លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី៣១ ខែមីនា ប្រកាសដាក់តំបន់ព្រៃមួយចំនួនជាតំបន់ព្រៃអភិរក្ស ក្នុងនោះក៏មានតំបន់ព្រៃឡង់ ដែលក្រុមសហគមន៍តែងទាមទារអោយរដ្ឋាភិបាលយកចិត្តទុកដាក់ការពារផងដែរ។
លោក ហ៊ុន សែន លើកឡើងថា ការសម្រេចនេះ គឺបន្ទាប់ពីមានសំណើពីរដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្រសួងបរិស្ថាន។ តំណាងសហគមន៍ការពារព្រៃឡង់ សាទរចំពោះការសម្រេចនេះ ប៉ុន្តែបានស្នើអោយមានការអនុវត្តអោយបានត្រឹមត្រូវ។
តំណាងបណ្ដាញការពារព្រៃឡង់ ទាមទារអោយរដ្ឋាភិបាលដាក់បញ្ចូលតួនាទីរបស់សហគមន៍ទៅក្នុងគម្រោងដាក់ព្រៃឡង់ ជាព្រៃអភិរក្សនោះផង ដោយពួកគេអះអាងថា ការចូលរួមរបស់សហគមន៍ជាមធ្យោបាយមួយមានប្រសិទ្ធភាពក្នុងការចូលរួមការពារព្រៃឡង់។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍ការពារព្រៃឡង់ លោក ខេង សុខហេង មានប្រសាសន៍ថា ការសម្រេចរបស់រដ្ឋាភិបាលនៅពេលនេះ គឺជាតម្រូវការរបស់សហគមន៍ដែលបានទាមទារក្នុងរយៈពេលប្រមាណ ១០ឆ្នាំមកនេះ។ លោកសំណូមពរអោយមានការអនុវត្តច្បាប់ដ៏តឹងរ៉ឹង និងពង្រឹងកិច្ចសហការរវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។
លោក សុខហេង បារម្ភថា ប្រសិនបើពុំមានវិធានការជាក់លាក់បន្ថែមទេ ការដាក់ព្រៃឡង់ ជាព្រៃការពារនឹងពុំមានប្រសិទ្ធភាព៖ «បើគាត់ជំរុញ មន្ត្រីពាក់ព័ន្ធនឹងគោរពតាមតួនាទី គោរពច្បាប់ នរណាខុសច្បាប់ ចាប់ទៅ កុំលើកលែង កុំអនុវត្តច្បាប់លំអៀង។ រដ្ឋាភិបាលគួរកុំមើលរំលងតួនាទីរបស់សហគមន៍មូលដ្ឋាន គាត់ហ្នឹងឯងដែលដើរតួនាទីសំខាន់ជាងរដ្ឋបាលព្រៃឈើទៀត ជាងមន្ត្រីរាជការមួយចំនួនធំទៀត...»។
ការទាមទារនេះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជន និងកីឡាថា លោកសម្រេចដាក់ព្រៃឡង់ និងព្រៃនៅតំបន់ភ្នំក្រវាញ ជាព្រៃការពារ៖ «យើងដាក់ព្រៃមួយចំនួនទៅជាព្រៃការពារតែម្ដង។ ដូចព្រៃឡង់ ទុកវាធ្វើអី? ត្រូវដាក់ជាព្រៃការពារតែម្ដង។ អ្នកណាទៅបំបួសអី ទាំងសង្គមស៊ីវិលអី ឲ្យចូលរួមការពារព្រៃឈើតែម្ដង។ តំបន់ភ្នំក្រវាញ ក៏ដូចគ្នា ឲ្យវាទៅជាតំបន់ព្រៃការពារ»។
ស្របគ្នានេះ លោក ហ៊ុន សែន បានបញ្ជាឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដកហូតយកព្រៃសម្បទានទាំងឡាយយកមកគ្រប់គ្រងវិញ៖ «តើមានការចាំបាច់ ទុកព្រៃសម្បទានទៀត ឬអត់? អត់មានការចាំបាច់ទេ! ខ្ញុំអោយ សាយ សំអាល់ ពិភាក្សា ដកហូតមកវិញទាំងអស់នូវព្រៃសម្បទាន។ ឥឡូវហ្នឹងនរណាគ្រប់គ្រងព្រៃសម្បទានពិតប្រាកដ? ឈ្មោះជាព្រៃសម្បទាន ប៉ុន្តែអ្នកឯងអត់មានសិទ្ធិកាប់ទេៗ...»។
ព្រៃឡង់ ត្រូវបានចាត់ទុកថា ជាព្រៃធំចុងក្រោយមានទំហំ ៣.៦០០គីឡូម៉ែត្រក្រឡា មានព្រំប្រទល់ជាប់ខេត្តចំនួន៤ គឺកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ តំណាងបណ្ដាញការពារព្រៃឡង់ បញ្ជាក់ថា មានសហគមន៍ចំនួនជិត ២០០ កំពុងចូលរួមការពារព្រៃនេះដោយចុះល្បាតការពារព្រៃជាប្រចាំ។ សហគមន៍ទាំងនេះមានសកម្មជនដែលជនបង្គោលប្រមាណ ៤០០នាក់ និងសមាជិកជាច្រើនរយនាក់ផ្សេងទៀត កំពុងការពារព្រៃដោយស្ម័គ្រចិត្ត។
លោក ហ៊ុន សែន ឲ្យឈើដែលរឹបអូសបានទៅក្រសួងអប់រំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃដដែលនេះដែរ ក៏បានប្រកាសប្រគល់ឈើទាំងអស់ដែលរឹបអូសពីក្រុមហ៊ុនជួញដូរឈើខុសច្បាប់ ទៅអោយក្រសួងអប់រំយុវជន និងកីឡា។
លោក ហ៊ុន សែន បញ្ជាក់ថា ឈើទាំងនោះ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន អាចយកទៅចាត់ចែងប្រើប្រាស់តាមតម្រូវការ រួមមានជួសជុលសាលារៀន ធ្វើតុ ទូ ឬសាងសង់ផ្ទះគ្រូជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ក្នុងអំឡុងពេលដែលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលដឹកនាំដោយលោក សៅ សុខា ចុះធ្វើយុទ្ធនាការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើកន្លងទៅនោះ បានរឹបអូសឈើខុសច្បាប់ប្រមាណ ៣ ទៅ ៤ម៉ឺនម៉ែត្រគូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
