អាជ្ញាធរ​ភូមិ​ឃុំ​នៅ​សៀមរាប​រង​ការ​ចោទ​ថា​ឃុបឃិត​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍

0:00 / 0:00

ភ្នំ​គូលែន ជា​អតីត​រាជធានី​បុរាណ​នៃ​អាណាចក្រ​ខ្មែរ​ឈ្មោះ មហិន្ទ្របព៌ត មាន​អាយុ​កាល​ជាង ១​ពាន់​ឆ្នាំ​ហើយ។ ទី​នោះ ក្រៅ​តែ​នៅ​មាន​សេសសល់​ប្រាសាទ​បុរាណ​ជាង ៥០​កន្លែង ផ្ទាំង​ថ្ម​ចម្លាក់ និង​កន្លែង​សម្រាប់​សក្ការបូជា​បែប​ព្រហ្មញ្ញ​សាសនា គឺ​មាន​ព្រៃ​ឈើ​ជា​ជម្រក​សត្វ​ព្រៃ​រស់នៅ ដែល​រដ្ឋាភិបាល​បាន​រក្សា​ទុក​ជា​ឧទ្យាន​ជាតិ។

ក៏ប៉ុន្តែ​បច្ចុប្បន្ន ព្រៃ​ឈើ​លើ​ខ្នង​ភ្នំ​គូលែន កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ ដើម្បី​ជួញ​ដូរ​ខុស​ច្បាប់​ផង និង​ការ​រុករាន​យក​ដី​ផង។

ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ បាន​ចោទ​ប្រកាន់​អតីត​មេ​ឃុំ ជាមួយ​អាជ្ញាធរ​ភូមិ និង​ប្រធាន​សហគមន៍​ព្រៃ​ឈើ​ខ្លះ ថា​កំពុង​ឃុបឃិត​គ្នា​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍ យក​ទៅ​ចែក​គ្នា ដើម្បី​ផល​ចំណេញ​ផ្ទាល់​ខ្លួន។

កាល​ពី​ពេល​ថ្មីៗ ក្រុម​ប្រជាពលរដ្ឋ​ឃុំ​ខ្នងភ្នំ ខ្លះ បាន​សរសេរ​លិខិត​ផ្ញើ​ជូន​អភិបាល​ស្រុក​ស្វាយលើ និង​អភិបាល​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​បញ្ចប់​បញ្ហា​កាប់​ឈើ​នេះ។ នៅ​ភូមិ​តាពេញ នៃ​តំបន់​ខ្នង​ភ្នំ​គូលែន មាន​អ្នក​ភូមិ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ចំពោះ​មេ​ភូមិ និង​ប្រធាន​សហគមន៍​ព្រៃ​ឈើ​ទេ ដោយ​គេ​ចោទ​ប្រកាន់​ថា មេ​ភូមិ ព្រម​ទាំង​ប្រធាន​សហគមន៍​ព្រៃ​ឈើ​តាពេញ គឺ​ជា​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​កាប់​ឈើ​ជា​ញឹកញាប់។

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​តាពេញ ខ្លះ​ទៀត ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ។ គាត់​មាន​ប្រសាសន៍​ថា ជាច្រើន​ខែ​មក​ហើយ មេ​ភូមិ​តាពេញ ជាមួយ​អតីត​មេ​ឃុំ​ខ្នងភ្នំ ព្រម​ទាំង​ប្រធាន​សហគមន៍​ព្រៃ​ឈើ​តាពេញ ផង បាន​នាំ​គ្នា​អារ​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍​ជា​បន្តបន្ទាប់ ថា​យក​ទៅ​ធ្វើ​ជា​ខ្ចុះ ដើម្បី​យាម​ការពារ​ព្រៃ ក៏ប៉ុន្តែ សកម្មភាព​កាប់​ឈើ​ហាក់​ដូច​ជា​មិន​ចេះ​គ្រប់គ្រាន់​ទេ៖ «លោក ពៅ សារ៉ន ហ្នឹង​ជា​ប្រធាន​ភូមិ លោក លួន ព្រំ ហើយ​និង​អ្នក​កាន់​ម៉ាស៊ីន គឺ​ឈ្មោះ ខ្មៅ ហើយ​ប្រធាន​សហគមន៍ គឺ ហន ហ៊ន។ ៣-៤​នាក់​ហ្នឹង​ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺ​គេ​កាប់​ឈើ​ជាប់ ហើយ​ប៉ុន្មាន​ខែ​មុន​កន្លង​មក​ក៏​គេ​ធ្វើ​ដែរ មុន​បោះ​ឆ្នោត​ក៏​គេ​កាប់​ឈើ។ កាប់​នៅ​តំបន់​សហគមន៍​ខាង​ជើង​ភូមិ​តាពេញ ឃើញ​គេ​អារ​ឈើ​នេះ គេ​លី​មក​ដល់​ផ្ទះ​ខ្លះ ហើយ​គេ​ដាក់​ព្រៃ​សហគមន៍ វា​ត្រូវ​តែ​មាន​យោបល់​ទាំងអស់​គ្នា ដល់​ពេល​នេះ ទៅ​ធ្វើ​មិន​ប្រាប់​ប្រជាពលរដ្ឋ​ណា​ឱ្យ​ដឹង​ឮ​ផង»

