អាជ្ញាធរ​ខណ្ឌ​ទួលគោក​ចាប់​ផ្ដើម​យក​សំរាម​កកស្ទះ​នៅ​ទ្វារ​ប្រឡាយ​ទឹក

0:00 / 0:00

ក្រោយ​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​កាល​ពី​រសៀល​ថ្ងៃ​៣១ ខែ​កក្កដា មក សំរាម​បាន​ហូរ​កក​ចូល​ទៅ​ក្នុង​ប្រឡាយ​មួយ​ចំនួន​ដែល​ជា​ផ្លូវ​រំដោះ​ទឹក​ចេញ​ពី​ទីក្រុង​ភ្នំពេញ។ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ទទួល​ស្គាល់​ថា មាន​កង្វះខាត​ក្នុង​ការ​ថែទាំ​ប្រឡាយ ព្រោះ​កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​លូ និង​ផ្លូវ​ជាតិ​មួយ​ចំនួន​ទៀត ទើប​នាំ​ឲ្យ​សំរាម​កកស្ទះ​តាម​ទ្វារ​ទឹក​ក្នុង​ប្រឡាយ​បង្ហូរ​ទឹក​ចេញ​ខ្លះ​នោះ។

អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ចាត់​វិធានការ​សំអាត​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ក្នុង​តំបន់​ដែល​សំរាម​រាំងស្ទះ​ដល់​ផ្លូវ​បង្ហូរទឹក ដែល​បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ។ តំបន់​ទាំង​នោះ​ក៏​មាន​ប្រឡាយ​បឹង​សាឡាង ដែល​ហូរ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ទៅ​កាន់​ប្រឡាយ​បឹង​ទំពុន​មួយ​ដែរ។

បញ្ហា​សំរាម​នេះ​ត្រូវ​បាន​អភិបាលខណ្ឌ​ទួលគោក លោក ឯក ស៊ុនឌឿន ថ្លែង​ថា មន្ត្រី​សាធារណការ​បាន​ចុះ​ពិនិត្យ ដើម្បី​កាយ​សំអាត​សំរាម​ក្នុង​ប្រឡាយ​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ហើយ៖ «ក្រោយ​ភ្លៀង គាត់​បាន​រៀបចំ​ក្រុម​ការងារ​ចុះ​សំអាត ព្រោះ​អី​វា​មាន​ទាំង​សំរាម មាន​ទាំង​កំណក​ភក់​ច្រើន​ដែល​ស្ទះ​មុខ​ទឹក ហើយ​ព្រឹកមិញ​ក្រុម​ការងារ​បាន​ចុះ​ទៅ​ពិនិត្យ និង​សំអាត​កន្លែង​ស្ថានីយ​បូម​ទឹក​ស្ពាន​អាកាស​ស្ទឹងមានជ័យ អា​ផ្លូវ​ក្រោម​ដី​ហ្នឹង វា​មាន​កំណក​ដី​ច្រើន​ដែល​បាន​សំអាត​ហើយ យើង​នឹង​បន្ត​សហការ​ជាមួយ​មន្ទីរ​សាធារណការ​សម្រាប់​ការ​សំអាត​សំរាម ដែល​នៅ​​កក​ស្ទះ​មុខ​ទ្វារ​ទឹក»

​លោក​ថ្លែង​យ៉ាង​ដូច្នេះ បន្ទាប់​ពី​មាន​អ្នក​ដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ រិះគន់​ថា កំណក​ស្នោ និង​ប្លាស្ទិក បាន​កក​នៅ​ក្នុង​ប្រឡាយ​បឹងសាឡាង ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ត្រៀបត្រា នាំ​ឲ្យ​ស្ទះ​ទ្វារ​ទឹក មិន​អាច​ឲ្យ​ទឹក​ហូរ​លឿន​ចេញ​ក្រៅ។

ចៅ​សង្កាត់​រង​ទី​២ នៅ​សង្កាត់​បឹងសាឡាង លោក ថៃ សារៈមុន្នី ឲ្យ​ដឹង​ថា សំរាម​នៅ​ក្នុង​ប្រឡាយ​បឹងសាឡាង ដែល​មាន​ច្រើន​ធ្វើ​ឲ្យ​កកស្ទះ​ដល់​ទ្វារ​ទឹក មិន​អាច​ហូរ​បាន​លឿន​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​នេះ មក​ពី​ប្រឡាយ​បឹងសាឡាង ជា​កន្លែង​ប្រមូល​ផ្តុំ​លូ​ទឹក​ស្អុយ បង្ហូរ​ពី​ខណ្ឌ​ផ្សេងៗ ទម្លាក់​ទាំង​សំរាម និង​ទឹក​កខ្វក់​ចូល​មក​ក្នុង​ប្រឡាយ​នេះ។ លោក​បន្ត​ថា ក្រៅ​ពី​សំរាម​បង្ហូរ​តាម​លូ​ផ្សេងៗ មក​ប្រឡាយ ក៏​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សំណង់​មិន​រៀបរយ និង​ផ្ទះ​ជួល​អម​សង​ខាង​ប្រឡាយ​បឹងសាឡាង មិន​ចេះ​ទុកដាក់​សំរាម បណ្ដោយ​ឲ្យ​សំបក​ស្នោ​ដែល​ប្រើប្រាស់​រួច​ដូចជា​ចាន​ស្នោ ថង់​ប្លាស្ទិក ជាដើម ធ្លាក់​ចូល​ពាសពេញ​ប្រឡាយ។

