មន្ត្រីសង្គមស៊ីវិលធ្វើការងាររឿងបរិស្ថាននៅតំបន់ព្រៃឡង់ មើលឃើញថា បទល្មើសព្រៃឈើតំបន់ព្រៃការពារមួយនេះនៅតែបន្តកើតមានឡើងគួរឱ្យបារម្ភ។ ការលើកឡើងនេះ ក្រោយពេលពួកគេចុះពិនិត្យស្ថានភាពព្រៃឡង់ កាលពីពេលថ្មីៗនេះ ហើយប្រទះឃើញបទល្មើសជាច្រើន មានទាំងការកាប់ទន្ទ្រានព្រៃយកដីដាំដំណាំ នៅខេត្តកំពង់ធំ និងការកាប់ឈើតំបន់ព្រៃការពារដឹកចូលក្រុមហ៊ុនដីសម្បទានជាដើម។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញព្រៃឡង់ លើកឡើងថា ប្រសាសន៍ និងបទបញ្ជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន តម្រូវឱ្យមន្ត្រីពាក់ព័ន្ធចូលរួមការពារបទល្មើសព្រៃឈើឱ្យបាននោះ គឺធ្វើគ្រាន់តែល្អមើលប៉ុណ្ណោះ។ ពួកគេថា ស្ថានភាពព្រៃការពារមួយនេះអាចឈានដល់ការប្រកាសអាសន្នថែមទៀតផងនៅពេលបច្ចុប្បន្ន ពីព្រោះសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតែកើតមានឡើងឥតឈប់ឈរ។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញព្រៃឡង់ ទាំងបួនខេត្ត លោក សេង សុខហេង មានប្រសាសន៍ថា តំបន់ព្រៃឡង់ នៅខេត្តកំពង់ធំ ក្នុងឃុំដងកាំបិត និងឃុំមានរិទ្ធ មានករណីកាប់រានដីព្រៃរាប់រយហិកតារយកធ្វើចម្ការ។ ក្រៅពីនេះ ក្នុងទឹកដីខេត្តព្រះវិហារ ជាប់ព្រំប្រទល់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រោងចក្រកែច្នៃឈើឈ្មោះ ៩៥ ដោយជ្រកក្រោមស្លាកក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចវៀតណាម មួយឈ្មោះធីង៉ា (Thy Nga) បានកាប់ឈើពីតំបន់ព្រៃឡង់ ហើយដឹកចូលក្នុងក្រុមហ៊ុន រួចទើបបន្តដឹកចេញតាមរថយន្តយីឌុបធំៗ រថយន្តតូច និងម៉ាស៊ីនគោយន្តច្នៃជាដើម។
លោកថា ក្នុងពេលលោកចុះឃ្លាំមើលរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែកញ្ញា សកម្មភាពដឹកឈើចេញពីក្រុមហ៊ុន គឺមិនក្រោម ១ពាន់ម៉ែត្រគូបទេ៖ «ខ្ញុំជឿជាក់ថា គ្មានប្រសិទ្ធភាពទេ ពីព្រោះបើមានប្រសិទ្ធភាពគឺមានតាំងពីយូរមកហើយ។ គ្រាន់តែជាការនិយាយមួយដើម្បីឱ្យគ្រាន់តែល្អស្ដាប់ប៉ុណ្ណោះ»។
លោកបន្តថា ពលរដ្ឋរស់នៅតំបន់នោះមួយចំនួន និងពលរដ្ឋមកពីខេត្តឆ្ងាយៗ ត្រូវបានគេជួលចូលទៅកាប់ឈើក្នុងមួយម៉ែត្រគូបពី ១០ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល។ បន្ថែមពីនេះ ក្រុមហ៊ុនបានដើរប្រមូលទិញដើមច្បោះជ័រ ឬដើមឈើទាលប្រជាពលរដ្ឋ ហើយបើពលរដ្ឋមិនព្រមលក់ ពួកគេកាប់យកតែម្ដង។ លោកអះអាងថា ក្រុមហ៊ុនធីង៉ា គឺគ្មានឈើសម្រាប់កាប់ទៀតឡើយ ហើយឈើដែលដឹកចេញពីក្រុមហ៊ុនរាល់ថ្ងៃ គឺជាឈើកាប់ពីតំបន់ព្រៃជម្រកសត្វប៉ុណ្ណោះ។
