ពលរដ្ឋ​ខ្វែង​គំនិត​គ្នា​ចំពោះ​គម្រោង​ផលិត​ទឹក​ស្អាត​ក្នុង​បឹង​ឈ្វាំង​ខេត្ត​កំពង់ឆ្នាំង

0:00 / 0:00

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កំពុង​តែ​ខ្វែង​គំនិត​គ្នា​ចំពោះ​គម្រោង​ផលិត​ទឹក​ស្អាត​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ នៅ​ក្នុង​បឹង​ឈ្វាំង ស្ថិត​នៅ​ភូមិ​ព្រៃខ្មែរ នៃ​ឃុំ​រលាប្អៀរ។ ក្រុម​ប្រជាពលរដ្ឋ​សុទ្ធតែ​អះអាង​ថា ខ្លួន​ចង់​បាន​ទឹក​ស្អាត​មក​ប្រើប្រាស់​ដូចៗ​គ្នា ប៉ុន្តែ​មាន​អ្នក​ខ្លះ​យល់​ព្រម​ឲ្យ​គេ​យក​ទឹក​ពី​ក្នុង​បឹង​ឈ្វាំង មក​ផលិត​ជា​ទឹក​ស្អាត និង​អ្នក​ខ្លះ​មិន​អនុញ្ញាត ព្រោះ​បារម្ភ​ខ្លាច​ទឹក​នៅ​ក្នុង​ផ្ទៃ​បឹង​នេះ​រីង​ស្ងួត ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ស្រោចស្រព​ដី​ស្រែ​កសិកម្ម​របស់​អ្នក​ភូមិ។

ប្រធាន​សហគមន៍​ភ្នំ​ដើម​ផ្កា នៅ​ភូមិ​ព្រៃខ្មែរ គ្រោង​នឹង​ដើរ​ផ្ដិត​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គម្រោង​ផលិត​ទឹក​ស្អាត និង​អនុញ្ញាត​ឲ្យ​ទាញ​យក​ប្រភព​ទឹក​ពី​ក្នុង​បឹង​ឈ្វាំង មក​ផលិត។

គម្រោង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អ្នក​ភូមិ​ប្រមាណ​ជា ១០០​នាក់ បាន​ប្រតិកម្ម និង​ស្ដី​បន្ទោស​អាជ្ញាធរ​ថា​មិន​បាន​ផ្ដល់​ព័ត៌មាន​ច្បាស់​លាស់​ជុំវិញ​បញ្ហា​នេះ ថែម​ទាំង​បង្ខំ​ឲ្យ​ពួក​គាត់​ទទួល​យក​នូវ​អ្វី​ដែល​គេ​យល់​ថា​មិន​ត្រឹមត្រូវ​នោះ។

ប្រធាន​សហគមន៍​ភ្នំ​ដើម​ផ្កា លោក ឈឹម សារិទ្ធិ មាន​ប្រសាសន៍​ថា លោក​បាន​ដើរ​ស្ទង់​មតិ​ប្រជាពលរដ្ឋ​តាម​ផ្ទះ​ឃើញ​ថា មាន​អ្នក​ភូមិ​ប្រមាណ​ជា ១០០​គ្រួសារ​ក្នុង​ចំណោម ១៣០​គ្រួសារ នៃ​សហគមន៍​ទាំង​មូល បាន​អនុញ្ញាត​ឲ្យ​គេ​ទាញ​យក​ទឹក​ពី​ក្នុង​ផ្ទៃ​អាង​ឈ្វាំង មក​ផលិត។ លោក​បន្ត​ថា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ លោក​នឹង​សុំ​ឲ្យ​អង្គការ​លោក​ខាង​លិច​ជួប​លោក​ខាង​កើត (EMW) ជួយ​រៀបចំ​ឯកសារ ដើម្បី​ដើរ​ផ្ដិត​មេដៃ​របស់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គម្រោង​នេះ៖ «មាន​ការ​ជំទាស់​កន្លង​មក ដោយសារ​តែ​គាត់​ទទួល​ព័ត៌មាន​អត់​ច្បាស់​លាស់ ឮ​សូរ​ពាក្យ​ចចាមអារ៉ាម​គេ​ថា​បើ​សិន​ជា​គេ​ធ្វើ​អា​ប្រព័ន្ធ​ទឹក​ស្អាត​ហ្នឹង គេ​នឹង​បិទ បិទ​អត់​ឲ្យ​ប្រើ​ទឹក​លាង​គោ អត់​ឲ្យ​ដង​ទឹក​ហ្នឹង គេ​ធ្វើ​របង​ព័ទ្ធ​អ៊ីចឹង ហើយ​ម្យ៉ាង​ទៀត គេ​អត់​ឲ្យ​បង្ហូរ​ទឹក​ទៅ​ស្រែ​ទៅ​អី​អ៊ីចឹង។ បញ្ហា​នេះ​ហើយ​ដែល​បណ្ដាល​ឲ្យ​បង​ប្អូន​អ្នក​ដែល​ខ្លួន​ឯង​អត់​ទឹក​ហ្នឹង ក៏​មាន​អារម្មណ៍​ថា​មិន​ឲ្យ​គេ​ធ្វើ​ដែរ»

