ពលរដ្ឋ​នៅ​ព្រះវិហារ​ប្ដឹង​នាយ​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ​រឿង​បំផ្លាញ​រោងការ​ពារ​ព្រៃឈើ

0:00 / 0:00

ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ នៅ​ភូមិ​អូរពោធិ៍ ឃុំ​រមណី នៃ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ នាំ​គ្នា​ឡោម​ព័ទ្ធ​និង​តាម​ចាប់​ខ្លួន​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ការពារ​របស់​ពួកគេ​ពេញ ១​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មករា។

នៅ​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​រួម​គ្នា​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ ពួកគេ​ក៏​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ចោទ​ប្រកាន់​មន្ត្រី​ដែន​ជម្រក​សត្វព្រៃ​ទី​នោះ ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​សហគមន៍​ផង​ដែរ។

តំណាង​សហគមន៍​ប្រជាពលរដ្ឋ​បឹង​ទន្លេម្រេច នៃ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កំពុង​ទាមទារ​សំណង​ជំងឺ​ជា​ទឹក​ប្រាក់​ចំនួន ៤១​លាន​រៀល ពី​នាយ​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ ប្រចាំ​តំបន់​នោះ។ ការ​ទាមទារ​សំណង​ទឹកប្រាក់​តាមរយៈ​ការ​ប្ដឹង​ទៅ​តុលាការ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​ចោទ​ប្រកាន់​ថា នាយ​ដែន​ជម្រក​សត្វ​ព្រៃ​របស់​ក្រសួង​បរិស្ថាន និង​បក្សពួក​មួយ​ចំនួន​ទៀត បាន​ទៅ​កាប់​បំផ្លាញ​ទីស្នាក់ការ​ការពារ​ព្រៃឈើ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បើកដៃ​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​ដោយ​មិន​បង្ក្រាប។

តំណាង​សហគមន៍​ម្នាក់​ក្នុង​ចំណោម ៣​រូប​ផ្សេង​ទៀត គឺ​លោក ហួន គាណូ។ លោក​អះអាង​ថា សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ខេត្ត​ព្រះវិហារ ប្រឆាំង​នឹង​មន្ត្រី​បរិស្ថាន​នៃ​ដែន​ជម្រក​សត្វព្រៃ​រួច​ហើយ​កាល​ពី ៣​ថ្ងៃ​មុន។ លោក​ចោទ​ប្រកាន់​នាយ​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ ឈ្មោះ ហ៊ុយ សុគន្ធ និង​បក្សពួក​មួយ​ចំនួន​ទៀត ថា​បាន​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​នូវ​ទ្រព្យសម្បត្តិ​សហគមន៍​ដែល​ការពារ​ព្រៃឈើ៖ «មិន​សុខ​ចិត្ត​ទេ ព្រោះ​សហគមន៍​ខំ​សាងសង់​សម្រាប់​ការពារ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ប៉ុន្តែ​មន្ត្រី​បរិស្ថាន​ទៅ​បំផ្លិចបំផ្លាញ។ ខ្ញុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត ៤១​លាន​រៀល​ថ្លៃ​ខូចខាត»

ពាក្យ​បណ្ដឹង​របស់​សហគមន៍​ទន្លេម្រេច ចុះ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៥ បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា កន្លង​ទៅ​ពួកគេ​បាន​នាំ​គ្នា​ធ្វើ​ទីស្នាក់ការ​មួយ​ដើម្បី​នៅ​ប្រចាំ​ការពារ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ជន​ចំណាក​ស្រុក​ដែល​មក​រុករាន​យក​ដី​នៅ​ក្នុង​តំបន់​សហគមន៍ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ស្រាប់តែ​នាយក​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ ប្រចាំ​តំបន់​នោះ បាន​នាំ​កម្លាំង​ជា​ច្រើន​នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​ផង ទៅ​បង្ខំ​ឱ្យ​សហគមន៍​រុះរើ​ទីស្នាក់ការ​ចេញ។ នៅ​ពេល​ដែល​សហគមន៍​មិន​ព្រម​រុះរើ កម្លាំង​របស់​មន្ត្រី​បរិស្ថាន​ក៏​យក​រណារ​យន្ត​កាត់​បំផ្លាញ​ចោល​តែម្ដង។ នាយ​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ លោក ហ៊ុយ សុគន្ធ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​សហគមន៍​នោះ ព្រម​ទាំង​ចាត់​ទុក​ថា ក្រុម​អ្នក​ដែល​ប្ដឹង​រូប​លោក​មិន​មែន​ជា​សហគមន៍​ស្រប​ច្បាប់​ទេ។

លោក ហ៊ុយ សុគន្ធ បញ្ជាក់​ថា កន្លែង​ដែល​មនុស្ស​១​ក្រុម​ប្រមូល​ផ្ដុំ​គ្នា​សង់​ទីស្នាក់ការ​នោះ គឺ​ជា​ដី​ដែល​សហគមន៍​ស្រប​ច្បាប់​មួយ​ទៀត​បាន​ស្នើ​សុំ​អាជ្ញាធរ​បម្រុង​ទុក​សង់​សាលារៀន មណ្ឌល​សុខភាព និង​វត្ត​អារាម ដូច្នេះ​ហើយ​បាន​ជា​កម្លាំង​របស់​លោក​ចុះ​រុះរើ​ចោល។

