រដ្ឋបាល​ព្រៃ​ឈើ​សន្យា​ពង្រឹង​ការ​សហការ​ជាមួយ​សហគមន៍​ដើម្បី​ការពារ​ព្រៃ​ឡង់

0:00 / 0:00

នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជួយ​ការពារ​ស្រទាប់​អូហ្សូន ក្នុង​ពេល​ពិភពលោក​កំពុង​តែ​ផ្លាស់​ប្ដូរ​អាកាសធាតុ នាំ​ឲ្យ​ផែនដី​ឡើង​កម្ដៅ។ ក៏ប៉ុន្តែ ព្រៃ​ឡង់​បច្ចុប្បន្ន​កំពុង​តែ​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ទន្ទ្រាន​យក​ដី​កាន់​កាប់​ពី​ក្រុមហ៊ុន​ឯកជន និង​កាប់​ព្រៃ​ឈើ​លក់​យ៉ាង​​អនាធិបតេយ្យ។

ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​ទីនោះ​បាន ក៏​នាំ​គ្នា​ស្វែងរក​អន្តរាគមន៍​ពី​មន្ត្រី​រាជ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​នានា។

ក្រុម​សហគមន៍​ការពារ​ព្រៃ​ឡង់​ច្រើន​ខេត្ត ថ្លែង​អបអរ​សាទរ​ប្រសាសន៍​របស់​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ ដែល​សន្យា​ពង្រឹង​ការ​សហការ​ជាមួយ​សហគមន៍ ក្នុង​ការ​ចាប់​ឈើ និង​ចាប់​ជន​ខិល​ខូច ដើម្បី​ការពារ​ព្រៃ​ឡង់។

តំណាង​សហគមន៍​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ លោក ស្វាយ ភឿន ថ្លែង​ថា លោក​ពេញ​ចិត្ត​ចំពោះ​ការ​ប្រកាស​របស់​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ សហការ​ជាមួយ​សហគមន៍ ដើម្បី​ចាប់​អ្នក​បំផ្លាញ​ព្រៃ​ឡង់។ លោក​បន្ត​ថា កន្លង​មក លោក ឆេង គឹមស៊ុន និង​លោក ជា សំណាង បាន​ចុះ​ទៅ​ខេត្ត​ព្រះវិហារ ចុះ​ចាប់​ឈើ​ផ្ទាល់​ជាមួយ​សហគមន៍​ការពារ​ព្រៃ​ឡង់។ ប្រសិន​បើ​ថ្នាក់​លើ​មិន​បាន​ចុះ​មក​បញ្ជា​ទេ មន្ត្រី​ថ្នាក់​ក្រោម​ក៏​មិន​អើពើ​ជួយ​ចាប់​ឈើ ឬ​ក៏​ចុះ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ដែរ៖ «ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ថ្នាក់​កណ្ដាល លោក​នឹង​ធ្វើ​សហការ​ជាមួយ​បណ្ដាញ​ព្រៃ​ឡង់​រហូត ប៉ុន្តែ​លោក​សហការ​មែន ប៉ុន្តែ​លំដាប់​ថ្នាក់​ក្រោម​ឱវាទ​លោក​នោះ លោក​អត់​ទាន់​ដឹង​ថា​នរណា​មួយ​ជា​អ្នក​ចូល​ដៃ​ចូល​ជើង​ជាមួយ​អ្នក​បំផ្លាញ​ព្រៃ​ឈើ​ហ្នឹង​ទេ»

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៤ ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ លោក ឆេង គឹមស៊ុន សុំ​ឲ្យ​សហគមន៍ និង​ប្រជាពលរដ្ឋ បើ​ជួប​ការ​បំផ្លាញ​ព្រៃ​ឈើ សូម​ទាក់ទង​លោក​តាម​ទូរស័ព្ទ​លេខ ០១២ ៦៧១ ២២២ ដើម្បី​លោក​បញ្ជា​ទៅ​មន្ត្រី​នៅ​មូលដ្ឋាន ឲ្យ​សហការ​ចុះ​ចាប់​ឈើ​ជាមួយ​សហគមន៍៖ «យើង​ក៏​កំពុង​រៀបចំ​ដំណើរ​ការ​រៀបចំ​ធ្វើ​អនុក្រឹត្យ​មួយ ដើម្បី​ដាក់​តំបន់​ព្រៃ​ឡង់​ទៅ​ជា​ព្រៃ​ការពារ»

តំណាង​សហគមន៍​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ លោក គឹម ឆេង ទូរសព្ទ័​ប្រាប់​ពី​ព្រៃ​ឡង់​ក្នុង​ស្រុក​សណ្ដាន់ មក​ថា គាត់​កំពុង​ដើរ​ល្បាត​ប្រទះ​ឃើញ​មាន​រថយន្ត និង​រទេះ​ច្រើន​គ្រឿង កំពុង​ដឹក​ឈើ​មូល និង​ឈើ​អារ​ចេញ​ពី​ទីនោះ។ លោក​សូម​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ ចុះ​ជួយ​គាត់ ព្រោះ​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​មិន​បាន​សហការ​បង្ក្រាប​បទល្មើស​នោះ​ទេ។ លោក​ឲ្យ​ដឹង​ថា ក្នុង​ស្រុក​សណ្ដាន់ មាន​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) របស់​វៀតណាម ទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ប្រមាណ​ជា ៩.០០០​ហិកតារ បាន​កាប់​ព្រៃ​ដឹក​គគ្រឹកគគ្រេង​ទៅ​វៀតណាម ហើយ​បាន​ដាំ​កៅស៊ូ​ជិត​ពេញ​ដី​ដែរ។ ចំណែក​នៅ​ម្ខាង​ស្ទឹងសែន មាន​ក្រុមហ៊ុន ទ្រី ភាព កំពុង​កែច្នៃ​ឈើ ក្រៅ​ពី​នោះ មាន​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ អារ​ច្រៀក​ឈើ ដែល​មាន​ខ្នង​បង្អែក​ជា​មន្ត្រី​ថ្នាក់​ធំ និង​អ្នក​មាន​លុយ មក​កាង​រោង​ម៉ាស៊ីន​នោះ៖ «ក្នុង​ថ្ងៃ​នេះ កាប់​ថែម​ផង ដឹក​ឈើ អារ​ឈើ​ថ្មី​ហ្នឹង​ឯង កំពុង​តែ​បន្ត​បន្ទាប់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីន​អារ​ឈើ ដែល​សហគមន៍​ចោទ​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា។

