បញ្ហា​ប្រឈម​របស់​សកម្មជន​ការពារ​ព្រៃ​ឡង់​នៅ​ខេត្ត​កំពង់ធំ

0:00 / 0:00

ប្រជា​សហគមន៍​ដែល​សកម្ម​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​កំពង់ធំ លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​របស់​ពួក​គាត់។ បញ្ហា​ទាំង​នោះ ស្ទើរ​តែ​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​បោះបង់​សកម្មភាព​ជា​អ្នក​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ទៀត​ផង។

តើ​បញ្ហា​ប្រឈម​របស់​ពួក​គេ​មាន​អ្វី​ខ្លះ? តើ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​របស់​ពួក​គេ គប្បី​ត្រូវ​មាន​ការ​លើក​ទឹក​ចិត្ត​ណា​មួយ​ពី​រាជ​រដ្ឋាភិបាល​ដែរ​ឬ​ទេ?

សំឡេង​របស់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ហឿន សុភាព៖ «នៅ​ពេល​យើង​ធ្វើ​ការ​ទៅ គឺ​ប្រឈម​មុខ​នឹង​ការ​ប្រមាថ​មើល​ងាយ បើ​និយាយ​ឲ្យ​ចំ​ទៅ​នឹង​អាយុ​ជីវិត យើង​ហាក់​ប្ដូរ​អាយុ​ជីវិត​ទៅ​នឹង​ការងារ​ការ​ការពារ​ព្រៃ​ឡង់»

ទាំង​នេះ ជា​ការ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​របស់​សកម្មជន​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ នៅ​ខេត្ត​កំពង់ធំ។

បុរស​មាន​វ័យ​ប្រមាណ ៤០​ឆ្នាំ សម្បុរ​ខ្មៅ សក់​រួច​អង្គាដី រស់នៅ​ឃុំ​សណ្ដាន់ លោក ហឿន សុភាព ដែល​ជា​សកម្មជន​ការពារ​ព្រៃ​ឡង់​យ៉ាង​សកម្ម​ម្នាក់ រៀបរាប់​ពី​ជីវិត​ជា​អ្នក​ស្រឡាញ់​ធម្មជាតិ​ដោយ​ទឹក​មុខ​មាំ​ថា ក្នុង​រយៈពេល​ប្រមាណ ១០​ឆ្នាំ ដែល​លោក​ចាប់​ផ្ដើម​ចូលរួម​ការពារ​ព្រៃ​ឈើ​កន្លង​មក ពាក្យ​ថា​ស្រួល គឺ​មាន​តិច​ណាស់ ប៉ុន្តែ​បញ្ហា​នានា ឬ​ការ​ពិបាក​របស់​ពួក​គាត់ មាន​ស្ទើរ​រាប់​មិន​អស់។ លោក​បន្ត​ថា ពេល​ខ្លះ​ត្រូវ​ប្រឈម​មុខ​ជាមួយ​ឈ្មួញ​ឈើ ពេល​ខ្លះ​ត្រូវ​ប្រឈម​ជាមួយ​ជនល្មើស​កាប់​ឈើ​ជា​ប្រជាពលរដ្ឋ​ដូច​គ្នា និង​ពេល​ខ្លះ ត្រូវ​ប្រឈម​មុខ​ជាមួយ​អាជ្ញាធរ ឬ​ខាង​ភាគី​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា បញ្ហា​ប្រឈម​ទៅ​នឹង​អាយុ​ជីវិត​ទាំង​នោះ បាន​ជំរុញ​ឲ្យ​លោក​ត្រូវ​និរទេស​ចេញ​ពី​ស្រុក​កំណើត ដើម្បី​ទៅ​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព​ប្រមាណ ៦ ឬ ៧​ដង ដោយ​រង់ចាំ​ស្ថានភាព​ស្ងប់ស្ងាត់​ទើប​វិល​ត្រឡប់​ចូល​ស្រុក​កំណើត​ជួប​ប្រពន្ធ​កូន​វិញ៖ «អ្នក​ផ្ញើ​សារ គឺ​ជា​អ្នក​រក​ស៊ី​ឈើ ដែល​យើង​អត់​ស្គាល់​អី​អត្តសញ្ញាណ​គេ​ច្បាស់ ហើយ​មួយ​ចំនួន​ទៀត មិន​មែន​ជា​បុគ្គល​ទេ គឺ​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​មួយ​ចំនួន​ដែល​មិន​សប្បាយ​ចិត្ត»

