ពលរដ្ឋ​នៅ​បាត់ដំបង​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​រោង​ចក្រ​ផលិត​បាវ​ក្រចៅ​ឡើង​វិញ

0:00 / 0:00

ប្រជាកសិករ​ជា​ច្រើន​គ្រួសារ​រស់​នៅ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដែល​ធ្លាប់​​មាន​មុខ​របរ ដាំ​ក្រចៅ​ ចិញ្ចឹមជីវិត ត្អូញត្អែរ​ថា​ចាប់​តាំង​ពី​រោង​ចក្រ ក្រចៅ​មិន​ដំណើរការ​ប្រមាណ​ជិត​២០​​ឆ្នាំ​ មក របរ​ដាំ​ក្រចៅ​ របស់​ប្រជាកសិករ រស់​នៅ​តំបន់​នោះ​បាត់បង់​ជាបន្តបន្ទាប់។ ប្រជាពលរដ្ឋ​បាន​ងាក​មក​ធ្វើ​ស្រែ​ជំនួស​វិញ ប៉ុន្តែ​​មិន​បាន​ទទួល​ផល​ចំណេញ​ដូច​ការ​ធ្វើ​ក្រចៅ​ទេ។ដោយ​សារ​តែ​បញ្ហា​នេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន មាន​ជីវភាព​ខ្វះខាត ហើយ​​ក៏​សម្រេច​ចិត្ត ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​មក​ដោះស្រាយ​ក្នុង​បន្ទុក​គ្រួសារ។

ប្រជាកសិករ​ដែល​ធ្លាប់​តែ​មាន​មុខ​របរ​ដាំ​ក្រចៅ នៅ​តំបន់​នោះ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​មន្ត្រី​ ពាក់ព័ន្ធ​ បើក​ដំណើរការ​រោងចក្រ​ក្រចៅ​ឡើង​វិញ ដើម្បី​បន្ត​ប្រកប​របរ​កសិកម្ម​ផ្នែក​នេះ​ជៀសវាង​ការ​ធ្វើ​ចំណាក​ស្រុក ទាំង​ប្រថុយប្រថាន​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ ហើយ​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​​កំណើត និង​ក្រុម​គ្រួសារ។

អ្នកភូមិ​ថ្លែង​ឲ្យ​ដឹង​ថា​របរ​ដាំ​ក្រចៅ ជា​របរ​ប្រពៃណី​ត​ពី​ដូន​តា​យូរលង់​មក​ហើយ ដែល​របរ​នេះ​​អាច​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​ក្បែរ​ផ្ទះ​បាន​ដោយ​ងាយ​ស្រួល ហើយ​មិន​គួរ​បិទ​រោង​ចក្រ​ក្រចៅ​មិន​ដំណើរ​ទាល់​តែ​សោះ។

ប្រជាកសិករ​វ័យ​៥០​ឆ្នាំ​ប្លាយ សម្បុរ​ស្រអែម​ម្នាក់​រស់​នៅ​ភូមិ​ព្រែកត្រប់ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង គឺ​លោក សម ស៊ត ថ្លែង​ថា​គ្រួសារ​របស់​លោក​មាន​ដី​សម្រាប់​ដាំ​ក្រចៅ​ប្រមាណ ៣ ហិកតារ ផ្ទៃ​ដី​ចំនួន​នោះ​អាច​ដាំ​ក្រចៅ រក​ប្រាក់​ចំណូល​ដោះស្រាយ ជីវភាព​គ្រួសារ​ដោយ​មិន​បាច់​ ធ្វើ​ចំណាក​ស្រុក​ ទៅ​ស្វែង​រក​ការងារ​ធ្វើ​ នៅ​ឯ​ក្រៅ​ប្រទេស​ឡើយ៖ «បាទ​អាច​ចិញ្ចឹម​បាន ព្រោះ​បី​ហិកតារ​ ម៉ា​ហិកតារ អាច​ហុច​ផល​ឲ្យ​យើង បាន​៣​តោន​ក្នុង​ម៉ា​រដូវ​បាទ។ បី​ហិកតារ​ វា​ស្មើ​ហ្នឹង​៩​តោន​ បើ​យ៉ាង​ហោច​ណាស់​ ក៏​៧​តោន​ដែរ។ យើង​កាច់​សោហ៊ុយ​កាច់​អី​អស់​ពាក់កណ្ដាល ៧តោន​ បើ​យើង​បាន​ត្រឹម​ពាក់​កណ្ដាល សោហ៊ុយ​អស់​យើង​ត្រូវ​ធ្វើ​អស់​ពាក់កណ្ដាល។ ហើយ​យើង​សម្រាប់​ទុក​ជីវភាព​របស់​យើង​ពាក់​កណ្ដាល​ហ្នឹង​ឃើញ​ថា ធូរធារ​គ្រាន់​ដែរ​ហើយ​រក​ត្រី​ផ្គួប​ផ្សំ​ទៅ អាច​ចិញ្ចឹម​ជីវិត​ហ្នឹង​ស្រួល​មិន​បាច់​ចំណាក​ស្រុក​ក៏​បាន​ដែរ »