ប្រជាពលរដ្ឋ​ម្នាក់ លោក នាង សារ៉េត បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា គ្រួសារ​លោក និង​អ្នក​ភូមិ​ក្បែរ​ខាង​មួយ​ចំនួន​ទៀត មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​ទឹក ជាពិសេស​នៅ​ក្នុង​រដូវ​ប្រាំង។ លោក​បន្ត​ថា នៅ​តំបន់​លោក​រស់​នៅ​ពុំ​មាន​ផ្ទះ​ណា​មួយ​អាច​ជីក​អណ្ដូង​ចេញ​ទឹក​យក​មក​ប្រើប្រាស់​ឡើយ ដូច្នេះ​ទើប​អ្នក​ភូមិ​បង្ខំ​ចិត្ត​ទិញ​ទឹក​ធុង​ក្នុង​តម្លៃ​ថ្លៃ​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ៖ «យើង​ទិញ​គេ​ក្នុង​១​ធុង​១​ពាន់​រៀល អា​ហ្នឹង​សម្រាប់​អូស​ខ្លួន​ឯង បើ​គេ​អូស​ឲ្យ ២​ពាន់ ទៅ ២.៥០០​រៀល ហើយ​បន្តិច​ទៀត​នឹង​ឡើង​ដល់ ៣​ពាន់ គេ​អូស​ឲ្យ។ ប៉ុន្តែ បើ​យើង​ទៅ​អូស​នៅ​ទឹក​ឈ្វាំង យ៉ាង​ម៉េច​ដែរ? យើង​ទៅ​អូស​នៅ​ទឹក​ឈ្វាំង ក៏​បាន​ដែរ ប៉ុន្តែ​យើង​អត់​មាន​ធុង​មាន​អី យើង​មាន​លុយ​ឯណា​នឹង​ទិញ​ធុង​ទិញ​រទេះ»

ទោះ​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៤ មាន​ប្រជាពលរដ្ឋ​មិន​គាំទ្រ​ស្ថានីយ​ផលិត​ទឹក​ស្អាត​ដែល​បាន​ចំណាយ​ទឹក​ប្រាក់​ជាង ៥​ម៉ឺន​ដុល្លារ​នេះ បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត​ត្រពាំងស្នោ ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ឃុំ ស្រុក និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ។ អ្នក​ចូល​រួម​ទាំង​នោះ​មាន​ស្នាម​មេដៃ​គាំទ្រ​ចំនួន ៥០៩​ស្នាម​មេដៃ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង ៤០០​គ្រួសារ នៅ​ភូមិ​ព្រៃខ្មែរ ទាំង​មូល ដែល​មិន​ចង់​ឲ្យ​បង្កើត​ស្ថានីយ​នៅ​ក្នុង​ផ្ទៃ​បឹង​ឈ្វាំង ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ការ​យក​ទឹក​ស្រោចស្រព​ដី​ស្រែ​កសិកម្ម។

