រដូវប្រាំងដែលអូសបន្លាយមិនត្រឹមតែគំរាមកំហែងប្រជាពលរដ្ឋខ្មែរជាច្រើនកន្លែងនៅទូទាំងប្រទេស ឲ្យប្រឈមមុខនឹងការខ្វះទឹកប្រើប្រាស់ប៉ុណ្ណោះទេ គឺបច្ចុប្បន្ន អាកាសធាតុក្ដៅខ្លាំងក៏កំពុងគំរាមកំហែងទៅលើសាលាបឋមសិក្សានៅទីជនបទដាច់ស្រយាលខ្លះផងដែរ។
ការគំរាមកំហែងទៅលើកន្លែងសិក្សាទាំងនោះ ដូចជា សិស្សទៅរៀនមិនមានទឹកសម្រាប់លាងសម្អាតដៃ និងទឹកសម្រាប់ប្រើប្រាស់នៅតាមបង្គន់អនាម័យ ជាដើម។
សាលាបឋមសិក្សាគោកត្រប់ គឺជាសាលារៀនឧបសម្ពន្ធមួយនៅទីជនបទដាច់ស្រយាលរបស់ភូមិស្លាត ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ចម្ងាយជិត ៩០គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តសៀមរាប។
សាលានោះមានកុមារជាច្រើន កំពុងប្រឈមមុខនឹងបញ្ហាសុខភាព ព្រមទាំងខ្វះអនាម័យ ដោយសារតែខ្វះទឹកប្រើប្រាស់នៅក្នុងពេលដែលភាពរាំងស្ងួតបានអូសបន្លាយ ដោយគំរាមកំហែងនៅតាមតំបន់ជាច្រើនទៀតឲ្យជួបប្រទះការខ្វះទឹកដែរនោះ។
គ្រូបង្រៀនម្នាក់របស់សាលាបឋមសិក្សាគោកត្រប់ ក្នុងចំណោមគ្រូបង្រៀន ២នាក់ផ្សេងទៀត គឺលោក ភឹង ដៀត។ លោកអះអាងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ថាបច្ចុប្បន្ននេះ សាលាដែលលោកបង្រៀន គឺកំពុងប្រឈមមុខនឹងបញ្ហាខ្វះទឹកប្រើប្រាស់យ៉ាងខ្លាំង ដែលធ្វើឲ្យកុមារតូចៗមិនចង់ចូលរៀនទេ។
គ្រូបង្រៀនដដែលបញ្ជាក់ថា នៅរដូវប្រាំងហួតហែងនេះ សាលារបស់លោកមិនមានទឹកទុកឲ្យសិស្សលាងដៃមុនពេលចូលរៀន ឬក៏ទឹកចាក់បង្គន់អនាម័យឡើយ ដោយសារតែគ្មានអណ្ដូង។ ប្រសិនបើចង់បានទឹកខ្លះដាក់ក្នុងសាលា គឺទាល់តែប្រើសិស្សឲ្យទៅរែក ឬក៏សែងពីកន្លែងផ្សេងចម្ងាយប្រហែល ៣០០ម៉ែត្រ៖ « រាល់ថ្ងៃនេះ អត់មានទឹកសម្រាប់ទុកលាងដៃនៅក្នុងសាលារៀន ហើយសាលានេះក៏អត់ដែលមានអាហារសម្រន់សម្រាប់កុមារពេលព្រឹកៗដូចសាលាបឋមសិក្សាដទៃទៀតទេ »។
បច្ចុប្បន្ន កុមារប្រមាណ ៦០នាក់ តែងនាំគ្នាទៅរៀននៅក្នុងសាលាបឋមសិក្សាគោកត្រប់។ យូរៗម្ដង គឺមានសប្បុរសជនខ្លះទៅដល់សាលាបឋមសិក្សានោះ ហើយផ្ដល់ជំនួយជាទឹកសុទ្ធ ឬក៏សម្លៀកបំពាក់ខ្លះសម្រាប់សិស្ស ក៏ប៉ុន្តែបញ្ហាខ្វះទឹកប្រើប្រាស់ជាប្រចាំថ្ងៃ បានធ្វើឲ្យកុមារជាច្រើនមិនចង់ចូលរៀនទេ។
មេភូមិស្លាត លោក ធឿង ស្រស់ ទទួលស្គាល់ថា បច្ចុប្បន្នសាលាបឋមសិក្សាគោកត្រប់ ពិតជាគ្មានទឹកសម្រាប់សិស្សប្រើប្រាស់នៅក្នុងម៉ោងរៀនទេ។ មេភូមិដដែលបញ្ជាក់ថា លោកមិនមានលទ្ធភាពជួយដោះស្រាយចំពោះការខ្វះទឹកនៅក្នុងសាលារៀននេះឡើយ ដោយសារតែប្រជាពលរដ្ឋដែលរស់នៅជុំវិញសាលាប្រមាណ ៦០គ្រួសារ ក៏គ្មានទឹកប្រើប្រាស់ដែរ។ ជាច្រើនខែមកហើយ មេភូមិស្លាត ធ្លាប់អំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជនមួយចំនួន ដែលបានទៅដល់ទីនោះ ឲ្យជួយផ្ដល់អណ្ដូងទឹកខ្លះសម្រាប់សាលា និងប្រជាពលរដ្ឋ ក៏ប៉ុន្តែការអំពាវនាវនោះ មិនទាន់មានការឆ្លើយតបអ្វីទាំងអស់៖ « វាលំបាកច្រើនយ៉ាងណាស់ ពីព្រោះទឹកហូបក៏វាខ្វះ ទឹកសាលាទឹកអីក៏វាខ្វះ។ នៅក្នុងបង្គន់ក៏មិនមានទឹកដែរ គឺក្មេងៗដើរបន្ទោបង់ពាសវាលពាសកាល »។
សាលាបឋមសិក្សាគោកត្រប់ គឺជាសាលាឧបសម្ពន្ធដែលកសាងឡើងដោយសប្បុរសជនមកពីប្រទេសស្វីស កាលពីជាង ៣ឆ្នាំមុន សម្រាប់ជួយឲ្យកុមារនៅទីជនបទដាច់ស្រយាលបានចូលរៀនសូត្រ បន្ទាប់ពីសាលាបឋមសិក្សាមួយទៀត ដែលសាងសង់ដោយរដ្ឋនៅឆ្ងាយពីភូមិ។
ប្រជាពលរដ្ឋដែលជាឪពុកម្ដាយរបស់កុមារនៅក្នុងភូមិស្លាត ភាគច្រើនគឺជាកសិករដែលក្រីក្រខ្លាំង ហើយដើរស៊ីឈ្នួលទៅតាមរដូវកាលដើម្បីរកប្រាក់ជួយជីវភាពប្រចាំថ្ងៃ ដូចជាទៅស៊ីឈ្នួលតាមចម្ការនៅរដូវប្រាំង និងដើរស៊ីឈ្នួលតាមស្រែនៅរដូវច្រូតកាត់ ជាដើម។
អាជ្ញាធរមូលដ្ឋាន កំពុងព្រួយបារម្ភចំពោះរឿងកុមារជាច្រើន អាចបោះបង់ចោលការសិក្សាត្រឹមសាលាបឋមសិក្សានេះ ដោយសារតែពួកគេតែងរស់នៅចល័តទៅតាមឪពុកម្ដាយ ប្រសិនបើមិនមានអ្វីលើកទឹកចិត្តពួកគេឲ្យមកសាលារៀនបានរៀងរាល់ថ្ងៃទេនោះ។
មេឃុំស្រែខ្វាវ លោក លី សារៀន មានប្រសាសន៍ថា រូបលោកក៏កំពុងមានកង្វល់ជុំវិញរឿងសាលាបឋមសិក្សាគោកត្រប់ ខ្វះទឹកឲ្យសិស្សប្រើប្រាស់នៅក្នុងម៉ោងរៀននេះដែរ ហើយលោកក៏បានប្រឹងប្រែងឲ្យប្រជាពលរដ្ឋទៅជីកអណ្ដូងនៅជិតសាលានោះដែរ ប៉ុន្តែនៅតែមិនមានទឹកប្រើប្រាស់ឲ្យគ្រប់គ្រាន់ទេ៖ « ឲ្យគេទៅជីក ២អណ្ដូងចម្ងាយប្រហែល ៣០ - ៤០ម៉ែត្រពីសាលា បានចេញមួយអណ្ដូង ប៉ុន្តែទឹកខែនេះវាមិនដាច់ប៉ិតទេ តែចេញតិចៗ »។
ទីតាំងសាលាបឋមសិក្សាគោកត្រប់ បច្ចុប្បន្នក្រៅតែពីស្ថិតនៅទីជនបទដាច់ស្រយាល វាក៏បានសាងសង់នៅលើអតីតតំបន់សមរភូមិប្រយុទ្ធគ្នារវាងកងទ័ពអ្នកតស៊ូនៅតាមជាយដែនខ្មែរ-ថៃ ជាមួយនឹងកងទ័ពរដ្ឋកម្ពុជា ព្រមទាំងរាជរដ្ឋាភិបាលពីអំឡុងឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៦។
ជាច្រើនខែមុន នៅជុំវិញបរិវេណនៃសាលាបឋមសិក្សានោះ គេបានប្រទះឃើញប្រភេទគ្រាប់ផ្លោងដែលនៅសេសសល់លើដី និងជាប់តាមដើមឈើជាច្រើនគ្រាប់ ក៏ប៉ុន្តែកាលពីសប្ដាហ៍មុន ក្រុមដោះមីនមនុស្សធម៌ ហាឡូ ត្រាស (Halo Trust) បានទៅបំផ្លាញចោលយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ទាំងនោះ ព្រមទាំងរាវរកនៅក្រោមដីដើម្បីបោសសម្អាតទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