កាលពីថ្ងៃទី៩ ខែឧសភា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការបង្កើតដែនជម្រកសត្វព្រៃតំបន់ព្រៃឡង់ ដែលមានទំហំជាង ៤សែនហិកតារ (៤៣១.៦៨៣) ស្ថិតនៅភូមិសាស្ត្រខេត្តចំនួន៤ រួមមានខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។ រាជរដ្ឋាភិបាលក៏បានប្រគល់សិទ្ធិគ្រប់គ្រង និងការពារព្រៃអភិរក្សមួយនេះទៅឱ្យក្រសួងបរិស្ថាន។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា មានប្រសាសន៍នៅថ្ងៃទី១៤ ខែកញ្ញា ថា បទល្មើសនៅតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ គឺបានថយចុះច្រើន មិនមែនដល់កម្រិតប្រកាសអាសន្នដូចការលើកឡើងទេ ប៉ុន្តែចំពោះខេត្តគេផ្សេងលោកមិនបានដឹងឡើយ។ ចំណែកសកម្មភាពរានដីព្រៃថ្មីៗ ជាលក្ខណៈទ្រង់ទ្រាយធំនៅតំបន់ព្រៃឡង់ ក្នុងតំបន់ដែលលោកគ្រប់គ្រង គឺមិនមានឡើយ ប៉ុន្តែអាចមានខ្លះនៅក្រៅតំបន់ព្រៃការពារ។
យ៉ាងណាក៏ដោយ លោកនឹងស្រាវជ្រាវជុំវិញបញ្ហានេះ៖ «អ៊ីចឹងកិច្ចការនេះខ្ញុំធ្វើការទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំរបស់អភិបាលខេត្ត។ អ៊ីចឹងព្រៃឡង់នេះ យើងឃើញថា កន្លងមកវាឯកាមែន ប៉ុន្តែក្រោយពេលយើងបានដាក់បញ្ចូលជាដែនជម្រកសត្វ ជាតំបន់សម្រាប់អភិរក្ស។ អ៊ីចឹងជាទិសដៅយើងនឹងធ្វើការអភិរក្ស នឹងធ្វើការទប់ស្កាត់ឱ្យខាងតែបាន»។
លោកបន្តថា ចាប់តាំងពីរាជរដ្ឋាភិបាលដាក់ព្រៃឡង់ ជាតំបន់ព្រៃការពារ ខាងមន្ទីរបរិស្ថានខេត្តធ្វើការងារនេះ យ៉ាងយកចិត្តទុកដាក់ដោយសហការជាមួយអាជ្ញាធរខេត្ត និងប្រជាសហគមន៍ថែមទៀត។ គិតចាប់ពីថ្ងៃទី១០ ខែឧសភា ដល់ថ្ងៃទី១០ ខែកញ្ញា មន្ត្រីបរិស្ថានខេត្តបង្ក្រាបបានបទល្មើសឈើដឹកចេញពីព្រៃឡង់ ជាង ១០៧ម៉ែត្រគូប រណារយន្ត ១០៥គ្រឿង ព្រមទាំងអាវុធកែច្នៃចំនួន ១០ដើម។
កាលពីថ្ងៃទី២២ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យក្រសួងពាក់ព័ន្ធនឹងធនធានធម្មជាតិចំនួន៦ ពិភាក្សាជាមួយអង្គការសង្គមស៊ីវិលរៀងរាល់ ៣ខែម្ដង ដើម្បីរកវិធីសាស្ត្រការពារ និងអភិរក្សធនធានធម្មជាតិ។
ទោះបីយ៉ាងណាក៏ដោយ ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង មើលឃើញថា សេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារធនធានធម្មជាតិ ពិសេសព្រៃឈើ គឺមិនមានប្រយោជន៍ឡើយ ពីព្រោះមាត់ថា ការពារ ប៉ុន្តែរោងចក្រកែច្នៃឈើបែរដាក់ឱ្យមាននៅតំបន់ព្រៃអភិរក្សទៅវិញ។
លោកថា បច្ចុប្បន្នឈ្មួញចាប់ផ្ដើមប្រមូលយកដើមច្បោះជ័រពលរដ្ឋនៅតំបន់ព្រៃឡង់ ពីព្រោះឈើប្រណិតប្រភេទលេខ១ និងលេខ២ លែងមាន ហើយនឹងឈានទៅវិនាសដើមច្បោះជ័រក្នុងពេលឆាប់ៗ៖ «យើងបារម្ភថា ដើមជ័រច្បោះនឹងទទួលការវិនាសសាបសូន្យក្នុងរយៈពេល ៦ខែទៀត ប្រសិនបើរាជរដ្ឋាភិបាលលោកមិនបានចាត់វិធានការទប់ស្កាត់»។
លោក អ៊ូច ឡេង គ្រោងនឹងបញ្ជូនរបាយការណ៍មួយចំនួនទាក់ទងការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការពារ ដែលខាងលោកទើបរកឃើញថ្មីៗនេះ ដាក់ទៅក្រសួងពាក់ព័ន្ធ ព្រមទាំងរាយការណ៍ទៅម្ចាស់ជំនួយអន្តរជាតិធំៗ ដើម្បីដាក់សម្ពាធមករដ្ឋាភិបាលខ្មែរ ឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើកិច្ចការពារធនធានធម្មជាតិនៅពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
