មន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ៣១នាក់បានស្លាប់ និង ១៨នាក់បានរងរបួស ដោយសារតែរន្ទះបាញ់ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០១៣។
នាយខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ឲ្យដឹងនៅថ្ងៃទី២៩ ខែមេសា ដោយពន្យល់ថា ជាធម្មតាបាតុភូតរន្ទះបាញ់នេះ ច្រើនកើតមានឡើងជារៀងរាល់ឆ្នាំនៅពេលផ្លាស់ប្ដូរពីរដូវមួយទៅរដូវមួយ។
លោក កែវ វី បញ្ជាក់ថា សម្រាប់ឆ្នាំនេះ រន្ទះបាញ់ដែលកើតមានច្រើនជាងគេ គឺនៅចន្លោះខែមេសា ដល់ខែមិថុនា ដែលមានភ្លៀងធ្លាក់កក់ខែច្រើន ឬសម្គាល់ថា ជាខែជិតឆ្លងពីរដូវប្រាំងចូលរដូវវស្សា៖ «បាតុភូតហ្នឹងពេលណាវាចាប់ផ្ដើមមានភ្លៀងកក់ខែមក បាតុភូតហ្នឹងដែលអាកាសធាតុក្ដៅទៅត្រជាក់ វាផ្លាស់ប្ដូរពេលហ្នឹង គឺថាករណីបាតុភូតរន្ទះបាញ់តែងកើតមានជារៀងរាល់ឆ្នាំ រហូតដល់ពេលបញ្ចប់រដូវភ្លៀង រដូវវស្សាវាកើតមានជាបន្តបន្ទាប់។ ភាគច្រើនដែលវាកើតមានខ្លាំង គឺក្នុងរយៈពេលដែលផ្លាស់ប្ដូរ រដូវពីរដូវប្រាំងទៅរដូវវស្សា ពីរដូវវស្សាទៅរដូវប្រាំងវិញ គឺវាកើតមានច្រើនណាស់»។
កាលពីឆ្នាំ២០១២ មានមនុស្សស្លាប់ដោយសាររន្ទះបាញ់ចំនួន ១០៣នាក់ របួស ៧១នាក់ ងាប់គោក្របីចំនួន ៣៤ក្បាល និងខូចខាតផ្ទះសម្បែងចំនួន ៥ខ្នង។ ចំនួននេះមានការថយចុះច្រើនជាងកាលពីឆ្នាំ២០១១ ដែលមានមនុស្សស្លាប់ចំនួន ១៦៥នាក់ រងរបួសចំនួន ១៣៩នាក់ ងាប់គោក្របី ៦០ក្បាល និងខូចខាតផ្ទះសម្បែង ៤ខ្នង។
អាជ្ញាធរខណ្ឌសែនសុខ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៨ ខែមេសា មានបុរស ៣នាក់បានស្លាប់ដោយសាររន្ទះបាញ់ពេលកំពុងជិះទូកនេសាទត្រីក្នុងសង្កាត់សំរោង ពេលមេឃកំពុងមានភ្លៀងផ្គរលាយខ្យល់យ៉ាងខ្លាំង។
ការស្លាប់បុរសទាំង ៣នាក់ នៅខណ្ឌសែនសុខនេះ បានរុញឲ្យតួលេខនៃអ្នកស្លាប់ដោយសាររន្ទះបាញ់បានកើនឡើងដល់ចំនួន ៣១នាក់ ក្នុងរយៈពេល ៤ខែ ឆ្នាំ២០១៣។ ចំនួននេះមានការកើនបន្តិចបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានមនុស្សស្លាប់ជាង ២០នាក់។
លោក កែវ វី បានអំពាវនាវឲ្យប្រជាពលរដ្ឋអនុវត្តនូវវិធីងាយៗ នៅពេលដែលប្រឈមនឹងគ្រោះរន្ទះបាញ់ រួមមានពេលប្រជាពលរដ្ឋធ្វើការងារនៅកណ្ដាលវាល និងមានភ្លៀងផ្គររន្ទះ ត្រូវរួតរះត្រឡប់មកផ្ទះ ចៀសវាងប្រើទូរស័ព្ទដៃ វិទ្យុ និងកុំបើកទូរទស្សន៍នៅពេលមានភ្លៀងធ្លាក់។ លោក កែវ វី បន្តថា ពលរដ្ឋចៀសវាងពេលកំពុងធ្វើដំណើរ មិនត្រូវកាន់វត្ថុណាមានជាតិដែកជាប់ជាមួយ និងមិនត្រូវជ្រកក្រោមដើមឈើធំៗ ហើយប្រសិនជាជ្រកនោះ គប្បីជ្រកឲ្យឆ្ងាយ ៤ម៉ែត្រ ពីដើមឈើ និងមិនត្រូវទៅជ្រកក្នុងខ្ទមចម្ការដែលនៅដាច់តែឯង ឬនៅកណ្ដាលវាលនោះទេ។ ក្នុងករណីប្រជាពលរដ្ឋកំពុងអុំទូក ឬហែលទឹក ពេលមេឃកំពុងភ្លៀង ត្រូវប្រញាប់ឡើងគោកជាបន្ទាន់ ព្រោះបើតាមបច្ចេកទេសនៅទីវាលលំហដែលខ្ពស់ជាងគេនៅលើផ្ទៃទឹក គឺងាយនឹងរងគ្រោះដោយសាររន្ទះបាញ់។
លោក កែវ វី ក៏បានកត់សំគាល់ឃើញថា នៅដើមឆ្នាំ២០១៣ នេះ ខ្យល់ព្យុះក៏មានកើតច្រើនជាងរាល់ឆ្នាំដែរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរកឃើញថា ក្នុងរយៈពេល ៤ខែ មានខ្យល់ព្យុះចំនួន ៧៤លើក មានមនុស្សស្លាប់ចំនួន ១៤នាក់ និងរបួសចំនួន ៥១នាក់ និងធ្វើឲ្យផ្ទះ សាលារៀនរំលំ និងខូចខាតជាង ៤ពាន់ខ្នង។ តួលេខនេះមានការកើនឡើងកាលពីឆ្នាំ២០១២ ដែលពេញមួយឆ្នាំ មានខ្យល់ព្យុះចំនួន ១៥០លើក មានមនុស្សស្លាប់ចំនួន ២៣នាក់ និងរបួសចំនួន ៦៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
