាំងពីក្រុមហ៊ុនឯកជនឈ្មោះ ស៊ី ផេក អ៊ីនវេសមែន បានចូលទៅវិនិយោគតំបន់ទេសចរណ៍កំពង់ភ្លុក ហើយមានរថយន្តតូចធំដឹកជញ្ជូនអ្នកទេសចរបរទេសឆ្លងកាត់មក គឺធ្វើឲ្យផ្លូវលំក្រាលក្រួសក្រហមមួយខ្សែសំដៅទៅបឹងទន្លេសាប មានដីហុយទ្រលោមមិនដែលដាច់។ បុរសដដែលបានបញ្ជាក់ថា រយៈពេលប្រមាណជា ៣ឆ្នាំហើយ គឺប្រជាពលរដ្ឋជាច្រើនភូមិរស់នៅអមដងផ្លូវក្នុងឃុំមានជ័យ ទទួលរងការប៉ះពាល់ដោយសារដីហុយ។
លោក អ៊ុក សំអាត៖ «គឺវាហុយមើលអីអត់ឃើញទេ! ម៉្លោះហើយ ផ្ទះសងខាង បើឡើងទៅចូលផ្ទះ គឺមើលតែគន្លងជើងលើផ្ទះ ក៏ឃើញដែរ។ ហើយមិនត្រឹមតែលើផ្ទះទេ គឺខោអាវក៏ស្លៀកពាក់អត់កើតដែរ។ ប្រជាជនសំណូមពរឱ្យក្រុមហ៊ុនចាក់ទឹកឱ្យ ដល់ចាក់ទឹកទៅ វាបាត់ៗឃើញៗ។ ក្នុង១ថ្ងៃបើខែសម្បូរភ្ញៀវវិញ គឺមើលអ្វីមិនឃើញតែម្ដង ឡានក្រុងវាដេញគ្នាច្រើនណាស់។ យប់រហូតដល់ម៉ោង ៨ បានអស់ភ្ញៀវ»។
មានប្រជាពលរដ្ឋចំនួន ៣ភូមិ គឺភូមិដូរនំ ភូមិជាស្មន់ និងភូមិកំពង់ថ្កូវ មិនសប្បាយចិត្តជុំវិញបញ្ហាដីហុយនេះទេ។ ក្រុមអ្នកភូមិកំពុងផ្ដិតមេដៃតៗគ្នា ដើម្បីតវ៉ាប្រឆាំងចំពោះបញ្ហានេះ។
ក្នុងចំណោមអ្នកភូមិដែលលើកគ្នាទៅបិទកំណាត់ផ្លូវលំ មិនឱ្យរថយន្តចេញចូល ដោយសារតែហុយដីនោះ គឺមានមេភូមិខ្លះក៏បានគាំទ្រដែរ។
មេភូមិជាស្មន់ លោក ឱម ហាយ បានមានប្រសាសន៍ថា មិនមែនតែប្រជាពលរដ្ឋទេដែលព្រួយបារម្ភអំពីបញ្ហាដីហុយ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ សូម្បីតែរូបលោកដែលជាអ្នកគ្រប់គ្រង ក៏មានកង្វល់ដូចគ្នាដែរ។ លោក ឱម ហាយ បានបញ្ជាក់ថា បច្ចុប្បន្ន ដោយសារតែដីហុយ គឺវាធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងខ្លាំង បណ្ដាលឱ្យអ្នកភូមិរបស់គាត់កើតជំងឺជាច្រើនប្រភេទ៖ «បញ្ហាដីហុយនេះ គឺធ្ងន់ណាស់ ពីបញ្ហាសុខភាពប្រជាពលរដ្ឋ។ មានក្អកស្ងួត វាក្អកទៅវាកើតជាផ្ដាសាយ មិនថាកូនខ្ញុំ ចៅខ្ញុំ ប្រជាជនទេ គឺថា វាមានភាគច្រើន។ និយាយទៅ វាដូចជាចូលទៅដល់រោគរបេងតែម្ដង។ បានជាប្រជាជនចេះតែរំជើបរំជួល ដូចថាធ្វើពាក្យបណ្ដឹងរួចហើយ តែដូចជាមិនឃើញមានការដោះស្រាយ»។
ចំណែកមេភូមិកំពង់ថ្កូវ លោក នល់ សួន បានមានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា លោកមិនអាចហាមឃាត់ប្រជាពលរដ្ឋដែលបិទកំណាត់ផ្លូវលំនោះបានទេ ពីព្រោះជាប្រចាំថ្ងៃ លោកក៏បានឃើញថា ផ្លូវលំក្រាលក្រួសក្រហម១ខ្សែឆ្ពោះទៅឃុំកំពង់ភ្លុក ពិតជាមានដីហុយខ្លាំងមែន នៅពេលដែលមានរថយន្តដឹកអ្នកទេសចរឆ្លងកាត់ក្នុង១ថ្ងៃៗ៖ «ប្រជាជនកំពុងតែហូបបាយក្នុងផ្ទះ និយាយពីសម្លទឹកថ្លា ដល់ពេលហូប គឺទឹកក្រហមអស់ អាបញ្ហានេះមួយ ហើយសុខភាព ងាកពេទ្យៗ កុំឱ្យថាកូនគេ តែចៅខ្ញុំហ្នឹងក៏ ២នាក់ចូលពេទ្យកាលពីព្រឹកមិញ។ វាផ្ដាសាយ ទៅ ក៏វាបញ្ហាសួតទៅ»។
