បណ្ដាញ​ស្នូល​ព្រៃ​ឡង់​ខេត្ត​ក្រចេះ​បារម្ភ​បាត់​បង់​ព្រៃ​ឈើ​និង​សត្វ​ព្រៃ

0:00 / 0:00

បញ្ហា​កាប់​បំផ្លាញ​ព្រៃ​ឈើ គឺ​ជា​បញ្ហា​ក្តៅ​របស់​ប្រជា​សហគមន៍​ព្រៃ​ឡង់ និង​ជា​ការ​ព្រួយ​បារម្ភ​សម្រាប់​ពួក​គាត់ នៅ​ពេល​ឃើញ​សកម្មភាព​ឈ្មួញ​បាន​ប្រព្រឹត្ត​យ៉ាង​គគ្រឹកគគ្រេង។ ថ្មីៗ​នេះ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ខេត្ត​ក្រចេះ បាន​ឱ្យ​ដឹង​ថា មាន​ឈ្មួញ​ធំៗ​កំពុង​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ដែល​ពួក​គាត់​រស់​នៅ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ព្រៃ​ឈើ និង​សត្វ​ព្រៃ​អាច​វិនាស​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ រីឯ​អាជ្ញាធរ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ចំពោះ​រឿង​មាន​ឈ្មួញ​មាន​អំណាច មក​ធ្វើ​អាជីវកម្ម​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​កន្លង​មក​អាជ្ញាធរ​តែង​តែ​ចុះ​ទៅ​បង្ក្រាប​ជានិច្ច។

ក្រុម​ស្នូល​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ នៅ​ខេត្ត​ក្រចេះ នៅ​តែ​មាន​ក្តី​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​ពី​សំណាក់​អ្នក​មាន​លុយ ដោយ​ប្រើ​រូបភាព​ប្រជាពលរដ្ឋ​ជា​អ្នក​កាប់​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​មក​លក់​ឱ្យ​ខ្លួន។ សកម្មភាព​ធ្វើ​អាជីវកម្ម​បែប​ទ្រង់ទ្រាយ​ធំៗ ដែល​ទើប​នឹង​ចាប់​ផ្ដើម​នៅ​ឃុំ​កំពង់ចាម ខេត្ត​ក្រចេះ ដោយ​មាន​អ្នក​មាន​លុយ​ទៅ​ពី​ខេត្ត​កំពង់ចាម ដើម្បី​ធ្វើ​អាជីវកម្ម​ឈើ​ប្រណីត​នៅ​តំបន់​នោះ។

ប្រជា​សហគមន៍​បញ្ជាក់​ថា តំបន់​នោះ​ជា​តំបន់​យ៉ាង​សំខាន់​នៃ​គម្រប​ព្រៃ​ឈើ​ព្រៃ​ឡង់ និង​ជា​ជម្រក​យ៉ាង​សំខាន់​សម្រាប់​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ ដែល​បាន​នាំ​គ្នា​ទៅ​រស់​នៅ​ទីនោះ ហើយ​ប្រសិន​បើ​ព្រៃ​នៅ​តំបន់​នោះ​អស់ ជីវិត​សត្វ​ព្រៃ​ដ៏​កម្រ​របស់​ខ្មែរ នឹង​ត្រូវ​វិនាស​ផុត​ពូជ​យ៉ាង​នោះ​ដែរ។

