សមាជិកបណ្ដាញព្រៃឡង់ នៅខេត្តកំពង់ធំ បារម្ភថាព្រៃឈើនឹងត្រូវបាត់បង់ ប្រសិនបើអាជ្ញាធរមិនមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់នោះទេ។
ការបារម្ភនេះ បន្ទាប់ពីពួកគាត់បានចុះអង្កេតមើលស្ថានភាពព្រៃឡង់កន្លងមកឃើញថា បទល្មើសកាប់បំផ្លាញព្រៃឈើ និងរុករានយកដីដាំដំណាំ គឺកាន់តែកើនឡើង។ យ៉ាងណា មន្ត្រីជំនាញឲ្យដឹងថា បទល្មើសព្រៃឈើកើតមានខ្លះមែន ប៉ុន្តែគឺមាននៅជាយៗព្រៃឡង់ទេ ហើយអាជ្ញាធរកំពុងចាត់វិធានការលើបញ្ហានេះ។
ការលើកឡើងនេះ បន្ទាប់ពីក្រុមអង្កេតពិសេសរបស់បណ្ដាញសហគមន៍ព្រៃឡង់ នៅខេត្តកំពង់ធំ បានចុះស្រាវជ្រាវចាប់តាំងពីថ្ងៃទី២០ ធ្នូ មក គឺប្រទះឃើញនូវការកាប់បំផ្លាញព្រៃឈើដោយឈ្មួញទុច្ចរិត និងការរានដីធ្វើចម្ការនៅស្រុកសណ្ដាន់ យ៉ាងអនាធិបតេយ្យ។
សមាជិកសហគមន៍ព្រៃឡង់ម្នាក់ នៅខេត្តកំពង់ធំ លោក ហឿន សុភាព មានប្រសាសន៍ថា នៅក្នុងតំបន់ជាច្រើនក្នុងឃុំមានរិទ្ធ មានម៉ាស៊ីនអារឈើរាប់សិបគ្រឿងកំពុងអារឈើទ្រហឹងស្ទើរពេញព្រៃ។ ប្រភេទឈើទាំងនោះរួមមាន ឈើកកោះ ផ្ដៀក ឈើទាល ជាដើម ដោយអារច្រៀកជាស្រេច ហើយបន្តដឹកចេញតាមរថយន្តតាមរទេះគោ និងតាមគោយន្តច្នៃដឹកចេញមកខាងផ្លូវឃុំទំរេញ ក្នុងស្រុកសណ្ដាន់។ លោកថា ការកើនឡើងនៃបទល្មើសព្រៃឈើ គឺបណ្ដាលមកពីអាជ្ញាធរ និងមន្ត្រីជំនាញមួយចំនួន មិនបានខ្វល់ខ្វាយចំពោះផលប្រយោជន៍រួម ពោលគឺគិតតែផលប្រយោជន៍បុគ្គល ហើយបើកដៃឲ្យអ្នកមានប្រាក់អ្នកមានអំណាច អាចមានសិទ្ធិធ្វើអាជីវកម្មឈើដោយខុសច្បាប់បាន។
លោកបន្តថា ក្រៅពីបទល្មើសធ្វើអាជីវកម្មឈើនៅតំបន់នោះហើយ ក៏មានសកម្មភាពរុករានដីព្រៃឡង់ ធ្វើចម្ការពីសំណាក់ប្រជាពលរដ្ឋ និងពីសំណាក់អ្នកមានប្រាក់ដែលជួលពលរដ្ឋទៅកាប់ឲ្យខ្លួនទៀតផង៖ «រដូវខែប្រាំង គឺជារដូវមួយដែលងាយក្នុងការឆ្លៀតឱកាសកាប់បំផ្លាញព្រៃឈើ។ ខ្ញុំគិតថា ប្រសិនបើអាជ្ញាធរ ឬរាជរដ្ឋាភិបាល មិនដាក់សម្ពាធឲ្យខ្លាំងទេ វានឹងងាយហិនហោចក្នុងរយៈពីរទៅបីឆ្នាំទៀត គឺអស់ហើយព្រៃឡង់»។
ប្រភពដដែលបន្ថែមថា ព្រៃឡង់ គឺជាគម្របព្រៃយ៉ាងធំបំផុតសម្រាប់ប្រទេសកម្ពុជា ប្រសិនព្រៃឡង់ត្រូវវិនាសនោះ មិនមែនប៉ះពាល់ត្រឹមតែពលរដ្ឋដែលអាស្រ័យផលនៅក្បែរនោះប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅ។ ជាងនេះទៀត ការបាត់បង់ធនធានធម្មជាតិ គឺជាបញ្ហាដ៏ធំសម្រាប់ពិភពលោកទាំងមូល។