បុរស​អ្នក​ភូមិ​តាពេញ ១​រូប​ទៀត បាន​រិះគន់​ប្រហាក់​ប្រហែល​គ្នា ដោយ​ថា មេ​ភូមិ និង​ប្រធាន​សហគមន៍​ព្រៃ​ឈើ​តាពេញ គឺ​បាន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ជា​ញឹកញាប់ ក្រោម​រូបភាព​យក​មក​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ ក៏ប៉ុន្តែ​ការ​ពិត គេ​ដឹង​ថា ឈើ​ខ្លះ​ត្រូវ​បែង​ចែក​គ្នា​ជា​របស់​ឯកជន៖ «អារ​ហ្នឹង​ចែក​គ្នា​អ៊ីចឹង​ទៅ ហើយ​ព្រៃ​សហគមន៍​ក៏​វា​រិច​រិល​ទៅ​ហើយ។ គេ​ថា​គេ​មាន​ថ្នាក់​លើ​ទទួល​ស្គាល់ គេ​ថា​មាន​បញ្ហា​អី គេ​ដោះស្រាយ។ តាំង​ពី​បោះ​ឆ្នោត​រួច​មក ការ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍​នេះ​ទាំង​យប់​ទាំង​ថ្ងៃ។ ដើម​ឈើ​មុខ​ធំៗ​ហ្នឹង​វា​អស់​ហើយ នៅ​សល់​ត្រឹម​មុខ ០,៥០​ម៉ែត្រ មុខ ០,៤០​អី​ទេ។ ដើម​ផ្ដៀក ឥឡូវ​ផ្ដៀក​វា​អស់​ទៀត​ហើយ ចូល​ដល់​ដើម​ព្រីង​ម្ដង​ហើយ។ គេ​អារ​ដឹក​មក​ផ្ទះ ឥឡូវ​គេ​ថា អារ ៣​ថ្ងៃ​នេះ​ដាក់​ប្រយោជន៍​រួម ក៏ប៉ុន្តែ​មាន​ចំណែក​២-៣​ឯណោះ»

ទោះ​យ៉ាង​ណា អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នេះ។

មេ​ភូមិ​តាពេញ លោក ពៅ សារ៉ន បាន​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ពាក្យ​អ្នក​ភូមិ ដែល​ចោទ​រូប​លោក​ថា កាប់​ឈើ​ទៅ​បែង​ចែក​គ្នា​នោះ គឺ​ជា​រឿង​មួលបង្កាច់ គ្មាន​ការ​ពិត។ លោក​មេ​ភូមិ​ដដែល​បញ្ជាក់​ទៀត​ថា តាម​ពិត​រូប​លោក និង​ប្រធាន​សហគមន៍​ព្រៃ​ឈើ​តាពេញ មិន​បាន​កាប់​ឈើ​ច្រើន​ដើម​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ គឺ​កាប់​តែ ២​ដើម ដោយ​១​ដើម​យក​ទៅ​ធ្វើ​ខ្ចុះ សម្រាប់​យាម​ការពារ​ព្រៃ និង​១​ដើម​ទៀត លោក​គ្មាន​ប្រាក់​ថ្លៃ​ឈ្នួល​ម៉ាស៊ីន​អារ ក៏​ឱ្យ​ឈើ​នោះ​ទៅ​ម្ចាស់​ម៉ាស៊ីន៖ «អត់​មែន​ទេ គឺ​ចេះ​តែ​ចោទ​ប្រកាន់​ផ្ដេសផ្ដាស​ហើយ! ខ្ញុំ​ជា​មេ​ភូមិ​នៅ​ភូមិ​នេះ​ឯង មិន​មាន​អ្នក​ណា​ទៅ​ធ្វើ​ឯណា? អ៊ីចឹង​សូម​អធ្យាស្រ័យ បើ​ថា​មិន​ជឿ​ខ្ញុំ​ទេ សូម​ឱ្យ​មន្ត្រី​បរិស្ថាន​ទៅ​ពិនិត្យ​មើល ខ្ញុំ​នឹង​ជូន​គាត់​ទៅ​ឱ្យ​ដល់​កន្លែង​ឈើ​តែ​ម្ដង»