ការបិទកំណាត់ផ្លូវលំជាច្រើនម៉ោង ចាប់តាំងពីវេលាម៉ោង ៨ព្រឹក រហូតដល់រសៀល គឺក្រុមអ្នកភូមិទាមទារឱ្យក្រុមហ៊ុនវិនិយោគតំបន់ទេសចរណ៍ ស៊ី ផេក អ៊ីនវេសមែន ត្រូវតែបាញ់ទឹកលើផ្លូវឱ្យបានជាប្រចាំ កុំឱ្យដីហុយ ព្រមទាំងឱ្យក្រុមហ៊ុនចាក់ក្រាលកៅស៊ូឱ្យបានល្អស្អាតផង។
ក្រុមអ្នកភូមិចង់ឱ្យតំណាងក្រុមហ៊ុន ស៊ី ផេក អ៊ីនវេសមែន ចេញមុខមកជួបចរចា និងមានលក្ខខណ្ឌច្បាស់លាស់ ហើយប្រសិនបើតំណាងក្រុមហ៊ុនមិនព្រមមកចរចាទេ គឺពួកគេនឹងបិទកំណាត់ផ្លូវនេះមិនឱ្យរថយន្តដឹកជញ្ជូនអ្នកទេសចរឆ្លងកាត់បានទៀតឡើយ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ស៊ី ផេក អ៊ីនវេសមែន ដើម្បីសុំការបកស្រាយអំពីរឿងនេះបានថាយ៉ាងណានៅឡើយ។
អាជ្ញាធរឃុំមានជ័យ និងស្រុកប្រាសាទបាគង បានឱ្យដឹងថា គេកំពុងប្រឹងប្រែងជួយដោះស្រាយបញ្ហានេះ។
មេឃុំមានជ័យ លោក ថន ប៊ុនថង បានមានប្រសាសន៍ទទួលស្គាល់ថា បញ្ហាដីហុយនេះ គឺពិតជាធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនភូមិមែន។ លោកមេឃុំបានបញ្ជាក់ថា កាលពីអភិបាលខេត្តជំនាន់ លោក ស៊ូ ភិរិន្ទ បានចេញបញ្ញត្តិឱ្យក្រុមហ៊ុន ស៊ី ផេក អ៊ីនវេសមែន ដែលវិនិយោគតំបន់ទេសចរណ៍កំពង់ភ្លុក នោះ ទទួលខុសត្រូវលើការចាក់ទឹកស្រោច កុំឱ្យផ្លូវហុយក្នុង១ថ្ងៃ២ដង។ ក៏ប៉ុន្តែ ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ គឺមិនដឹងថា ក្រុមហ៊ុនមានបញ្ហាអ្វី គឺបាត់មិនឃើញមកស្រោចទឹក ទើបបណ្ដាលឱ្យផ្លូវហុយដូច្នេះ។
ចំណែកអភិបាលស្រុកប្រាសាទបាគង លោក ភូ សំអាត បានមានប្រសាសន៍ថា កាលពីរសៀលថ្ងៃទី៧ ខែមីនា គឺមេធាវីរបស់ក្រុមហ៊ុនជាមួយអាជ្ញាធរស្រុក បានចុះទៅជួបចរចាជាមួយក្រុមអ្នកភូមិ ដើម្បីសុំឱ្យបើកផ្លូវវិញ៖ «ទី១ យើងឱ្យក្រុមហ៊ុនហ្នឹង មានកិច្ចសន្យាជាមួយប្រជាពលរដ្ឋក្នុងការចាក់ទឹកផ្លូវ។ ក្នុងករណីថា ក្រុមហ៊ុនអត់បានចាក់ទឹកទេ ខ្ញុំនឹងឱ្យប្រជាពលរដ្ឋទាំងអស់ផ្ដិតមេដៃ ឆ្លងតាមខ្ញុំ ដើម្បីសំណូមពរទៅខេត្ត»។
កាលពីវេលាម៉ោងជាង ៤រសៀលថ្ងៃទី៧ ខែមីនា ក្រុមអ្នកភូមិបានយល់ព្រមបើកផ្លូវឱ្យរថយន្តគ្រប់ប្រភេទធ្វើចរាចរឡើងវិញ បន្ទាប់ពីមេធាវីរបស់ក្រុមហ៊ុន ស៊ី ផេក អ៊ីនវេសមែន សុខចិត្តទទួលយកសំណើជាច្រើនចំណុចមក។
អាជ្ញាធរស្រុកបានឱ្យដឹងថា ក្រុមហ៊ុន ស៊ី ផេក អ៊ីនវេសមែន ដែលវិនិយោគតំបន់ទេសចរណ៍នៅឃុំកំពង់ភ្លុក នោះ គឺមានថៅកែជនជាតិកូរ៉េ សញ្ជាតិអាមេរិក។ ក្រុមហ៊ុននេះបានទទួលអាជ្ញាប័ណ្ណពីក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិកម្ពុជា ក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍បឹងទន្លេសាប នៅឃុំកំពង់ភ្លុក ជាច្រើនឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