ទាក់ទងបញ្ហានេះ នាយផ្នែករដ្ឋបាលព្រៃឈើទំរេញ ស្រុកសណ្ដាន់ លោក សៅ វន្នី មានប្រសាសន៍ថា ការរុករានដីធ្លីធ្វើចម្ការនៅតំបន់នោះ គឺជាស្នាដៃរបស់ពលរដ្ឋនៅក្បែរនោះខ្លះ និងពលរដ្ឋមកពីតំបន់ផ្សេងៗខ្លះ ប៉ុន្តែភាគច្រើន គឺកាប់នៅក្បែរៗភូមិស្រុកប៉ុណ្ណោះ។ ចំណែកបញ្ហាឈើប្រណីតវិញ លោកថា នៅតំបន់ព្រៃឡង់ ខេត្តកំពង់ធំ មិនមានឈើប្រណីតប្រភេទលេខមួយដូចជាធ្នង់ បេង នាងនួន ឬគ្រញូង នោះទេ ប៉ុន្តែការធ្វើអាជីវកម្មកន្លងមក គឺជាប្រភេទឈើច្បោះជ័ររបស់ពលរដ្ឋទៅវិញ៖ «បាទ! ហ្នឹងមានអ៊ីចឹង ប៉ុន្តែវាមិនដូចយើងថា ព្រោះវានៅកៀនខាងនេះ អាកណ្ដាលព្រៃឡង់ គឺអត់មានទេ នៅទាំងអស់ទេ។ ខ្ញុំចុះហើយវាមាននៅជាប់ជាយភូមិនេះទេ»។
ផ្ទុយពីអ្វីដែលមន្ត្រីជំនាញអះអាង សកម្មជនការពារព្រៃឈើ លោក ឈឹម សាវុធ មានប្រសាសន៍ថា តាមពិតពីមុនមកការទន្ទ្រានយកដីធ្វើចម្ការ គឺនៅជាយៗព្រៃឡង់មែន ប៉ុន្តែបច្ចុប្បន្នការទន្ទ្រានយកដីធ្វើចម្ការ និងការកាប់ឈើធ្វើអាជីវកម្ម គឺស្ទើរតែធ្វើឲ្យស្ថានភាពតំបន់ខ្លះនៅព្រៃឡង់ ក្លាយទៅជាវាលរហោឋាន ឬវាលព្រៃឡង់នោះទៅហើយ៖ «និយាយទៅ មន្ត្រីជំនាញគាត់មិនទទួលថាមានការកាប់បំផ្លាញទេ។ តាមការស្រាវជ្រាវរបស់ខ្លួនខ្ញុំផ្ទាល់ មានទាំងភស្តុតាង គឺសុទ្ធសឹងតែមន្ត្រីជំនាញទាំងអស់ហ្នឹងផ្ទាល់តែម្តង ដែលបើកដៃឲ្យមានការកាប់ចម្ការច្បោះជ័រទឹករបស់ប្រជាពលរដ្ឋ»។
ចំណែកស្ថានភាពឈើប្រណីតនៅក្នុងតំបន់ព្រៃឡង់វិញ លោកថា បច្ចុប្បន្នស្ទើរតែលែងមាន។ ដោយឡែកតំបន់ដែលសេសសល់ឈើប្រភេទលេខមួយនៅក្នុងតំបន់ព្រៃឡង់ គឺមាននៅខេត្តព្រះវិហារ ខុសប្លែកកាលពីទសវត្សទី៩០ ដែលព្រៃឡង់ គឺជាជង្រុកឈើប្រណីតយ៉ាងធំធេង។ ច្បាប់ស្ដីពីព្រៃឈើឆ្នាំ២០០២ ដែលមាន ១០៩មាត្រា ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីថែរក្សាធនធានធម្មជាតិមួយនេះឲ្យបានគង់វង្ស និងណែនាំពលរដ្ឋឲ្យចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ក៏ប៉ុន្តែច្បាប់នេះហាក់មិនសូវមានប្រសិទ្ធភាពឡើយ ពីព្រោះព្រៃឈើនៅតែរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដដែល។ បន្ថែមពីនេះទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសកាត់កចោលទៀតផង ប្រសិនបើលោកមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបាន ប៉ុន្តែរហូតមកដល់ពេលនេះ ព្រៃឈើស្រុកខ្មែរកាន់តែវិនាសទៅៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