ក្រុម​ស្នូល​បណ្ដាញ​ព្រៃ​ឡង់​ម្នាក់ រស់​នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ លោក សំ ណូ មាន​ប្រសាសន៍​ថា កាល​ពី​ដើម​ខែ​មីនា មាន​អ្នក​មាន​លុយ​បាន​មក​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​យ៉ាង​អានាធិបតេយ្យ​នៅ​ក្នុង​តំបន់​ដែល​ពួក​គាត់​កំពុង​ធ្វើ​ការ​អភិរក្ស។ លោក​បន្ត​ថា ក្រុម​ឈ្មួញ​បាន​មក​ជួល​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ឱ្យ​កាប់ និង​ដឹក​ឈើ​ប្រភេទ​ឈើ​ប្រណីត​ឱ្យ​ខ្លួន ហើយ​ការ​ធ្វើ​អាជីវកម្ម​ឈើ​ដែល​មាន​ទំហំ​ធំ​នេះ អាច​នឹង​ធ្វើ​ឱ្យ​ព្រៃ​ឈើ​វិនាស​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​លើ​ធនធាន​ធម្មជាតិ​ទាំង​នោះ​ទៀត​ផង៖ «ខាង​សហគមន៍​លុយ​ល្បាត​នេះ​វា​យូរ​ពេក អ៊ីចឹង​ឱ្យ​លោក​ធ្វើ​អន្តរាគមន៍​ទប់​ស្ទះ​ខ្លះ​សិន។ វា​មាន​ឧកញ៉ា​មក​ពី​ខាង​កំពង់ចាម មក​ឈរ​ជើង​នៅ​កន្លែង​ហ្នឹង មក​បោះ​ទីតាំង​នៅ​កន្លែង​ហ្នឹង​ធ្វើ​ឈើ​អានាធិបតេយ្យ​ខុស​ច្បាប់​ឈើ​ប្រណីត​ហ្នឹង។ បើក​ទ្រង់ទ្រាយ​ធំ​ដុំ​ណាស់ មិន​មែន​តូចតាច​ទេ»

ប្រភព​ដដែល​បន្ត​ថា តំបន់​ដែល​កំពុង​រង​ការ​គំរាម​កំហែង​នោះ គឺ​តំបន់​ត្រពាំងទារ ដែល​ជា​តំបន់​មួយ​យ៉ាង​សំខាន់ គ្រប​ដណ្ដប់​ដោយ​ផ្ទៃ​ដី​ជាច្រើន​ម៉ឺន​ហិកតារ ហើយ​សព្វថ្ងៃ​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​កំពុង​លាក់​ខ្លួន​ក្នុង​តំបន់​នោះ៖ «សុំ​អស់​លោក​ទុក​ម៉ា​ដុំ​ហ្នឹង​ឱ្យ​ខ្ញុំ​ចុះ បើ​អស់​លោក​មិន​ទុក ខ្ញុំ​ជំនឿ​ផ្តាច់​ក​ចោល​ហើយ។ ខ្ញុំ​សុំ​តែ​ប៉ុណ្ណឹង​ទេ ពីព្រោះ​ដំរី ខ្ទីង ទន្សោង​រត់​មក​ពួន​នៅ​ម៉ា​កំប៉ូត​ហ្នឹង​ហើយ។ ដំរី​ឥឡូវ​ហ្នឹង ដំរី​ពី​ដើម​ដំរី​ចេញ​ស៊ី​ស្មៅ ដំរី​ឥឡូវ​តា​ចុង​ស៊ី​អន្សែល​អត់​សល់​ទេ។ គល់​អន្សែល​ក៏​ស៊ី​ដែរ ពីព្រោះ​វា​រក​អី​ស៊ី​អត់​បាន វា​អត់​ហ៊ាន​ចេញ​វាល ហើយ​ស្គមៗ ដំរី​ប្រហែល ២០ ឬ ៣០​ក្បាល ហ្នុង​ដើរ​រាល់​ថ្ងៃ​តាម​ហ្នុង។ សត្វ​កន្លែង​ហ្នឹង​អស់​ហើយ ត្រង់​ណា​អត់​មាន​ទេ មាន​តែ​ម្តុំ​ខ្ញុំ​ហ្នឹង»

លោក​បន្ថែម​ទៀត​ថា កន្លង​មក​ក្រុម​បណ្ដាញ​ស្នូល​ព្រៃ​ឡង់ តែង​តែ​ចុះ​ទៅ​ពិនិត្យ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ​ប្រណីត​ទាំង​នោះ​ជា​ញឹកញាប់ បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​ថ្មីៗ​នេះ ខាង​លោក​ខ្វះខាត​ថវិកា​ដើម្បី​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ចុះ​ទៅ​ម្តងៗ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​វិញ​ហាក់​ដូច​មិន​សូវ​មាន​ការ​បង្ក្រាប​ណា​មួយ​ឱ្យ​មាន​ប្រសិទ្ធភាព ចំពោះ​អ្នក​ធ្វើ​អាជីវកម្ម​ធំៗ​ទាំង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ មាន​សមត្ថកិច្ច​មួយ​ចំនួន​ក៏​បាន​ចូល​រួម​ជួយ​បិទ​បាំង​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​ទាំង​នោះ​ទៀត​ផង។