ចំណែក​ឯ​ប្រជាកសិករ​រស់​នៅ​ភូមិ​ព្រែក​ត្រប់ ម្នាក់​ទៀត​ឈ្មោះ​លោក សៅ សុភឿត ថ្លែង​ថា​កាល​ពី​ជំនាន់​រោង​ចក្រ​ក្រចៅ បើក​ដំណើរ​ការ​នៅ​ឡើយ​ក្នុង​រដូវ​ប្រមូល​ផល​ក្រចៅ ចន្លោះ​ពី​ខែ​កញ្ញា​ ដល់​ដើម​ខែ វិច្ឆិកា ម្ដងៗ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី តែង​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ទូក និង​កាណូត តាម​ដង​ស្ទឹង​សង្កែ​យ៉ាង​ ទ្រហឹង​ អឹងកង។ ប្រជាពលរដ្ឋ​ចាប់​​ចេញ​ដំណើរ ប្រមាណ​ពី​ម៉ោង​ ៦ព្រឹក ឆ្ពោះ​ទៅ​ទី​វាល​ដាំ​ក្រចៅ ដែល​មាន​ចម្ងាយ​ពី​ភូមិ​ប្រមាណ ពី​៣​គីឡូ ម៉ែត្រ​ ឬ​តាម​ដី​ជិត​ឬ​ឆ្ងាយ​ របស់​ប្រជាពលរដ្ឋ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​ប្រមាណ​ម៉ោង​៥​រសៀល ជា​រៀង​រាល់​ថ្ងៃ។ លោក​ថា​កាល​ណោះ​មាន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ច្រើន​កុះករ សប្បាយ​ជាង​ពេល បច្ចុប្បន្ន​ឆ្ងាយ​ណាស់ ដែល​សព្វ​ថ្ងៃ​មាន​តែ​ផ្ទះ​សម្បែង ប៉ុន្តែ​ពុំ​សូវ​មាន​មនុស្ស​ពេញ​កម្លាំង​ រស់​ច្រើន​ ដូច​ពេល​មុន​ឡើយ « ពេល​ដល់​រដូវ​ក្រចៅ​ហ្នឹង​គឺ​ប្រើ​កម្មករ ក្នុង​ថៅកែ​មួយ​ជួនកាល ១០​នាក់​២០​នាក់​អញ្ចឹង​ទៅ ហើយ​គ្រប់​តែ​គ្នា។ អ៊ីចឹង​កាល​ហ្នឹង​អត់​មាន​ចំណាក​ស្រុក​ទេ ទៅ​ព្រោងព្រាត​អ៊ីចឹង​បណ្ដោយ​ដូច​ខ្ញុំ​ថា​ម៉េញ អ៊ីចឹង​ថៅកែ​មួយ​យក ២០​នាក់​ទៅ​៣០​នាក់​អញ្ចឹង។ ដូច​ខ្ញុំ​អញ្ចឹង​ខ្ញុំ​ជួល​កម្មករ​៣០​នាក់ ទៅ​២០​ដើម្បី​កាប់​ក្រចៅ។ មនុស្ស​ច្រើន​ទៅ​ជុំ​គ្នា គេ​យើង​ៗ​គេ​ជៀវ​ពេញ​តែ​វាល​អញ្ចឹង​ទៅ »

ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រកប​មុខ​របរ ដាំ​ក្រចៅ​ភាគ​ច្រើន​លើក​ឡើង​ថា របរ​ដាំ​ក្រចៅ​ជា​របរ​ចាំបាច់​​របស់​អ្នក​ភូមិ​រស់​នៅ​តំបន់​នោះ ហើយ​ប្រសិន​រោង​ចក្រ​ដំណើរ​ការ​ឡើង​វិញ ធ្វើ​ឲ្យ​​ជីវភាព​របស់​ពួកគាត់​ធូរធារ ប្រសើរ​ជាង​មុខ​របរ​ធ្វើ​ស្រែ ដែល​របរ​នេះ​ចំណាយ​អស់​ដើម​ទុន​ច្រើន។

ដើម​ក្រចៅ ដែល​របស់​អ្នក​ភូមិ​ដាំ នៅ​ភូមិ​រាជដូនកែវ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​កាល​ពី​ថ្ងៃទី ១៨ តុលា ២០១៤។
ដើម​ក្រចៅ ដែល​របស់​អ្នក​ភូមិ​ដាំ នៅ​ភូមិ​រាជដូនកែវ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​កាល​ពី​ថ្ងៃទី ១៨ តុលា ២០១៤។ (RFA/Hum Chamroeun)

ក្រុម​ប្រជាពលរដ្ឋ អង្គុយ​លើ​កៅអី​ នៅ​តូប​លក់​ចាហួយ នៅ​ខាង​មុខ​វត្ត​ព្រែក​ត្រប់ មាន​មតិ​ថា​ចាប់​តាំង​ពី​ប្ដូរ​ របរ​ធ្វើ​ក្រចៅ ទៅ​​ជា​ការ​ធ្វើ​ស្រែ​មិន​ទទួល​បាន​ផល​ចំណេញ​ដូច​មុន​ៗ​ទេ។ ពួកគាត់​ថ្លែង​ថា​ ការ​ធ្វើ​ស្រែ ចំណាយ​ទៅ​លើ​ជី​ថ្នាំ​បាញ់ និង​ការ​ថែ​ទាំ ទម្រាំ​តែ​ដល់​ប្រមូល​ផល ត្រូវ​ចំណាយ​ដើម​ទុន​អស់​ច្រើន​ជាង​ការ​ធ្វើ​ក្រចៅ។ ក្រុម​ប្រជាពលរដ្ឋ​សម្ដែង​ការ​សោកស្ដាយ ចំពោះ​ការ​បិទ​រោងចក្រ​ក្រចៅ ហើយ​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល និង​មន្ត្រី​ពាក់​ព័ន្ធ​រក​ទី​ផ្សារ ឬ​បើក​ដំណើរ​ការ​រោងចក្រ​ក្រចៅ​ឡើង​វិញ៖ «ចំពោះ​ខ្ញុំ​​បើ​សិន​ជា​ជួយ​ឲ្យ​ដោះ​ស្រាយ​ខាង​មាន​ទី​ផ្សារ​មក​វិញ ខាង​ខ្ញុំ​ត្រេកអរ​ត្រេកអរ​មែន​ទែន​បង។ គឺ​អា​នេះ​ដូច​ជា​ជីដូន​ជី​តា កាល​ពី​ប្រវត្តិ​ដើម​មក គឺ​យើង​អ្នក​ធ្លាប់​នៅ​តំបន់​នេះ ធ្វើ​តែ​ក្រចៅ​ហ្នឹង​បណ្ដោយ។ ឥឡូវ​ណេះ​បាត់​ពី​ក្រចៅ គឺ​ខ្ញុំ​បែរ​មក​ធ្វើ​ស្រែ​ប្រាំង​គឺ​ខាត រាល់​តែ​ឆ្នាំ​មក។ កាល​ពី​មុន​ប្រជាជន​នៅ​ក្នុង​ភូមិ​នេះ វា​ច្រើន​ឥឡូវ​នេះ​ចំណាក​ស្រុក​ស្ងាត់​អស់​ហើយ»។