យុវជន​ចុះ​ត្រួត​ពិនិត្យ​ព្រៃ​ឈើ​ដែល​ត្រូវ​បាន​គេ​កាប់​រំលំ​​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥
យុវជន​ចុះ​ត្រួត​ពិនិត្យ​ព្រៃ​ឈើ​ដែល​ត្រូវ​បាន​គេ​កាប់​រំលំ​​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥ (RFA/Brach Chev)

ទន្ទឹម​គ្នា​នឹង​ការ​ប្រឈម​មុខ​ជាមួយ​ជនល្មើស ឬ​អាជ្ញាធរ​រាប់​មិន​អស់ ក៏​នៅ​មាន​បញ្ហា​ដ៏​ធំ​មួយ​ទៀត ដែល​ពួក​គាត់​ត្រូវ​ប្រឈម​ដែរ​នោះ គឺ​បញ្ហា​ជីវភាព​គ្រួសារ​របស់​ពួក​គាត់។ នៅ​ពេល​កម្លាំង​ស្នូល​ចេញ​ពី​ផ្ទះ​បាត់ៗ ចំណូល​ក៏​គ្មាន ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ប្ដី​ពី​សំណាក់​ប្រពន្ធ​កូន​ក៏​កើត​មាន។ ពេល​ខ្លះ ប្រពន្ធ​របស់​ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ​ខ្លះ ត្រូវ​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ក្តី​បារម្ភ​ទាំង​នោះ​ទៀត​ផង។ ពេលវេលា​សម្រាក​នៅ​ផ្ទះ​ជុំ​ប្រពន្ធ​កូន ហាក់​តិច​ជាង​ពេលវេលា​ទៅ​នៅ​ជាមួយ​ព្រៃ​ឈើ។ បើ​ទោះ​បី​ជា​ប្រឈម​បែប​នេះ​ក្តី លោក ហឿន សុភាព នៅ​តែ​តាំង​ចិត្ត​បន្ត​ការងារ​មួយ​នេះ រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ ព្រោះ​លោក​យល់​ថា សកម្មភាព​ដែល​ខ្លួន​កំពុង​ធ្វើ គឺ​ជា​រឿង​ត្រឹមត្រូវ៖ «ទី​មួយ​យើង​សំអាង​លើ​រដ្ឋធម្មនុញ្ញ។ ទី​ពីរ​យើង​សំអាង​លើ​ច្បាប់​ព្រៃ​ឈើ ច្បាប់​ភូមិបាល ដើម្បី​ការពារ​ខ្លួន​យើង។ មាន​ន័យ​ថា គេ​ហ្នឹង​គេ​ធ្វើ​ខុស​ទៅ​នឹង​ច្បាប់ តែ​យើង​ធ្វើ​ត្រូវ​ច្បាប់ បាន​ជា​ខ្ញុំ​មិន​ដក​ខ្លួន​ថយ»

ស្រដៀង​គ្នា​នេះ ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​ក្បាលខ្លា ស្ថិត​នៅ​ជាប់​តំបន់​ព្រៃ​ឡង់ លោក គង់ សុខា មាន​ប្រសាសន៍​ថា តាំង​ពី​លោក​ក្លាយ​ជា​ប្រធាន​សហគមន៍​កាល​ពី​ឆ្នាំ​២០០៨ មក បញ្ហា​ជាច្រើន​ដែល​កើត​មាន​ចំពោះ​ក្រុម​លោក មាន​ទាំង​ការ​គំរាម​កំហែង ការ​ចាប់​ឃាត់​ខ្លួន បង្អត់​បាយ​ក្រហាយ​ទឹក ជាដើម។ ចំណែក​បញ្ហា​គ្រួសារ លោក​ថា​គឺ​កើត​មាន​ដូច​គ្នា ប៉ុន្តែ​យ៉ាង​ណា លោក​បញ្ជាក់​ថា បញ្ហា​ប្រឈម​របស់​គ្រួសារ គឺ​នៅ​តិច​ជាង​ការ​ប្រឈម​ជាមួយ​ក្រុម​អាជ្ញាធរ ឬ​ជនល្មើស៖ «គ្រួសារ​អាច​ពិបាក​ខ្លះ ឬ​ដោយ​ពេល ប៉ុន្តែ​គ្រួសារ​ហ្នឹង​អាច​ដឹង​ដែរ​ថា ខ្ញុំ​យក​ពេលវេលា​មក​នេះ ហើយ​មិន​សូវ​អាច​បាន​ជួយ​គាត់​ដូចជា​ខែ​នេះ​ដក​ស្ទូង​ផង ក្របី​ផង»