អភិបាល​ស្រុក​សំបូរ លោក ហេង សុថា មាន​ប្រសាសន៍​ថា ខាង​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថា​មាន​អ្នក​មាន​លុយ កំពុង​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​យ៉ាង​អានាធិបតេយ្យ​នៅ​ក្នុង​តំបន់​ដែល​លោក​គ្រប់គ្រង​នោះ​ទេ។ លោក​បញ្ជាក់​ថា ករណី​នេះ​អាច​ទើប​នឹង​កើត​មាន​ឡើង ពីព្រោះ​ខាង​លោក​តែង​តែ​ចុះ​ទៅ​បង្ក្រាប​ជា​ប្រចាំ ប៉ុន្តែ​មិន​ទាន់​ប្រទះ​រឿង​អ្នក​មាន​លុយ​កំពុង​ធ្វើ​អាជីវកម្ម​ឈើ​នោះ​ឡើយ៖ «ឱ្យ​ពួក​គាត់​ទាក់ទង​សហការ​មក​ខាង​ខ្ញុំ ដើម្បី​ឱ្យ​ខាង​ខ្ញុំ​រៀប​ចំ​កម្លាំង​ចុះ​ទៅ​មើល ពីព្រោះ​រឿង​ហ្នឹង​ទើប​នឹង​កើត​មាន​ថ្មីៗ​ទេ ពីព្រោះ​ខ្ញុំ​បាន​រៀប​ចំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​នៅ​តំបន់​ហ្នឹង​ជាច្រើន​លើក​ច្រើន​សា​ហើយ ហើយ​ព័ត៌មាន​ហ្នឹង​ប្រហែល​ជា​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ទេ។ ខ្ញុំ​ជឿ​ថា រឿង​នេះ​មិន​មែន​កើត​យូរ​ទេ ទើប​នឹង​កើត​ថ្មីៗ​ទេ ប្រសិន​បើ​ជា​មាន ប៉ុន្តែ​ឱ្យ​ខាង​គាត់​សហការ​មក​ខាង​ខ្ញុំ ហើយ​ខាង​ខ្ញុំ​រក​ចំណុច​រក​គោលដៅ​ដើម្បី​ធ្វើ​ការ​បង្ក្រាប។ បាទ​អត់​អី​ទេ បើ​ទោះ​បី​ជា​គាត់​មក​ពី​ប្រភព​ណា​ក៏ដោយ មិន​ពី​ណា​ក៏ដោយ ក៏​យើង​ត្រូវ​អនុវត្ត​ផ្លូវ​ច្បាប់​អត់​អី​ទេ»

លោក​បន្ត​ទៀត​ថា ភាគ​ច្រើន​នៃ​ការ​ចុះ​ទៅ​បង្ក្រាប​នា​ពេល​កន្លង​ទៅ ច្រើន​តែ​ជា​ករណី​រុករាន​ដី​ព្រៃ​ដោយ​ខុស​ច្បាប់ ហើយ​សម្រាប់​ដើម​ឆ្នាំ​២០១៤ ខាង​លោក​បាន​ចុះ​ទៅ​ធ្វើ​ការ​បង្ក្រាប​ករណី​កាប់​ឈើ និង​រុករាន​ដី​ព្រៃ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​ឡង់ មាន​ចំនួន ៣​ករណី ប៉ុន្តែ​ការ​ឃ្លាំ​មើល​វិញ គឺ​ខាង​លោក​តែង​តែ​ធ្វើ​ការ​ជា​ប្រចាំ។

នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា បញ្ហា​ព្រៃ​ឈើ និង​សត្វ​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​មូល កំពុង​រង​ការ​វិនាស​កាន់​តែ​ខ្លាំង​ឡើង ពិសេស​នៅ​ពេល​ដែល​ព្រៃ​ឈើ​បាត់​បង់​នោះ សត្វ​ព្រៃ​ក៏​ត្រូវ​បាត់​បង់​ដែរ។ លោក​បន្ត​ថា កន្លង​មក​អាជ្ញាធរ​រួម​នឹង​រដ្ឋាភិបាល កម្រ​ទទួល​ស្គាល់​ចំពោះ​រឿង​ថា​មាន​ការ​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ណាស់។ ចំពោះ​វិធីសាស្ត្រ​ការពារ​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ បើ​ទោះ​បី​ថ្នាក់​ដឹក​នាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ជា​ថ្មី​ម្តង​ទៀត កាល​ពី​ថ្ងៃ​ទី​២៨ មីនា ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​យ៉ាង​ណា​ក៏ដោយ ក៏​លោក​នៅ​តែ​គ្មាន​ជំនឿ​ទុក​ចិត្ត​បន្តិច​ណា​ឡើយ។

លោក ឈឹម សាវុធ៖ «យើង​អត់​បាច់​ប្រៀប​ធៀប​ប្រសាសន៍​ថ្ងៃ​២៨ ទេ យើង​មើល​ប្រសាសន៍​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន តាំង​ពី​ព្រៃ​ឈើ​នៅ​ពេញ តាំង​ពី​ព្រៃ​ឈើ​នៅ​គ្រប​ដណ្ដប់​នៅ​លើ​ផ្ទៃដី​ប្រហែល​ជា ៤០ ទៅ ៥០​ភាគរយ រហូត​ដល់​ប្រសាសន៍​គាត់​ជា​បន្តបន្ទាប់​រហូត​ដល់​ប្រសាសន៍​គាត់​ពាក់ព័ន្ធ​នឹង​ឈើ​គ្រញូង ឈើ​អី​ហ្នឹង ប៉ុន្តែ​ចុង​ក្រោយ​ព្រៃ​ឈើ​ស្រុក​ខ្មែរ​ត្រូវ​រលាយ​ហិនហោច​អស់ អ៊ីចឹង​យើង​ប្រៀបធៀប​ប៉ុណ្ណឹង​បាន​ហើយ។ យើង​គិត​ថា អ្វី​ដែល​គាត់​មាន​ប្រសាសន៍ ឬ​ក៏​គាត់​អំពាវនាវ ឬ​ក៏​សារាចរ​របស់​គាត់​ហ្នឹង គ្រាន់​តែ​ជា​ការ​និយាយ​មួយ​ឱ្យ​ល្អ​មើល​ទេ»

លោក​បន្ត​ថា គ្មាន​របាយការណ៍​ណា​មួយ​បង្ហាញ​ថា​ទំហំ​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​សព្វថ្ងៃ នៅ​ប្រទេស​កម្ពុជា ថា​មាន​ប៉ុន្មាន​ភាគរយ​នោះ​ទេ ពីព្រោះ​ទំហំ​នៃ​ការ​បំផ្លាញ​មាន​ស្ទើរ​គ្រប់​ទីកន្លែង ហើយ​បើ​តាម​ការ​ប្រមើល​របស់​លោក គឺ​មាន​សេសសល់​យ៉ាង​ច្រើន​ពី ១០ ទៅ ២០​ភាគរយ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ឱ្យ​មាន​ប្រសិទ្ធភាព លុះ​ណា​តែ​រដ្ឋាភិបាល​ប្រើ​ឆន្ទៈ​ក្នុង​ការ​ការពារ ហើយ​ត្រូវ​យក​ច្បាប់​មក​អនុវត្ត​មិន​មែន​យក​ប្រសាសន៍​មក​អនុវត្ត​នោះ​ទេ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​ពិត​ប្រាកដ​នោះ មិន​ដល់​មួយ​អាណត្តិ​នេះ​ផង ប្រភេទ​ឈើ​ប្រណីត​នៅ​ប្រទេស​កម្ពុជា រួម​និង​សត្វ​ព្រៃ នឹង​ត្រូវ​វិនាស​អស់​តែ​ម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។