ទាក់​ទង​និង​បញ្ហា​នេះ​អភិបាល​ស្រុក​ឯកភ្នំ​លោក មៀច សុំ មាន​ប្រសាសន៍​បញ្ជាក់​ថា​លោក​ពុំ​បាន​ដឹង​អំពី​មូល​ដែល​បិទ​រោងចក្រ​ក្រចៅ​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​លោក​ថា​រោង​ចក្រ​ក្រចៅ​មិន​ដំណើរការ​ពុំ​មែន​ជា​ដើម​ចម​ធ្វើ​ឲ្យ​ ប្រជាពលរដ្ឋ រស់​នៅ​ស្រុក​ឯក​ភ្នំ ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែង​រក​ការងារ ធ្វើ​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ។ លោក​បន្ត​ថា​បើ​ទោះ​ណា​ជា​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ​ មិន​បាន​ប្រកប​របរ​ដាំ​ក្រចៅ​ដូច​ពេល​មុន​ក៏ដោយ គឺ​ពួកគាត់​នៅ​តែ​បន្ត​រក​ប្រាក់​ចំណូល​ពី​ការ​ធ្វើ​ស្រែ​ចម្ការ​លើ​ផ្ទៃ​ដី​នោះ​ដដែល៖ «ណែ !​ អញ្ចេះ​ គឺ​បន្ទាប់​គាត់​មិន​បាន​ដាំ​ក្រចៅ​ ក៏​គាត់​ ធ្វើ​ស្រែ​ ហើយ​ ក៏​មិន​មែន​តែ​អ្នក​ស្រុក​ឯក​ភ្នំ​ទេ ដែល​ធ្វើ​ចំណាក​ស្រុក​នោះ។ គឺ​ចំណាក​ស្រុក​គ្រប់​តែ​ស្រុក គ្រប់​តែ​ខេត្ត​ហ្នឹង​ឯង ដើម្បី​ទៅ​រក​ការងារ​ធ្វើ​នៅ​ខាង​ក្រៅ​ស្រុក ក៏​ដូច​ជា​នៅ​ក្រៅ​ខេត្ត ឬ​ក៏​នៅ​ក្រៅ​ប្រទេស អា​ហ្នឹង​ មិន​មាន​តែ​ស្រុក​ឯក​ភ្នំ​ទេ»។

ទាក់​ទង​និង​បញ្ហា​នេះ​ដែរ​ អ្នក​វិភាគ​សង្គម លោក បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា​ ការ​បើក​ដំណើរ​ការ​រោងចក្រ​ក្រចៅ លុះណាតែ​មាន​បំពាក់​ឧបករណ៍​ទាន់​សម័យ ទើប​​អាច​ប្រកួត​ប្រជែង​ ជា​មួយ​ប្រទេស​ជិត​ខាង​ទៅ​បាន។ ទោះ​​យ៉ាង​ណា​លោក​ថា​បញ្ហា​នេះ ប្រសិន​រោង​ចក្រ​ដំណើរការ​ ក្នុង​នាម​ ជា​របស់​រដ្ឋ​នោះ​មិន​អាច​ទៅ​រួច​ឡើយ៖ «វា​ទាល់​តែ​ក្រុម​ហ៊ុន​ឯកជន​ឬ​ក៏​គាត់​ធ្វើ​សម៉ីឧតុនិមិត្ត ឬ​ហៅ​ថា ពាក់កណ្ដាល​ស្វយ័ត។ ប៉ុន្តែ​ទោះ​បី​ពាក់​កណ្ដាល​ស្វយ័ត​ក៏​ដោយ ឬ​មួយ​ក៏​ផ្ដល់​ក្រុម​ហ៊ុន​ក៏​ដោយ​ដល់​រដ្ឋ​ហ្នឹង មាន​គោលការណ៍​ត្រួតពិនិត្យ​ច្បាស់លាស់ ហើយ​កុំ​ឲ្យ​មាន​អំពើពុករលួយ​បាន​ប្រជាពលរដ្ឋ​ហ្នឹង​ទទួល​បាន​ជោគជ័យ​។ ប៉ុន្តែ​បើ​ឲ្យ​រដ្ឋ​ហ្នឹង​ដំណើរ​ការ​តែ​ម្ដង​ប្រព័ន្ធ​រដ្ឋ គឺ​ខ្សោយ​ ហើយ​រដ្ឋ​មិន​អាច​ធ្វើ​បាន ហើយ​អត់​ចំណេញ​ទេ»។