ចំណែក​មន្ត្រី​បរិស្ថាន​វិញ​បាន​ឆ្លើយ​ថា គេ​ពុំ​បាន​ដឹង​រឿង​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​តាពេញ ដូច​ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់​នោះ​ឡើយ។

ប្រធាន​ស្នាក់​ការ​បរិស្ថាន​នៅ​លើ​ខ្នងភ្នំ​គូលែន លោក សឿន វិបុល មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​ទីនោះ​ទេ៖ «ចាំ​មើល​ខ្ញុំ​ទូរស័ព្ទ ទៅ​សួរ​មើល ធ្វើ​យ៉ាង​ម៉េច អ៊ីចឹង។ បើ​សហគមន៍ គឺ​អាច​ដក​ហូត​ប្រើប្រាស់​ក្នុង​ប្រជា​សហគមន៍​នោះ តែ​អនុផល​ទេ ក្រៅ​ពី​នោះ​មិន​អាច​ធ្វើ​បាន​ទេ»

លិខិត​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នងភ្នំ ១​ច្បាប់​ចុះ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៤ ដែល​វិទ្យុ​អាស៊ីសេរី ទើប​ទទួល​បាន​រៀប​រាប់​ថា ចាប់​តាំង​ពី​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ រហូត​មក​ដល់​ពេល​នេះ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តាម​សហគមន៍​ជាច្រើន​លើ​ខ្នង​ភ្នំ​គូលែន នៅ​តែ​បន្ត​ទាំង​យប់​ទាំង​ថ្ងៃ។ លិខិត​បញ្ជាក់​ទៀត​ថា នៅ​ភូមិ​តាពេញ មាន​ការ​ឃុបឃិត​គ្នា​រវាង​អតីត​មេ​ឃុំ​ខ្នងភ្នំ ឈ្មោះ លួន ព្រំ មេ​ភូមិ​តាពេញ ឈ្មោះ ពៅ សារ៉ន និង​ប្រធាន​សហគមន៍​ព្រៃ​ឈើ ឈ្មោះ ហន ហ៊ន ដោយ​ប្រគល់​ឱ្យ​បុរស​ម្នាក់​ឈ្មោះ សុខ ខ្មៅ ជា​អ្នក​អារ ដើម្បី​យក​ឈើ​មក​ចែក​គ្នា។

នៅ​លើ​ខ្នង​ភ្នំ​គូលែន មិន​មែន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ ដែល​ព្រួយ​បារម្ភ​ជុំវិញ​រឿង​បាត់​បង់​ព្រៃ​ឈើ សូម្បី​តែ​ក្រុម​អ្នក​ជំនាញ​ខាង​អភិរក្ស​បេតិកភណ្ឌ​អន្តរជាតិ ក៏​ធ្លាប់​សម្ដែង​ការ​ព្រួយ​បារម្ភ​ជុំវិញ​បញ្ហា​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទី​នោះ​ដែរ។

កាល​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ មន្ត្រី​រដ្ឋាភិបាល​ដែល​ជួប​ប្រជុំ​ជាមួយ​គណៈកម្មការ​សម្រប​សម្រួល និង​ការពារ​បេតិកភណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ដោយសារ​តែ​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ​លើ​ភ្នំ​គូលែន ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​កាប់​រាន​ព្រៃ ដើម្បី​ធ្វើ​ចម្ការ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ អាយ.ស៊ី.ស៊ី បាន​យល់​ឃើញ​រួម​គ្នា​ថា ជា​គោលដៅ​ធំ គឺ​ត្រូវ​តែ​ការពារ​ភ្នំ​គូលែន ឱ្យ​គេច​ផុត​ការ​បំផ្លិចបំផ្លាញ​ជា​បន្ទាន់។

នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​នោះ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ប្រគល់​ភារកិច្ច​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ឱ្យ​ប្រញាប់​ប្រញាល់​រៀបចំ​គណៈកម្មការ​ដែល​មាន​ក្រុម​ជំនាញ ធ្វើ​ការ​សិក្សា​ជា​បន្ទាន់​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង និង​រៀបចំ​ឯកសារ​ច្បាស់​លាស់ ក្នុង​នោះ​មាន​លើក​ឡើង​ពី​វិធានការ​កែលំអ ព្រម​ទាំង​វិធានការ​ការពារ​ខ្ពង់​រាប​ភ្នំ​គូលែន នេះ។ ក៏ប៉ុន្តែ រហូត​មក​ដល់​បច្ចុប្បន្ន គណៈកម្មការ​ដែល​រដ្ឋាភិបាល​ធ្លាប់​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប រៀបចំ គឺ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។