ប្រជាពលរដ្ឋ​ម្នាក់ អ្នកស្រី ឆាយ ថុន បញ្ជាក់​ថា គ្រួសារ​អ្នកស្រី និង​អ្នក​ភូមិ​ផ្សេង​ទៀត សុទ្ធតែ​ចង់​បាន​ទឹក​ស្អាត​មក​ប្រើប្រាស់​ដូច​គ្នា ក៏ប៉ុន្តែ​ទឹក​នោះ​ត្រូវ​តែ​យក​ចេញ​ពី​ប្រភព​ផ្សេង និង​ធានា​ថា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹក​នៅ​ក្នុង​ផ្ទៃ​អាង​ឈ្វាំង ឡើយ។ អ្នកស្រី​បន្ត​ថា កន្លង​មក​អាជ្ញាធរ​មិន​ដែល​ពិភាក្សា ឬ​ផ្ដល់​ព័ត៌មាន​ច្បាស់​លាស់​ទាក់ទង​នឹង​គម្រោង​នេះ​ដល់​ពលរដ្ឋ​បាន​ដឹង​ឡើយ៖ «អរ​ជា​ទី​អស្ចារ្យ​ហើយ​នេះ! បើ​បាន​ទឹក​ប្រើប្រាស់​ខុស​កន្លែង​ទឹក​ឈ្វាំង ហ្នឹង​ទៅ មីង​អរ​ណាស់។ ទុក​គ្រាន់​ឲ្យ​ប្រជាពលរដ្ឋ​លាង​ទឹក​គោ ដាក់​ទឹក​ស្រែ​ពីរ​ភូមិ​បី​ភូមិ ពេល​អត់​អ៊ីចឹង​ទៅ សុំ​ពី​នេះ​ទៅ​គេ​បើក​ដាក់​ទៅ​ក្រោម​ហ្នឹង​ឲ្យ​ហើយ នៅ​ពេល​អត់​ទឹក​ស្រែ​ស្ងួត​ស្រូវ​សំណាប​អស់​បាន​ទឹក​ហ្នឹង​គ្រាន់​បណ្ដោះអាសន្ន​ដែរ»

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​រលាប្អៀរ លោក ឈឹម វុទ្ធា មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ប្រជុំ​ផ្សព្វផ្សាយ​ជុំវិញ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣​លើក​រួច​មក​ហើយ ប៉ុន្តែ​ពួក​គាត់​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​អំពី​គម្រោង​នេះ ដោយ​ខ្លាច​គេ​បង្កើត​គម្រោង​នេះ​ឡើង ដើម្បី​បម្រើ​ផល​ប្រយោជន៍​ក្រុមហ៊ុន​ឯកជន ឬ​បុគ្គល​ណា​មួយ​ក្រៅ​ពី​សហគមន៍៖ «ខ្ញុំ​គិត​ថា បើ​សិន​ជា​គាត់​នៅ​ជំទាស់​ក្នុង​រូបភាព​មិន​ចង់​ឲ្យ​គម្រោង​ហ្នឹង​ដើរ អា​ហ្នឹង​វា​ខាត​ខ្លួន​គាត់​ទេ តែ​ជា​ចេតនា​របស់​ខ្ញុំៗ​ចង់​ឲ្យ​ធ្វើ​ម៉េច​ប្រធាន​អង្គការ និង​សហគមន៍​គាត់​សហការ​គ្នា ហើយ​កុំ​ឲ្យ​យក​រូបភាព​អ្នក​ធ្វើ​អាជីវកម្ម​ដឹក​ទឹក​លក់​ហ្នឹង យក​មក​បំផ្លាញ​ជាមួយ​អ្នក​ដែល​គ្នា​ចង់​បាន​ពិត​ប្រាកដ។ ខ្ញុំ​មិន​ទាន់​ចាត់​ការ​យ៉ាង​ម៉េច​នៅ​ឡើយ ដោយសារ​រង់ចាំ​មើល​ឲ្យ​គាត់​ស្នើសុំ​មក​យើង​វិញ បាន​យើង​មាន​តម្លៃ​នឹង​ធ្វើ​ការងារ​ជាមួយ​គាត់»

១៥-មីនា-២០១៤៖ បឹង​ឈ្វាំង នា​ភូមិ​ព្រៃខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។
១៥-មីនា-២០១៤៖ បឹង​ឈ្វាំង នា​ភូមិ​ព្រៃខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ (RFA/Chin Chetha)

