សហគមន៍​ការពារ​ព្រៃ​ឡង់​បួន​ខេត្ត​នាំ​គ្នា​រៀបចំ​ធ្វើ​បុណ្យ​រំឭក​គុណ​ព្រៃ​ឈើ

0:00 / 0:00

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត នាំ​គ្នា​រៀបចំ​ពិធី​បុណ្យ​រំឭក​គុណ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​មួយ​នេះ ដែល​នឹង​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ហើយ​ធ្វើ​បុណ្យ​កណ្ដាល​ព្រៃ​ចំនួន ៤​ថ្ងៃ និង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ។ ការ​រៀបចំ​ពិធី​បុណ្យ​នេះ គឺ​ដើម្បី​បង្ហាញ​អំពី​គុណ​តម្លៃ​ព្រៃ​ឈើ និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​កាន់​តែ​យល់​ច្បាស់​ពី​ផល​ប្រយោជន៍​ព្រៃ​ឈើ ព្រម​ទាំង​ចូលរួម​ថែ​រក្សា​ធនធាន​មួយ​នេះ​ឲ្យ​បាន​គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។

ប្រជា​សហគមន៍​បញ្ជាក់​ថា ព្រៃ​ឈើ ពិសេស​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ គឺ​ផ្តល់​ផល​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាពលរដ្ឋ ពិសេស​ជនជាតិ​ដើម​ភាគតិច​ដែល​រស់​ពឹង​អាស្រ័យ​លើ​អនុផល​ធម្មជាតិ។

ផល​ប្រយោជន៍​ទាំងនោះ​ដូចជា រក​វល្លិ ជ័រ ផ្ដៅ រក​ផ្សិត រក​ឃ្មុំ នេសាទ ដែល​ជា​មុខ​របរ​ប្រពៃណី និង​ជា​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិ។ ក្រៅ​ពី​នេះ ព្រៃ​ឡង់ គឺ​ជា​កន្លែង​មនោរម្យ​សម្រាប់​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​ពេល​បច្ចុប្បន្ន។

បណ្ដាញ​ស្នូល​ការពារ​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក ម៉ិញ នី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នឹង​ចេញ​ដំណើរ​ដើម្បី​រៀបចំ​បុណ្យ​រំឭក​គុណ​ព្រៃ​ឈើ​នៅ​ចំ​កណ្ដាល​ព្រៃ​ឡង់ ចំណុច​វាល​ម្រេង​ទន្សាយ ក្នុង​ទឹក​ដី​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៩ កុម្ភៈ។ លោក​បញ្ជាក់​ថា កម្មវិធី​បុណ្យ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ កុម្ភៈ ហើយ​ថ្ងៃ​ទី​១៤ កុម្ភៈ សហគមន៍​នឹង​ចេញ​ពី​ព្រៃ​មក​វិញ។ សកម្មជន​រូប​នេះ​ឲ្យ​ដឹង​ថា កម្មវិធី​បុណ្យ​រួម​មាន​ការ​សូត្រ​មន្ត​ឧទ្ទិស​កុសល​ផល​បុណ្យ ដើម្បី​រំឭក​គុណ​បំណាច់​ព្រៃ​ឡង់​ដែល​បាន​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​ប្រជា​សហគមន៍ ពិសេស​ជនជាតិ​ដើម​ភាគតិច។ ក្រៅ​ពី​នេះ មាន​សកម្មភាព​បំបួស​ដើម​ឈើ និង​មាន​ធម្មទេសនា​អំពី​គុណ​ប្រយោជន៍​របស់​ព្រៃ​ឈើ ជាដើម៖ « ធ្វើ​ហ្នឹង​ដើម្បី​អភិរក្ស​ព្រៃ​ឲ្យ​នៅ ដើម្បី​ឲ្យ​ដឹង​ដល់​សប្បុរសជន អតិថិជន​ទូទាំង​ប្រទេស​ឲ្យ​ដឹង​ថា ព្រៃ​ឡង់​គឺ​ជា​ព្រៃ​របស់​យើង​ទាំងអស់​គ្នា »

ព្រៃ​ឡង់​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​សម្រេច​ដាក់​ជា​តំបន់​ព្រៃ​ជម្រក​សត្វ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ ដោយ​មាន​ទំហំ​ផ្ទៃដី​សរុប​ជាង ៤៣​ម៉ឺន​ហិកតារ គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។