​បន្ថែម​លើ​នោះ ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក លោក ចេប គឹមអាន ថ្លែង​ថា មុន​បោះឆ្នោត​ឆ្នាំ​២០១៣ អង្គការ​ចៃកា (JICA) បាន​ផ្ដល់​ថវិកា​ឲ្យ​ថែទាំ​ប្រឡាយ។ ថវិកា​នោះ មន្ត្រី​សាលា​ខណ្ឌ​ទួលគោក បាន​ជួល​​កម្មករ​ជិះ​ទូក​ស្រង់​សំរាម​យក​ចេញ​ពី​ប្រឡាយ​បឹងសាឡាង​នេះ​ជា​រៀង​រាល់​ខែ។ ប៉ុន្តែ​ថវិកា​នោះ ទំនង​ជា​មិន​បន្ត​ជំនួយ​ទៀត ទើប​សកម្មភាព​កាយ​យក​សំរាម​ចេញ​ពី​ក្នុង​ទឹក ហាក់​ដូច​រយាល នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

លោក​ថា កាល​ពី​ចុង​ឆ្នាំ​២០១៤ មន្ទីរ​សាធារណការ បាន​ស្តារ​ល្បប់​ចេញ​ពី​ប្រឡាយ​បឹង​សាឡាង ទៅ​ដល់​ប្រឡាយ​បឹងទំពុន។ ប៉ុន្តែ​បញ្ហា​សំរាម គឺ​មាន​មិន​ចេះ​អស់​ទេ បើ​មនុស្ស​គ្មាន​ការ​អប់រំ​កុំ​ឲ្យ​បោះ​សំរាម​ទម្លាក់​ចូល​ក្នុង​ទឹក​នោះ៖ «ព្រោះ​ការងារ​នេះ ខាង​ខ្ញុំ​ជា​ក្រុមប្រឹក្សា ក៏​បាន​អនុម័ត​នូវ​កម្មវិធី​សម្រាប់​ការពារ និង​ស្តារ​ប្រឡាយ​ហ្នឹង​ជា​ប្រចាំ ព្រោះ​អី​ជា​រដូវ​ភ្លៀង»

​ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​ដែល​បង្ក​ដល់​ការ​ស្ទះ​ទឹក មិន​អាច​ហូរ​លឿន​ចេញ​ពី​ផ្លូវ​នានា​ក្នុង​ក្រុង​ភ្នំពេញ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា ទឹក​ភ្លៀង​លិច​ទីក្រុង​ឆ្នាំ​នេះ​តិច​ជាង​ឆ្នាំ​មុន។ លោក​ថា ទឹក​លិច​ទីក្រុង​បច្ចុប្បន្ន​នេះ ដោយសារ​ការ​កសាង​ប្រព័ន្ធ​លូ មិន​ទាន់​ចប់​រួចរាល់៖ «ឆ្នាំ​នេះ​យើង​ទទួល​ស្គាល់​ថា វា​មាន​ការ​លិច​មែន យើង​កំពុងតែ​ដាក់​លូ​ប្រភេទ​​ធំ​ជាង​មុន។ ក្នុង​ឆ្នាំ​នេះ ការដ្ឋាន​ដែល​យើង​ធ្វើ​ជា​មធ្យម ៤០ ទៅ ៥០ ការដ្ឋាន​ក្នុង​១​ថ្ងៃ វា​បាន​ជួយ​ច្រើន ទោះ​បី​ជា​នៅ​មាន​ការ​លិចលង់ ក៏ប៉ុន្តែ​ក្នុង​រយៈពេល​នៃ​ការ​លិចលង់​នេះ ក៏​វា​តិច​ជាង​ឆ្នាំ​ទៅ​ដែរ»

កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​កក្កដា ភ្លៀង​ធ្លាក់​ប្រមាណ ២​ម៉ោង ធ្វើ​ឲ្យ​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ លិច​ទឹក​​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ច្រើន​ម៉ោង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។