អាជ្ញាធរ​ចាត់​វិធានការ​ទប់ស្កាត់​ការ​កាប់​រាន​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប

0:00 / 0:00

ក្នុង​បំណង​ទប់ស្កាត់​ការ​បាត់បង់​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​ពោធិ៍សាត់ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ "សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា" បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​អាជ្ញាធរ​ជំនាញ កោះ​ហៅ​អ្នក​ភូមិ​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​កាប់​រាន​ព្រៃ​លិច​ទឹក​ទាំង​នោះ​មក​ធ្វើ​ការ​អប់រំ និង​ព្រមាន​ឲ្យ​ឈប់​ដាំ​ដុះ​លើ​ដី​ដែល​អ្នក​ភូមិ​បាន​កាប់​រាន​រួច​ហើយ​នោះ។

តើ​ប្រជាពលរដ្ឋ​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​វិធាន​ការ​នេះ?

សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា ដោយ​មាន​កិច្ច​សហការ​ជាមួយ​ក្រុម​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត បាន​ចុះ​ទៅ​ដល់​ភូមិ​ដាច់​ស្រយាល​មួយ ដើម្បី​ធ្វើ​ការ​អប់រំ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​កាប់​រាន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៃ​ខេត្ត​ពោធិ៍សាត់ នា​ពេល​កន្លង​ទៅ។

លោក ឡុង សុចែត ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​មេសា ថា បន្ទាប់​ពី​អង្គការ​បាន​រក​ឃើញ​ការ​បាត់បង់​ព្រៃ​លិច​ទឹក​ដ៏​ធំធេង​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​កញ្ជរ និង​បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ក្នុង​ការ​រក​មធ្យោបាយ​ទប់ស្កាត់។ ទី​បំផុត ក្រុម​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត​មួយ​ក្រុម​ដែល​មាន​អាជ្ញាធរ​ស្រុក​កណ្ដៀង អាជ្ញាធរ​ជំនាញ​ជលផល​ខេត្ត និង​អាជ្ញាធរ​ភូមិ ឃុំ បាន​សម្រេច​កោះ​ហៅ​ប្រជាពលរដ្ឋ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​កាប់​រាន​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ឫស្សី​មួយ​រយ​គុម្ព មក​ធ្វើ​ការ​អប់រំ​ណែនាំ និង​ហាម​ធ្វើ​ការ​ដាំដុះ​លើ​ដី​ដែល​បាន​កាប់​រាន​រួច​ហើយ​នោះ៖ «គោល​បំណង​ដែល​យើង​បាន​ជួបជុំ​នេះ គឺ​ដើម្បី​បង្ហាញ​ពួក​គាត់​ពី​អនុក្រឹត្យ​លេខ​១៩៧ ដែល​និយាយ​អំពី​ការ​ការពារ​ព្រៃ​លិច​ទឹក។ ហើយ​មួយ​ទៀត ចង់​ឲ្យ​បណ្ដា​អ្នក​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​បាន​មក​ជួប​ជជែក​គ្នា​ដើម្បី​ឲ្យ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ហេតុផល​ដែល​នាំ​ទៅ​ដល់​ការ​កាប់​ព្រៃ​លិច​ទឹក​នេះ»

សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា ដោយ​មាន​ការ​គាំទ្រ​ផ្នែក​ថវិកា​ពី​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ឬ​ហៅ​ថា​អង្គការ​ហ្វ៊ែក (FACT) បាន​ធ្វើ​សកម្មភាព​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​រាន​ព្រៃ​លិច​ទឹក ដើម្បី​ធ្វើ​កម្មសិទ្ធិ​នៅ​ជុំវិញ​បឹង​ទន្លេសាប។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ពោធិ៍សាត់ លោក ភុំ វិមល ថ្លែង​ថា ការ​បាត់បង់​ព្រៃ​លិច​ទឹក​នាំ​ទៅ​ដល់​ការ​ខូចខាត​បរិស្ថាន ដែល​ជា​គ្រោះ​មហន្តរាយ​ដ៏​ធំធេង​ចាំបាច់​ត្រូវ​តែ​ធ្វើ​ការ​ទប់ស្កាត់​បន្ទាន់។ លោក​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ជា​បន្ទាន់​ការ​កាប់​រាន​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប ដែល​ក្នុង​នោះ​មាន​ខេត្ត​ពោធិ៍សាត់ ផង​ដែរ៖ «ខ្ញុំ​សុំ​អធ្យាស្រ័យ ដី​តំបន់​៣ នេះ រាជ​រដ្ឋាភិបាល​បាន​ហាម​ដាច់​ខាត។ ពូ​នៅ​ចាំ​ទេ កាល​ពី​ឆ្នាំ​២០១១ នៅ​ឯ​សាលា​កសិកម្ម​ចម្ការ​ដូង សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​ក្នុង​ដី​ព្រៃ​លិច​ទឹក​មួយ​ហិកតារ ទទួល​ផល ៥០​តោន ក៏​លោក​មិន​ដូរ​ដែរ ពោល​គឺ​ត្រូវ​រក្សា​ទុក​ព្រៃ​លិច​ទឹក»

យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក ឬ​ហៅ​ថា​តំបន់​៣ បាន​សម្ដែង​ពី​ក្ដី​កង្វល់​ចំពោះ​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ។ តំណាង​ជនជាតិ​ចាម និង​ជា​ហាកឹម​នៃ​វិហារ​ឥស្លាម​ទួលទទឹង គឺ​លោក សា ភួង ថ្លែង​ថា ការ​កើន​ឡើង​នៃ​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​មាន​ការ​ពង្រីក​ដី​ស្រែ បើ​ពុំ​នោះ​ទេ ពួក​គេ​នឹង​ជួប​ការ​ខ្វះខាត​អង្ករ​ហូប​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ៖ «ខ្ញុំ​សូម​អធ្យាស្រ័យ​ដែរ​ថា ដី​នេះ​គឺ​ពួក​ខ្ញុំ​ធ្លាប់​ធ្វើ​តាំង​ពី​សង្គម​ចាស់​មក​ម្ល៉េះ។ ម្យ៉ាង​នេះ គឺ​មក​ពី​ប្រជាពលរដ្ឋ​មាន​ការ​ខ្វះខាត​អង្ករ​ហូប ទើប​នាំ​គ្នា​កាប់​រាន​ព្រៃ​នេះ​ធ្វើ​ស្រែ។ ឥឡូវ ពួក​ខ្ញុំ​សុំ​ធ្វើ​ស្រែ​លើ​ដី​ដែល​បាន​រាន​រួច បើ​មិន​ដូច្នេះ​ទេ គឺ​ពួក​ខ្ញុំ​ខ្វះ​ហូប​ហើយ»

ប្រភព​ពី​អាជ្ញាធរ បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៧ ប្រជាពលរដ្ឋ​ជា​ជនជាតិ​ចាម ៧៩​គ្រួសារ បាន​មក​រស់នៅ និង​កាន់​កាប់​ដី​ចំនួន ៨៥​ហិកតារ ក្នុង​តំបន់​៣ ចំណុច​ឫស្សី​មួយ​រយ​គុម្ព ស្ថិត​ក្នុង​ឃុំ​កញ្ជរ ស្រុក​កណ្ដៀង។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​ជា​ជនជាតិ​ចាម នៅ​តំបន់​នេះ​បាន​កើន​ឡើង​ដល់ ១៨២​គ្រួសារ និង​បាន​នាំគ្នា​កាប់​រាន​ដោយ​ប្រើ​ម៉ាស៊ីន​គោយន្ត​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​នៅ​តំបន់​នេះ ២៩៩,០៣​ហិកតារ ហើយ​ការ​ឈូស​ឆាយ​នេះ​ច្រើន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។