ព្រៃ​ឡង់ គឺ​ជា​តំបន់​ព្រៃ​ដែល​មាន​ទំហំ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ខេត្ត​ចំនួន​៤ រួម​មាន ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។ លើស​ពី​នេះ តំបន់​ព្រៃ​ឡង់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​តំបន់​ដែល​មាន​ព្រៃ​ច្រើន​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ក៏​ជា​កន្លែង​ដែល​មាន​ជីវចម្រុះ​ជាច្រើន​រស់នៅ​ដែរ មាន​ទាំង​ពពួក​ថនិកសត្វ បក្សី ត្រី ល្មូន រុក្ខជាតិ​ហូប​ផ្លែ និង​រុក្ខជាតិ​មាន​ប្រយោជន៍​ជាច្រើន​ទៀត។ បច្ចុប្បន្ន តំបន់​ព្រៃ​ឡង់ ត្រូវ​រង​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ។ លើស​ពី​នេះ ការ​រុក​រាន​ទន្ទ្រាន​ដី​ព្រៃ​យក​ដី​ដាំ​ដំណាំ និង​ការ​ចូល​កាប់​ឈើ​ខុស​ច្បាប់​ពី​សំណាក់​ឈ្មួញ និង​ប្រជាពលរដ្ឋ​ចំណាក​ស្រុក ក៏ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ទំហំ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ​ប្រាកដ​ទេ។

ចំណែក​បណ្ដាញ​ស្នូល​ព្រៃ​ឡង់​មួយ​រូប​ទៀត រស់នៅ​ឃុំ​ដកកាំបិត លោក ជុំ យីន មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​សម្រាប់​លោក គឺ​ចាប់​តាំង​ពី​មាន​វត្តមាន​របស់​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) នៅ​ទីនោះ​កាល​ពី​ឆ្នាំ​២០០៩។ លោក​បន្ត​ថា កាល​ណោះ​ដោយសារ​ប្រជាពលរដ្ឋ​រួម​ទាំង​រូប​លោក នាំ​គ្នា​តស៊ូ​មតិ​ខ្លាំង ទើប​មាន​រូបភាព​គំរាម​កំហែង​កើត​ឡើង​ជា​បន្តបន្ទាប់ មាន​ទាំង​ការ​គំរាម​ចាប់​ខ្លួន ឬ​សម្លាប់ ក្រោម​រូបភាព​ផ្សេងៗ ដូចជា​តាម​ទូរស័ព្ទ តាម​រយៈ​មិត្តភ័ក្ដិ ឬ​អ្នក​ជិត​ខាង។ ដោយសារ​មាន​បញ្ហា​ប្រឈម​បែប​នេះ ទើប​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​លោក ប្រាប់​ឲ្យ​លោក​ដក​ខ្លួន​ចេញ​ពី​ជីវិត​ជា​អ្នក​ការពារ​ព្រៃ​ឈើ​ទៀត​ផង។ យ៉ាង​ណា ក្រុម​គ្រួសារ​លោក​បាន​គាំទ្រ​សកម្មភាព​របស់​លោក​ឡើង​វិញ បន្ទាប់​ពី​លោក​បាន​ពន្យល់​ពី​ហេតុផល​ទៅ​កាន់​ពួក​គេ។ បើ​ទោះ​បី​ជា​មាន​ការ​ពិបាក​បែប​នេះ​ក៏ដោយ លោក ជុំ យីន នៅ​តែ​តាំង​ចិត្ត​ការពារ​ព្រៃ​ឡង់ ដោយ​មិន​ក្បត់​ឆន្ទៈ​របស់​ខ្លួន​ឡើយ៖ «អ្វី​ដែល​ខ្ញុំ​ធ្វើ ធ្វើ​ដើម្បី​ផល​ប្រយោជន៍​សង្គម ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ។ តែ​អ្វី​ដែល​ជា​ការ​គំរាម​កំហែង គឺ​ខ្ញុំ​មិន​ព្រម​ឈប់​ជា​ដាច់​ខាត»

ប្រភព​ដដែល​បញ្ជាក់​ថា សកម្មភាព​របស់​លោក​គ្មាន​ប្រាថ្នា​អ្វី​ក្រៅ​តែ​ពី​ចង់​ឃើញ​ព្រៃ​ឈើ ពិសេស​ព្រៃ​ឡង់ នៅ​គង់វង្ស​ជា​និរន្ត ដើម្បី​មនុស្ស​ជំនាន់​ក្រោយ ហើយ​លោក​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ជនល្មើស និង​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឬ​សង្គម​កិច្ច​បន្ត​ទៀត។