ចំណែក​អ្នក​ជំនាញ​ខាង​សេដ្ឋ​កិច្ច​លោក ស្រី ចន្ធី ពន្យល់​ថា​ហេតុ​ដែល​បិទ​រោង​ចក្រ​ក្រចៅ អាច​បណ្ដាល​មក​ពី​មាន​រោង​ចក្រ​ផលិត​សំបក​បាវ នៅ​ប្រទេស​ថៃ​ហើយ​ក្រុម​ហ៊ុន​អាច​មាន​ពាក់ព័ន្ធ​ជាមួយ​រោង​ចក្រ​នៅ​ស្រុក​ខ្មែរ ដើម្បី​នាំ​ផលិត​ផល​មក​លក់​នៅ​​កម្ពុជា។ លោក​បន្ត​ថា​បញ្ហា​នេះ អាច​ដំណើរ​ការ​វិញ​បាន ប្រសិន​បើ​មាន​កិច្ច​សន្យា​ជួល ទៅ​ឲ្យ​ក្រុម​ហ៊ុន​ណា​មួយ​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​ត្រួតពិនិត្យ​ ទៅ​លើ​កិច្ចសន្យា​ការ​ជួល​រោង​ចក្រ​នោះ ឲ្យ​បាន​ច្បាស់​លាស់ ឬ​បញ្ចប់​កិច្ច​សន្យា​តែ​ម្ដង៖ «ប្រសិន​បើ​ជា​រដ្ឋាភិបាល​អាច​ធ្វើ​ទៅ​បាន​ ហើយ​ពិនិត្យ​មើល ដូច​ខ្ញុំ​បាន​លើក​អ៊ីចឹង​ពិនិត្យ មើល​កិច្ច​ព្រមព្រៀង​ បើ​យូរ​ណាស់ ហើយ​វិនិយោគិន គាត់​អត់​ដំណើរ​ទេ អាច​ដក​ហូត​មក​វិញ។ ផ្ដល់​ឱកាស​ឲ្យ​វិនិយោគិន​ផ្សេង ដែល​គេ​អាច​វិនិយោគ ដំណើរការណ៍​មាន​ប្រសិទ្ធភាព គួរ​តែ​ធ្វើ​ទៅ។ ហើយ​មួយ​ទៀត​ ដោយសារ តែ​ប្រទេស​យើង​ក៏​ផលិត​ស្រូវ​ផលិត​អង្ករ​ ហើយ​កសិផល របស់​របរ​អី​ផ្សេងៗ ក៏​ត្រូវ​ការ​ប្រើ​បាវ​ ហើយ​ក្រចៅ​ ក៏​អាច​ដាំ​ដុះ​បាន​ អាច​ផលិត​ជា​សម្ភារ​អី​ផ្សេងៗ​បាន​ »។

រោង​ចក្រ​ក្រចៅ​ដូនទាវ​ស្ថិត​នៅ​ភូមិ​ព្រែក​តាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង រោង​ចក្រ​នេះ​មិន​បាន​ដំណើរ​ប្រមាណ​២០​ឆ្នាំ​មក​ហើយ។ ចាប់តាំង​ពេល​បិទ​រោង​ចក្រ​មក​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ដាំ​ក្រចៅ លក់​ជា​ធម្មតា​លុះ​​ដល់​ឆ្នាំ ២០០០ ការ​ដាំ​ដុះ​បាន​ផ្អាក​ ដោយ​សារ​ពុំ​មាន​ទី​ផ្សារ​លក់​ក្រចៅ។

របាយការណ៍​ក្រុម​ប្រឹក្សា​ស្រុក​ឯក​ភ្នំ បង្ហាញ​ថា​ផ្ទៃដី​ដាំ​ក្រចៅ​ក្នុងស្រុក មាន​ចំនួន​ប្រមាណ​១ម៉ឺន ៤ពាន់​ ហិកតារ ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​ ៤ឃុំ​ គឺ ឃុំ​ព្រែកនរិន្ទ​ ឃុំ​ព្រែកលួង ឃុំ​ពាមឯក​និង​ ឃុំ​ព្រែកខ្ពប ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ ក្នុង​ចំនួន​នោះ​ឃុំ​ដែល​មានផ្ទៃ​ដី​ដាំ​ក្រចៅ​ច្រើន​ជាង​គេ គឺ​ឃុំ​ ព្រែកនរិន្ទ ឃុំ​ព្រែកលួង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។