ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ប្រតិកម្ម​នឹង​គម្រោង​ផលិត​ទឹក​ស្អាត​ថា​ប៉ះពាល់​ដល់​ទឹក​ធ្វើ​កសិកម្ម

0:00 / 0:00

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​ប្រតិកម្ម​ទៅ​នឹង​គម្រោង​ផលិត​ទឹក​ស្អាត​នៅ​អាង​ស្ដុក​ទឹក​ឈ្វាំង ស្ថិត​នៅ​ភូមិ​ព្រៃខ្មែរ ឃុំ​រលាប្អៀរ របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ លោក​ខាង​កើត​ជួយ​លោក​ខាង​លិច។

តំណាង​ប្រជាពលរដ្ឋ​ជាង ៤០០​គ្រួសារ​បញ្ជាក់​ថា គម្រោង​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹក​សម្រាប់​ស្រោចស្រព​ដី​ស្រែ​កសិកម្ម​របស់​អ្នក​ភូមិ​ចំនួន ៣​ឃុំ និង​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ផង។

តំណាង និង​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា បាន​ស្ដី​បន្ទោស​អាជ្ញាធរ​ភូមិ​ឃុំ​ថា មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ច្បាស់​លាស់​ទាក់ទង​នឹង​គម្រោង​ផលិត​ទឹក​ស្អាត​នេះ​ដល់​ពលរដ្ឋ​ក្នុង​ភូមិ​បាន​ដឹង ហើយ​ថែម​ទាំង​បង្ខំ​ឲ្យ​ពួក​គាត់​ទទួល​ស្គាល់ និង​ទិញ​យក​ទឹក​ពី​គម្រោង​នោះ​ទៅ​ប្រើប្រាស់​ទៀត។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ លោក សោម ស៊ីណៃ មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៣ មេ​ភូមិ​ព្រៃខ្មែរ លោក សែម សម្បត្តិ បាន​ប្រាប់​ឲ្យ​អ្នក​ភូមិ​ប្រមាណ​ជា ៥០​នាក់ ទៅ​ចូល​រួម​ប្រជុំ​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ជា​មួយ​អាជ្ញាធរ​ឃុំ និង​ក្រុម​ការងារ​ទឹក​ស្អាត នៃ​អង្គការ​លោក​ខាង​កើត​ជួយ​លោក​ខាង​លិច រយៈពេល​១​ព្រឹក​ពេញ នៅ​ក្នុង​បរិវេណ​វត្ត​ត្រពាំងស្នោ។ នៅ​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​នោះ ក្រុម​ប្រជាពលរដ្ឋ​បាន​ប្រឆាំង​ដាច់​ខាត មិន​ឲ្យ​បង្កើត​គម្រោង​នេះ​ឡើង ក៏ប៉ុន្តែ​អាជ្ញាធរ និង​តំណាង​អង្គការ​នោះ នៅ​តែ​បន្ត​អនុវត្ដ​គម្រោង​រហូត​មក​ដល់​បច្ចុប្បន្ន៖ «ប្រជាពលរដ្ឋ​សម្បទាន​ដី​កន្លះ​ហិកតារ ខ្លះ​អស់​១​ហិកតារ ដើម្បី​ទុក​ឲ្យ​បាន​ទីធ្លា​ធំ​តម្កល់​ទឹក។ ដល់​ឥឡូវ​ហ្នឹង បែរ​ជា​មាន​អង្គការ​មួយ​ក្រុម​មក​យក​ទឹក​ហ្នឹង​ធ្វើ​អាជីវកម្ម​លក់ អ៊ីចឹង​ប្រជាពលរដ្ឋ​កើត​ទុក្ខ​មិន​សុខ​ចិត្ត មិន​ឲ្យ​ធ្វើ​ទេ សុខ​ចិត្ត​ទិញ​ទឹក ខ្វះ​ទឹក​យ៉ាង​ម៉េច​ខ្លួន​គេ​ចុះ​មិន​ចង់​បាន​ទឹក​ហ្នឹង​ទេ»