លោក ម៉ិញ នី បញ្ជាក់​ថា គម្រោង​ធ្វើ​បុណ្យ​ព្រៃ​ឡង់ គឺ​មាន​មនុស្ស​ចូលរួម​ប្រមាណ ២០០​នាក់ ដែល​មក​ពី​ខេត្ត​ទាំង​បួន​ជុំវិញ​ព្រៃ​ការពារ​មួយ​នេះ ព្រម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ផង។ លោក​ថា​មូលហេតុ​ប្រជា​សហគមន៍​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នៅ​កណ្ដាល​ព្រៃ​ឡង់ ព្រោះ​ដើម្បី​បង្ហាញ​ពី​សក្ដានុពល​ព្រៃ​ឈើ​តំបន់​នេះ និង​បង្ហាញ​ពី​សកម្មភាព​បទល្មើស​មួយ​ចំនួន​ដែល​កំពុង​កើត​មាន។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លោក តុប កក្កដា មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​ប្រជា​សហគមន៍ ពីព្រោះ​ព្រៃ​ឈើ​គឺ​ពិត​ជា​មាន​សារសំខាន់ ពិសេស​សម្រាប់​ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ព្រៃ​ឡង់​តែ​ម្តង។ មិន​តែ​ប៉ុណ្ណោះ លោក​ក៏​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​មួយ​ចំនួន​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​រំឭក​គុណ​ព្រៃ​ឡង់​ជាមួយ​ប្រជា​សហគមន៍​ថែម​ទៀត៖ « ខ្ញុំ​គិត​ថា​ការងារ​ហ្នឹង​គឺ​ជា​ការងារ​សំខាន់​សម្រាប់​គាត់ អ៊ីចឹង​ការ​ចូលរួម និង​ការ​ការពារ​បាន គឺ​ជា​ការ​ល្អ »

ប្រធាន​មន្ទីរ​បរិស្ថាន​ដដែល​បញ្ជាក់​ថា ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ បច្ចុប្បន្ន បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ គឺ​ថយ​ចុះ​ច្រើន។ លើស​ពី​នេះ ក្រោយ​ពេល​មន្ត្រី​ជំនាញ​បាន​ដាក់​កម្លាំង​ពិសេស​នៅ​កណ្ដាល​ព្រៃ ដើម្បី​ឃ្លាំ​មើល​បទល្មើស​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦។ ក្រោយ​ពេល​កម្លាំង​ពិសេស​ត្រូវ​បាន​បង្កើត​ឡើង មន្ត្រី​ជំនាញ​ចាប់​បាន​ជន​ល្មើស​ចំនួន​បី​នាក់ បញ្ជូន​ទៅ​តុលាការ​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​បទល្មើស​ចំនួន ១២​នាក់ ពិន័យ​អន្តរកាល​ចំនួន ៤​ករណី ដក​ហូត​ម៉ាស៊ីន​រណារ​យន្ត​ចំនួន ២៤​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃ​ឡង់​ទាំង ៤​ខេត្ត លោក សេង សុខហេង មាន​ប្រសាសន៍​ថា ពិធី​នេះ គឺ​ជា​ពិធី​បែប​សាសនា និង​ជា​វប្បធម៌​ប្រពៃណី​របស់​ប្រជាជន​រស់នៅ​ក្បែរ​តំបន់​ព្រៃ​ឡង់ ដែល​តែងតែ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ពិធី​បុណ្យ​ធ្វើ​រួម​គ្នា​ទាំង ៤​ខេត្ត គឺ​ធ្វើ​ឡើង​ជា​លើក​ទី​២ ចាប់​ពី​ឆ្នាំ​២០១៣ មក។ លោក​យល់​ថា ពិធី​នេះ​នឹង​អាច​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត​កាន់​តែ​ស្រឡាញ់ និង​យល់​ពី​តម្លៃ​ធនធាន​ព្រៃ​ឈើ៖ « កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រជា​សហគមន៍​ព្រៃ​ឡង់​រយៈកាល​ជាច្រើន​ឆ្នាំ​មក​នេះ គឺ​ឲ្ យ​ច្បាស់​ថា ពួក​គាត់​ពិត​ជា​ស្រឡាញ់​ព្រៃ​ឈើ ហើយ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ គឺ​ពិត​ជា​សំខាន់​សម្រាប់​ពួក​គាត់ »

លោក សេង សុខហេង ថា​ពិធី​បុណ្យ​បែប​សាសនា​នេះ គឺ​ជា​យុទ្ធនាការ​បែប​អហិង្សា​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​ចូលរួម និង​គាំទ្រ​ដល់​សកម្មភាព​ការពារ​ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់។ លោក​រំពឹង​ថា ប្រជាពលរដ្ឋ ព្រម​ទាំង​រាជ​រដ្ឋាភិបាល នឹង​បាន​យល់​កាន់​តែ​ច្បាស់​ពី​សារសំខាន់​របស់​ព្រៃ​ឈើ ដើម្បី​ធានា​និរន្តរភាព​សម្រាប់​ប្រជា​សហគមន៍​ផ្ទាល់ និង​មនុស្ស​ជំនាន់​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។