អង្គការ​សង្គម​ស៊ីវិល ក្រុម​ជំនុំ​សាសនា​គ្រិស្ត ពុទ្ធ​សាសនិក និង​ប្រជា​សហគមន៍​មក​ពី​តំបន់​ផ្សេងៗ ធ្វើ​យុទ្ធនាការ​បោះ​ជំរំ​ដើម្បី​ដាំ​កូន​ឈើ​នៅ​ព្រៃ​ការពារ​របស់​ប្រជា​សហគមន៍​ក្បាល​ខ្លា​ដែល​ជាប់​តំបន់​ព្រៃ​ឡង់ នៅ​ចំណុច​ភូមិ​ក្បាលខ្លា ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។
អង្គការ​សង្គម​ស៊ីវិល ក្រុម​ជំនុំ​សាសនា​គ្រិស្ត ពុទ្ធ​សាសនិក និង​ប្រជា​សហគមន៍​មក​ពី​តំបន់​ផ្សេងៗ ធ្វើ​យុទ្ធនាការ​បោះ​ជំរំ​ដើម្បី​ដាំ​កូន​ឈើ​នៅ​ព្រៃ​ការពារ​របស់​ប្រជា​សហគមន៍​ក្បាល​ខ្លា​ដែល​ជាប់​តំបន់​ព្រៃ​ឡង់ នៅ​ចំណុច​ភូមិ​ក្បាលខ្លា ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។ (RFA/Saut Sokprathna)

ទាក់ទង​បញ្ហា​ប្រឈម​នេះ​ដែរ ប្រធាន​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ឡាត់ គី មាន​ប្រសាសន៍​ថា សកម្មជន​ការពារ​ព្រៃ​ឈើ​ភាគ​ច្រើន​ត្រូវ​ប្រឈម​មុខ​ប្រហាក់​ប្រហែល​គ្នា​ជាមួយ​បញ្ហា​បែប​នេះ។ លោក​បន្ត​ថា ជាទូទៅ​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​ពិត​ប្រាកដ​របស់​ប្រជា​សហគមន៍​នៅ​តំបន់​ព្រៃ​ឡង់​ទាំង​មូល គប្បី​ត្រូវ​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​ពី​សំណាក់​រាជ​រដ្ឋាភិបាល ទាំង​កម្លាំង​ចិត្ត និង​សម្ភារៈ ដូចជា​ផ្តល់​ប័ណ្ណ​សរសើរ​ដល់​ពួក​គាត់។

លើស​ពី​នេះ រាជ​រដ្ឋាភិបាល ឬ​អាជ្ញាធរ គប្បី​ការពារ​សុវត្ថិភាព​ដល់​ពលរដ្ឋ​ទាំង​នោះ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ លោក​ថា ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់ គឺ​ល្អ ជា​ជាង​ការ​អង្គុយ​ចាំ​ចាប់​តែ​កំហុស​របស់​ប្រជា​សហគមន៍​ទាំង​នោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ធ្លាក់​ទឹក​ចិត្ត៖ «ពួក​គាត់​បាក់​ទឹក​ចិត្ត មាន​ន័យ​ថា គាត់​នឹង​លែង​បន្ត​សកម្មភាព​ល្បាត​ព្រៃ​ហ្នឹង​បន្ត​ទៀត។ ហើយ​អ្វី​នឹង​កើត​ឡើង ប្រសិន​បើ​ពួក​គាត់​បញ្ឈប់​សកម្មភាព​ល្បាត​ព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់​ទាំង​មូល? អ៊ីចឹង​ភាព​ហិនហោច​វា​ងាយ ហើយ​អ្នក​សប្បាយ​រីករាយ គឺ​បណ្ដា​ឈ្មួញ​ឈើ»

លោក ឡាត់ គី បន្ថែម​ថា លោក​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល ឬ​អាជ្ញាធរ គប្បី​ថែរក្សា​បណ្ដាញ​ប្រជា​សហគមន៍​ទាំង​នោះ​ឲ្យ​បាន​រឹងមាំ លើក​ទឹក​ចិត្ត និង​ការពារ​សុវត្ថិភាព​ដល់​ពួក​គាត់ ក្នុង​ការ​បំពេញ​ភារកិច្ច។ លោក​បញ្ជាក់​ថា សកម្មភាព​របស់​រាជ​រដ្ឋាភិបាល​បែប​នេះ គឺ​អាច​ធានា​និរន្តរភាព​ធនធាន​ព្រៃ​ឈើ​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។