នាយក​ប្រតិបត្តិ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ ថ្លែង​ថា រដ្ឋបាល​ព្រៃ​ឈើ​គួរ​តែ​ចូលរួម​ឲ្យ​ខ្លាំងក្លា ក្នុង​ការ​ជួយ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ឈើ ព្រោះ​ព្រៃ​ឡង់​កំពុង​តែ​ត្រូវ​បាន​គេ​ទន្ទ្រាន​ដឹក​យក​ឈើ​ធ្វើ​អាជីវកម្ម​ឆ្លង​ដែន ដោយ​រថយន្ត​ទំនើប រថយន្ត​ច្នៃ គោយន្ត រទេះគោ ម៉ូតូ ដឹក​ចេញ​ពី​ព្រៃ​ឡង់​ហូរហែ​ស្ទើរ​ពេញ ២៤​ម៉ោង ពី​តំបន់​ទំរីន ភ្នំ​ជី ស្រុក​រវៀង ស្រុក​ឆែប ស្រុក​សន្ទុក ស្រុក​សំបូរ ឆ្ពោះ​ទៅ​ភ្នំពេញ ទៅ​វៀតណាម ជាដើម៖ «បើ​គាត់​អត់​ទៅ​ប្រមូល​ខ្លួន​ឯង​ទេ គឺ​មន្ត្រី​ជំនាញ​ក្រោម​អត់​ធ្វើ​ការ​ទេ ហើយ​ឈើ​នោះ គឺ​បាន​ទៅ​ដល់​ដៃ​ឯកជន​ទាំងអស់។ អ៊ីចឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ស្រុក​ខ្មែរ វា​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅ​ហើយ គឺ​អត់​ងាយ​ទេ​ក្នុង​ការ​បង្ក្រាប​នោះ បើ​សិន​ជា​រដ្ឋាភិបាល​ខ្លួន​ឯង​គ្មាន​វិធានការ គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​បង្ក្រាប​ហ្នឹង ការ​និយាយ​របស់​គាត់​ហ្នឹង គ្រាន់​តែ​ជា​ការ​ដោះសា​មួយ​ទេ វា​គ្មាន​នរណា​គេ​ជឿ​បន្ត​ទេ​ឥឡូវ​នេះ»

ដោយ​ពុំ​អាច​មាន​លំនឹង​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព សហគមន៍​ការពារ​ព្រៃ​ឈើ​មក​ពី​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ រួម​គ្នា​ធ្វើ​សន្និសីទ​កាសែត ដើម្បី​ឲ្យ​រដ្ឋាភិបាល​បាន​ដឹង​រឿង​នេះ និង​ជួយ​សហការ។ សន្និសីទ​នោះ ត្រូវ​បាន លោក ឆេង គឹមស៊ុន ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ដែល​ជំនាញ​ការពារ​ព្រៃ ប្រកាស​គាំទ្រ និង​ពង្រឹង​ការ​សហការ​ជាមួយ​សហគមន៍ ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់ និង​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា។

ព្រៃ​ឡង់ ត្រូវ​ប្រជា​សហគមន៍​ខេត្ត​ចំនួន​៤ ដែល​មាន​ផ្ទៃដី​ក្បែរ​ព្រៃ​នោះ អះអាង​ថា បាន​រួម​គ្នា​ការពារ​ព្រៃ​ពី​ទំហំ​ជាង ៦០​ម៉ឺន​ហិកតារ មក​នៅ​ត្រឹម ៤៨​ម៉ឺន​ហិកតារ ដែល​ក្រសួង​កសិកម្ម ទទួល​ស្គាល់។ បច្ចុប្បន្ន ព្រៃ ៤៨​ម៉ឺន​ហិកតារ​នោះ កំពុង​រង​ការ​ហែកហួរ​ព្រៃ​យក​ដី​កាន់​កាប់​ផង និង​កាប់​បំផ្លាញ​ដើម​ឈើ​ធំៗ​យក​លក់​ផង ពាយ​ព្រៃ​ក្នុង​មួយ​ថ្ងៃ​ប្រមាណ ២០​ហិកតារ ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ការ​បាត់​បង់​ព្រៃ​ឈើ ដោយសារ​គ្មាន​ឫស​ជួយ​ទប់​ដី បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ច្រោះ​ដី នៃ​ទឹក​ភ្លៀង បង្ក​ផល​ប៉ះពាល់​ពី​ដី​ល្បាប់ បង្កក​ទៅ​ក្នុង​ទឹក​បឹង​ទន្លេសាប ធ្វើ​ឲ្យ​ត្រី​ងាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។