លោក​បញ្ជាក់​ថា គម្រោង​នេះ​នឹង​មិន​អាច​ប្ដូរ​ទៅ​កន្លែង​ផ្សេង​បាន​នោះ​ទេ ពីព្រោះ​គ្មាន​ទីតាំង​ណា​ដែល​អាច​ជីក​យក​ទឹក​ក្រោម​ដី​បាន ប៉ុន្តែ​ទឹក​នៅ​ក្នុង​ផ្ទៃ​បឹង​ឈ្វាំង គឺ​ជា​ប្រភព​ទឹក​ចេញ​ពី​ក្រោម​ដី និង​មិន​អាច​រីង​ស្ងួត​ខួប​ប្រាំង​ខួប​វស្សា ទើប​អាជ្ញាធរ​កំណត់​យក​ទីតាំង​នេះ​ដើម្បី​អនុវត្ត​គម្រោង។

នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ​លោក​ខាង​លិច​ជួប​លោក​ខាង​កើត លោក គឹម ហ៊ បាន​ថ្លែង​បញ្ជាក់​ថា គម្រោង​នេះ គឺ​ជា​ជំនួយ​សប្បុរសធម៌​មាន​គោល​បំណង​បម្រើ​ផល​ប្រយោជន៍​ដល់​សហគមន៍​ទាំង​មូល គឺ​មិន​មែន​សម្រាប់​តែ​បុគ្គល​ណា​មួយ​នោះ​ទេ។ អង្គការ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរ​ការ និង​ប្រគល់​ការ​គ្រប់គ្រង​នេះ​ជូន​សហគមន៍​ក្នុង​ពេល​ឆាប់ៗ ក៏ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ទាំង​ស្រុង ទើប​ខ្លាច​មាន​បញ្ហា៖ «អាង​ឈ្វាំង នេះ​កំពុង​ពិភាក្សា​បន្ត​ទៀត ខាង​ខ្ញុំ​កំពុង​តាម​ដាន ដើម្បី​ចុះ​ទៅ​សម្រប​សម្រួល​ឲ្យ​គាត់​យល់។ នៅ​ពេល​ដែល​គាត់​យល់​ហើយ ត​ដាក់​តាម​ផ្ទះ ២៥០​ហ្នឹង​បាន យើង​បញ្ជូន​លុយ​មក ២​ម៉ឺន​យ៉ាង​តិច​ទៀត ដើម្បី​បន្ត​ដល់​អ្នក​ដែល​ត្រូវ​ការ​ទៀត​បាទ!»

អនុ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់ឆ្នាំង និង​ជា​មន្ត្រី​សម្រប​សម្រួល​គម្រោង​ផលិត​ទឹក​ស្អាត លោក អ៊ុំ ចំរើន ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ស្ថានីយ​ផលិត​ទឹក​ស្អាត​នៅ​បឹង​ឈ្វាំង នេះ​អាច​ផលិត​ទឹក​ស្អាត​បាន​ចន្លោះ​ពី ២៣ ទៅ ៣០​ម៉ែត្រ​គូប​ក្នុង​១​ថ្ងៃ ហើយ​ប្រជាពលរដ្ឋ​អាច​បិទ​បើក​ទៅ​តាម​តម្រូវ​ការ ប្រសិន​បើ​ពួក​គាត់​ចង់​ទុក​ទឹក​សម្រាប់​ស្រោចស្រព​ដី​ស្រែ​កសិកម្ម​នោះ។

អាង​ស្ដុក​ទឹក​ឈ្វាំង គឺ​ជា​ប្រភព​ទឹក​យ៉ាង​សំខាន់​សម្រាប់​ការ​ស្រោចស្រព​ដី​ស្រែ​កសិកម្ម​រាប់​រយ​ហិកតារ នៅ​ឃុំ​ចំនួន​៣ គឺ​ឃុំ​រលាប្អៀរ គោកបន្ទាយ និង​ឃុំ​អណ្ដូងស្នាយ នៃ​ស្រុក​រលាប្អៀរ។ អាង​នេះ​ត្រូវ​បាន​គេ​ជីក​តាំង​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម ដែល​មាន​ទំហំ​ប្រហែល​ជា ៥​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។