សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​ចោទ​មន្ត្រី​ប៉ូលិស​ថា​ពាក់ព័ន្ធ​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់

0:00 / 0:00

ប្រជា​សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ បាន​ចុះ​ល្បាត​ព្រៃ​ឡង់ ៤​ថ្ងៃ ហើយ​រក​ឃើញ​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ រួម​នឹង​ឧបករណ៍​មួយ​ចំនួន​ផង។ ប្រជា​សហគមន៍​អះអាង​ថា បទល្មើស​ព្រៃ​ឈើ​ទាំង​នោះ​ជា​របស់​មន្ត្រី​មាន​សមត្ថកិច្ច​នៅ​ស្រុក​សណ្ដាន់ ដោយ​មាន​មន្ត្រី​អធិការ​ស្រុក​នៅ​ពី​ក្រោយ។ យ៉ាង​ណា អធិការ​ស្រុក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ប្រជា​សហគមន៍​នៅ​ក្នុង​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ កាន់​តែ​បារម្ភ​នៅ​ពេល​ពួក​គេ​ដឹង​កាន់​តែ​ច្បាស់​ថា អ្នក​រក​ស៊ី​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ គឺ​ជា​មន្ត្រី​មាន​សមត្ថកិច្ច ដោយ​អ្នក​ខ្លះ​ជា​ទាហាន ខ្លះ​ជា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍ ខ្លះ​ជា​កូន​ចៅ​របស់​អធិការ​ស្រុក​ថែម​ទៀត។

ប្រជា​សហគមន៍​ឃុំ​សណ្ដាន់ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ក្រោយ​ពេល​ចុះ​ល្បាត​ប៉ុន្មាន​ថ្ងៃ គឺ​ឃើញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ឋិត​នៅ​ក្នុង​ឃុំ​សណ្ដាន់ និង​ឃុំ​ដងកាំបិត។ លោក​បន្ត​ថា មាន​កូន​ទាហាន​ស្លៀក​ពាក់​ឯកសណ្ឋាន​ខ្លះ មាន​មន្ត្រី​ប៉ុស្តិ៍​ខ្លះ ក្រោម​ហេតុផល​ថា ទទួល​បាន​ការ​អនុញ្ញាត​ដើម្បី​កាប់​ឈើ​យក​ទៅ​សង់​ការិយាល័យ​ក្នុង​អធិការដ្ឋាន​ស្រុក​សណ្ដាន់ ប៉ុន្តែ​លោក​ថា ក្នុង​លិខិត​អនុញ្ញាត គឺ​មាន​ភាព​មិន​ត្រឹមត្រូវ៖ «ខ្ញុំ​ឆ្ងល់​ថា ត្រា​អធិការ​វ៉ៃ​ត្រា ហើយ​មាន​ប៉ុង​មាន​អី​មាន ហើយ​ស៊ីញេ​ចៅហ្វាយ​ស្រុក​សរសេរ​ដៃ ហើយ​ស៊ីញេ​ដៃ​ទៀត»