លោក​បញ្ជាក់​ថា ប្រសិន​បើ​គម្រោង​នេះ​ត្រូវ​គេ​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ​នោះ ទឹក​នៅ​ក្នុង​អាង​ឈ្វាំង​នឹង​ត្រូវ​រីង​ស្ងួត ហើយ​ដី​ស្រែ​កសិកម្ម​នៅ​ឃុំ​រលាប្អៀរ ឃុំ​គោកបន្ទាយ និង​ឃុំ​អណ្ដូងស្នាយ នៃ​ស្រុក​រលាប្អៀរ ត្រូវ​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​ធ្ងន់ធ្ងរ នៅ​ពេល​មាន​គ្រោះ​រាំង​ស្ងួត​នា​ថ្ងៃ​អនាគត។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​រលាប្អៀរ លោក ពៅ ឈឿន បញ្ជាក់​ថា ថ្វី​បើ​អាជ្ញាធរ​មិន​ទាន់​បាន​ប្រជុំ​ផ្សព្វផ្សាយ​គម្រោង​នេះ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ ក៏ប៉ុន្តែ​លោក​មើល​ឃើញ​ថា ផ្ទៃ​ទឹក​នៅ​ក្នុង​អាង​ឈ្វាំង​នេះ​នៅ​មាន​ខួប​ប្រាំង​ខួប​វស្សា ដែល​មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ស្រោចស្រព​ដី​ស្រែ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ឡើយ។ ហើយ​គម្រោង​នេះ នឹង​អាច​ជួយ​ផ្ដល់​ទឹក​ស្អាត​ដល់​អ្នក​ភូមិ​ជា​ច្រើន​រយ​គ្រួសារ​នៅ​ថ្ងៃ​ខាង​មុខ៖ «បាទ អាង​ចេញ​ជា​រូបរាង​ខ្លះ​ហើយ​បាទ! អ្នក​ទទួល​ផល​គាំទ្រ ឬ​មិន​គាំទ្រ អាស្រ័យ​លើ​បង​ប្អូន​ប្រជាពលរដ្ឋ មិន​ខ្ញុំ​ជា​អ្នក​បង្ខិត​បង្ខំ​ប្រជាពលរដ្ឋ​ទេ។ សហគមន៍​ភូមិ​ព្រៃខ្មែរ នៅ​ភ្នំ​ដើមផ្កា គ្នា​អត់​ទឹក​ជីក​តែ​អណ្ដូង​ស្នើ​តែ​ពាង​យក្ស​ជីក​អណ្ដូង​មិន​ចេញ អ៊ីចឹង​គេ​ថា គម្រោង​ហ្នឹង​ចែក​ចាយ​ទៅ​កន្លែង​ដែល​អត់​ទឹក»

លោក​បញ្ជាក់​ថា នៅ​ជំហាន​ដំបូង គម្រោង​នេះ​នឹង​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ភ្នំ​ដើមផ្កា ភូមិ​ព្រៃខ្មែរ ចំនួន​ពី ២៣០​គ្រួសារ ទៅ ២៥០​គ្រួសារ ក៏ប៉ុន្ដែ​លោក​មិន​ដឹង​ច្បាស់​ថា​អាច​នឹង​ដំណើរ​ការ​បាន​នៅ​ថ្ងៃ​ណា​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នៃ​អង្គការ​លោក​ខាង​កើត​ជួយ​លោក​ខាង​លិច និង​មន្ត្រី​មន្ទីរ​ធនធាន​ទឹក និង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា។

លិខិត​ភ្ជាប់​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ភូមិ​ព្រៃខ្មែរ ចំនួន ៥០៩​នាក់ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា បង្ហាញ​ថា គម្រោង​ទឹក​ស្អាត​នេះ​ត្រូវ​បាន​គេ​សិក្សា​តាំង​ពី​ឆ្នាំ​២០១០ នៅ​ឃុំ​អណ្ដូងស្នាយ ក៏ប៉ុន្តែ​ដោយ​នៅ​ទី​នោះ​សិក្សា​មិន​ឃើញ​ប្រភព​ទឹក ក៏​ងាក​មក​សិក្សា​នៅ​ឃុំ​រលាប្អៀរ ដោយ​ចាប់​យក​អាង​ទឹក​ឈ្វាំង ធ្វើ​ជា​ប្រភព​ទឹក ដើម្បី​ផលិត​ទឹក​ស្អាត​នោះ។ គម្រោង​នេះ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ចំនួន ៥២​ម៉ឺន​ដុល្លារ ហើយ​ទាមទារ​ឲ្យ​ពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​ស្អាត​ទាំងអស់ ត្រូវ​បង់​ថ្លៃ​សេវា​ត​ភ្ជាប់ និង​តម្លៃ​ទឹក​ជាង ២​ពាន់​រៀល​ក្នុង​១​ម៉ែត្រ​គូប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។