មន្ត្រីអង្គការទន្លេបី គឺទន្លេស្រែពក សេសាន និងសេកុង នៅថ្ងៃពុធ ទី២៥ ខែកញ្ញា អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាន ត្រៀមលក្ខណៈសម្បត្តិជម្លៀសក្រុមគ្រួសារ ទ្រព្យសម្បត្តិ សត្វពាហនៈ ខណៈដែលភាគីវៀតណាម នៅជាប់ខេត្តនេះប្រកាសថា នឹងបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីក្នុងបរិមាណច្រើន ដែលអាចធ្វើឲ្យមានទឹកជំនន់ទ្រង់ទ្រាយធំដូចទឹកជំនន់ឆ្នាំ២០០៩។
អ្នកសម្របសម្រួលអង្គការទន្លេបី លោក មៀច មាន មានប្រសាសន៍បញ្ជាក់ថា វៀតណាម បានជូនដំណឹងមកមន្ទីរធនធានទឹកខេត្តរតនគិរី ថានឹងបើកបង្ហូរទឹកទំនប់ពីតំបន់ខ្សែទឹកខាងលើទន្លេសេសាន ប្រមាណពីជាង ៥ពាន់ ទៅ ៨ពាន់ម៉ែត្រគូបក្នុងមួយវិនាទី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ប្រសិនទឹកភ្លៀងមានបរិមាណច្រើននៅក្នុងអាងស្តុកទឹក។ លោកបន្តថា នេះគឺជាសញ្ញាគួរឲ្យព្រួយបារម្ភពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលអាចកើតមានជាយថាហេតុ៖ «៨ពាន់ គឺកម្ពស់ទឹកអាចស្មើកាលពីឆ្នាំ២០០៩។ ចំណុចត្រង់នេះ មានតែទីមួយប្រកាសអាសន្នឲ្យសហគមន៍គាត់បានត្រៀមខ្លួន ពីខាងស្ថាប័នពាក់ព័ន្ធ និងមន្ទីរមានសមត្ថកិច្ចមួយចំនួន ត្រៀមអន្តរាគមន៍ក្នុងការជម្លៀសចេញ»។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី លោក យូ ឡាង មានប្រសាសន៍បញ្ជាក់ថា រាល់ពេលនៃការទទួលបានដំណឹងស្ដីពីការបើកទំនប់ពីភាគីវៀតណាម អាជ្ញាធរតែងជូនដំណឹងទៅអាជ្ញាធរ និងមន្ត្រីអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ។ លោកទទួលស្គាល់ថា កាលពីថ្ងៃទី២៤ កន្លងទៅនេះ ភាគីវៀតណាម ប៉ាន់ប្រមាណថា នឹងបង្ហូរទឹករហូតដល់កម្រិត ៨ពាន់ម៉ែត្រគូបមែន ប៉ុន្តែជាក់ស្តែង កម្រិតទឹកដែលបើកបង្ហូរមានកម្រិតមិនដល់ដូចសេចក្តីជូនដំណឹងនោះទេ៖ «អាងទឹកគេទទួលអត់បានច្រើន អ៊ីចឹងគេអត់បញ្ចេញដល់ ៨ពាន់ហ្នឹងទេ វាតិច។ អ៊ីចឹងហើយបានជាមកយើងនេះ វាលិចលង់តិចដែរ។ បើ ៨ពាន់ លិចដល់ណាណីអស់ហើយ»។
សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅស្រុកអណ្ដូងមាស ឲ្យដឹងថា រយៈពេល ២៤ម៉ោង បន្ទាប់ពីការប្រកាសបើកទឹកទំនប់ពីប្រទេសវៀតណាម ទឹកទន្លេសេសាន បានជន់លិចភូមិខ្លះដែលមានទីតាំងនៅមាត់ទន្លេ។
ប្រជាពលរដ្ឋរស់នៅភូមិលោម ឃុំម៉ាលិច លោក រម៉ាម ទិញ មានប្រសាសន៍បញ្ជាក់ថា មិនមានមន្ត្រីមូលដ្ឋានប្រកាសឲ្យអ្នកភូមិដឹងមុនពីការបើកទឹកទំនប់នេះទេ។ លោកបន្តថា ការបើកបង្ហូរទឹកទំនប់ត្រូវតែជូនដំណឹងមកប្រជាពលរដ្ឋ ដើម្បីបញ្ចៀសនូវគ្រោះទឹកជំនន់ដែលមិនអាចដឹងខ្លួនមុន ដូចគ្រោះទឹកជំនន់ឆ្នាំ២០០៩៖ «បើកទំនប់មែន ឮខាងប៉ូលិសព្រំដែនគេប្រាប់ថាគេបើក។ គេបើកផ្ទួនៗ មួយថ្ងៃគេបើកពីរដង។ បើសិនអត់មានបើកទំនប់ ក៏អត់លិចដល់ប្រជាពលរដ្ឋដែរ»។
អភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ មានប្រសាសន៍កត់សម្គាល់ថា មិនទាន់មានទឹកជំនន់លិចភូមិអ្វីគួរឲ្យព្រួយបារម្ភនោះឡើយ។ លោកបន្តថា អាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់រៀបចំផែនការសង្គ្រោះប្រជាពលរដ្ឋ ប្រសិនមានទឹកជំនន់ធ្ងន់ធ្ងរនោះ៖ «ខ្ញុំអត់ដឹងថាបើកមិនបើកទេ ប៉ុន្តែសំខាន់ទឹកវាច្រើនប៉ុណ្ណឹងបានហើយ។ អត់ទាន់លិចដល់ភូមិដាលលែង ហ្នឹង ទឹកទើបចូលមួយកង់ៗតិចៗនាចពីអូរខាងក្រោយហ្នឹង»។
គណៈកម្មការជាតិទន្លេមេគង្គនៃប្រទេសកម្ពុជា និងវៀតណាម បានឯកភាពគ្នាថា ជូនដំណឹងរយៈពេលបីថ្ងៃមុននឹងភាគីវៀតណាម បើកបង្ហូរទឹកទំនប់។
យ៉ាងនេះក្តី មន្ត្រីអង្គការទន្លេបីដដែល កត់សម្គាល់ថា ភាគីវៀតណាម មិនបានគោរពកិច្ចព្រមព្រៀងស្ដីពីរយៈពេលជូនដំណឹងនៃការបើកទឹកទំនប់នោះឡើយ៖ «វាបើកមកគំហុកៗបង្ខំៗភ្លាមៗណា។ លិខិតហ្នឹងយើងទទួលបានថ្ងៃហ្នឹង វាបើកមកថ្ងៃហ្នឹង ផ្ញើមកយើងភ្លាមៗ។ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ មិនអាចត្រៀមខ្លួនបាន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