កាល​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ មេសា ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ចំនួន ៤​ខេត្ត នាំ​គ្នា​ចុះ​ល្បាត​ក្នុង​ព្រៃ ហើយ​រក​ឃើញ​បទល្មើស​ព្រៃ​ឈើ​ផ្សេងៗ​គ្នា។ ក្នុង​នោះ ខេត្ត​កំពង់ធំ រក​ឃើញ​គំនរ​ឈើ​ប្រមាណ​ជិត ២០​ម៉ែត្រ​គូប ម៉ាស៊ីន​អារ​ឈើ ៤​គ្រឿង ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​៥ មេសា ក្រុម​ប្រជា​សហគមន៍​យក​វត្ថុ​តាង​ទាំង​នោះ​ជូន​មន្ត្រី​ជំនាញ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ អធិការ​នគរបាល​ស្រុក​សណ្ដាន់ លោក អួង ម៉ូលី មាន​ប្រសាសន៍​ថា មិន​មាន​មន្ត្រី​ក្រោម​ឱវាទ​លោក​ណា​ម្នាក់​ពាក់ព័ន្ធ​រឿង​នេះ​ទេ ហើយ​កូន​របស់​លោក​ក៏​មិន​មែន​ជា​អ្នក​រក​ស៊ី​ឈើ​នោះ​ដែរ។ លោក​បន្ត​ថា កន្លង​មក​ខាង​អធិការ​ស្រុក​ធ្វើ​សំណើ​ដើម្បី​កាប់​ឈើ​នៅ​តំបន់​ជាយៗ​ព្រៃ​ឡង់ មក​ធ្វើ​ការិយាល័យ​មែន ប៉ុន្តែ​សកម្មភាព​នោះ គឺ​បញ្ឈប់​តាំង​ពី​មួយ​ខែ​មុន​ម្ល៉េះ ដោយ​មិន​មាន​ថវិកា​សម្រាប់​ជួល​អ្នក​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​គ្រប់គ្រាន់។ ចំណែក​បទល្មើស​ដែល​ប្រជា​សហគមន៍​រក​ឃើញ គឺ​ខាង​លោក​មិន​បាន​ពាក់ព័ន្ធ​នោះ​ទេ៖ «អា​នោះ​មិន​មែន​ខាង​ខ្ញុំ​ទេ​បាទ! ខ្ញុំ​អត់​ដឹង​ទេ​នៅ​ព្រៃ​ឡង់​ខាង​លើ​នេះ។ ខ្ញុំ​សុំ​នៅ​ខាង​ងៀវ​នោះ​ទេ។ អា​ខាង​ដួងចែម​ដួង​ច័ន្ទ​អ៊ីចឹង​អត់​ដឹង​ទេ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សកម្មជន​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ម្នាក់​ទៀត លោក មីង នី អះអាង​ថា អ្នក​ធ្វើ​សកម្មភាព​កាប់​ឈើ​នោះ គឺ​ត្រូវ​បាន​ប្រជា​សហគមន៍​ស្គាល់​ច្បាស់​ថា ជា​កូន​របស់​អធិការ​ស្រុក និង​មាន​តួនាទី​ជា​មន្ត្រី​ប៉ូលិស​ផង។ លោក​បន្ថែម​ថា ចំណែក​សកម្មភាព​យក​លិខិត​អនុញ្ញាត​ដើម្បី​កាប់​ឈើ​ធ្វើ​ការិយាល័យ​នោះ គឺ​គ្រាន់​តែ​ជា​លេស​ដើម្បី​កាប់​ឈើ​ស្រប​ច្បាប់​ប៉ុណ្ណោះ ពីព្រោះ​កន្លង​មក​ក៏​ធ្លាប់​មាន​ក្រុម​ទាហាន​ទៅ​កាប់​ឈើ​ដែរ ក្រោម​ហេតុផល​ថា​យក​ឈើ​មក​សង់​បន្ទាយ ក៏ប៉ុន្តែ​សកម្មភាព​កាប់​ឈើ គឺ​អាច​ដំណើរ​ការ​បាន​រាប់​ខែ៖ «បាទ តាំង​ពី​ខែ​មួយ ១៥​គូប ហើយ​ខែ​បួន​ហើយ ហេតុ​អី​មិន​ទាន់​ហើយ។ បាទៗ នេះ​គ្រាន់​តែ​ជា​លេស​មួយ​ទេ»

សកម្មជន​ការពារ​ព្រៃ​ឡង់​ដដែល កាន់​តែ​បារម្ភ​ខ្លាំង​ឡើង​នៅ​ពេល​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ចេះ​តែ​កើត​ចេញ​ពី​មន្ត្រី​សមត្ថកិច្ច ដោយ​ចេះ​តែ​យក​លេស​ថា​មាន​ច្បាប់​អនុញ្ញាត ក៏ប៉ុន្តែ​ធាតុ​ពិត​មិន​មាន​ភាព​ច្បាស់លាស់​ឡើយ ហើយ​លោក​យល់​ថា រូបភាព​នេះ​នឹង​អាច​មាន​បន្ត​ទៀត។ លោក​ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល គប្បី​ទប់ស្កាត់​លើ​បញ្ហា​ទាំង​នេះ និង​ត្រូវ​ប្រកាស​ជា​សាធារណៈ ចំពោះ​ការ​កាប់​ឈើ​ណា​មួយ​សម្រាប់​យក​មក​បម្រើ​ផល​ប្រយោជន៍​រួម ជៀសវាង​ផ្ដល់​ឱកាស​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ប្រព្រឹត្ត​បទល្មើស។

យ៉ាង​ណា អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី ដែល​បាន​ដឹក​នាំ​ក្រុម​យុវជន​ចុះ​សិក្សា​តំបន់​ព្រៃ​ឡង់​កាល​ពី​ពេល​កន្លង​ទៅ ធ្លាប់​មាន​ប្រសាសន៍​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា គឺ​ធ្វើ​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ ពោល​គឺ​មាន​ទាំង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច និង​ការ​សហការ​គ្នា​ដើម្បី​កាប់​ឈើ​ជា​ប្រព័ន្ធ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។