សង្គម​ស៊ីវិល​ផលិត​ស្នាដៃ​សិល្បៈ​ចំនួន​៥​បង្ហាញ​ពី​កិត្តិសព្ទ​ព្រៃឡង់​

0:00 / 0:00

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​បរិស្ថាន និង​ព្រៃឈើ ចាត់​ទុក​ព្រៃឡង់​ជា​កន្លែង​ដែល​បាន​ផ្ដល់​ជា​ជម្រក និង​សេចក្ដី​ស្រឡាញ់​សម្រាប់​មនុស្ស សត្វ និង​រុក្ខជាតិ​នានា។ ដោយ​មើល​ឃើញ​ពី​អត្ថប្រយោជន៍​របស់​ព្រៃឡង់ សង្គម​ស៊ីវិល​បាន​ផលិត​ស្នាដៃ​សិល្បៈ​ចំនួន​៥ ដើម្បី​បង្ហាញ​ពី​កិត្តិសព្ទ​ដ៏​យូរ​អង្វែង​របស់​ព្រៃឡង់​កម្ពុជា។

ស្នាដៃ​សិល្បៈ​ចំនួន ៥ ដែល​ផលិត​បាន​រួម​មាន ចំរៀង​ចាប៉ី​ដង​វែង​រៀប​រាប់​ពី​ព្រៃឡង់​ចំនួន ៧​បទ ច្រៀង​ដោយ​ក្រុម​សិល្បៈ​ចាប៉ី​អមតៈ វីដេអូ​ចម្រៀង​បែប​សម័យ​យុវវ័យ​មាន​ចំណង​ជើង​ថា "ជិះកង់" ច្រៀង​ដោយ​លោក ជីមី ឃីស (Jimmy Kiss) ផ្ទាំង​រូប​គំនូរ​និយាយ​ពី "លោក​តា​ព្រៃឡង់" គូរ​ដោយ​ស្រ្តី​ខ្មែរ​ម្នាក់​រស់​នៅ​ប្រទេស​អាល្លឺម៉ង ខ្សែ​ភាពយន្ត​ខ្លី​ដែល​មាន​ចំណង​ជើង​ថា "ព្រៃចុងក្រោយ" ផលិត​ដោយ​ផលិតកម្ម ឃីត មេឌា (Kid Media) និង​ស្នាដៃ​ទី​៥ មហោស្រព​ព្រៃឈើ​កម្ពុជា។

ស្នាដៃ​សិល្បៈ​ទាំង​៥ បង្ហាញ​ពី​កិត្តិសព្ទ​ព្រៃឡង់​កម្ពុជា​នេះ ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​កម្មវិធី​ព្រឹត្តិការណ៍​វប្បធម៌ ដើម្បី​ផ្សព្វផ្សាយ​អំពី​ព្រៃឡង់​ដែល​ប្រារព្ធ​ឡើង​នា​មជ្ឈមណ្ឌល​វប្បធម៌​បារាំង នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា។

ដោយ​មើល​ឃើញ​ពី​អត្ថប្រយោជន៍​របស់​ព្រៃឡង់ សង្គម​ស៊ីវិល​បាន​ផលិត​ស្នាដៃ​សិល្បៈ​ចំនួន​៥ ដើម្បី​បង្ហាញ​ពី​កិត្តិសព្ទ​ដ៏​យូរ​អង្វែង​របស់​ព្រៃឡង់​កម្ពុជា។ប្រធាន​ផ្នែក​យុវជន និង​ព្រៃ​ឈើ​របស់​គម្រោង​គាំទ្រ​ព្រៃឈើ និង​ជីវចម្រុះ​របស់​អង្គការ​វីនរ៉ក់​អន្តរជាតិ (Winrock International) លោក ស៊ាត លីឃាង ឲ្យ​ដឹង​ថា ស្នាដៃ​សិល្បៈ​ទាំង​៥​នេះ ត្រូវ​បាន​ផលិត​នៅ​ដើម​ឆ្នាំ​២០១៦ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​គម្រោង​ព្រៃ​ឈើ និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​អនុវត្ត​ដោយ​អង្គការ​វីនរ៉ក់​អន្តរជាតិ។