លោក ហ៊ុយ សុគន្ធ ឱ្យ​ដឹង​ទៀត​ថា លោក​បាន​ធ្វើ​អ្វីៗ​ទៅ​តាម​ច្បាប់ ដូច​នេះ​លោក​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្ដឹង​ប្រឆាំង​នឹង​រូប​លោក​ពេល​នេះ​ឡើយ៖ «គាត់​ហ្នឹង​មិន​មែន​ជា​សហគមន៍​ស្រប​ច្បាប់​ទេ ប្រធាន​សហគមន៍​ក៏​គេ​អត់​យល់​ព្រម​ឱ្យ​គាត់​ធ្វើ​អនាធិបតេយ្យ​អ៊ីចឹង​ទេ។ ខ្ញុំ​អត់​ព្រួយ​បារម្ភ​ទេ ព្រោះ​ខ្ញុំ​អនុវត្ត​ច្បាប់ ធ្វើ​អ្វី​ធ្វើ​ទៅ​តាម​ច្បាប់»

ចំណែក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) វិញ បាន​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ឱ្យ​សហគមន៍​ប្រជាពលរដ្ឋ​ដោះស្រាយ​ជាមួយ​មន្ត្រី​បរិស្ថាន​តាម​ផ្លូវ​ច្បាប់​ក្នុង​រឿង​នេះ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ យល់​ថា​ការ​ប្ដឹង​ផ្ដល់​របស់​ប្រជា​សហគមន៍​នោះ គឺ​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី ហើយ​ក៏​ជា​ការ​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​ដែល​មាន​ចែង​ដែរ។ លោក ឡោ ចាន់ បញ្ជាក់​ថា តាម​ការ​ស៊ើប​អង្កេត​របស់​លោក​កន្លង​ទៅ​រក​ឃើញ​ថា នាយក​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ ប្រចាំ​តំបន់​អូរពោធិ៍ នៃ​ឃុំ​រមណី ស្រុក​រវៀង គឺ​ពិត​ជា​បាន​ប្រើ​អំណាច​បំពាន និង​បំផ្លាញ​ទីស្នាក់ការ​របស់​ប្រជា​សហគមន៍​នោះ​មែន។

លោក ឡៅ ចាន់៖ «យើង​ឃើញ​ថា នាយ​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ រួម​និង​បក្សពួក​មួយ​ចំនួន​ទៀត​គាត់​បាន​យក​ត្រង់ស៊ីន័រ ទៅ​អារ​ផ្ដួល​រំលំ​ទីស្នាក់ការ​របស់​សហគមន៍​ឡើង​ខូច​ខ្ទេច​ខ្ទី​អស់។ បើសិនជា​មាន​ការ​សាងសង់​លើ​ដី​សហគមន៍ ទោះ​បី​ខុស​ត្រូវ​អី ក៏​អាជ្ញាធរ​មិន​គួរ​យក​ត្រង់ស៊ីន័រ ទៅ​បំផ្លិច​បំផ្លាញ​ដូច្នេះ​ទេ»

មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ មាន​គម្រោង​នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ជុំវិញ​បណ្ដឹង​របស់​សហគមន៍​ដែល​ប្រឆាំង​នឹង​មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វព្រៃ​នោះ។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក លី លន់ ឱ្យ​ដឹង​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​សហគមន៍​បឹង​ទន្លេម្រេច​នោះ ហើយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា។

លោក​ព្រះរាជអាជ្ញា​បញ្ជាក់​ថា តុលាការ​នឹង​កោះហៅ​ទាំង​ដើម​បណ្ដឹង និង​ចុងចោទ​មក​សាកសួរ និង​ធ្វើ​ការ​អង្កេត​ជាបឋម​ដើម្បី​រក​ឱ្យ​ឃើញ​ថា តើ​ខាង​ណា​ខុស​ខាង​ណា​ត្រូវ។

ទោះ​យ៉ាង​ណា លោក​ព្រះរាជអាជ្ញា​បញ្ជាក់​ថា បញ្ហា​ដែល​សហគមន៍​ប្ដឹង​ទាមទារ​សំណង​ជា​ប្រាក់​ជាង ៤០​លាន​រៀល ពី​នាយក​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ​នោះ ប្រសិន​តុលាការ​រក​ឃើញ​កំហុស​គឺ​ចៅក្រម​ជំនុំជម្រះ​អាច​នឹង​បង្គាប់​ឱ្យ​សង៖ «នេះ​វា​ជា​សិទ្ធិ​អ្នក​ដើម​បណ្ដឹង​ទេ គាត់​ប្ដឹង​ទារ​ប៉ុន្មាន​ទារ​ទៅ ប៉ុន្តែ​ការ​សម្រេច​វា​នៅ​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ជំនុំជម្រះ​ស្រេច​អ្នក​ឱ្យ»

ទោះ​យ៉ាង​ណា ប្រជា​សហគមន៍​បឹង​ទន្លេ​ម្រេច មិន​មាន​សង្ឃឹម​ថា ពួកគេ​អាច​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ក្នុង​រឿង​ប្ដឹង​ប្រឆាំង នាយ​ដែន​ជម្រក​សត្វព្រៃ​នេះ​ទេ ដោយសារ​គេ​អះអាង​ថា កន្លង​ទៅ​គេ​ធ្លាប់​ដាក់ពាក្យ​ប្ដឹង​ប្រឆាំង​ក្រុមហ៊ុន ទ្រី ភាព ក្នុង​រឿង​ទំនាស់​ដីធ្លី​ម្ដង​មក​ហើយ ក៏ប៉ុន្តែ​រហូត​មក​បច្ចុប្បន្ន សហគមន៍​ប្រជាពលរដ្ឋ​មិន​បាន​ទទួល​យុត្តិធម៌​អ្វី​សោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។