បន្ថែម​ពី​នេះ លោក​ថា គោលបំណង​សំខាន់​ផលិត​ស្នាដៃ​សិល្បៈ​ទាំង​៥ ដែល​បង្ហាញ​ពី​ព្រៃឡង់​នេះ​ឡើង ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ស្គាល់​ពី​សម្រស់ និង​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​របស់​ព្រៃឡង់ ដែល​ជា​ព្រៃ​ចុង​ក្រោយ​របស់​កម្ពុជា៖ «យើង​លឺ​តែ​ព្រៃឡង់ តែ​អត់​ដឹង​ថា សម្រស់​ព្រៃឡង់​យ៉ាង​ម៉េច មាន​អ្វី​ខ្លះ ប្រជាជន​រស់​នៅ​យ៉ាង​ម៉េច? ប្រហែល​ជា​មិន​សូវ​មាន​ប្រជាជន​ច្រើន​ប៉ុន្មាន​ទេ អ៊ីចឹង​ទើប​យើង​បង្កើត​ស្នាដៃ​សិល្បៈ​ទាំង​៥​នេះ​ដើម្បី​អប់រំ»

ទន្ទឹម​គ្នា​នេះ អ្នកដឹកនាំ​ខ្សែ​ភាពយន្ត​ខ្លី​ដែល​មាន​ចំណង​ជើង​ថា "ព្រៃ​ចុង​ក្រោយ​ភាគ​២" លោក ភិជិត ឬទ្ធា លើក​ឡើង​ដែរ​ថា ក្រោយ​ការ​បង្ហាញ​ភាពយន្ត​ខ្លី​នេះ លោក​រំពឹង​ថា ផលិតករ និង​យុវជន​ដែល​ស្រឡាញ់​ព្រៃ​អាច​ចាប់​ផ្ដើម​ផលិត​ដើម្បី​ផ្សព្វផ្សាយ​ពី​មរតក​ព្រៃឡង់​នេះ៖ «ខ្ញុំ​សូម​លើក​ទឹក​ឲ្យ​យុវជន ពិសេស​អ្នក​ដែល​មាន​សាច់​រឿង ឬ​ចំណាប់​អារម្មណ៍​ក៏ដោយ ចូរ​នាំ​គ្នា​ផលិត និង​ចែក​រំលែក​ទាំង​អស់​គ្នា​ពី​ធនធាន​ធម្មជាតិ​ដែល​យើង​មាន​នៅ​តំបន់​ព្រៃឡង់»

ជា​អ្នក​ចូលរួម​មើល​ការ​បង្ហាញ​ស្នាដៃ​សិល្បៈ​ទាំង​៥​នេះ និស្សិត​នៅ​វិទ្យាស្ថាន​ភាសា​បរទេស កញ្ញា ជឿន ចរណៃ យល់​ថា ស្នាដៃ​ទាំង​នេះ​មាន​សារសំខាន់​ណាស់​មិន​ត្រឹមតែ​បង្ហាញ​ពី​សក្ដានុពល​ព្រៃឡង់ ប៉ុណ្ណោះ​ទេ វា​ក៏​អាច​លើក​ទឹក​ចិត្ត និង​លើក​កម្ពស់​ស្មារតី​ពលរដ្ឋ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​រួម​គ្នា​ថែ​រក្សា​ព្រៃឡង់៖ «កម្រ​ណាស់​ដែល​មាន​អ្នក​ទៅ​ដល់​ព្រៃឡង់ អ៊ីចឹង​នៅ​ពេល​មាន​ខ្សែ​ភាពយន្ត ឬ​សិល្បៈ​បែប​នេះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ដូច​បាន​ទៅ​ដល់​ទី​នោះ និង​មាន​ចិត្ត​ស្រឡាញ់​ព្រៃឈើ​នោះ​តែម្ដង»

ព្រៃឡង់​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ព្រៃ​ធំ​ចុង​ក្រោយ​មាន​ទំហំ ៣.៦០០​គីឡូម៉ែត្រ​ក្រឡា មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ។ កាល​ពី​ឆ្នាំ​២០១៥ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ប្រកាស​ថា ព្រៃឡង់​របស់​កម្ពុជា មាន​ជីវចម្រុះ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​តំបន់​មាន​ជីវចម្រុះ​សំខាន់ៗ​ទាំង​១០ នៅ​លើ​ពិភពលោក​ដែល​មាន​ប្រភេទ​សត្វ និង​រុក្ខជាតិ​កំពុង​រស់​នៅ​ជិត ១​ពាន់​ប្រភេទ។ សង្គមស៊ីវិល​អះអាង​ថា ពួកគេ​គ្រោង​នឹង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ព្រម​ទាំង​ចែកចាយ​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដើម្បី​ផ្សព្វផ្សាយ​ពី​ស្នាដៃ​សិល្បៈ​ទាំង​នេះ​ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។